អ្នក​ជំនាញ​បរិស្ថាន​បារម្ភ​ពី​ការ​ផុត​ពូជ​ត្រី​កម្រ​នៅ​ខែត្រ​ភាគ​ឦសាន

ដោយ ម៉ែន សុធីរ
2016-02-06
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ត្រី​ប៉ាសេអ៊ី ៦២០
អាជីវករ​ខេត្ត​ស្ទឹងត្រែង អង្គុយ​លក់​ត្រី​ប៉ាសេអ៊ី នៅ​ខាង​ជើង​ផ្សារ​ថ្ម ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA/Men Sothyr

អ្នក​ជំនាញ​បរិស្ថាន​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​ចំនួន​ប្រភេទ​ត្រី​កម្រ​នៅ​ដង​ទន្លេ​នៅ​ខែត្រ​ភាគ​ឦសាន ដូចជា​ទន្លេ​មេគង្គ​លើ ទន្លេ​ស្រែពក ទន្លេ​សេកុង និង​ទន្លេ​សេសាន។ ការ​បារម្ភ​នេះ​បន្ទាប់​ចំនួន​នៃ​ការ​ចាប់​បាន​ត្រី​កម្រ​ក្នុង​តំបន់​របស់​ប្រជា​នេសាទ​កាន់​តែ​ថយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ចំណែក​តម្លៃ​ត្រី​ដែល​លក់​នៅ​លើ​ទីផ្សារ​ក៏​កាន់តែ​កើន​ឡើង​ដែរ។

អ្នក​ជំនាញ​បរិស្ថាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​៥ ខែ​កុម្ភៈ ថា លក្ខណៈ​ភូមិសាស្ត្រ​ជា​ជម្រក​ត្រី​កម្រ ដូចជា​ត្រី​ប៉ាវាមុខពីរ ឬ​ត្រី​មុខបាក់ ត្រី​ប៉ាសេអ៊ី ត្រី​ក្អែក និង​ត្រី​ក្របី ក្នុង​តំបន់​កំពុង​ទទួល​រង​ហានិភ័យ​ធ្ងន់ធ្ងរ ដូចជា​បម្រែបម្រួល​ស្ថានភាព​ទឹក ស្លែ​ដុះ​ច្រើន​ខុស​ប្រក្រតី ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់ ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី និង​ការ​មិន​យក​ចិត្ត​ទុក​ដាក់​អភិរក្ស​តំបន់​អន្លង់​អភិរក្ស​របស់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ។

​ទីប្រឹក្សា​នៃ​អង្គការ​បណ្ដាល​ការពារ​ទន្លេ​បី លោក មៀច មាន រក​ឃើញ​ថា ស្ថានភាព​ត្រី​កម្រ​ដូចជា​ត្រី​ប៉ាវា ប្រែ​ពណ៌​ខុស​ប្រក្រតី  បន្ទាប់​ពី​លក្ខណៈ​ភូមិសាស្ត្រ​ដែល​ជា​ជម្រក​ត្រី​នោះ​កំពុង​រំខាន​ដូចជា ការ​កសាង​ទំនប់​វារីអគ្គិសនី និង​ការ​នេសាទ​ខុស​ច្បាប់​ជាដើម។

លោក មៀច មាន នៅ​មិន​ទាន់​សន្និដ្ឋាន​បាន​យ៉ាង​ណា​នៅ​ឡើយ​ទេ ចំពោះ​ការ​ប្រែ​ពណ៌​ត្រី​ប៉ាវា ខុស​ប្រក្រតី​នោះ​ដែល​លោក​ពុំ​ធ្លាប់​ជួប។ លោក​យល់​ថា ឧបសគ្គ​ចម្បង​នាំ​ឲ្យ​ចំនួន​ត្រី​កម្រ​ថយ​ចុះ គឺ​ស្ថានភាព​ទឹក​មិន​ទៀងទាត់ ការ​អភិវឌ្ឍ​ដង​តាម​ទន្លេ ការ​នេសាទ​ខុស​ច្បាប់ និង​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋាភិបាល ឬ​អាជ្ញាធរ​មូលដ្ឋាន​ទាក់​ទិន​ការ​អភិរក្ស​នៅ​អន្លង់​អភិរក្ស។

លោក​ជឿ​ជាក់​ថា ការ​ថយ​ចុះ​នៃ​ប្រភេទ​ត្រី​ក្នុង​តំបន់ គឺ​ជា​សញ្ញា​បង្ហាញ​ឲ្យ​ដឹង​ថា ត្រី​នេះ​អាច​នឹង​ផុត​ពូជ បើ​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​តែ​ព្រងើយកន្តើយ ចំពោះ​ការ​អភិរក្ស​ឲ្យ​ទាន់​ពេល​នោះ​ទេ៖ «ប្រភេទ​ត្រី​ហ្នឹង​គឺ​វា​មាន​ម្លុង ប្រមាណ ១០០ ទៅ ២០០​គីឡូ​បួន​ជ្រុង​នៅ​តាម​ដង​ទន្លេ​ជា​ប្រភេទ​ត្រី​ដែល​មាន​នៅ​ក្នុង​តំបន់ មិន​ត្រូវ​មាន​នៅ​តំបន់​ផ្សេង​ទេ។ បច្ចុប្បន្ន​យើង​មិន​ត្រូវ​បាន​មើល​ឃើញ​ថា មាន​ការ​យក​ចិត្ត​ទុក​ដាក់ ខាង​រាជរដ្ឋាភិបាល ឬ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ធ្វើ​ការ​អភិរក្ស​ពូជ​ត្រី​ទាំង​នោះ»

ប្រភេទ​ត្រី​នៅ​មូលដ្ឋាន​ដូចជា ត្រី​ប៉ាវាមុខ​ពីរ ឬ​ត្រី​មុខបាក់ ត្រី​ប៉ាសេអ៊ី និង​ត្រី​ក្អែក​ជាដើម រស់​នៅ​តំបន់​សម្បូរ​ថ្ម ស្លែ និង​អន្លង់​ជ្រៅ​នៅ​តាម​ដង​ទន្លេ​មេគង្គ​លើ ទន្លេ​សេកុង ទន្លេ​ស្រែពក និង​ទន្លេ​សេសាន ដែល​មន្ត្រី​ជំនាញ​នៅ​មិន​ទាន់​មាន​លទ្ធផល​ស្ដីពី​ការ​ស្រាវជ្រាវ​នៃ​ការវិវឌ្ឍន៍​ពង​កូន​នៅ​ឡើយ។ តែ​គេ​សន្និដ្ឋាន​ថា ត្រី​ប្រភេទ​នេះ​អ្នក​នេសាទ​ចាប់​បាន​នៅ​ខែ​វិច្ឆិកា រហូត​ដល់​ខែ​មីនា។

ប្រជា​សហគមន៍​នេសាទ​ឃុំ​ភ្លុក លោក ផៅ ម៉ៃ និយាយ​ថា មិន​មែន​ប្រភេទ​ត្រី​នៅ​ក្នុង​តំបន់​មាន​ការ​ថយ​ចុះ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ត្រី​ផ្សេង​ទៀត​ដែល​ធ្លាប់​តែ​សម្បូរ​ក្នុង​ទន្លេ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ ក៏​មាន​ការ​ថយ​ចុះ​រាល់​ឆ្នាំ​ដែរ។ លោក​រក​ឃើញ​ថា ការ​បណ្ដែតបណ្ដោយ​ឲ្យ​មាន​បទល្មើស​នេសាទ ដូចជា​ការ​ដាក់​អួន​ខុស​ច្បាប់ ការ​នេសាទ​នៅ​រដូវ​ត្រី​ពង​កូន និង​ការ​ប្រើប្រាស់​ជា​ផ្ទុះ​ក្នុង​ទន្លេ គឺ​ជា​មូលដ្ឋាន​ចម្បង​បណ្ដាល​ឲ្យ​ចំនួន​ត្រី​ធ្លាក់​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ដែរ។

លោក​សង្កត់ធ្ងន់​ថា ត្រី​ប៉ាសេអ៊ី និង​ត្រី​ប៉ាវា ជាដើម​នៅ​ឆ្នាំ​នេះ កម្រ​មាន​អ្នក​នេសាទ​ចាប់​បាន​ដូច​ឆ្នាំ​មុនៗ​ណាស់។ លោក​ថា ប្រជា​នេសាទ​ខ្លះ​ដាក់​មង​ក្នុង​មួយ​ថ្ងៃ មិន​អាច​ចាប់​បាន​ត្រី​ប៉ាវា និង​ប៉ាសេអ៊ី សូម្បី​តែមួយ​ក្បាល៖ «មិន​ថា​តែ​ត្រី​ប៉ាសេអ៊ី មិន​ថា​តែ​ត្រី​ប៉ាវា មិន​ថា​តែ​ត្រី​ព្រួល​ទេ។ ពី​មួយ​ខែ​ទៅ​មួយ​ខែ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​រក​លែង​ឃើញ​ហើយ​ឥឡូវ​នេះ។ ចង​មង​អត់​ជាប់​ទេ​ឥឡូវ​នេះ»

នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខែត្រ​ស្ទឹងត្រែង លោក ប៉ែន ឈុនឌី សម្ដែង​សុទិដ្ឋិនិយម​ថា កាល​ពី​អំឡុង​ឆ្នាំ​២០១៥ ចំនួន​ត្រី​កម្រ​ក្នុង​តំបន់ មាន​លក់​នៅ​ទៅ​ផ្សារ​គួរ​ចាប់​អារម្មណ៍​មិន​ចាញ់​ឆ្នាំ​មុនៗ​ឡើយ។ លោក​ទទួល​ស្គាល់​ថា ការ​អភិវឌ្ឍ​តាម​ដង​ទន្លេ ក៏​ជា​ផ្នែក​មួយ​ប៉ះពាល់​ដល់​ត្រី​កម្រ និង​ត្រី​ផ្សេង​ទៀត​ដែរ តែ​មន្ត្រី​ជំនាញ​នៅ​មិន​ទាន់​សន្និដ្ឋាន​ពី​ផល​ប៉ះពាល់​កម្រិត​ណា​នៅ​ឡើយ ព្រោះ​មិន​ទាន់​សិក្សា​ស្រាវជ្រាវ៖ «ទាល់​តែ​យើង​ធ្វើ​ការ​សិក្សា​ឲ្យ​វា​លម្អិត​ជា​មុន​សិន។ ធនធាន​ជលផល​កាល​ណា​វា​មាន​ទំនប់​ច្រើន គឺ​វា​ប៉ះពាល់​ហើយ មិន​អត់​ទេ»

​អាជីវករ​ខែត្រ​ស្ទឹងត្រែង លើក​ឡើង​ថា បច្ចុប្បន្ន​ត្រី​កម្រ​នៅ​មូលដ្ឋាន ដូចជា​ត្រី​ប៉ាសេអ៊ី និង​ត្រី​ប៉ាវា ជាដើម​មិន​អាច​ផ្គត់ផ្គង់​ទីផ្សារ​គ្រប់គ្រាន់​ឡើយ។ ចំណែក​តម្លៃ​ត្រី​ប៉ាសេអ៊ី ដែល​កំពុង​ដាក់​លក់​នៅ​លើ​ទៅ​ផ្សារ​មាន​តម្លៃ ១៥​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម ចំណែក​ត្រី​ប៉ាវា ៥​ម៉ឺន​រៀល​មួយ​គីឡូក្រាម និង​ត្រី​ក្អែក តម្លៃ ២​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល