ពលរដ្ឋ​នៅ​ស្វាយរៀង​ត្អូញត្អែរ​ពី​ក្រុមហ៊ុន​ដាំ​បង្គោល​ភ្លើង​បង្ក​ឲ្យ​ប៉ះពាល់​ទ្រព្យសម្បត្តិ

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង បង្ហាញ​ថា​ក្រុមហ៊ុន​ដាំ​បង្គោល​ភ្លើង អគ្គិសនី​តាម​ផ្លូវ នៅ​ស្រុក​នេះ​កំពុង​ធ្វើ​សកម្មភាព​កាប់​ដើមឈើ​ធ្វើ​អាជីវកម្ម ទាំង​បង្ខំ​ដោយ​មិនបាន​ផ្ដល់​ដំណឹង​ជាមុន​ទេ ហើយ​ប៉ះពាល់​ផលដំណាំ​ជាច្រើន​របស់​អ្នកភូមិ​ដោយ​គ្មាន​សំណង។ ពួកគាត់​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ ពាក់ព័ន្ធ​បញ្ហា​នេះ​ចាត់​វិធានការ ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សំណង​ការ​ខូច​ខាត​ដល់​ប្រជាពលរដ្ឋ។

ក្រុម​អ្នកភូមិ​ទាំងនោះ​សម្ដែង​ការ​មិន​ពេញចិត្ត ទៅ​និង​សកម្មភាព​របស់​ក្រុមហ៊ុន​ថា​បាន​បំផ្លាញ​ផល​ដំណាំ​ដែល​ដាំ​ដុះ​យូរ​ឆ្នាំ​មិន​រើសមុខ ហើយ​ជា​ប្រាក់ចំណូល​បន្ថែម​របស់​ប្រជាពលរដ្ឋ​នៅ​ឯ​ជនបទ។

អ្នក​ភូមិ​ម្នាក់ លោក នន់ ឈិន រស់នៅ​ភូមិ​មុនីប្រឹក្សា ឃុំ​ត្រស់ ស្រុក​រមាសហែក ថ្លែង​នៅ​ថ្ងៃ​ទី ១១ មិថុនា​ថា​ផលដំណាំ​ដាំ​ដុះ​តូច​ធំ​នៅមុខ​ផ្ទះ​របស់​អ្នកភូមិ ដូចជា ដើម​ដូង ត្នោត ឫស្សី ចេក និង​ស្វាយ​ជាដើម ត្រូវ​ក្រុមហ៊ុន​ដាំ​បង្គោល​ភ្លើង​កាប់​ផ្ដួល រំលំ​គ្មាន​សល់។ លោក​បន្ត​ថា​ប្រជាពលរដ្ឋ ដែល​រស់​នៅ​ដង​តាម​ដង​ផ្លូវ ដាំ​បង្គោល​ភ្លើង​នោះ ខ្លះ​យំ​ស្រែក​សោកស្ដាយ​ទ្រព្យសម្បត្តិ​របស់​ខ្លួន ហើយ​បាន​អង្វរ​ទៅ​ក្រុម​អ្នក​ដាំ​បង្គោល​ភ្លើង ឲ្យ​បញ្ឈប់​ធ្វើ​សកម្មភាព តែ​ពួកគេ​ទាំងនោះ​មិនបាន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ តាម​ការ​ស្នើ​សុំ​របស់​អ្នកភូមិ​ឡើយ៖ «ព្រៃ​ឈើ​ធំៗ​ទៅ​កាប់​បំផ្លាញ​អស់ហើយ ឥឡូវ​ហ្នឹង​គ្នា​ដាំ​តាម​ផ្ទះ​មក​កាប់​បំផ្លាញ​ចោល​ទៀត ហើយ​អត់​មាន​សំណង​អី​ដល់​ប្រជាពលរដ្ឋ​សោះ អត់​មាន​ទទេ​ហ្មង។ វា​រាល់​ថ្ងៃ​ដោយ​អាស្រ័យ​ផល​នៅ​លើ​អា​ដំណាំ​អស់ហ្នឹង​គ្រាន់​លក់ដូរ ចិញ្ចឹម​ជីវិត​លក្ខណៈ​គ្រួសារ ឥឡូវ​មក​កាប់​បំផ្លាញ​បោះ​គ្នា​អស់ហើយ។ អត់​មាន​សុំ​អត់​មាន​ស្នើ​អត់​មាន​និយាយ​អី បាទ​មក​កាប់​ព្រួស​ព្រះ​យក​ឡាន​ដឹក​កម្មករ​មក​ចាក់ ហើយ​សួរ​ទៅ​កម្មករ​ថា​ស៊ីឈ្នួល​គេ​ដែរ។ ហើយ​ដល់​ស៊ី​ឈ្នួល​គេ​មិន​មក​សុំ​គ្នា​ផង​មក​ដើរ​កាប់​តែ​ហ្មង ហើយ​អា​មេការ​មេ​អី​ហ្នឹង​ដូច​មិនមែន​មក​ជួប​ប្រជាពលរដ្ឋ​មក​ជួប​រដ្ឋ​អំណាច​បង»។

អ្នកភូមិ​ខ្លះ​ទៀត​ក៏​ត្អូញ​សោក​ស្ដាយ​ផល​ដំណាំ​របស់​ខ្លួន​ដែល​កាប់​បំផ្លាញ​ដូចគ្នា​នេះ​ដែរ ហើយ​បាន អំពាវនាវ​សុំ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​ប្រាក់​សំណង​ដំណាំ​ដែល ខូចខាត​របស់​ប្រជាពលរដ្ឋ​វិញ។ អ្នក​ភូមិ​នៅ​ស្រុក​រមាសហែក​ម្នាក់​ទៀត អ្នកស្រី សោ ភា មាន​មតិ​ថា​ក្រុម​អ្នក​ដាំ​បង្គោល​ភ្លើង ដើរ​កាប់​ដើមឈើ​របស់​អ្នកភូមិ​មិន​សំចៃ​ដៃ ដោយ​មិន​គិត​គួរ​ពី​ផល​ប៉ះ​ពាល់​របស់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ទ្រព្យ​សម្បត្តិ​ឡើយ។ អ្នកស្រី​ចាត់​ទុក​សកម្មភាព​របស់​ក្រុមហ៊ុន​នេះ​ថា​ជា​ទង្វើ​មួយ​គិតតែ​ពី​ផលប្រយោជន៍​របស់​ខ្លួន មិន​បាន​គិត​គួរ​ពី​ទុក្ខ​លំបាក​របស់​អ្នកដទៃ​ទេ៖ «ប៉ះពាល់​មួយ​គ្រួសារ​ៗ​ច្រើន​ណាស់​អ៊ុំ​អើយ ប្រាំ ប្រាំមួយ​ដើម ហើយ​បើ​និយាយ​ពី​រឿង​ឫស្សី ទៀត​ទាំង​គុម្ព​ហ្មង។ ចាប់​កាប់​យក​ៗ​ហើយ​បើ​ម្ចាស់ផ្ទះ​អត់​បាន​នៅ ក៏​ម្ចាស់​អត់​ដឹង​ដែរ​ស្រាប់​តែ​មក​ដួល​ពេញ​ផ្ទះ​ហ្មង​។ ជីវភាព​វា​អ្នកស្រែ​មាន​តែ​ដំណាំ​អស់​ហ្នឹងហើយ​បើ​កាប់​ចោល​អស់​អញ្ចឹង​ទៅ គ្មាន​អី​លក់ដូរ​តទៅទៀត ហើយ​ចង់បាន​ផល​សំណង​អី​ខ្លះ​ទៅ​វា​កាប់​ចោល​ទទេ​ៗ​អ៊ីចឹង»។

ទាក់ទង​និង​បញ្ហា​នេះ​អភិបាលស្រុក​រមាសហែក លោក ពេញ ជា មានប្រសាសន៍​បញ្ជាក់​ថា លោក​ទើប​តែ​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ពាក់​ពន្ធ និង​ក្រុមហ៊ុន​ដាំ​បង្គោល​ភ្លើង​កាប់​ដើមឈើ​ប៉ះពាល់​ផល​ដំណាំ​របស់​អ្នកភូមិ​ថ្មីៗ​នេះ​ដែរ ប៉ុន្តែ​ពុំ​ដឹង​ថា​ការ​កាប់​នោះ​ប៉ះពាល់​យ៉ាងណា​នៅឡើយ​ទេ។ លោក​បញ្ជាក់​ថា​ក្រុមហ៊ុន​កាប់​ដើមឈើ​ប៉ះពាល់​ផលដំណាំ​របស់​ប្រជាពលរដ្ឋ​នោះ ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ ហើយ​បញ្ហា​នេះ លោក​ថា​នឹង​កោះ​ហៅ​ក្រុមហ៊ុន​ដាំ​បង្គោល​ភ្លើង​មក​សម្របសម្រួល ដើម្បី​បញ្ចៀស​មិន​ឲ្យ​ប៉ះពាល់​អត្ថប្រយោជន៍​របស់​អ្នកភូមិ៖ «អត់​ទេ​គាត់​ផ្ដល់​ដែរ គាត់​ផ្ដល់​អា​រឿង​គាត់​កាត់​រំលំ​ដើម​រំលំ​អី​គាត់​និយាយ​អ៊ីចឹង​ដែរ។ ប៉ុន្តែ​ស្រុក​បាន​ចុះ​ទៅ​ពិនិត្យ​ហើយ ក្រុមហ៊ុន​មក​សម្រប​សម្រួល​ប៉ុន្តែ​ខ្ញុំ​អត់​ទាន់​បាន​ធ្វើ​ការ​នេះ​ទេ ទើប​ហ្នឹង​បាន​ទទួល​ថ្ងៃនេះ​ខ្ញុំ​ហ្នឹង​ហៅ​ក្រុមហ៊ុន​ខាង​អគ្គិសនី​ហ្នឹង​មក​ធ្វើការ​សម្របសម្រួល​ឡើងវិញ។ តែ​ដល់​កាប់​ទៅ​អ៊ីចឹង​ខ្ញុំ​វា​មិនបាន​ដឹង​ថា​ក្រុមហ៊ុន​ហ្នឹង​យ៉ាងម៉េច​ដែរ អញ្ចឹង​ខ្ញុំ​អឺ​ !​ ស្អែក​ឬ​ខាង​ស្អែក​ខ្ញុំ​ហ្នឹង​ធ្វើការ​សម្របសម្រួល​ក្រុមហ៊ុន​ហ្នឹង​បាទ​ !»។​

លោក ពេញ ជា មាន​ប្រសាសន៍​ថា​ក្រុមហ៊ុន​ដាំ​បង្គោល​ភ្លើង នោះ​ជា​របស់​អគ្គិសនី​កម្ពុជា​មាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​ដោយ​ស្រប​ច្បាប់ ហើយ​ភ្ជាប់​ចរន្តអគ្គិសនី ពី​ទី​រួម​ខេត្ត​ស្វាយរៀង ឆ្លងកាត់​ស្រុក​រមាសហែក​ឆ្ពោះ​ទៅ​ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង។ ក្នុង​នោះ​ការ​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី ឆ្លង​កាត់​ឃុំ​ក្នុង​ស្រុក​រមាស​ហែក​ចំនួន​៣ គឺ ឃុំ​អំពិល ឃុំ​ត្រស់ និង​ឃុំ​អណ្ដូង​ត្របែក។ ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ដង​ផ្លូវ​នៅ​ស្រុក​រមាសហែក បង្ហាញ​ថា​ក្រុមហ៊ុន​ដាំ​បង្គោល​ភ្លើង​កាប់​ដើមឈើ ប៉ះពាល់​ផល​ដំណាំ​អ្នកភូមិ តាម​ដង​ផ្លូវ​ជា​បន្តបន្ទាប់ ហើយ​ភូមិ​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ​មាន​ភូមិ ត្រពាំង​បន្ទាយ ភូមិ​មុនី​ប្រឹក្សា និង​ភូមិ​ត្រពាំង​ស្មាច់​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។