ដង្កូវហ្វូងនៅតែបន្តកើតឡើងក្នុងស្រុកបន្ទាយស្រី នៃខេត្តសៀមរាប ព្រមទាំងស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ នៃខេត្តឧត្តរមានជ័យ បើទោះបីជាកន្លែងដែលបានផ្ទុះកាលពីសប្ដាហ៍មុន បានថមថយខ្លះៗ ដោយសារតែកសិករនាំគ្នាប្រើថ្នាំពុលបាញ់សម្លាប់ពួកវាក៏ដោយ។
អាជ្ញាធរខេត្តឧត្តរមានជ័យ ឲ្យដឹងថា រយៈពេលមួយសប្ដាហ៍នេះ សត្វដង្កូវហ្វូងបានកើតច្រើននៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ដោយស៊ីបំផ្លាញដំឡូងមីអស់ប្រហែលជាង ២ពាន់ហិកតារ ព្រមទាំងស៊ីស្រូវអស់ប្រហែល ៥០ហិកតារទៀត។
មន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បានបញ្ជូនមន្ត្រីជំនាញជាច្រើនរូបទៅកាន់ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ នៅថ្ងៃអង្គារ ទី២១ ខែមិថុនា ដើម្បីចុះទៅអប់រំប្រជាកសិករ ព្រមទាំងជួយបាញ់ថ្នាំពុលសម្លាប់សត្វដង្កូវហ្វូង ដែលកំពុងតែបំផ្លាញដំណាំ ព្រមទាំងស្រូវអស់ជាង ២ពាន់ហិកតារទៅហើយនោះ។
អនុប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ គឺលោក គាំ វុទ្ធីធន។ លោកមានប្រសាសន៍នៅរសៀលថ្ងៃអង្គារ ទី២១ ខែមិថុនា ថា រយៈពេលមួយសប្ដាហ៍មកហើយ សត្វដង្កូវហ្វូងបានកើតឡើងនៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ចម្ងាយជាង ១០០គីឡូម៉ែត្រភាគឦសានពីទីរួមខេត្តឧត្តរមានជ័យ។ មន្ត្រីដដែលបញ្ជាក់ថា រយៈពេលមួយសប្ដាហ៍មកនេះ សត្វដង្កូវហ្វូងបានស៊ីបំផ្លាញដំឡូងមីរបស់កសិករនៅស្រុកអន្លង់វែង អស់ ១.០៥០ហិកតារ ចំណែកនៅឯស្រុកត្រពាំងប្រាសាទ គឺសត្វដង្កូវបានស៊ីស្លឹកដំឡូងមីអស់ ១ពាន់ហិកតារ ព្រមទាំងស៊ីស្រូវអស់ ៥០ហិកតារទៀត៖ « ប៉ុន្តែវាមិនមែនបំផ្លាញខូចខាតទាំងស្រុងទេ គឺវាគ្រាន់តែប៉ះពាល់ ហើយយើងអាចជួយសង្គ្រោះដំណាំ និងស្រូវទាំងនោះបានឡើងវិញ »។

កាលពីសប្ដាហ៍មុន ដង្កូវហ្វូងបានកើតឡើងនៅស្រុកចំនួន៥ របស់ខេត្តព្រះវិហារ ដោយបំផ្លាញដំណាំល្ពៅ សណ្ដែកបាយ និងដំឡូងមីអស់ជាច្រើនហិកតារ។ ដំណាលគ្នានោះដែរ ដង្កូវហ្វូងក៏កើតនៅភូមិស្លែង ឃុំស្រណាល នៃស្រុកក្រឡាញ់ ចម្ងាយជាង ៤០គីឡូម៉ែត្រភាគខាងលិចពីទីរួមខេត្តសៀមរាប ដោយស៊ីបំផ្លាញស្រូវអស់ជាច្រើនហិកតារ។ កសិករជាច្រើននៅភូមិស្លែង កំពុងនាំគ្នាទៅទិញថ្នាំពុល ដើម្បីបាញ់សម្លាប់ដង្កូវទាំងនោះ។
កសិករឈ្មោះ យិន យ៉េង ដែលកំពុងបាញ់ថ្នាំសម្លាប់ដង្កូវនៅក្នុងស្រែ មានប្រសាសន៍ថា គាត់ព្រួយបារម្ភលើបញ្ហាខ្វះស្បៀងនៅឆ្នាំក្រោយ ដោយសារតែគាត់មានស្រែតិចតួច ហើយត្រូវសត្វដង្កូវស៊ីបំផ្លាញស្រូវពង្រោះអស់ជាច្រើន៖ « បើគេបាញ់ថ្នាំថ្លៃជាង ៤ម៉ឺនរៀល ហាក់ដូចជាបាត់ដង្កូវ។ ដល់ខ្ញុំយកថ្នាំសម្លាប់ក្ដាមមកបាញ់ ដូចជាមិនងាប់ដង្កូវសោះ »។
កសិករម្នាក់ទៀត លោក សឿន សីហា មានប្រសាសន៍ប្រហាក់ប្រហែលគ្នាថា បើទោះជាលោកប្រើថ្នាំពុលបាញ់ ក៏សត្វដង្កូវខ្លះមិនងាប់ ដោយសារវាចូលទៅក្នុងរន្ធដី ហើយពងញាស់កូនជាថ្មីទៀត៖ « វាពួនក្រោមដី រួចយើងបាញ់តែលើ។ ដល់យើងបាញ់ថ្នាំ គឺបាញ់វាមិនត្រូវ។ ដល់ហើយ ដង្កូវនោះវាញាស់កូនចេញមកទៀត »។
មន្ត្រីជំនាញខាងកសិកម្ម ធ្លាប់ពន្យល់ថា ដង្កូវហ្វូងនេះ គឺកើតឡើងដោយសារតែមេអំបៅព្រៃម្យ៉ាង ដែលវាពងចោលនៅក្នុងដី រួចហើយញាស់ចេញជាដង្កូវ។ វិធីកម្ចាត់ដង្កូវទាំងនេះ គឺត្រូវជីកចង្អូរជ្រៅកុំឲ្យដង្កូវឆ្លងកាត់ ឬក៏ដាក់ថង់ប្លាស្ទិកបាំង ហើយជីករណ្ដៅជ្រៅឲ្យដង្កូវធ្លាក់ជាដើម។ ក៏ប៉ុន្តែកសិករយកវិធីបែបនេះទៅអនុវត្ត ហើយមិនមានប្រសិទ្ធភាពច្រើនទេ។
អភិបាលរងខេត្តសៀមរាប លោក គឹម ឆៃហៀង មានប្រសាសន៍ថា បន្ទាប់ពីកើតមានសត្វដង្កូវនៅឃុំស្រណាល ស្រុកក្រឡាញ់ មក គឺវាកំពុងឆ្លងរាលដាលទៅឃុំរោងគោ ដែលមានព្រំប្រទល់ជាប់គ្នានេះ។ ចំណែកនៅឯឃុំខ្នារសណ្ដាយ នៃស្រុកបន្ទាយស្រី ក៏មានកើតសត្វដង្កូវហ្វូង ដោយបានស៊ីបំផ្លាញដំណាំសណ្ដែកបាយអស់ប្រហែល ១០ហិកតារ។
អាជ្ញាធរខេត្តសៀមរាប និងមន្ត្រីមន្ទីរកសិកម្ម កំពុងរួមគ្នាលុបបំបាត់សត្វដង្កូវនេះ ព្រមទាំងត្រៀមទុកគ្រាប់ពូជ ដើម្បីជួយឲ្យកសិករដែលខូចខាតដំណាំដោយសារដង្កូវស៊ីនោះ បានដាំដុះឡើងវិញនៅពេលខាងមុខផង៕
វីដេអូ៖ ហ្វូងដង្កូវបំផ្លាញដំណាំនៅខេត្តសៀមរាបនិងឧត្តរមានជ័យ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
