ពលរដ្ឋដែលរងផលប៉ះពាល់ពីអាជីវកម្មបូមខ្សាច់តាមដងទន្លេក្នុងខេត្តកណ្ដាល កំពុងព្រួយបារម្ភពីការបាក់ច្រាំងទន្លេ នាំឲ្យខូចខាតផ្ទះសម្បែង និងដីចម្ការ ជាដើម។ ពួកគាត់ស្នើឲ្យអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ជួយអន្តរាគមន៍បញ្ឈប់សកម្មភាពសាឡង់បូមខ្សាច់នោះជាបន្ទាន់ ដើម្បីបញ្ចៀសនូវរាល់ផលប៉ះពាល់នានា។
ទាក់ទងបញ្ហានេះ អភិបាលស្រុកខ្សាច់កណ្ដាល ឆ្លើយតបថា អាជ្ញាធរកំពុងស្នើថ្នាក់លើឲ្យចុះមកពិនិត្យមើលផលប៉ះពាល់ពីការបូមខ្សាច់។
ពលរដ្ឋដែលរងផលប៉ះពាល់ពីសាឡង់បូមខ្សាច់ចំនួន ៣ភូមិ ស្ថិតក្នុងស្រុកចំនួនពីរ គឺស្រុកខ្សាច់កណ្ដាល និងស្រុកមុខកំពូល ឲ្យដឹងស្របគ្នាអំពីការបាក់ដី ដែលបណ្ដាលមកពីអាជីវកម្មបូមខ្សាច់នោះ។
តំណាងពលរដ្ឋភូមិក្រូចសើច ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល លោក ហ៊ាង សារុន មានប្រសាសន៍ឲ្យដឹងថា សកម្មភាពបូមខ្សាច់នោះមានការអនុញ្ញាតពីសំណាក់អាជ្ញាធរ និងកំពុងធ្វើឲ្យក្បាលដីដែលនៅប្របមាត់ទន្លេបាក់ចូលទន្លេជាបន្តបន្ទាប់។
លោកឲ្យដឹងបន្តថា ការបូមខ្សាច់នៅតំបន់នោះចាប់ផ្ដើមពីឆ្នាំ២០០៦ មកដល់ពេលនេះ ពលរដ្ឋបានស្រុះស្រួលគ្នាផ្ដិតស្នាមមេដៃ ស្នើសុំទៅក្រសួងធនធានទឹក និងឧតុនិយម ចុះអន្តរាគមន៍ដោះស្រាយលើករណីនេះ៖ «ប្រជាពលរដ្ឋ នៅតំបន់ហ្នឹង ដូចជា សហការគ្នា ចេះតែដេញទៅ វាថយទៅ មុខកំពូល ខាងមុខគេដេញទៅ ថយ មកខាងពុកឫស្សី ហ្នឹងវិញមក អាជ្ញាធរវាអត់អើពើផងបង! តែខ្ញុំហ្នឹងចេះតែសហការទៅ ចេះឈឺឆ្អាលអ៊ីចឹង ដេញវាអ៊ីចឹងទៅ»។
ដូចគ្នានេះដែរ ពលរដ្ឋនៃឃុំកោះចូរាម និងឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល និងពលរដ្ឋឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ក៏កំពុងប្រឈមនឹងប៉ះពាល់ពីអាជីវកម្មបូមខ្សាច់ដូចគ្នានេះ ក៏ស្នើក្រសួងធនធានទឹក និងឧតុនិយម បញ្ឈប់ក្រុមហ៊ុនកុំឲ្យបូមខ្សាច់ជាបន្ត ព្រោះពួកគាត់ប្រាប់ថា ក្បាលដីដែលពួកគាត់កំពុងរស់នៅ ក៏រងផលប៉ះពាល់ដែរ។
ដូច្នេះ ការដោះស្រាយដោយបញ្ឈប់សាឡង់បូមខ្សាច់នោះ វាជាដំណោះស្រាយប្រកបដោយប្រសិទ្ធភាពខ្ពស់។ ដោយពួកគាត់ទាំងអស់គ្នា ស្នើឲ្យអាជ្ញាធរបញ្ឈប់ការបូមខ្សាច់ជាបន្ទាន់។
ឆ្លើយតបសំណើនៃពលរដ្ឋ អភិបាលស្រុកខ្សាច់កណ្ដាល លោក ស៊ុង សុភ័ណ្ឌ ប្រាប់ថា លោកកំពុងរៀបចំសំណើដាក់ស្នើទៅក្រសួង ឲ្យចុះពិនិត្យមើលផលប៉ះពាល់លើករណីនេះ៖ «កិច្ច ហ្នឹងវាមានការសុំច្បាប់បង សំខាន់យើងឲ្យក្រសួងជំនាញបោះពោងឲ្យបង បោះពោងហា៎! បង យើងរាយការណ៍ទៅហ្មង ឲ្យមកបោះពោង មកចុះមើល ហើយធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនណា ដែលមានអាជ្ញាប័ណ្ណ»។
លោកបញ្ជាក់ទៀតថា លោកស្នើឲ្យក្រសួងកំណត់ទីតាំងឲ្យក្រុមហ៊ុនបូមខ្សាច់ ដើម្បីជៀសវាងការបូមកៀកច្រាំង ដែលធ្វើឲ្យច្រាំងបាក់ចូលទន្លេ។ មួយវិញទៀត លោកថា ក្រុមហ៊ុនដែលអាចធ្វើអាជីវកម្មបាន លុះណាក្រុមហ៊ុននោះទទួលបានអាជ្ញាប័ណ្ណត្រឹមត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
