មន្ត្រីសង្គមស៊ីវិល ជំរុញឲ្យក្រសួងបរិស្ថាន និងសហគមន៍ ត្រូវយកចិត្តទុកដាក់ទាញប្រយោជន៍ពីទេសភាពធម្មជាតិ បម្រើភ្ញៀវទេសចរនៅតំបន់រ៉ាំសា នៃទន្លេមេគង្គខែត្រស្ទឹងត្រែង ឲ្យបានត្រឹមត្រូវ ដើម្បីធានាថាមិនរំខានដល់ជម្រកសត្វស្លាប និងជីវចម្រុះនៅតំបន់នោះ។ ពួកគេសង្កេតឃើញថា ភ្ញៀវទេសចរមួយចំនួនដែលទៅកម្សាន្តនៅតំបន់នោះ ប្រើប្រាស់ធុងបាសចាក់ភ្លេងកម្សាន្ត បង្កភាពភ័យខ្លាចដល់សត្វបក្សីកម្រ និងសត្វស្វាព្រៃមួយចំនួន ដែលធ្លាប់រស់នៅទីនោះ បានរត់គេចខ្លួន។
មន្ត្រីសង្គមស៊ីវិលដែលធ្វើការងារអភិរក្សបរិស្ថានធម្មជាតិ នៅថ្ងៃទី៥ មេសា ទាមទារឲ្យសហគមន៍ អាជ្ញាធរមូលដ្ឋាន និងឆ្មាំអភិរក្សនៃក្រសួងបរិស្ថាន សហការគ្នាឲ្យបានល្អក្នុងការអនុវត្តផែនការអភិរក្សជីវចម្រុះនៅតំបន់រ៉ាំសា នៃទន្លេមេគង្គ ឋិតភូមិខេ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ឲ្យបានហ្មត់ចត់។
អតីតមន្ត្រីសម្របសម្រួលបណ្ដាញអង្គការការពារទន្លេបី លោក មៀច មាន បារម្ភថា ការព្រួយបារម្ភពីការកើនឡើងបទល្មើសនេសាទ និងការរំខានដោយសារសំឡេងពីអ្នកទៅកម្សាន្តនៅទីនោះ បានឆ្លុះបញ្ចាំងពីភាពខ្សោយនៃទំនាក់ទំនងគ្នា និងការសហការគ្នារវាងសហគមន៍ អាជ្ញាធរពាក់ព័ន្ធ និងឆ្មាំអភិរក្សពាក់ព័ន្ធការទប់ស្កាត់បទល្មើសនេសាទ។ លោកសង្កេតឃើញថា នៅគ្រាមានបាតុភាពកើតឡើងនៅតំបន់នោះ រួមមានបទល្មើសនេសាទ ការរំខានដោយសំឡេងពីភ្ញៀវទេសចរ អាជ្ញាធរពាក់ព័ន្ធ និងសហគមន៍ គឺតែងតែទម្លាក់ការទទួលខុសត្រូវរឿងនេះដាក់គ្នាទៅវិញទៅមក៖ « តើធ្វើយ៉ាងម៉េច ដើម្បីអភិរក្សតំបន់នោះឲ្យបានល្អ ទាញយកផលធ្វើយ៉ាងម៉េចឲ្យនិរន្តរភាព។ ភ្ញៀវទេសចរមកមិនត្រូវរំខាន មិនត្រូវដើរប៉ាតណាប៉ាតណី និងគ្រប់គ្រងសំរាមមិនបាន និងក៏ជាផ្នែកមួយ ហើយផ្នែកមួយទៀតការការពារអភិរក្សធនធានធម្មជាតិនៅតំបន់នោះ ត្រូវរៀបចំកម្លាំងតំបន់ដែលអភិរក្សតឹងរ៉ឹង។ គួរតែមានកំណត់ថា តំបន់នេះជាតំបន់អភិរក្សតឹងរ៉ឹងមិនគួរអនុញ្ញាតឲ្យចូលទេ »។
លោក មៀច មាន សង្កត់ធ្ងន់ថា សហគមន៍មួយចំនួនហាក់ខ្វះការយល់ដឹងពីការប្រើប្រាស់ និងការគ្រប់គ្រងធនធានធម្មជាតិនៅតំបន់នោះ អាចជាផ្នែកមួយបង្កការរំខានដល់ជម្រកសត្វបក្សីកម្រ ហើយការទាញប្រយោជន៍ពីទេសភាពធម្មជាតិ ដើម្បីបម្រើភ្ញៀវទេសចរអាចមានភាពរអាក់រអួល។ លោកយល់ថា សហគមន៍ មន្ត្រីបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន ត្រូវរួមគ្នាចងសម្ព័ន្ធធ្វើយ៉ាងណា អភិរក្សតំបន់នោះឲ្យបានហ្មត់ចត់៖ « មន្ត្រីជំនាញត្រូវរៀបចំផែនការបំពេញតួនាទីខ្លួនឯង ផ្តល់សេវាកម្មផ្នែកជំនាញដល់សហគមន៍យើងឲ្យបានចូលរួមការពារឲ្យបានហ្មត់ចត់ ព្រោះសហគមន៍ម្នាក់ត្រូវមានតួនាទីជាអាជ្ញាធរដែនដី ជាប៉ូលិស និងជាតំណាងអ្នកទទួលផល »។
តំបន់រ៉ាំសា ឬហៅថាតំបន់ដីសើម ឋិតនៅតំបន់ទន្លេមេគង្គ មានផ្ទៃដី ៤៤.៦០០ហិកតារ ឋិតនៅសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន មានកាតព្វកិច្ចធានាកិច្ចគាំពារបរិស្ថាន និងទប់ស្កាត់បទល្មើសនេសាទគ្រប់ប្រភេទ ហើយបច្ចុប្បន្ន ក្រសួងបរិស្ថាន បានបញ្ជូនឆ្មាំអភិរក្ស ១៥នាក់ គ្រប់គ្រងនៅតំបន់នោះ។
ប្រធានសហគមន៍សម្រស់ធម្មជាតិទន្លេមេគង្គ លោក ហ្វយ ប៊ុនវី ទទួលស្គាល់ថា ពិតជាមានការរំខានដោយសំឡេងពីភ្ញៀវទេសចរ បង្កការប៉ះពាល់ដល់សត្វស្លាបនៅតំបន់នោះ ហេតុនេះគណៈកម្មការសហគមន៍កំពុងជជែកគ្នារកមធ្យោបាយដោះស្រាយបញ្ហានេះ។ លោកថា រមណីយដ្ឋានបក្សីមេគង្គដែលនាំភ្ញៀវកម្សាន្តនៅតំបន់នោះ និងបានបោះតង់ស្នាក់នៅទីនោះ ក៏ធ្លាប់យកឧបករណ៍បំពងសំឡេង ឬធុងបាសចាក់ភ្លេងឮៗរំខានសត្វបក្សីនៅទីនោះដែរ៖ « មកចាក់គគ្រឹកគគ្រេងពុំមែនក្រុមពួកខ្ញុំទេ វាតែងតែមាន។ ដូចខាងបក្សីមេគង្គគាត់នាំភ្ញៀវអីមក បើឲ្យខ្ញុំមកបង្ក្រាប ក៏មិនកើតដែរ ព្រោះអីគេមានស្ថាប័នគ្រប់គ្រាន់របស់គេ គេបង់ចូលរដ្ឋ ហើយគេយកបាសមកចាក់គគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃក៏មានដែរ។ មានបក្សីមេគង្គមួយក្រុមតែងតែនាំភ្ញៀវមកដាក់កន្លែងសត្វដេក »។
កាលពីដើមខែមករា ឆ្នាំ២០១៧ ពលរដ្ឋរស់នៅភូមិខេ បាននាំគ្នាអភិវឌ្ឍតំបន់នោះមួយផ្នែកប្រែក្លាយជាតំបន់ទេសចរណ៍ធម្មជាតិបៃតង បម្រើវិស័យទេសចរណ៍ ក្នុងទិសដៅរួមគ្នាអភិរក្សប្រព័ន្ធជីវចម្រុះ និងបង្កើនប្រាក់ចំណូលដល់សហគមន៍។
ប្រធានមន្ទីរបរិស្ថានខែត្រស្ទឹងត្រែង លោក អេង ភីរុង មានប្រសាសន៍ថា មន្ត្រីនៃមន្ទីរបរិស្ថាន ជាពិសេសឆ្មាំអភិរក្សបានចុះល្បាតជាប្រចាំ និងបានសហការជាមួយសមត្ថកិច្ច និងសហគមន៍ទប់ស្កាត់បទល្មើសនេសាទគ្រប់ប្រភេទ និងអប់រំណែនាំសហគមន៍ឲ្យទាញប្រយោជន៍ពីទន្លេឲ្យបានត្រឹមត្រូវ។ លោកបដិសេធថា ការប្រើឧបករណ៍បំពងសំឡេងចាក់ភ្លេងកម្សាន្ត គឺមិនប៉ះពាល់ដល់សត្វបក្សីនោះទេ ក្រោយពីមន្ត្រីបរិស្ថានបានកំណត់ទីកន្លែងជាក់លាក់សម្រាប់ភ្ញៀវទេសចរកម្សាន្តនៅតំបន់នោះ៖ « យើងចុះល្បាត ល្បាតឧបមាថា យើងឃើញដែលខុស យើងត្រូវណែនាំគាត់ ប៉ុន្តែវាអត់មាន បើពួកខ្ញុំចុះអប់រំណែនាំពលរដ្ឋនៅតំបន់ហ្នឹងទាំងអស់ »។
តំបន់រ៉ាំសា ឬហៅថាតំបន់ការពារជីវចម្រុះ សម្បូរកោះច្រើន និងមានរុក្ខជាតិដុះចេញពីផ្ទៃទឹកបញ្ចេញឫស ព្រមទាំងមានព្រៃលិចទឹកផង គឺជាទីតាំងជ្រករបស់សត្វបក្សី សត្វស្វាព្រៃ ជាពិសេសគឺជាជម្រករបស់ត្រីពងកូន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
