ផ្ទះ ៥ខ្នង នៅឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ស្រុតធ្លាក់ចូលទន្លេកាលពីយប់ថ្ងៃទី២៤ តុលា និងបន្តបាក់ស្រុតបន្ថែមទៀតនៅថ្ងៃទី២៥ តុលា។ ស្របពេលដែលផ្ទះជាង ១០០ខ្នងផ្សេងទៀត អាជ្ញាធរកំពុងជួយរុះរើជាបណ្ដើរៗ នៅពេលមានការបាក់ច្រាំងទន្លេជាបន្តនោះ។
នាយប៉ុស្តិ៍ឃុំប៉ើស២ លោក ឈុន ហ៊ាង មានប្រសាសន៍ថា ការបាក់ស្រុតច្រាំងទន្លេនោះ មិនបណ្ដាលឱ្យពលរដ្ឋមានគ្រោះថ្នាក់ឡើយ។ លោកបន្តថា ដីដែលបាក់ស្រុតនោះ គឺនៅតាមមាត់ទន្លេមេគង្គ ហើយទំហំដីដែលប្រេះ គឺមានប្រវែង ១.៧០០ម៉ែត្រ ធ្វើអោយប៉ះពាល់ភូមិចំនួនពីរ គឺភូមិប៉ើស និងភូមិអំពិល។
លោកឱ្យដឹងទៀតថា អាជ្ញាធរបានដាក់កម្លាំងចុះជួយរុះរើផ្ទះពលរដ្ឋ ដើម្បីបញ្ចៀសនូវការខាតបង់ និងគ្រោះថ្នាក់ផ្សេងៗ។ លោកបញ្ជាក់ថា ការបាក់ច្រាំងទន្លេនេះ គឺជាការបាក់ដោយធម្មជាតិ ហើយកន្លងមកមិនធ្លាប់កើតមានឡើយនៅក្នុងឃុំប៉ើស នោះ៖ «បាទ! នេះយើងបានដើរប្រាប់គាត់ថា ឱ្យគាត់ជម្លៀសចេញពីផ្ទះនៅតាមដងទន្លេនោះ ឱ្យគាត់ចេញឱ្យផុត កុំឱ្យគាត់សម្រាកអី កុំឱ្យដេកនៅកន្លែងផ្ទះគាត់ ដែលមានបញ្ហាហ្នឹង ឱ្យគាត់ចេញឱ្យផុតៗអស់ហើយ»។
នាយប៉ុស្តិ៍ដដែលបន្ថែមថា ភាគច្រើននៃពលរដ្ឋដែលកំពុងប្រឈមនឹងការបាក់ស្រុតផ្ទះសម្បែងនោះ គឺមិនមានដីសម្រាប់ទៅបោះទីតាំងថ្មី ដើម្បីរស់នៅនោះទេ ហើយខាងលោកក៏ត្រៀមលើកបញ្ហានេះដល់ថ្នាក់លើ ដើម្បីជួយដោះស្រាយ។ កន្លងមក បញ្ហាបាក់ច្រាំងទន្លេនេះ គឺកើតឡើងនៅស្រុកមួយចំនួននៅក្នុងខេត្តកំពង់ចាម រួមមានស្រុកកងមាស ស្រុកកោះសូទិន និងស្រុកស្រីសន្ធរ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
