ដោយឡែកសកម្មជនការពារព្រៃឈើរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ព្រមានថា ខ្លួននឹងទម្លាយឯកសារសម្ងាត់នានា អំពីសកម្មភាពកាប់បំផ្លាញព្រៃឡង់របស់ក្រុមហ៊ុនទាំងពីរនេះ ក្រោមរូបភាពដីសម្បទានសេដ្ឋកិច្ចនៅថ្ងៃច័ន្ទ ដើមសប្ដាហ៍ខាងមុខ។
ការព្រមានបញ្ចេញឯកសារសម្ងាត់ជាវីដេអូ និងរូបភាព ដែលជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឡង់ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានេះ ធ្វើឡើងក្រោយពីមន្ត្រីរបស់អង្គភាពមួយនេះ ត្រូវរងការគំរាមកំហែងអាយុជីវិត និងតាមចាប់ខ្លួនជាច្រើនដងមិនបានសម្រេចរបស់នគរបាលដែលស៊ីឈ្នួលយាមការពារឲ្យក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ និងក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព ក្នុងសប្ដាហ៍នេះ។
លោក ឈឹម សាវុធ មន្ត្រីសម្របសម្រួលវេទិកាសាធារណៈនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ឲ្យដឹងនៅថ្ងៃទី២៣ ឧសភា ថា លោកនឹងលាតត្រដាងការពិតជាសាធារណៈ ពាក់ព័ន្ធនឹងសកម្មភាពកាប់បំផ្លាញឈើនៅក្នុងព្រៃឡង់ របស់ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ និងក្រុមហ៊ុន ទី្រ ភាព។ លោកបន្តថា សម្រាប់ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ របស់វៀតណាមមួយ បានដឹកឈើចេញពីព្រៃឡង់ ក្នុងមួយថ្ងៃ ចាប់ពី ១៥ ទៅ ២០ឡាន ធំៗ ហើយក្នុងមួយឡានមិនក្រោម ៣០ម៉ែត្រគូបនោះឡើយ។
លោកឲ្យដឹងទៀតថា ដោយឡែកក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព វិញ បានប្រើប្រាស់រូបភាពតាមរយៈគោយន្តដែលជួលអ្នកនៅក្នុងមូលដ្ឋានជាអ្នកកាប់ជំនួស ហើយខ្លួនគឺជាអ្នកនៅពីក្រោយ។
លោក ឈឹម សាវុធ អះអាងថា សម្រាប់ក្រុមហ៊ុន ទ្រី ភាព បានដឹកជញ្ជូនឈើចេញប្រមាណ ២០ គោយន្តកែច្នៃក្នុងមួយថ្ងៃៗ៖ «បើខ្ញុំមើលសកម្មភាព ខ្ញុំគិតទៅគឺវាសកម្មភាព ធ្ងន់ធ្ងរជាងក្រុមហ៊ុនយួន នៅឯរតនគិរី ទៅទៀត។ គឺឈើរាប់ម៉ឺនរាប់សែនរាប់លានដើម ត្រូវបានកាប់បំផ្លាញហើយដឹកចេញ ហើយក្នុងមួយថ្ងៃ ឡានប្រភេទយីឌុប ដឹកឈើមូលចេញពី ស៊ី.អ.ស៊ី.ខេ យ៉ាងតូចបំផុតពី១៥ ទៅ ២០ឡាន ដែលមានឡានមួយចំនួនប្រហែល ៣០គូប ក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ ឥឡូវហ្នឹង ហើយឈើមូលទាំងអស់ហ្នឹងត្រូវដឹកចេញទៅប្រទេសវៀតណាម តាមច្រកកំពង់ចាម»។
ការព្រមានទម្លាយឯកសារសម្ងាត់ទាំងនេះរបស់លោក ឈឹម សាវុធ ធ្វើឡើយក្រោយពីលោក និងសកម្មជនការពារព្រៃឈើ ២នាក់ផ្សេងទៀត នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ ចុះល្បាតព្រៃឈើក្នុងសប្ដាហ៍នេះ តែត្រូវរង់ការគំរាមប្រមាថអាយុជីវិត និងតាមចាប់ខ្លួនមិនបានសម្រេចរបស់យោធាដែលយាមការពារឲ្យក្រុមហ៊ុនទាំងនេះ ម្ដងជាពីរដងនៅក្នុងព្រៃឡង់។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងតំណាងក្រុមហ៊ុនទាំងពីរនេះ ដើម្បីបញ្ជាក់បានទេ នៅថ្ងៃទី២៣ ឧសភា។ ក៏ប៉ុន្តែលោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បដិសេធកាលពីថ្ងៃទី១៦ ឧសភា ថា បើទោះជាក្រុមហ៊ុនរបស់វៀតណាម ឈ្មោះ ស៊ី.អ.ស៊ី.ខេ ដែលទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលលើគម្រោងដីសម្បទានសេដ្ឋកិច្ចក្ដី ប៉ុន្តែថា ក្រុមហ៊ុនទាំងនេះ ពុំមែនជាអ្នកប្រមូលឈើដោយផ្ទាល់ទេ។
លោកអះអាងថា អ្នកដែលកាប់បំផ្លាញព្រៃឈើ គឺជាក្រុមហ៊ុនរបស់ខ្មែរ ពុំមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនរបស់វៀតណាម នោះទេ៖ «អ្នកដែលយកឈើមិនមែនជាក្រុមហ៊ុនរបស់វៀតណាមទេ គឺសួយសារដែលប្រមូលឈើហ្នឹង គឺមានក្រុមហ៊ុនផ្សេងដោយឡែក គឺថា ប្រមូលយកឈើហ្នឹង អ៊ីចឹងក្រុមហ៊ុនក្នុងស្រុកទេដែលគាត់ប្រមូលឈើ។ បើនិយាយពីការវិនិយោគរបស់វៀតណាម គេយកតែដីទេ»។
ពាក់ព័ន្ធនឹងករណីនេះ សកម្មជនការពារព្រៃឈើចំនួន ២នាក់ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ កំពុងរត់គេចខ្លួនពីការគំរាមកំហែងរបស់នគរបាលនៅមូលដ្ឋាន ដែលការពារផលប្រយោជន៍ឲ្យក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ។ ការគេចខ្លួននេះ ធ្វើឡើងក្រោយពីពួកគេព្យាយាមចុះល្បាតនៅក្នុងព្រៃឡង់ ដើម្បីពិនិត្យមើលពីការកាប់បំផ្លាញឈើយ៉ាងគំហុករបស់ក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគលើដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
