ក្រុមសហគមន៍ជនជាតិដើមភាគតិចព្នង អ្នកការពារព្រៃឈើ ឲ្យដឹងថា ព្រៃឈើតំបន់សហគមន៍អភិរក្ស ត្រូវឈ្មួញមកពីខេត្តផ្សេងជួលកម្មករអាររំលំយកឈើដើម្បីអារពុះច្រៀកជាឈើជន្លង់ដាំម្រេច ហើយដឹកជញ្ជូនទៅលក់នៅខេត្តផ្សេង។ ចំណែកមន្ត្រីព្រៃឈើ និងមន្ត្រីមូលដ្ឋានមិនបានចាត់ការបង្ក្រាបឡើយ។
ប្រជាពលរដ្ឋសហគមន៍ការពារព្រៃឈើភូមិពូនរ៉ែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី អំពាវនាវសុំឲ្យអាជ្ញាធរខេត្តស៊ើបអង្កេតទៅលើមន្ត្រីជំនាញព្រៃឈើ និងមន្ត្រីប៉ូលិសមូលដ្ឋានដែលអាចពាក់ព័ន្ធអំពើពុករលួយ នាំឲ្យមានការកាប់បំផ្លាញព្រៃឈើសហគមន៍ក្នុងជំនួញឈើធ្វើជន្លង់ដាំម្រេច។
អនុប្រធានសហគមន៍ភូមិពូនរ៉ែង លោក ព្យាម ច្រេន នៅថ្ងៃច័ន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៣ មានប្រសាសន៍បញ្ជាក់ថា ប្រមាណមួយខែកន្លងទៅនេះ ឈ្មួញមកពីខេត្តផ្សេងបានជួលកម្មករកាប់រំលំដើមឈើក្នុងព្រៃសហគមន៍ការពារអស់ប្រមាណ ២០ ទៅ ៣០ហិកតារ ក្នុងនោះដើមឈើមួយចំណែកដែលត្រូវគេអាររំលំជាដើមឈើផលិតជ័រទឹក ឬដើមច្បោះរបស់ប្រជាសហគមន៍។
ចំណែកឈើដែលអាររំលំរួចត្រូវគេអារច្រៀកជាឈើជន្លង់ម្រេច ហើយឈ្មួញដឹកមកស្តុកទុកនៅភូមិពូនរ៉ែន ប្រមាណ ៧ ទៅ ៨ពាន់ដើម ដោយមិនមានសមត្ថកិច្ចជំនាញ និងមន្ត្រីមូលដ្ឋានចាត់វិធានការបង្ក្រាបឡើយ។
លោកបន្តថា នាយនគរបាលប៉ុស្តិ៍ឃុំដាក់ដាំ គឺលោក សែត ទន់ហន់ មានជាប់ពាក់ព័ន្ធជួលកម្មករកាប់រានឈើលក់។ ចំណែកមន្ត្រីក្រុមប្រឹក្សាឃុំនិងមន្ត្រីជំនាញព្រៃឈើ ធ្វើមិនដឹងមិនឮ បើទោះបីសហគមន៍ផ្ដល់ព័ត៌មានពីករណីនេះក្តី៖ «មេប៉ុស្តិ៍ដាក់ដាំ គាត់ឃុបឃិតជាមួយបទល្មើសឲ្យកាប់ព្រៃហ្នឹងយកឈើធ្វើជន្លង់ម្រេច។ ទីតាំងហ្នឹងនាយខណ្ឌគាត់ថា ស្រេចតែលើសង្កាត់ទេ តែខ្ញុំប្រាប់ទៅសង្កាត់ហ្នឹង គាត់ថាឯងចាំៗ ប្អូនឯងចាំៗៗ គាត់នៅហ្នឹងដែរ អត់មក»។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៧ ខែឧសភា មិនអាចទាក់ទងនាយនគរបាលប៉ុស្តិ៍ឃុំដាក់ដាំ លោក សែត ទន់ហន់ បំភ្លឺសេចក្ដីចោទប្រកាន់នេះបានទេ។ យ៉ាងនេះក្តី មេឃុំដាក់ដាំ លោក សំ វាន់នី បដិសេធថា សេចក្ដីរាយការណ៍របស់ក្រុមសហគមន៍ជាការមិនពិត។
លោកទទួលស្គាល់ថា មានការកាប់ឈើធ្វើជន្លង់ម្រេចជាលក្ខណៈគ្រួសារតិចតួច ហើយជាព្រៃក្រៅសហគមន៍អភិរក្ស៖ «យើងអត់ទាន់ដឹង ប៉ុន្តែរឿង ៧ពាន់ដើមអត់មានទេ ប៉ុន្តែបើជាលក្ខណៈគ្រួសារបន្តិចបន្តួចប្រហែលជាមាន»។
ទាក់ទិនករណីនេះដែរ នាយសង្កាត់ព្រៃឈើដាក់ដាំ នៃខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី លោក តូច រតនា មានប្រសាសន៍បញ្ជាក់ថា មិនមានការអនុញ្ញាតណាមួយឲ្យឈ្មួញបោះទីតាំងទិញដើមឈើធ្វើជន្លង់ម្រេចនៅភូមិពូនរ៉ែង នោះទេ។
លោកបន្តថា មន្ត្រីលោកបានចុះអង្កេតករណីនេះហើយ ប៉ុន្តែលោកមិនទាន់ទទួលបានរបាយការណ៍លទ្ធផលនៃការស្រាវជ្រាវករណីនៅឡើយ៖ «រឿងឯកជនសុទ្ធតែខុសច្បាប់ ហើយគ្មានស្អីត្រូវច្បាប់។រាយការណ៍ ខ្ញុំបានឲ្យមន្ត្រីខ្ញុំទៅមើល ហើយមិនទាន់ឃើញគេរាយការណ៍មកផង។ ចាំមើលខ្ញុំឲ្យគេទៅពិនិត្យទៀតមើល៍ រឿងក្រុមហ៊ុនដូចជាអត់មានទេ»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា មានប្រសាសន៍បញ្ជាក់ថា សហគមន៍បានផ្ដល់ព័ត៌មាននិងសុំកិច្ចសហការពីមន្ត្រីអាដហុក ជួយអន្តរាគមន៍ទប់ស្កាត់ករណីនេះ ពីព្រោះអ្នកភូមិគ្មានជំនឿលើអាជ្ញាធរ និងមន្ត្រីជំនាញបង្ក្រាបករណីនេះបានទេ។
លោកបន្តថា នេះជាការទទួលខុសត្រូវរបស់មន្ត្រីមូលដ្ឋាន និងមន្ត្រីព្រៃឈើ ប្រសិនបទល្មើសព្រៃឈើកើតមាននៅតំបន់នោះ៖ «គឺរដ្ឋបាលព្រៃឈើ គាត់បានប្រគល់ទីតាំងកន្លែងហ្នឹងទៅឲ្យសហគមន៍កាន់កាប់ ដល់មានបញ្ហាកើតឡើង សហគមន៍ទៅរាយការណ៍ប្រាប់អត់ចុះមកទប់ស្កាត់ទៀត។ អាហ្នឹងបានន័យថា គាត់អត់ឲ្យតម្លៃលើសហគមន៍»។
យ៉ាងនេះក្ដី អនុប្រធានសហគមន៍ លោក ព្យាម ច្រេន អះអាងថា ការបញ្ជាក់របស់មេឃុំ គឺជាការឆ្លើយបំភ្លៃ ពីព្រោះមេឃុំបានចូលរួមជាមួយសហគមន៍ទៅពិនិត្យពីករណីកាប់ព្រៃឈើសហគមន៍នេះដែរ។ លោកបន្តថា ក្រុមសហគមន៍គ្រោងរៀបចំពាក្យប្ដឹងករណីនេះជូនអាជ្ញាធរខេត្តជួយចាត់វិធានការក្នុងរឿងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
