សកម្មភាពកាប់ឈើប្រណីត និងឈើប្រភេទលេខមួយ លេខពីរ ធ្វើអាជីវកម្មខុសច្បាប់នៅតំបន់ព្រំដែនខេត្តស្ទឹងត្រែង ជាប់នឹងប្រទេសឡាវ កំពុងបន្តកើតមានកាន់តែច្រើន។សកម្មភាពកាប់ឈើក្នុងព្រៃនេះ មួយផ្នែកត្រូវគេដឹកជញ្ជូនឆ្លងដែនទៅលក់ឲ្យឈ្មួញឡាវ និងមួយផ្នែកទៀត ត្រូវគេដឹកចូលស្តុកទុកនៅការដ្ឋានក្រុមហ៊ុនសម្បទាននៅតំបន់នោះ ដើម្បីនាំចេញទៅទីផ្សារ។
ឈើប្រណីតដូចជាធ្នង់ បេង នាងនួន និងឈើប្រភេទលេខ១ លេខ២ រាប់រយម៉ែត្រគូប ត្រូវបានកម្មករស៊ីឈ្នួល និងប្រជាពលរដ្ឋ កាប់អនាធិបតេយ្យនៅឯតំបន់ព្រៃស្រោង ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ចម្ងាយប្រមាណ ១០គីឡូម៉ែត្រពីព្រំដែនស្រុកមឿងខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ។
ប្រជាពលរដ្ឋរស់នៅស្រុកសៀមប៉ាង សុំមិនឲ្យបញ្ចេញឈ្មោះឲ្យដឹងនៅថ្ងៃទី២៦ ខែកុម្ភៈ ថា កម្មករស៊ីឈ្នួលច្រើនក្រុមមានគ្នាប្រមាណ ១០នាក់ក្នុងមួយក្រុមៗ ប្រដាប់ដោយម៉ាស៊ីនកាត់ឈើស្វ័យប្រវត្តិ ត្រូវគេជួល និងបំពាក់ឧបករណ៍កាត់ឈើចូលព្រៃអាររំលំឈើមានតម្លៃ ហើយអារច្រៀកជាឈើជ្រុង។ បន្ទាប់មក ឈើទាំងនោះត្រូវគេប្រើប្រាស់រថយន្តធំៗដឹកជញ្ជូនចេញពីព្រៃ មកស្តុកនៅការដ្ឋានក្រុមហ៊ុនសម្បទាននៅក្បែរនោះ ដើម្បីនាំចេញទៅទីផ្សារ។
ប្រជាពលរដ្ឋដដែលឲ្យដឹងទៀតថា ក្រៅពីកម្មករស៊ីឈ្នួលកាប់ឈើឲ្យក្រុមហ៊ុន នៅមានប្រជាពលរដ្ឋរស់នៅតំបន់ក្បែរព្រៃនោះ នាំគ្នាជាក្រុមៗប្រដាប់ដោយម៉ាស៊ីនកាត់ឈើស្វ័យប្រវត្តិ និងរទេះគោយន្ត ចូលព្រៃកាប់អារច្រៀកឈើដូចគ្នា ហើយដឹកជញ្ជូនពីព្រៃតាមរទេះគោយន្ត ទៅលក់ឲ្យឈ្មួញឡាវ នៅតំបន់ព្រំដែន៖ «ព្រំដែនចូលមកកន្លែងឈើហ្នឹង ប្រហែលជា ៨គីឡូម៉ែត្រ ១០គីឡូម៉ែត្រតែប៉ុណ្ណឹង។ ប្រជាពលរដ្ឋខ្វះខាត ទឹកក៏លិច ដល់ពេលរកអ្វីមិនបាន ឃើញក្រុមហ៊ុនគេកាប់ច្រើន ក៏ទៅធ្វើនឹងគេ។ ដាក់ម៉ាស៊ីនមួយកន្លែងអ៊ីចឹងទៅ ប្រហែលជា ១០ម៉ាស៊ីន គេចាំទិញនៅព្រំដែន»។
កាលពីសប្ដាហ៍មុននេះ សមត្ថកិច្ចជំនាញព្រៃឈើស្រុកសៀមប៉ាង បានចាប់រទេះគោយន្ត ៦គ្រឿង របស់ប្រជាពលរដ្ឋជាង ២០នាក់ រស់នៅភូមិខិស្វាយ ឃុំព្រែកមាស កំពុងផ្ទុកឈើប្រណីតនាំចេញទៅលក់នៅព្រំដែន ហើយយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើសៀមប៉ាង។
ប្រជាពលរដ្ឋរៀបរាប់ថា សមត្ថកិច្ចបានតម្រូវឲ្យប្រជាពលរដ្ឋបង់ប្រាក់ ១.៤០០ដុល្លារក្នុងរទេះគោយន្តមួយ ជាថ្នូរនឹងប្រគល់គោយន្តឲ្យអ្នកភូមិវិញ ក៏ប៉ុន្តែប្រជាពលរដ្ឋសម្ដែងទុទ្ទិដ្ឋិនិយមថា ក្រុមសមត្ថកិច្ចបង្ក្រាបទៅលើតែប្រជាពលរដ្ឋក្រីក្រ ចូលព្រៃកាប់ឈើចិញ្ចឹមជីវិត។ ចំណែកក្រុមកម្មករក្រុមហ៊ុន មិនឃើញមានការបង្ក្រាបឡើយ។ អ្នកភូមិចាត់ទុកករណីនេះជាការប្រព្រឹត្តអំពើពុករលួយរបស់សមត្ថកិច្ច ជាមួយក្រុមហ៊ុនអ្នកមានប្រាក់មានអំណាច ហើយគាបសង្កត់ប្រជាពលរដ្ឋក្រីក្រ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីព្រៃឈើសៀមប៉ាង សុំអធិប្បាយបញ្ហានេះបានទេ ចំណែកនាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តស្ទឹងត្រែង លោក ឈាង តុលា សុំមិនអធិប្បាយ ដោយសារលោកជាប់ប្រជុំ។
យ៉ាងនេះក្តី មេឃុំព្រែកមាស លោក ភួង លន់ ទទួលស្គាល់ថា ប្រជាពលរដ្ឋក្នុងឃុំពិតជាបានចូលព្រៃកាប់ឈើ ហើយត្រូវសមត្ថកិច្ចព្រៃឈើចាប់រឹបអូសរទេះគោយន្ត។ លោកទទួលស្គាល់ថា មានសមាសភាពចម្រុះជាអ្នកចូលព្រៃកាប់ឈើអនាធិបតេយ្យនោះ៖ «គេកាប់ឈើ បើនិយាយទៅមិនមែនតែប្រជាពលរដ្ឋទេមិនដឹងក្រុមហ៊ុនមិនដឹងស្អីទេ បើគាត់ខ្វះខាត គាត់ចេះតែចូលព្រៃទៅរកអ៊ីចឹង»។
កាលពីដើមខែកុម្ភៈ ប្រជាពលរដ្ឋរស់នៅភូមិកំភោគ និងភូមិខិ ស្រុកសៀមប៉ាង បានចោទសមត្ថកិច្ចអាវុធហត្ថ និងយោធានៅតំបន់នោះថា បានចាប់ជំរិតប្រជាពលរដ្ឋក្រីក្រចូលព្រៃកាប់ឈើ ដឹកតាមរទេះគោយន្តចំនួន ៨គ្រឿង ហើយតម្រូវឲ្យអ្នកភូមិបង់ប្រាក់ ៨០០ដុល្លារ ជាថ្នូរប្រគល់រទេះគោយន្តមួយគ្រឿង។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគមការពារសិទ្ធិមនុស្ស ខេត្តស្ទឹងត្រែង លោក ហូ សំអុល កត់សម្គាល់ថា សកម្មភាពកាប់ឈើអនាធិបតេយ្យនៅតំបន់នោះ កើតមានយូរខែមកហើយ ពិសេសឈើមានតម្លៃត្រូវគេកាប់ពីតំបន់ព្រៃស្រោង។ លោកបន្តថា ការបង្ក្រាបរបស់ក្រុមសមត្ថកិច្ច ធ្វើឡើងចំពោះតែប្រជាពលរដ្ឋក្រីក្រតែប៉ុណ្ណោះ៖ «យើងឃើញថា សមត្ថកិច្ចដូចជារដ្ឋបាលព្រៃឈើហ្នឹង ជាក់ស្តែងរាល់ថ្ងៃហ្នឹង ចាប់បានតែប្រជាពលរដ្ឋតូចតាច ប៉ុន្តែបើជាឈ្មួញធំៗ ឬមួយជាអាជ្ញាធរមានឋានៈអ៊ីចឹង គឺគាត់មិនដែលចាប់យកមកតុលាការទេ»។
គណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៤ ខែមករា បានប្រជុំអនុម័តពង្រាងអនុក្រឹត្យ បង្កើតតំបន់អភិរក្សសេនេទិច នៅស្រុកសៀមប៉ាង លើផ្ទៃដីប្រមាណជាង ៦ម៉ឺន ៦ពាន់ហិកតារ សម្រាប់អភិរក្សសត្វព្រៃ និងធនធានធម្មជាតិ ក៏ប៉ុន្តែ មន្ត្រីឃ្លាំមើលព្រៃឈើសមាគមអាដហុក ដដែលបារម្ភថា ព្រៃឈើនៅតំបន់នោះនឹងរងការបំផ្លាញអស់មុនពេលគម្រោងអភិរក្សចាប់ផ្តើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
