អ្នក​ការពារ​ធនធាន​ធម្មជាតិ​បង្ហាញ​ពី​ផល​ប៉ះពាល់​នៃ​ទំនប់​វារីអគ្គិសនី​ឆាយអារ៉ែង

ដោយ ឡេង ម៉ាលី
2014.04.28

បណ្ដាញ​អង្គការ​អ្នក​ស្រឡាញ់​ធនធាន​ធម្មជាតិ និង​សកម្មជន​ព្រៃ​ឈើ​ចំនួន ៥ បាន​រួមគ្នា​ធ្វើ​សន្និសីទ​កាសែត​មួយ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មេសា ដើម្បី​សម្ដែង​អំពី​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​មួយ នៅ​តំបន់​ឆាយអារ៉ែង ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង។

បណ្ដាញ​អង្គការ​ព្រៃឈើ និង​ធម្មជាតិ បាន​លើក​យក​ការ​ព្រួយបារម្ភ​ទាក់ទង​បញ្ហា​ទំនប់​វារីអគ្គិសនី នៅ​ស្ទឹង​ឆាយអារ៉ែង ចំនួន ៣ ចំណុច ដើម្បី​តស៊ូ​មតិ​ប្រឆាំង​នឹង​គម្រោង​សាងសង់​​នោះ។ ចំណុច​ទាំង​នោះ គឺ​ទី​មួយ អំពី​ផល​ប៉ះពាល់​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ស្ទឹង​ឆាយអារ៉ែង របស់​ក្រុមហ៊ុន ស៊ីណូហាយដ្រូ (ខេមបូឌា) យូណាយធិត (Sinohydro (Cambodia) United Co., Ltd.)។ ទី​ពីរ ទុក្ខ​កង្វល់​របស់​ជន​ជាតិ​ភាគ​តិច​ជង ស្រុក​ថ្មបាំង ខេត្ត​កោះកុង និង​ទី​បី ការ​ព្រួយ​បារម្ភ​អំពី​សត្វ​កម្រ​ ដែល​នឹង​ត្រូវ​បំផ្លាញ និង​​ឈាន​ទៅ​រក​ការ​ផុត​ពូជ។

អង្គការ​ទាំង​នោះ រួម​មាន ចលនា​មាតា​ធម្មជាតិ ប្រជា​សហគមន៍​អារ៉ែង បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា និង​ក្រុម​យុវជន​ខ្មែរ​មហា​នគរ។

ប្រធាន​សហគមន៍​ជន​ជាតិ​ភាគ​តិច​ជង នៅ​ឃុំ​ជំនាប់ លោក វ៉ែន វ៉ន មាន​ប្រសាសន៍​ថា ទំនប់​វារីអគ្គិសនី​នៅ​តំបន់​ឆាយ​អារ៉ែង នៅ​ជា​គម្រោង និង​កំពុង​សិក្សា​នៅ​ឡើយ។ ទោះ​ជា​ទំនប់​វារីអគ្គិសនី ឆាយ​អារ៉ែង នៅ​ជា​គម្រោង​ដូច្នេះ​ក្ដី លោក​ថា ក៏​ជា​បញ្ហា​ដែល​ត្រូវ​បារម្ភ​ដែរ ព្រោះ​ថា​បើ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​នេះ​កើត​ឡើង​មែន គឺ​នឹង​ធ្វើ​ប៉ះពាល់​ខ្លាំង​ដល់​ធនធាន​ធម្មជាតិ​នៅ​ទី​នោះ ជា​ពិសេស គឺ​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ជនជាតិ​ភាគ​តិច​ជង។

លោក វ៉ែន វ៉ន៖ «ប៉ះពាល់​ដូច​ជា ឈើ និង​ដី​ស្រែ​ចម្ការ។ ព្រួយបារម្ភ​ជាង​គេ គឺ​ខ្លាច​គេ​បណ្ដេញ​ហ្នឹង​តែ​ម្ដង។ វា​ប៉ះពាល់​ទៅ​នឹង​ជំនឿ​ប្រពៃណី​របស់​គាត់។ គាត់​មាន​ជា​ផ្នូរ​បុរាណ មាន​ជា​ព្រៃ​សម្រាប់​គាត់​បន់ស្រន់​រាល់​ឆ្នាំ ដូច​ជា​អ្នកតា​អារក្ស​អី​នៅ​តំបន់​ហ្នឹង»

តំណាង​អ្នក​តស៊ូ​មតិ​នៃ​ចលនា​មាតា​ធម្មជាតិ ដែល​ធ្វើ​ការ​ការពារ​នៅ​តំបន់​អារ៉ែង លោក ហេង ម៉េង ថ្លែង​ថា កន្លង​មក​មាន​ក្រុមហ៊ុន​ពីរ ដែល​បាន​សិក្សា​អំពី​គម្រោង​នៅ​ទី​នោះ ហើយ​បាន​បញ្ឈប់​ទៅ​វិញ​ដោយ​សារ​ឃើញ​ថា ទឹក​នៅ​ទី​នោះ មិន​មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ផលិត​ភ្លើង​ពេល​ខែ​ប្រាំង។ លោក​ថា​ឥឡូវ​នេះ​ពួក​លោក​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ព្រោះ​តែ​ក្រុមហ៊ុន ស៊ីណូហាយដ្រូ (ខេមបូឌា) យូណាយធិត កំពុង​សិក្សា​ជា​ថ្មី ហើយ​មិន​មាន​ព័ត៌មាន​ជាក់លាក់​សម្រាប់​សហគមន៍​ទេ។

លោក ហេង ម៉េង៖ «វា​ប៉ះពាល់​ទៅ​ដល់​សត្វ​ក្រពើ​ភ្នំ​ដែល ជា​សត្វ​កម្រ ជាមួយ​នឹង​ត្រី​នាគ ដែល​ជា​ប្រភេទ​សត្វ​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង។ មិន​តែ​ប៉ុណ្ណោះ ប្រហែល​ជា ៣០ ប្រភេទ​ជាង ជា​សត្វ​កម្រ​ផង​ដែរ។ ផល​ប៉ះពាល់​នៅ​ក្នុង​តំបន់​ហ្នឹង ២​ម៉ឺន​ហិកតារ​ជាង​នៃ​ចំនួន​ផ្ទៃ​ដី។ ក៏​ប៉ុន្តែ ប្រជាជន​នៅ​ក្នុង​ទាំង ៣​ឃុំ​ហ្នឹង អាច​កើន​ឡើង​ដល់ ៣០០​គ្រួសារ ហើយ​ប្រជាជន​មាន ២​ពាន់​នាក់​ជាង។ ក្រុមហ៊ុន ស៊ីណូហាយដ្រូ បាន​ចុះ​ទៅ​សិក្សា ហើយ​បាន​ដាក់​គម្រោង​សង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់ ឆាយ​អារ៉ែង ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ព័ត៌មាន​ក៏​ដូច​ការ​សិក្សា​ពី​ផល​ប៉ះពាល់ មិន​ទាន់​មាន​ពេញលេញ​នៅ​ឡើយ​ទេ ហើយ​ក៏​មាន​ព័ត៌មាន​លាក់បាំង​មួយ​ចំនួន​មិន​អាច​ឱ្យ​សហគមន៍​ដឹង»

ប្រធាន​យុវជន​ខ្មែរ​មហានគរ លោក ហេង សំណាង ថ្លែង​ថា នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មេសា ក្រៅ​ពី​អំពី​លើក​យក​បញ្ហា​ផល​ប៉ះពាល់ និង​ការ​ព្រួយបារម្ភ បណ្ដាញ​អ្នក​ស្រឡាញ់​ធនធាន​ធម្មជាតិ និង​សកម្មជន​ព្រៃឈើ​ទាំង​នេះ ក៏​ប្រកាស​អំពី​ការ​ប្ដេជ្ញា​ចិត្ត​សង្គ្រោះ​តំបន់​អារ៉ែង តាម​រយៈ​ការ​ធ្វើ​យុទ្ធនាការ និង​សកម្មភាព​តស៊ូ​មតិ​តាម​មធ្យោបាយ​ផ្សេងៗ។

លោក ហេង សំណាង៖ «ដូច​ជា​ធ្វើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​ឱ្យ​គេ​ស្គាល់​អារ៉ែង​ឱ្យ​កាន់​តែ​ច្បាស់ ដូច​ជា​បង្កើត​សិក្សា​សាលា ហើយ​យើង​ទៅ​ក្រុមហ៊ុន​ចិន ស៊ីណូហាយដ្រូ ដើម្បី​យក​គោលការណ៍​គេ និង​គោល​ជំហរ​គេ ថា​ហេតុ​អ្វី​បាន​ជា​គេ​កសាង​ទំនប់​វារីអគ្គិសនី​នៅ​ស្ទឹង​ឆាយអារ៉ែង​អ៊ីចឹង។ បន្ទាប់​មក​ទៀត ប្រហែល​ជា​យើង​ទៅ​ស្ថានទូត​ចិន ដើម្បី​តវ៉ា​ថា យើង​មិន​ឱ្យ​បរទេស​ណា មក​រំលោភ​បំពាន​អធិបតេយ្យ​ប្រទេស​ជាតិ​កម្ពុជា ដែល​យើង​មាន​មិត្ត​មួយ​ដ៏​ត្រឹមត្រូវ ប៉ុន្តែ​មាន​ក្រុមហ៊ុន​មួយ​រំលោភ​គោលការណ៍​របស់​ខ្លួន​ទៅ​វិញ។ ឧទាហរណ៍​ក្រុមហ៊ុន ស៊ីណូហាយដ្រូ គាត់​បាន​រំលោភ​ទៅ​លើ​គោលការណ៍​របស់​គាត់​បាត់​ទៅ​ហើយ គឺ​ថា តំបន់​ឧទ្យានជាតិ តំបន់​សត្វ​កម្រ តំបន់​ព្រៃ​ការពារ​មិន​អាច​អភិវឌ្ឍន៍​បាន​ទេ។ មាន​គោលការណ៍​ជា​ច្រើន​ចំណុច គ្រាន់​តែ​ខ្ញុំ​លើក​តែ​មួយ​ចំណុច​មក​និយាយ​ទេ»

ឯកសារ​មួយ​ចុះ​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០០៦ បាន​បង្ហាញ​ថា ក្រុមហ៊ុន ស៊ីណូហាយដ្រូ (ខេមបូឌា) យូណាយធិត ជា​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០០៦ ដែល​ធ្វើ​អាជីវកម្ម​លើ​ច្រើន​វិស័យ។ ក្រុមហ៊ុន​នេះ​មាន​អភិបាល​ចំនួន ៤​រូប ដែល​ក្នុង​ចំណោម​នោះ មាន​អាជីវករ​ខ្មែរ​ពីរ​រូប គឺ​លោក ឡាវ ម៉េងឃីន និង​អ្នកស្រី ជឹង សុភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។