បញ្ហា​ចម្រូងចម្រាស​ក្នុង​ការ​ផ្ដល់​សំណង​ផល​ប៉ះពាល់​ពី​គម្រោង​សង់​ទំនប់​វារីអគ្គិសនី

0:00 / 0:00

គោល​នយោបាយ​ផ្តល់​សំណង​ជូន​ប្រជាពលរដ្ឋ​អ្នក​រង​ផល​ប៉ះពាល់​ស្ដីពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង បន្ត​ឋិត​ក្នុង​ភាព​ចម្រូងចម្រាស​នៅ​ឡើយ។ ប្រជាពលរដ្ឋ​ខ្លះ​នៅ​តែ​បដិសេធ​មិន​ព្រម​ចាក​ចេញ​ពី​ភូមិ​ចាស់ ទៅ​តាំង​ទីលំនៅ​ថ្មី។

ចំណែក​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​អះអាង​ថា ការ​រុះរើ​ទីលំនៅ និង​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​ទីតាំង​ថ្មី ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជួប​បញ្ហា​ប្រឈម​ច្រើន​ផ្នែក និង​ជាពិសេស​ប្រាក់​សំណង​ចំណុច​ខ្លះ​អ្នក​ភូមិ​មិន​អាច​ទទួល​យក​បាន។

ក្រុម​ការងារ​ដោះស្រាយ​សំណង​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ នៃ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង មិន​ទទួល​បាន​លទ្ធផល​ល្អ​ទេ​ក្នុង​ការ​ជួប​ពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ នៅ​ភូមិ​ក្បាលរមាស កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា កន្លង​ទៅ។

នៅ​ក្នុង​វេទិកា​ប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី​សំណង​ផល​ប៉ះពាល់​ក្នុង​វត្ត​ក្បាលរមាស អ្នក​ភូមិ​ភាគ​ច្រើន​បាន​ធ្វើ​ពហិការ​ដើរ​ចេញ​ជា​បន្តបន្ទាប់ ដោយសារ​តែ​គោល​នយោបាយ​ផ្តល់​សំណង​ចាស់​របស់​អាជ្ញាធរ មិន​បាន​បំពេញ​បន្ថែម​ចំណុច​ទាមទារ​របស់​ប្រជាពលរដ្ឋ។

តំណាង​ប្រជាពលរដ្ឋ​ភូមិ​ក្បាលរមាស លោក លី ប៉ិ រៀបរាប់​ថា ផល​ប៉ះពាល់​ទាក់ទិន​ផ្នូរ​កប់​សព​ដូនតា​ប្រជាពលរដ្ឋ និង​ដីធ្លី​ស្រែ​ចម្ការ​មាន​ជីជាតិ និង​ដំណាំ​ហូប​ផ្លែ​ផ្តល់​ផល​របស់​អ្នក​ភូមិ គឺ​ជា​កត្តា​សំខាន់​ដែល​អ្នក​ភូមិ​មិន​ព្រម​ចាក​ចេញ​ទៅ​ទីតាំង​ថ្មី។ លោក​បន្ត​ថា តម្លៃ​សំណង​មួយ​ចំនួន​ក៏​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រួញរា និង​ធ្វើ​ការ​តវ៉ា​មិន​ព្រម​ទទួល​យក​គោល​នយោបាយ​សំណង​របស់​ក្រុមហ៊ុន ដើម្បី​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ។

លោក លី ប៉ិ៖ «គាត់​មិន​ចង់​បោះ​បង់​ចោល​ទេ​ដូនតា​គាត់ ដែល​ត្រូវ​ទឹក​លិច​លង់​ចោល​នៅ​កន្លែង​ហ្នឹង​តែ​ម្តង។ អ៊ីចឹង​ទេ យក​ឯកសារ​ចាស់​មក​និយាយ​ថា​ថ្មី​ធ្វើ​ម៉េច យក​ខោអាវ​ចាស់​ប្រាប់​ថា​ថ្មី អ៊ីចឹង​ទេ​នាំ​ឲ្យ​មាន​បញ្ហា​ហ្នឹង។ អត់​មាន​ដំណោះស្រាយ​អ្វី​ទេ សរុប​ក្រោយ​នៅ​ប្រហែល​តែ ១០ ទៅ ២០​នាក់​យ៉ាង​ច្រើន​បំផុត»

របាយការណ៍​របស់​អាជ្ញាធរ​ឃុំ​ក្បាលរមាស មាន​ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ នៅ​ភូមិ​ច្រប់ ភូមិ​ស្រែស្រណុក និង​ភូមិ​ក្បាលរមាស នឹង​ត្រូវ​ជម្លៀស​ទៅ​តាំង​ទីលំនៅ​ថ្មី ដោយសារ​ភូមិ​ចាស់​ក្លាយ​ជា​អាង​ស្តុក​ទឹក​បន្ទាប់​ពី​សាងសង់​ទំនប់​រួច។

មេ​ឃុំ​ក្បាលរមាស លោក វឿន សម្បត្តិ ទទួល​ស្គាល់​ថា វេទិកា​ពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ​ឋិត​ក្នុង​ភាព​ចម្រូងចម្រាស ហើយ​លោក​កត់​សម្គាល់​ថា សូម្បី​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​តែ​មួយ ក៏​មិន​ទាន់​ឯកភាព​គ្នា​ទាក់ទិន​នឹង​ការ​ទទួល​យក​គោល​នយោបាយ​សំណង​នេះ​ដែរ។ លោក​បន្ត​ថា នៅ​នៅ​ភូមិ​ចំនួន​ពីរ​ផ្សេង​ទៀត បាន​ឯកភាព​ទទួល​យក​គោល​នយោបាយ​សំណង​ប្ដូរ​ទីតាំង​រួច​ហើយ៖ «លទ្ធផល​មាន​តែ​ក្បាលរមាស មួយ​ទេ​ដែល​មាន​ការ​ចម្រូងចម្រាស​បន្តិច​តែ​ច្រប់ និង​ស្រែស្រណុក អត់​មាន​បញ្ហា​អ្វី​ទេ។ ស្តាប់​ចុង​ក្រោយ​ទៅ អ្នក​ភូមិ និង​អ្នក​ភូមិ អាច​ទាស់​គ្នា​ដែរ​មួយ​ថា​ចេញ​ទៅ​តាម​គោល​នយោបាយ​សំណង ខ្លះ​ថា​នៅ​ក្រាញ​មិន​ចង់​ចេញ​ភាគ​តិច អ៊ីចឹង​គេ​អាច​ជជែក​គ្នា»

កាល​ពី​ចុង​ឆ្នាំ​២០១៣ ប្រជាពលរដ្ឋ ១៩​គ្រួសារ នៅ​ភូមិ​ភ្លុក ដែល​ជា​ទីតាំង​ត្រូវ​ការ​ឈូស​ឆាយ​ធ្វើ​ការដ្ឋាន​សាងសង់​ទំនប់ បាន​ទទួល​សំណង​ជា​ប្រាក់​ទាក់ទង​ផល​ប៉ះពាល់​ដីធ្លី​ផ្ទះ​សម្បែង ផល​ដំណាំ​ពី​ក្រុមហ៊ុន​សាងសង់​ទំនប់​លើក​ដំបូង បន្ទាប់​ពី​ផ្ទុះ​ចេញ​រឿង​ពុក​រលួយ​របស់​មន្ត្រី​អនុ​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់ បាន​កាត់​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​អ្នក​ទទួល​ប្រាក់​សំណង​ផល​ប៉ះពាល់​នោះ។

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣ ក៏​បាន​ច្រាន​ចោល​គោល​នយោបាយ​ផ្តល់​សំណង​នេះ ដោយ​ចាត់​ទុក​ថា ក្រុមហ៊ុន​មិន​បាន​អនុវត្ត​គោល​នយោបាយ​ផ្តល់​សំណង​មាន​លក្ខណៈ​ទូលាយ មិន​ច្បាស់​លាស់ និង​ចំណុច​ខ្លះ​ទៀត​តម្លៃ​សំណង​មិន​សមស្រប​តាម​តម្លៃ​ទីផ្សារ ដែល​ប្រជាពលរដ្ឋ​ឯកភាព។ លោក​ព្រមាន​ថា​នឹង​មិន​ចូលរួម​ក្នុង​អនុ​គណៈកម្មការ​ប្ដូរ​ទីលំនៅ​ថ្មី​សម្រាប់​ការ​ជម្លៀស​ប្រជាពលរដ្ឋ​នោះ​ឡើយ។

របាយការណ៍​ពិសេស​ស្ដីពី​សំណង និង​នយោបាយ​កែ​តម្រូវ​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ឆ្នាំ​២០១១ បង្ហាញ​ថា ភូមិ​ចំនួន​៧ ក្នុង​ឃុំ​ចំនួន​៤ រង​ផល​ប៉ះពាល់។ ក្នុង​នោះ​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ជាង ៥០០​ផ្ទះ​នេះ មិន​ទាន់​រាប់​បញ្ចូល​ផ្ទះ​ប្រជាពលរដ្ឋ ៤៨​ផ្ទះ​ទៀត​នៅ​ភូមិ​ក្របីជ្រំ និង​ភូមិ​ខ្សាច់ថ្មី ដែល​អាច​នឹង​រក​ផល​ប៉ះពាល់​ដូច​គ្នា។

អភិបាល​រង​ខេត្ត​ស្ទឹងត្រែង និង​ជា​ប្រធាន​អនុ​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ លោក យ៊ូ បាសិទ្ធ មាន​ប្រសាសន៍​បញ្ជាក់​ថា តួលេខ​ប្រជាពលរដ្ឋ​អ្នក​រង​ផល​ប៉ះពាល់​អាច​កើន​ឡើង​នៅ​ពេល​បច្ចុប្បន្ន ក៏ប៉ុន្តែ​គោល​នយោបាយ​ផ្តល់​សំណង ជាពិសេស​ការ​ប្ដូរ​ទីតាំង​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទទួល​បាន​លទ្ធផល ៨០ ទៅ ៩០​ភាគរយ​ហើយ។ លោក​កត់​សម្គាល់​ថា ការ​ផ្តល់​សំណង​ដទៃ​ទៀត​កំពុង​ឋិត​ក្នុង​គម្រោង​ផ្សព្វផ្សាយ និង​ពិភាក្សា​ជាមួយ​ពលរដ្ឋ​នៅ​ឡើយ។ លោក​រំពឹង​ថា អ្វីៗ​អាច​ពិភាក្សា​កែ​សម្រួល ដើម្បី​រក​ដំណោះស្រាយ​បញ្ចប់​បញ្ហា​ស្ដីពី​សំណង​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​សមស្រប។

លោក យ៊ូ បាសិទ្ធ៖ «យ៉ាង​ណាៗ​យើង​នៅ​មាន​ពេល​គ្រប់គ្រាន់ ព្រោះ​បញ្ហា​ដំបូង​យើង​គិត​ពី​ទីតាំង ហើយ​ទីតាំង​ពី​ដំបូង​មក​ចម្រូងចម្រាស​ណាស់ ទើប​ខ្ញុំ​បាន​ចុះ​ទៅ​រហូត​មក​ឃើញ​ថា បាន​ការ​ឯកភាព​គ្នា​ស្រុះស្រួល​គ្នា​ហើយ។ ខ្ញុំ​គិត​ថា រឿង​នេះ​វា​បត់បែន​បាន​យ៉ាង​ណាៗ ចាំ​មើល​ឲ្យ​មាន​អ្វី​ជា​ដុំ​កំភួន ចាំ​ឯកឧត្តម​អភិបាល​ខេត្ត​កោះ​ប្រជុំ​រួម យ៉ាង​ណា​ជា​សិទ្ធិ​សម្រេច​របស់​គាត់»

ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​អង្គការ​បណ្ដាញ​ទន្លេ​បី លោក មៀច មាន ផ្តល់​យោបល់​ថា ការ​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ​អ្នក​រង​ផល​ប៉ះពាល់​ជា​ប្រការ​ចាំបាច់ គឺ​ធ្វើ​ឡើង​តាម​គោលការណ៍​ស្ម័គ្រ​ចិត្ត ដើម្បី​ចែក​រំលែក​ព័ត៌មាន​ជាក់​លាក់​ស្ដីពី​បញ្ហា​សំណង​នេះ។ លោក​បន្ត​ថា ក្រុមហ៊ុន និង​រាជ​រដ្ឋាភិបាល គួរ​ពិចារណា​ទៅ​លើ​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន និង​ការ​ឯកភាព​របស់​ពលរដ្ឋ​ទាក់ទិន​សំណង​នេះ៖ «អាជ្ញាធរ​គួរ​កុំ​ប្រើ​នូវ​អំណាច កុំ​ប្រើ​នូវ​អ្វី​ដែល​ទៅ​ដាក់​ការ​គាប​សង្កត់​ថា សហគមន៍​ត្រូវ​តែ​ព្រម​ត្រូវ​តែ​ស្អី ព្រោះ​នេះ​ជា​គម្រោង​ផែនការ​អភិវឌ្ឍន៍​ជាតិ យើង​មិន​គួរ​ប្រើ​អ៊ីចឹង​ទេ ដោយសារ​គម្រោង​អភិវឌ្ឍន៍ គឺ​អភិវឌ្ឍ​នៅ​ពេល​បច្ចុប្បន្ន​ជា​អ្នក​ទទួល​ផល អ្នក​ទទួល​រ៉ាប់រង​ទៅ​នឹង​គម្រោង​អភិវឌ្ឍន៍​ហ្នឹង»

យ៉ាង​ណា​ក្តី លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​បញ្ជាក់​ប្រាប់​ប្រធាន​ក្រុមហ៊ុន​ចិន ឡាង ឆាង (Lan chang) សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ឲ្យ​ដោះស្រាយ​សំណង​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ជា​មុន​សិន មុន​នឹង​ចាប់​ផ្ដើម​សាងសង់​ទំនប់។

ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ គ្រោង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​ជាង ៨​ពាន់​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ការ​ចំណាយ​នេះ​អាច​កើន​ឡើង​ដល់​ទៅ​ជិត ១​ពាន់​លាន​ដុល្លារ​អាមេរិក។ ប្រសិន​ដំណើរ​ការ​សាងសង់​បាន​ល្អ គម្រោង​នេះ​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។