មន្ត្រីឃ្លាំមើលការបំផ្លាញធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ បានបញ្ជូនឈ្មោះជនដែលបានកាប់បំផ្លាញព្រៃឈើខុសច្បាប់ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ចំនួន ៤៣០នាក់ ទៅនាយករដ្ឋមន្ត្រី ដើម្បីស្នើឲ្យជួយជំរុញទៅមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយចុះទៅធ្វើការស៊ើបអង្កេត។
ការស្នើសុំនោះ ធ្វើឡើងបន្ទាប់ពីអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ រកឃើញថា មន្ត្រីឧទ្យានុរក្សបរិស្ថានជម្រកសត្វព្រៃភ្នំឱរ៉ាល់ ១០នាក់ មានជាប់ពាក់ព័ន្ធអំពើពុករលួយកាប់បំផ្លាញព្រៃឈើក្នុងតំបន់នោះ។
ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ លោក ជា ហ៊ាន បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៣ មក អង្គការរបស់លោករកឃើញថា មានបទល្មើសព្រៃឈើ និងការកាប់រានព្រៃទន្ទ្រានយកដីជាច្រើន នៅតំបន់ការពារអភិរក្សសត្វព្រៃភ្នំឱរ៉ាល់។ បទល្មើសទាំងនោះបង្កឡើងដោយពលរដ្ឋ និងមន្ត្រីយោធា មន្ត្រីកងរាជអាវុធហត្ថជាដើម។ លោកបន្តថា តំបន់ដែលត្រូវអភិរក្សរក្សាទុកតាមព្រះរាជក្រឹត្យ មិនមានអ្នកការពារ ហើយអ្នកដែលមាននាទីការពារ បែរជាបើកដៃឲ្យក្រុមឈ្មួញ និងពលរដ្ឋកាប់បំផ្លាញព្រៃឈើដោយសេរី។
ក្នុងលិខិតដែល លោក ជា ហ៊ាន ដាក់ទៅទីស្ដីការគណៈរដ្ឋមន្ត្រី បានស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍ទៅ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស៊ើបអង្កេតចំពោះមន្ត្រីឧទ្យានុរក្សបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ១០នាក់ រួមមាន ឈ្មោះ ឈុន ឈៀហេង នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងមន្ត្រីឧទ្យានុរក្សបរិស្ថានជាច្រើននាក់ទៀត។
នាយកដែនជម្រកសត្វព្រៃ លោក ឈុន ឈៀហេង បដិសេធមិនឆ្លើយបំភ្លឺចំពោះការចោទប្រកាន់លោក និងមន្ត្រីក្រោមឱវាទ ថាមានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយក្នុងការបើកដៃឲ្យមានការកាប់បំផ្លាញព្រៃនៅតំបន់អភិរក្ស។
យ៉ាងណា លោក ជា ហ៊ាន បញ្ជាក់ថា មន្ត្រីទាំងនោះបានបណ្តោយឲ្យមានការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ការពារដោយព្រះរាជក្រឹត្យ តាំងពីឆ្នាំ១៩៩៣ ដោយយកលុយជាថ្នូរនៃការបើកដៃឲ្យជនល្មើស ៤៣០នាក់ ទៅកាប់ឈើ និងរានយកដី។
ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ហេង គួន ដែលទើបតែបញ្ចប់បេសកកម្មថ្មីថ្មោង ត្រួតពិនិត្យនៅតំបន់អភិរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា បដិសេធមិនផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ជុំវិញការចោទប្រកាន់ថាមានការឃុបឃិតគ្នាជាប្រព័ន្ធនៃការកាប់បំផ្លាញព្រៃនៅតំបន់ការពារ ដោយលោកបានជំរុញឲ្យទៅសួរនាយកដែនជម្រកសត្វព្រៃនៅភ្នំឱរ៉ាល់។
ប៉ុន្តែ បើតាមការអះអាងពីអភិបាលស្រុកឱរ៉ាល់ លោក ចែម សារីម ទទួលស្គាល់ថា ពិតជាមានបទល្មើសព្រៃឈើពិតមែននៅតំបន់អភិរក្សសត្វព្រៃភ្នំឱរ៉ាល់។ តែ សមត្ថកិច្ច និងមន្ត្រីជំនាញបានបង្ក្រាបច្រើនដងហើយ ក្រោយពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រកាលពីពេលថ្មីៗ។
អភិបាលស្រុករូបនេះមិនបានអត្ថាធិប្បាយច្រើនទេ ចំពោះការរិះគន់ថាមានការឃុបឃិតពីអាជ្ញាធរ និងមន្ត្រីជំនាញដែលបានត្រួសត្រាយផ្លូវឲ្យមានការកាប់បំផ្លាញព្រៃឈើនៅភ្នំឱរ៉ាល់ នោះ។
លិខិតរបស់មន្ត្រីអង្គការប្រឆាំងអំពើពុករលួយ ដែលដាក់ទៅនាយករដ្ឋមន្ត្រី បានបង្ហាញឈ្មោះអ្នកពាក់ព័ន្ធនៃការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ឧទ្យានជាតិនោះ ដោយរួមមានទាំងអធិការរងស្រុកឱរ៉ាល់ មន្ត្រីយោធាភូមិភាគទី៣ មន្ត្រីកងរាជអាវុធហត្ថស្រុកឱរ៉ាល់ មន្ត្រីកងរាជអាវុធហត្ថស្រុកភ្នំស្រួច មន្ត្រីយោធាតំបន់ប្រតិបត្តិការសឹករងស្រុកឧដុង្គ មន្ត្រីយោធាតំបន់ប្រតិបត្តិការសឹករងស្រុកឱរ៉ាល់ មន្រ្តីយោធាសឹករងស្រុកភ្នំស្រួច និងមន្ត្រីយោធា ង៧០ ជាដើម។
ទាក់ទិនបញ្ហានេះ តំណាងពលរដ្ឋនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ លោក ផង សុគិត បានថ្លែងថា នៅចំណុចភូមិស្រែកិន ក្នុងឃុំត្រពាំងជោរ ស្ថានភាពកាប់បំផ្លាញព្រៃឈើនៅរយៈពេលចុងក្រោយនេះ មានសភាពខ្លាំងក្លា។ លោកបន្តថា ក្នុងមួយថ្ងៃយ៉ាងហោចណាស់ឈើប្រណីតដឹកតាមគោយន្ត ពី ៥០ ទៅ ៦០ ហើយដឹកតាមរទេះគោ ពី ២០ ទៅ ៣០រទេះ ត្រូវបានពលរដ្ឋដែលស៊ីឈ្នួលឲ្យមន្ត្រីយោធា និងឈ្មួញ ដឹកចេញពីតំបន់អភិរក្ស។ ជាងនេះទៅទៀត មានឡដុតធ្វើធ្យូងជាង ៣០០កន្លែង នៅតំបន់នោះ។
ប្រភពពីពលរដ្ឋបញ្ជាក់ថា តំបន់អភិរក្សដោយព្រះរាជក្រឹត្យ កំពុងហិនហោចដោយមន្ត្រីមាននាទីអភិរក្ស មិនបានបំពេញតួនាទីរបស់ខ្លួន។ ផ្ទុយទៅវិញ បានទទួលសំណូកជាថ្នូរនឹងការបណ្ដែតបណ្តោយឲ្យមានការកាប់ឈើយ៉ាងអានាធិបតេយ្យ។
មន្ត្រីស៊ើបអង្កេតអង្គការអាដហុក (Adhoc) ប្រចាំខេត្តកំពង់ស្ពឺ លោក រ័ត្ន ថាវី បញ្ជាក់ថា មិនបានដឹងថាតើមន្ត្រីឧទ្យានុរក្សបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មានជាប់ពាក់ព័ន្ធអំពើពុករលួយនៃការលួចកាប់បំផ្លាញឈើនៅតំបន់ការពារសត្វព្រៃភ្នំឱរ៉ាល់ នោះទេ។ លោកបន្តថា ចំណុចភូមិស្រែកិន ដែលថាមានការកាប់បំផ្លាញព្រៃឈើធ្ងន់ធ្ងរនោះ ស្ថិតនៅឆ្ងាយពីទីរួមខេត្ត ហើយលោកមិនធ្លាប់ទៅទីតាំងនោះទេ។ យ៉ាងណា លោកអាចប្រាប់ថា ផ្លូវដែលឆ្ពោះទៅភូមិស្រែកិន មិនមានសេសសល់ព្រៃឈើទៀតទេ។ ហើយឈើដែលដឹកចេញពីតំបន់នោះ មិនអាចវាយតម្លៃបានថា តើជាការដឹកចេញពីតំបន់អភិរក្ស ឬចេញពីតំបន់ខ្លះដែលរដ្ឋាភិបាលឆ្វៀលឲ្យក្រុមហ៊ុនវិនិយោគ ឬយ៉ាងណា?
មានក្រុមហ៊ុនឯកជនធំៗទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ដូចជាក្រុមហ៊ុន អេច.អិល.អេច (HLH) របស់ លោកស្រី ហ៊ុន សេងនី ទទួលបានដី ២កន្លែង គឺនៅស្រុកថ្ពង មួយកន្លែង សម្រាប់ដាំពោតក្រហម និងនៅស្រុកឱរ៉ាល់ មួយកន្លែង ដែលជាប់នៅក្នុងតំបន់ដែនជម្រកសត្វព្រៃ និងក្រុមហ៊ុន ភ្នំពេញ ស៊ូគ័រ របស់លោកឧកញ៉ា លី យ៉ុងផាត់ វិនិយោគដាំអំពៅ។ ក្រៅពីនេះ នៅមានក្រុមហ៊ុនតូចៗជាច្រើនក៏បានសិទ្ធិអភិវឌ្ឍន៍នៅតំបន់នោះដែរ។
ឧទ្យានបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ត្រូវបានអភិរក្សដោយមានព្រះរាជក្រឹត្យចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ដោយដាក់តំបន់នោះជាដែនជម្រកសត្វព្រៃ និងមានទំហំជាង ២សែនហិកតារ។ ប៉ុន្តែក្រោយមក រដ្ឋាភិបាលបានចេញអនុក្រឹត្យជាបន្តបន្ទាប់ ឆ្វៀលដីខ្លះនៅតំបន់នោះឲ្យក្រុមហ៊ុនឯកជនវិនិយោគ។
បច្ចុប្បន្ន មានក្រុមហ៊ុនជិត១០ ដែលភាគច្រើនជាក្រុមហ៊ុនចិន កំពុងមានសកម្មភាពកាប់ព្រៃឈើ និងរានយកដី ហើយក្រុមហ៊ុនខ្លះបានកាប់ឈើហួសពីព្រំដីដែលតម្រូវឲ្យធ្វើអាជីវកម្ម។ អង្គការប្រឆាំងអំពើពុករលួយធ្លាប់បានដាក់លិខិតស្នើសុំទៅរដ្ឋមន្ត្រីក្រសួងបរិស្ថាន ឲ្យជួយកំណត់ព្រំប្រទល់តំបន់ការពារនោះឲ្យបានច្បាស់ ដើម្បីអនុម័តច្បាប់ស្ដីពីតំបន់ការពារអភិរក្សធនធានធម្មជាតិ រក្សាព្រៃឈើក្នុងតំបន់ការពារដោយព្រះរាជក្រឹត្យឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
