ព្រៃ​ការពារ​របស់​សហគមន៍​នៅ​ក្រចេះ​កំពុង​រង​ការ​កាប់​បំផ្លាញ

0:00 / 0:00

ព្រៃ​ការពារ​របស់​សហគមន៍​សំពង់ ក្នុង​ខេត្ត​ក្រចេះ កំពុង​រង​ការ​កាប់​បំផ្លាញ​ពី​ឈ្មួញ និង​ប្រជាពលរដ្ឋ​ជា​រៀងរាល់​ថ្ងៃ។ សកម្មភាព​នេះ​កើត​ឡើង​ខ្លាំង​ខណៈ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ការពារ​ព្រៃ​សហគមន៍​រវល់​ប្រមូល​ផល​ស្រែចំការ និង​គ្មាន​ថវិកា​ធ្វើ​សកម្មភាព​ការពារ​ព្រៃ។

​តំណាង​សហគមន៍​បាន​ទាមទារ​ស្ថាប័ន​មាន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ក្នុង​រឿង​នេះ ប៉ុន្តែ​សមត្ថកិច្ច​ស្រុក ពុំ​ទាន់​មាន​សកម្មភាព​បង្ក្រាប​ណា​មួយ​ដែល​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ។

ព្រៃ​ការពារ​ក្នុង​ដែន​ជម្រក​សហគមន៍​សំពង់ ស្ថិត​នៅ​ក្នុង​ភូមិ​កោះច្បារ ឃុំ​កោះខ្ញែរ ស្រុក​សំបូរ ខេត្ត​ក្រចេះ ជាង ៣៥​ភាគ​នៃ​ព្រៃ​សរុប​លើ​ផ្ទៃដី​ជាង​ ២.៤០០​ហិកតារ ​ត្រូវ​បាន​ក្រុម​ឈ្មួញ និង​ប្រជាពលរដ្ឋ​លួច​ធ្វើ​អាជីវកម្ម។

ប្រធាន​សហគមន៍​ការពារ​ព្រៃ​សហគមន៍​សំពង់ លោក ឡេង លី ឲ្យ​ដឹង​ថា ព្រៃ​ដែល​រង​ការ​កាប់​បំផ្លាញ​ជា​ប្រភេទ​ឈើ​ប្រណិត ឈើ​ធ្នង់ ឈើ​ផ្ចឹក និង​ឈើ​ជន្លង់ម្រេច​ជាដើម។ លោក​ថា សកម្មភាព​នេះ​កើត​ឡើង​ខ្លាំង គឺ​នៅ​ពេល​ក្រុម​សហគមន៍​លោក​មិន​សូវ​បាន​ចុះ​យាម​ល្បាត​ដោយ​រវល់​នឹង​ប្រមូល​ផល​ស្រូវ និង​គ្មាន​ថវិកា​ធ្វើ​សកម្មភាព​ការពារ៖ «អូ! កាប់​ច្រើន​ណាស់ វា​ឆ្លៀត​ឱកាស​នៅ​ពេល​ដែល​យើង​ចូល​ដល់​រដូវ​ច្រូត​កាត់​ទៀត។ យើង​មិន​បាន​ដើរ​ទៀងទាត់ វា​នៅ​តែ​លួច​ឆ្មក់​លួច​អី ជួនកាល​ទៅ​គាត់​មាន​រនុក​ក្នុង​ទៀត នៅ​ពេល​យើង​រៀប​ចេញ​ដំណើរ​ទៅ គាត់​ទាញ​ម៉ូតូ​មក​តាម​ផ្លូវ មក​ឃ្លាំ​មើល​ទៀត»

ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ការពារ​ព្រៃ​សហគមន៍​មាន​ចំនួន​ទាំង​អស់ ១១​នាក់។ ពួកគេ​តែងតែ​ដើរ​យាមល្បាត​ការពារ​ព្រៃ​យ៉ាង​ហោច​ណាស់​មួយ​អាទិត្យ​ម្តង ប៉ុន្តែ​នៅ​រដូវ​ប្រមូល​ផល និង​គ្មាន​ថវិកា​ដូច​នេះ ពួកគេ​មិនសូវ​បាន​ទៅ​យាម​ល្បាត​ទេ។ ព្រៃ​សហគមន៍​នេះ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ក្រចេះ ផ្តល់​ជា​ព្រៃ​សហគមន៍​កាល​ពី​ឆ្នាំ​២០១១។

មេឃុំ​កោះខ្ញែរ ស្រុក​សំបូរ ខេត្ត​ក្រចេះ លោក អ៊ុក សាវី ដែល​ធ្លាប់​ចុះ​យាម​ល្បាត​ជាមួយ​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា លោក​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ស្រុក​ចាត់​វិធានការ​លើ​រឿង​នេះ ប៉ុន្តែ​មិន​ឃើញ​មាន​ប្រសិទ្ធភាព​ចំពោះ​រឿង​នេះ​ទេ។

លោក​មេ​ឃុំ​ឲ្យ​ដឹង​ទៀត​ថា កន្លងមក​លោក​បាន​ធ្វើ​របាយការណ៍ និង​រាយការណ៍​ផ្ទាល់​ទៅ​ថ្នាក់​ស្រុក នៅ​តែ​មាន​មិន​ទាន់​ឃើញ​មាន​ចំណាត់ការ​ណា​មួយ​ពី​ថ្នាក់​ស្រុក៖ «ខ្ញុំ​លើក លើក​ពី​បញ្ហា​លំបាក​ហ្នឹង ប៉ុន្តែ​មិន​មាន​ការ​ដោះស្រាយ​អី​សោះ។ ខ្ញុំ​ថា ដើម្បី​ឲ្យ​ព្រៃ​គង់វង្ស គឺ​ខាង​លើ​ជួយ​សហការ​គ្នា ជួយ​ទប់​ស្កាត់​បទ​ល្មើស​ហ្នឹង អាហ្នឹង​បាន​ធ្វើ​ទៅ​បាន»

​កាល​ពី​ទើប​បង្កើត​ព្រៃ​សហគមន៍​នេះ មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​បាន​ផ្តល់​ជា​ថវិកា​ឧបត្ថម្ភ​ដល់​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ ប៉ុន្តែ​គម្រោង​នេះ​បាន​បញ្ចប់​នៅ​ឆ្នាំ​២០១៤ ប្រជាពលរដ្ឋ​មិន​សូវ​បាន​ចុះ​ទៅ​ការពារ​ជា​ប្រចាំ​ទេ។

​ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ អភិបាល​ស្រុក​សំបូរ ខេត្ត​ក្រចេះ លោក ហេង សុថា ឲ្យ​ដឹង​ថា លោក​បាន​ទទួល​របាយការណ៍​ម្តង​រួច​ហើយ ហើយ​ក៏​ធ្លាប់​ចុះ​អន្តរាគមន៍ និង​ក៏​បាន​កំណត់​មុខ​សញ្ញា​ជនល្មើស​ផង​ដែរ។ ទោះ​មិន​បង្ហាញ​ថា មុខ​សញ្ញា​នោះ​ជា​អ្នក​ណា​ក្តី ប៉ុន្តែ​លោក​អភិបាល​ស្រុក​បន្ត​ថា អ្នក​កាប់​ឈើ​ភាគ​ច្រើន​ជា​ពលរដ្ឋ​ក្នុង​សហគមន៍​នោះ​តែម្តង៖ «ខ្ញុំ​នឹង​ចាត់​វិធានការ​បន្ត​ទៀត។ ឥឡូវ​ខ្ញុំ​កំពុង​ប្រជុំ​នៅ​សាលា​ខេត្ត។ ខ្ញុំ​ត្រឡប់​ទៅ​វិញ ខ្ញុំ​នឹង​មាន​វិធានការ ហៅ​រដ្ឋបាល​ព្រៃ​ឈើ​ដើម្បី​ចុះ​ទៅ​ពិនិត្យ​ជាក់​ស្តែង ពិនិត្យ​មើល​សា​ឡើង​វិញ​ទៀត»

​បន្ថែម​ពី​ការ​សុំ​អន្តរាគមន៍​ពី​សមត្ថកិច្ច​អាជ្ញាធរ​ឲ្យ​មាន​ចំណាត់ការ​រឹងមាំ​នោះ ប្រជា​សហគមន៍​ក៏​បាន​ស្នើ​សុំ​ឲ្យ​អង្គការ​ការពារ​បរិស្ថាន​នានា ផ្តល់​ជំនួយ​ដើម្បី​ការពារ​ព្រៃ​សហគមន៍​សំពង់​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។