អង្គការសង្គ្រោះសត្វព្រៃកម្ពុជា អេស.ស៊ី.ដាប់ប៊ែលយូ (SCW = Save Cambodia's Wildlife) នឹងបើកសិក្ខាសាលារយៈពេលមួយថ្ងៃនៅខេត្តរតនគិរី ដើម្បីត្រួតពិនិត្យគម្រោងស្ដីពីកិច្ចការពារព្រៃត្រូពិច និងជីវចម្រុះនៅប្រទេសកម្ពុជា ក្នុងគោលបំណងកំណត់ស្ថានភាពទូទៅនៃគម្រោង ដោយមានការវិភាគលទ្ធផល និងការវាយតម្លៃគម្រោង។
ប្រធានបទកាត់បន្ថយភាពក្រីក្រតាមរយៈការអភិរក្សជីវចម្រុះនៅក្នុងឧទ្យានជាតិវីរជ័យ និងដែនជម្រកសត្វព្រៃលំផាត់ ក្នុងខេត្តរតនគិរី និងខេត្តស្ទឹងត្រែង នឹងត្រូវលើកយកមកពិភាក្សាគ្នានៅក្នុងសិក្ខាសាលារៀបចំឡើងដោយអង្គការសង្គ្រោះសត្វព្រៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា នាសណ្ឋាគារសុល ឆេង ឋិតក្នុងក្រុងបានលុង ខេត្តរតនគិរី។
សហគមន៍តំបន់ការពារធម្មជាតិចំនួន៧ មានទីតាំងនៅក្នុងតំបន់ឧទ្យានជាតិវីរជ័យ និងតំបន់ជម្រកសត្វព្រៃលំផាត់ មន្ត្រីអង្គការសង្គមស៊ីវិលពាក់ព័ន្ធ មន្ត្រីជំនាញបរិស្ថាន ឧទ្យានុរក្ស អាជ្ញាធរដែនដី និងមន្ត្រីទេសចរណ៍ខេត្តទាំងពីរ នឹងត្រូវបានអញ្ជើញចូលរួមពិគ្រោះយោបល់ក្នុងសិក្ខាសាលានេះ ក្នុងគោលបំណងឆ្លុះបញ្ចាំងភាពជាក់ស្តែងនៃគម្រោង។
ប្រធានកម្មវិធីអង្គការសង្គ្រោះសត្វព្រៃកម្ពុជា លោក ចាន់ វិចិត្រ ឲ្យដឹងនៅថ្ងៃទី២២ ខែមីនា ថា អង្គការសង្គ្រោះសត្វព្រៃកម្ពុជា បានទទួលថវិកាពីអង្គការ ដាប់ប៊ែលយូ.អេច្ឆ.អេច្ឆ/ប៊ី.អឹម.ហ្សិត (WHH/BMZ) នៃរដ្ឋាភិបាលអាល្លឺម៉ង់ ដើម្បីអនុវត្តគម្រោងមានឈ្មោះ កិច្ចការពារព្រៃត្រូពិច និងជីវចម្រុះនៅកម្ពុជា ចាប់ពីខែមករា ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។ គម្រោងនេះ សម្រាប់ពង្រឹងសហគមន៍ការពារតំបន់ធម្មជាតិទាំង៧ នៅខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ក្នុងនោះមានភូមិគោលដៅចំនួន ៣២ភូមិ។ លោកកត់សម្គាល់ថា សិក្ខាសាលានេះធ្វើឡើងដើម្បីពិនិត្យគោលបំណងរួម និងទិសដៅជាក់លាក់របស់គម្រោង គឺសហគមន៍ជនជាតិដើមភាគតិចដែលរស់នៅតំបន់ការពារធម្មជាតិនៃឧទ្យានជាតិវីរជ័យ និងដែនជម្រកសត្វព្រៃលំផាត់ ត្រូវចេះប្រើសិទ្ធិរបស់ខ្លួនក្នុងការប្រើប្រាស់ធនធានព្រៃត្រូពិច និងការពារធនធានធម្មជាតិឲ្យបានយូរអង្វែង៖ « សមាជិកទាំង៧ ហ្នឹង ជាមួយអាជ្ញាធរ ជាមួយដៃគូពាក់ព័ន្ធ ធ្វើយ៉ាងណា ឲ្យលោកចូលរួមការពារធនធានធម្មជាតិ ឲ្យមាន ប្រសិទ្ធភាព។ អ៊ីចឹងសិក្ខាសាលានេះដើម្បីឲ្យសហគមន៍ និងអាជ្ញាធរចូលរួមពិភាក្សាគ្នា គាត់មើលបញ្ហាប្រឈមទាំងឡាយណាដែលសហគមន៍ជួបប្រទះ ហើយគាត់អង្គុយជាមួយគ្នាពិភាក្សាគ្នាស្វែងរកដំណោះស្រាយ »។
អង្គការសង្គ្រោះសត្វព្រៃ គឺជាអង្គការក្នុងស្រុក បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ កាលពីខែកក្កដា ឆ្នាំ២០០២។ អង្គការនេះបានចូលរួមការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា និងលើកកម្ពស់សិទ្ធិរស់នៅរបស់សហគមន៍តាំងពីឆ្នាំ២០០៦។ ចាប់ពីឆ្នាំ២០១១ រហូតបច្ចុប្បន្ន អង្គការនេះកំពុងអនុវត្តសកម្មភាពការពារ និងអភិរក្សធនធានធម្មជាតិនៅខេត្តរតនគិរី និងខេត្តស្ទឹងត្រែង រួមមាន ការគាំទ្របង្កើតតំបន់ការពារធម្មជាតិ ពង្រឹងសិទ្ធិ និងតួនាទីអាជ្ញាធរ និងប្រជាសហគមន៍ជនជាតិដើមភាគតិច និងលើកកម្ពស់ជីវភាពរស់នៅសហគមន៍តាមជម្រើសសមស្របនៅមូលដ្ឋាន។
តំណាងសហគមន៍ការពារធម្មជាតិមណ្ឌលយ៉ន លោក ប៉ាត់ សាម៉ង ចាត់ទុកគម្រោងអភិរក្សធនធានធម្មជាតិរបស់អង្គការសង្គ្រោះសត្វព្រៃ កំពុងធ្វើឲ្យបានប្រសើរឡើងវិញធនធានព្រៃឈើ សត្វព្រៃ និងជួយឲ្យសហគមន៍ចេះដកហូតផលអនុផលព្រៃឈើមកប្រើប្រាស់សមស្រប ដែលមិនធ្វើឲ្យប៉ះពាល់ធនធានធម្មជាតិ។ លើសពីនេះទៀត ការបង្កើតសហគមន៍តំបន់ការពារធម្មជាតិ ធ្វើឲ្យអ្នកភូមិចេះរកប្រាក់ចំណូលពីវិស័យទេសចរណ៍ និងកសិកម្ម បម្រើជីវភាពគ្រួសារបានមួយកម្រិតថែមទៀត៖ « ស្ថានភាព ជនជាតិដើម ភាគតិច តាំងពី គេបង្កើតសហគមន៍ហ្នឹង គេយល់គេ ចេះប្រើប្រាស់ ធនធានធម្មជាតិ តាមលក្ខន្តិកៈ។ ឥឡូវ មានច្បាប់ យើងមើលច្បាប់ យើងផ្សព្វផ្សាយ ជូនសហគមន៍ យើង ដើម្បីប្រើតាមសន្តិវិធីតាម ប្រពៃណី »។
ចំណែកតំណាងសហគមន៍ការពារធម្មជាតិអូរតាបូក លោក សាលា ក្រៅ ទទួលស្គាល់ដែរថា សកម្មភាពកាប់បំផ្លាញព្រៃឈើ និងសត្វព្រៃបានថយចុះ បន្ទាប់ពីសហគមន៍អនុវត្តតួនាទីការពារព្រៃអភិរក្សបានតាមរយៈក្រុមល្បាតព្រៃសហគមន៍ សហការជាមួយអនុរក្សឧទ្យានជាតិវីរជ័យ។ លោកថា គម្រោងអង្គការសង្គ្រោះសត្វព្រៃ បានជួយអប់រំ និងបណ្តុះបណ្តាលសហគមន៍ពីការងារអភិរក្សធនធានធម្មជាតិ និងធ្វើឲ្យប្រសើរឡើងវិញជីវភាពរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិច ដែលរស់ពឹងអាស្រ័យលើធនធានធម្មជាតិនៅសេសសល់បច្ចុប្បន្ន៖ « កន្លងទៅ យើងខ្វះខាតច្រើន ដល់ឥឡូវយើងធូរធារ យើងមានមធ្យោបាយដូចជាម៉ូតូ កាណូត យើងធូរធារជាងមុន »។
ក្រសួងបរិស្ថាន បានទទួលស្គាល់ និងកាត់ចេញដីពីតំបន់ឧទ្យានជាតិវីរជ័យ និងតំបន់ដែនជម្រកសត្វព្រៃលំផាត់ លើផ្ទៃដីជាង ២ម៉ឺនហិកតារ (២០.៨២០ហិកតារ) ប្រគល់ទៅឲ្យសហគមន៍ការពារធម្មជាតិចំនួន៦ នៅខេត្តរតនគិរី រួមមានសហគមន៍មណ្ឌលយ៉ន សហគមន៍អូរកាំផា សហគមន៍អូរតាបូក សហគមន៍អូរទុង សហគមន៍សេដា សហគមន៍អូរគគីរ និងនៅខេត្តស្ទឹងត្រែង គឺសហគមន៍អូរចាយ។
ទាក់ទិនកិច្ចអភិរក្សនៅតំបន់ការពារធម្មជាតិនេះ ប្រធានឧទ្យានជាតិវីរជ័យ លោក ព្រិន សំបូរ កត់សម្គាល់ថា កន្លងទៅនេះ បន្ទាប់ពីសហគមន៍តំបន់ការពារធម្មជាតិបានបង្កើតឡើង បទល្មើសសត្វព្រៃ និងព្រៃឈើបានថយចុះ ដោយសារមន្ត្រីអនុរក្ស និងសហគមន៍សហការគ្នាផ្តល់ព័ត៌មានគ្នាទៅវិញទៅមក កាលណាប្រទះឃើញបទល្មើសកើតមាននៅតំបន់អភិរក្ស។ លោកថា ដោយសារគម្រោងរបស់អង្គការសង្គ្រោះសត្វព្រៃមានកម្រិត ហេតុនេះសហគមន៍ត្រូវការកិច្ចគាំទ្របន្ថែមទៀតពីគម្រោងរបស់អង្គការសង្គ្រោះសត្វព្រៃ ដើម្បីលើកស្ទួយសិទ្ធិចូលរួមការពារធនធានធម្មជាតិរបស់សហគមន៍បានកាន់តែមានប្រសិទ្ធភាព៖ « និយាយ រួមមាន ភាពប្រសើរ ខ្លះដែរ។ ទីមួយ យើងរួមគ្នា ព្រោះយើងមានព័ត៌មានពីពួកគាត់ ។ ធម្មតាគាត់ ជូនដំណឹង មកយើង យើងតែងចាត់មន្ត្រីចូលរួមចុះល្បាតដែរ »។
ឆ្លើយតបបញ្ហានេះ មន្ត្រីសម្របសម្រួលអង្គការដាប់ប៊ែលយូ.អេច្ឆ.អេច្ឆ ជាម្ចាស់មូលនិធិឧបត្ថម្ភគម្រោង លោក ឡៅ ប៊ុនឬទ្ធី មានប្រសាសន៍បញ្ជាក់ថា គម្រោងមានឈ្មោះកិច្ចការពារព្រៃត្រូពិច និងជីវចម្រុះនៅឧទ្យានជាតិវីរជ័យ និងដែនជម្រកសត្វព្រៃលំផាត់ នឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០១៧ ក្នុងបរិមាណទឹកប្រាក់ពី ៣០ ទៅ ៥០ម៉ឺនអឺរ៉ូ (EUR)។ លោកថា ការបន្តផ្តល់មូលនិធិសម្រាប់អនុវត្តគម្រោងបន្តអាស្រ័យលើលទ្ធផលវាយតម្លៃការអនុវត្តគម្រោង។
តាមការរំពឹងទុក ការចូលរួមសិក្ខាសាលារបស់អង្គការសង្គ្រោះសត្វព្រៃកម្ពុជា ភាគីពាក់ព័ន្ធទាំងអស់នឹងបានយល់ដឹងពីស្ថានភាពបច្ចុប្បន្ននៃចំណេះដឹងផ្នត់គំនិត និងការប្រព្រឹត្តរបស់សហគមន៍ អាជ្ញាធរ និងតួអង្គពាក់ព័ន្ធផ្សេងទៀត។ អ្នកចូលរួមសិក្ខាសាលា នឹងចូលរួមផ្តល់គំនិតយោបល់រៀបចំយុទ្ធសាស្ត្រ និងផែនការសកម្មភាពបន្ត ដើម្បីឆ្លើយតបតម្រូវការសហគមន៍តំបន់ការពារធម្មជាតិទាំង៧៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
