រដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។ ការប្រកាសជំហររបស់កម្ពុជា នៅពេលនេះ ស្របពេលប្រទេស ១៩៦ នៅលើពិភពលោក ដែលជារដ្ឋភាគីនៃអនុញ្ញាតរួមប្រយុទ្ធប្រឆាំងការបម្រែបម្រួលអាកាសធាតុ បានអនុម័តកិច្ចព្រមព្រៀងអាកាសធាតុថ្មី កាលពីថ្ងៃទី១២ ធ្នូ កន្លងទៅថ្មីៗនេះ។
មន្ត្រីនាំពាក្យក្រសួងបរិស្ថាន អះអាងថា ការប្រយុទ្ធប្រឆាំងនៃការប្រែប្រួលអាកាសធាតុនេះ វាពុំមែនជារឿងថ្មីទេចំពោះកម្ពុជា ក៏ប៉ុន្តែអ្វីដែលចាំបាច់នៅពេលនេះ គឺជាសករាជថ្មីដែលកម្ពុជា ត្រូវរួមចំណែកបន្ថែមទៀត ដើម្បីធានាឲ្យបញ្ហានៃការប្រែប្រួលអាកាសធាតុនេះ ត្រូវប្រាកដថា ត្រូវបានកាត់បន្ថយ។
មន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព ឲ្យដឹងនៅថ្ងៃទី១៣ ខែធ្នូ ថា កម្ពុជា ពុំមែនជាប្រទេសប្រើប្រាស់ឧស្ម័នផ្ទះកញ្ចក់ ដែលនាំឲ្យមានផលប៉ះពាល់នោះទេ ក៏ប៉ុន្តែកម្ពុជា នៅតែប្ដេជ្ញារាល់ទម្រង់នៃការចូលរួម ដើម្បីប្រយុទ្ធប្រឆាំងនៃការប្រែប្រួលអាកាសធាតុនេះដែរ។ លោកបន្តថា «យើងត្រូវតែបន្តអនុវត្ត ហើយយើងត្រូវតែខិតខំអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ មួយទៀត យើងហៅថាកសាងសមត្ថភាព បន្សាំក៏ដូចជាធ្វើយ៉ាងណាឲ្យគាត់មានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ»។
របាយការណ៍ស្ដីពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី១២ ខែធ្នូ ឲ្យដឹងថា កិច្ចប្រជុំដែលមានអ្នកចូលរួមជាង ៣ពាន់នាក់មកពីបណ្ដាប្រទេសជិត ២០០ ដែលជារដ្ឋភាគីនៃអនុសញ្ញាក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ បានអនុម័តលើកិច្ចព្រមព្រៀងថ្មីទៀត ដែលកិច្ចព្រមព្រៀងនេះហៅថាជាកិច្ចព្រមព្រៀងអាកាសធាតុថ្មីមួយ។
កិច្ចព្រមព្រៀងដែលផ្ដើមចេញពីក្ដីកង្វល់របស់ពិភពលោកនេះ ដាក់ចេញនូវគោលការណ៍ចំនួន ៧ចំណុច ក្នុងនោះរួមមាន ស្នើសុំឲ្យប្រទេសដែលមិនទាន់ដាក់របាយការណ៍ រួសរាន់ដាក់របាយការណ៍របស់ខ្លួនឲ្យបានមុនសន្និសីទលើកទី២២ នៅខែវិច្ឆិកា ឆ្នាំ២០១៦ ស្នើសុំប្រទេសទាំងអស់ផ្ដល់ជូនលេខាធិការដ្ឋាន នូវផែនការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់របស់ខ្លួនរយៈពេលវែង ការផ្ដល់ជូនធនធានថវិកាសម្រាប់ប្រទេសកំពុងអភិវឌ្ឍ និងប្រទេសអភិវឌ្ឍន៍ ត្រូវបន្តកៀរគរធនធានថវិកាឲ្យបានចាប់ពី ១០០ពាន់លានដុល្លារ រហូតដល់ឆ្នាំ២០២៥ ជាដើម។
នាយកវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum) លោក តឹក វណ្ណរ៉ា យល់ឃើញថា ឆ្លើយតបការប្រែប្រួលអាកាសធាតុនេះ កម្ពុជា អនុវត្តបានច្រើនណាស់ដែរក្នុងពេលកន្លងទៅនេះ ក៏ប៉ុន្តែលោកមើលឃើញថា អ្វីដែលនៅតែជាបញ្ហានោះ ត្រង់ថា ការបន្សាំនៅថ្នាក់ក្រោមជាតិនៅតែជាបញ្ហាប្រឈមនៅឡើយ។ លោកបន្តថា «ប៉ុន្តែអ្វីដែលយើងនៅខ្វះខាត គឺការជំរុញទាក់ទងការកសាងសមត្ថភាពនៅថ្នាក់មូលដ្ឋាន ហើយនិងការបង្ហូរធនធាន ទាំងធនធានហិរញ្ញវត្ថុ និងធនធានចំណេះដឹងជំនាញ ទៅដល់ថ្នាក់ឃុំ-សង្កាត់។ ថ្នាក់ភូមិ ថ្នាក់ឃុំ-សង្កាត់ នៅថ្នាក់ក្រោមជាតិហ្នឹង យើងឃើញថានៅមានការខ្វះខាតខ្លាំង»។
មន្ត្រីក្រសួងបរិស្ថាន លោក សៅ សុភាព អះអាងថា កម្ពុជា មានបទពិសោធន៍ជាច្រើនឆ្នាំណាស់មកហើយចំពោះការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុនេះ។ ថ្វីបើកម្ពុជា ឆ្លងកាត់ឧបសគ្គ និងជោគជ័យរបស់ខ្លួនពីការប្រែប្រួលអាកាសធាតុនេះក៏ដោយចុះ ក៏រដ្ឋាភិបាលនៅតែត្រូវការជាចាំបាច់ ទាំងផ្នែកធនធាន និងជំនួយបច្ចេកទេសបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
