សកម្មជនសិទ្ធិមនុស្សមកពីខេត្តចំនួន៥ បានចូលរួមសិក្សាសាលាចែករំលែកបទពិសោធន៍ការតស៊ូមតិដើម្បីការពារធនធានធម្មជាតិ និងដោះស្រាយជម្លោះនានា ដែលកំពុងកើតមាននៅតាមមួលដ្ឋានប្រជាពលរដ្ឋរស់នៅ។
ជម្លោះដីធ្លី ការបាត់បង់ព្រៃឈើ អាជីវកម្មសត្វព្រៃ ការបំផ្លាញធនធានមច្ឆជាតិ គឺជាប្រធានបទសំខាន់ដែលតំណាងសហគមន៍មកពីខេត្តចំនួន៥ លើកយកមកពិភាក្សាដើម្បីចែករំលែកបទពិសោធន៍រកវិធីដោះស្រាយការពារ និងអភិរក្សធនធានធម្មជាតិទាំងនោះឲ្យបានប្រសើរឡើងវិញ។
សិក្ខាសាលានេះរៀបចំដោយសមាគមអាដហុក (ADHOC) មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា នៅភោជនីយដ្ឋាន រតន លីណា ឋិតក្នុងក្រុងបានលុង ខេត្តរតនគិរី។
តំណាងសហគមន៍មកពីខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី កត់សំគាល់ប្រហាក់ប្រហែលគ្នាថា ការដោះស្រាយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការរំលោភដីធ្លីនៅតែជាបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចក៏ដួចប្រជាពលរដ្ឋខ្មែរដែលមិនមានចំណេះដឹងគ្រប់គ្រាន់ ដើម្បីជាមូលដ្ឋានដោះស្រាយបញ្ហាឲ្យមានប្រសិទ្ធភាព។
តំណាងសហគមន៍ខេត្តក្រចេះ លោក ប៉ាវ វ៉ាន់លី កត់សំគាល់ថា បទល្មើសនេសាទនៅតែជាបញ្ហាប្រឈមដែលសហគមន៍ភាគច្រើនមិនអាចដោះស្រាយលុបបំបាត់បាន។ លោកបន្តថា សហគមន៍ភាគច្រើនបានបន្ទោសទៅលើមន្ត្រីមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធថា មិនបានចូលរួមជាមួយសហគមន៍ពេញលេញ និងតម្លាភាព ទើបបទល្មើសនេសាទនៅមានកម្រិតខ្ពស់នៅឡើយ៖ «អាជ្ញាធរឃុំមិនអនុវត្តច្បាប់ ក្រុមប្រឹក្សាឃុំគឺមានតួនាទីការពារធនធានធម្មជាតិ ការពារផលប្រយោជន៍ប្រជាពលរដ្ឋក្នុងដែនដីរបស់ខ្លួន ទីចុងបំផុតគាត់មិនបានយកចិត្តទុកដាក់សង្កេតការណ៍ និងទប់ស្កាត់បទល្មើសជលផលទេ»។
ចំណែកតំណាងសហគមន៍ខេត្តត្បូងឃ្មុំ លោក សុផល កត់សំគាល់ដែរថា ជម្លោះដីធ្លីក៏នៅតែជាបញ្ហាប្រឈម ខណៈសហគមន៍កើតមានជម្លោះដីធ្លី ប៉ុន្តែយន្តការដោះស្រាយ ឬពាក្យប្ដឹងរបស់សហគមន៍មិនត្រូវបានមន្ត្រីអាជ្ញាធរចាត់ការ ឬស្វែងរកដំណោះស្រាយមានប្រសិទ្ធភាពជូនពលរដ្ឋនៅឡើយ។ លើសពីនេះទៀត ជម្លោះដីធ្លីធ្វើឲ្យប្រជាពលរដ្ឋខកខានធ្វើប័ណ្ណសំគាល់សិទ្ធិកាន់កាប់ស្របច្បាប់៖ «យើងមានជម្លោះ ហើយជម្លោះមានពីរ។ ទី១ គឺក្រុមហ៊ុនអាចយកដីយើងបានដោយងាយស្រួល ហើយទី២ យើងមានជម្លោះរវាងអ្នកជិតខាងរបងជាប់គ្នា ព្រោះយើងអត់មានប្លង់ត្រឹមត្រូវទេ។ ខ្ញុំជឿតែម្តង សូម្បីតែចូលគ្នាមួយម៉ែត្រទេ ឯងចូលប្លង់អញ អ៊ីចឹងហើយបើយើងអត់មានប្លង់រឹង ក៏មានជម្លោះដីមួយកើតឡើងដែរ»។
នៅឯខេត្តកំពង់ចាម ឯណោះវិញ សហគមន៍បានលើកយកបញ្ហាបទល្មើសសត្វព្រៃដើម្បីចែករំលែកបទពិសោធន៍នៃការស្វែងរកដំណោះស្រាយលុបបំបាត់បញ្ហានេះ ដោយសារតែបច្ចុប្បន្នសត្វព្រៃនៅតែជាមុខសញ្ញានៃការបរបាញ់សម្រាប់ការធ្វើអាជីវកម្មដែលច្បាប់បានហាមឃាត់។
តំណាងសហគមន៍លោក នូ ឈន បញ្ជាក់ថា ថ្នាំពុលត្រូវបានប្រជាពលរដ្ឋខិលខូចប្រើប្រាស់សម្រាប់ប្រមាញ់សត្វព្រៃ រីឯសមត្ថកិច្ចពាក់ព័ន្ធជាអ្នកឃុបឃិតមិនចាត់វិធានការបង្ក្រាប៖ «មានការឃុបឃិតពីសំណាក់អ្នកមាន និងអ្នកមានអំណាច។ អាជ្ញាធរដែនដី ប៉ូលិស ទាហាន ដែលគាត់មានអំណាចនៅមូលដ្ឋានហ្នឹង ឃើញបងប្អូនរក ហ្អែងរកទៅស្រេចតែអញ គាត់ក៏ទៅរកធម្មតាទៅ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២២ ខែកញ្ញា បានចេញសារាចរណែនាំលេខ០៥ ស្តីពីការធ្វើកំណែទម្រង់ស៊ីជម្រៅលើការគ្រប់គ្រងធនធានធម្មជាតិ ពិសេសលើវិស័យព្រៃឈើ និងជលផល តាមរយៈការជំរុញឲ្យធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ព្រមទាំងបែងចែកសមត្ថកិច្ចគ្រប់គ្រងច្បាស់លាស់នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
កំណែទម្រង់ស៊ីជម្រៅនេះ សំដៅលើកកម្ពស់ប្រសិទ្ធភាព និងនិរន្តរភាពគ្រប់គ្រងធនធានធម្មជាតិដោយរដ្ឋាភិបាលសម្រេចផ្ទេរ និងប្រគល់សមត្ថកិច្ចគ្រប់គ្រងតំបន់ការពារ និងអភិរក្សព្រៃឈើទាំងអស់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។ ចំណែកតំបន់វិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ចទាំងអស់ បានដាក់ឲ្យនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សារាចរនេះក៏បានណែនាំឲ្យអាជ្ញាធររាជធានី ខេត្ត ក្រុង ខណ្ឌ ស្រុក បង្កលទ្ធភាព និងលើកទឹកចិត្តឲ្យសហគមន៍ និងអង្គការសង្គមស៊ីវិល រួមទាំងអ្នកពាក់ព័ន្ធនានា ចូលរួមទប់ស្កាត់ និងលុបបំបាត់បទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ។
មន្ត្រីកម្មវិធីចងក្រងសហគមន៍នៃសមាគមអាដហុក លោក ប៉ែន ប៊ុន ណ្ណារ៍ ថ្លែងបញ្ជាក់ថា គោលបំណងសំខាន់នៃការបើកសិក្ខាសាលាជួបជុំសហគមន៍ទាំង៥ខេត្តនេះ គឺប្រមូលសកម្មជនឆ្នើមមកចែករំលែកបទពិសោធន៍ពីសកម្មភាពការងារធ្លាប់បានអនុវត្តនៅមូលដ្ឋាន។ លោកថា បទពិសោធន៍ដែលសហគមន៍ឆ្នើមទាំង៥ខេត្ត បង្ហាញក្នុងសិក្ខាសាលានេះនឹងត្រូវបានយកទៅផ្សព្វផ្សាយនៅសហគមន៍មូលដ្ឋាននីមួយៗពីថ្នាក់ភូមិឃុំ ដើម្បីធ្វើយ៉ាងណាសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធជួយដោះស្រាយបញ្ហារបស់សហគមន៍មានលទ្ធផលជាក់ស្ដែង៖ «ឲ្យគាត់បង្ហាញពីបទពិសោធន៍ សកម្មភាពការងារ ហើយយើងស្វែងរកមធ្យោបាយធ្វើយ៉ាងណាឲ្យសហគមន៍នៅទូទាំងប្រទេសហ្នឹងចូលរួមជាមួយស្ថាប័នរដ្ឋទាំងអស់ ធ្វើយ៉ាងណាឲ្យប្រទេសយើងដែលអ្នកដឹកនាំរដ្ឋថា ជានីតិរដ្ឋ ឲ្យក្លាយទៅជានីតិរដ្ឋពិតប្រាកដ»។
សមាគមអាដហុក បានប្រារព្ធសិក្ខាសាលាចែករំលែកបទពិសោធន៍ទាក់ទិនការតស៊ូមតិលើកិច្ចការពារធនធានធម្មជាតិចំនួន ៤លើក ហើយនៅក្នុងឆ្នាំ២០១៦ នេះ។ វគ្គសិក្ខាសាលាដូចគ្នានេះនឹងបន្តធ្វើថ្នាក់តំបន់នៅខេត្តសៀមរាប មានការចូលរួមពីសហគមន៍ខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ និងនៅថ្នាក់តំបន់មួយទៀតនៅខេត្តកំពត មានសហគមន៍ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល នៅខែវិច្ឆិកា ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
