រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​រៀបចំ​ទិវា​អាស៊ាន​គ្រប់គ្រង​គ្រោះមហន្តរាយ

0:00 / 0:00

រដ្ឋាភិបាល​រួម​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​១២ អង្គការ និង​អាជ្ញាធរ​ខេត្ត​កំពត រៀបចំ​ប្រារព្ធ​ទិវា​អាស៊ាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​ទិវា​អន្តរជាតិ​កាត់បន្ថយ​គ្រោះ​មហន្តរាយ​លើក​ទី​១០ នៅ​ថ្ងៃ​ទី​១៣ តុលា ក្រោម​ប្រធានបទ ការ​បោះជំហាន​របស់​សហគមន៍​សម្រាប់​ភាព​ធន់​ទៅ​នឹង​គ្រោះ​មហន្តរាយ។

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ទទួល​បន្ទុក​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​អំពាវនាវ​ក្នុង​ឱកាស​ទិវា​អាស៊ាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​ទិវា​អន្តរជាតិ​កាត់បន្ថយ​គ្រោះ​មហន្តរាយ​លើក​ទី​១០ ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួមទប់ស្កាត់​គ្រោះ​មហន្តរាយដែល​ផ្ដល់​ផលវិបាកជាច្រើន​ដល់​ប្រជាពលរដ្ឋ និង​សង្គមជាតិ។

ពិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​កីឡាដ្ឋាន​ខេត្ត​កំពត ដែល​មាន​មន្ត្រី​រដ្ឋាភិបាល អង្គការ​មិនមែន​រដ្ឋាភិបាល សិស្សានុសិស្ស រួម​ទាំង​តំណាង​សហគមន៍​មក​ពី​ខេត្ត​នានា ប្រមាណ ១.០០០ (មួយ​ពាន់​នាក់) ចូលរួម។

គោលបំណង​នៃ​ការ​ប្រារព្ធ​ពិធី​ទិវា​នេះ​ឡើង ដើម្បី​បង្កើន​ការ​យល់ដឹង​អំពី​ការ​កាត់បន្ថយ និង​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឲ្យ​បាល​ទូលាយ​ដល់​មូលដ្ឋាន​ដោយ​ផ្ដោត​លើ​ចំណុច​សំខាន់​៣ គឺ​បង្កើន​កម្រិតយល់ដឹង​ក្នុង​ចំណោម​សហគមន៍ ជា​ពិសេស​ស្ត្រី​និង​កុមារ លើក​កម្ពស់​សហគមន៍​ឲ្យ​មាន​ភាព​ធន​នឹង​គ្រោះ​មហន្តរាយ និង​សុវត្ថិភាព​ឲ្យ​កាន់​ប្រសើរ តាម​រយៈ​តួនាទី ទទួលខុសត្រូវ​របស់​សហគមន៍ និង​អាជ្ញាធរ​គ្រប់​កម្រិត ដើម្បី​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ និង​ចំណុច​ចុងក្រោយ ជំរុញ​កិច្ចប្រឹងប្រែង និង​បង្កើន​ភាព​មើល​ឃើញ​លើ​តួនាទី​របស់​អាស៊ាន និង​លើក​កម្ពស់​វិធីសាស្ត្រ​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ ចំពោះ​សាធារណជន​ទូទៅ។

ថ្លែង​ក្នុង​ពិធី​នោះ អនុប្រធាន​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា ដែល​ចូល​រួម​ជា​គណៈអធិបតី បាន​ចាត់​ទុក​ថា​ការងារ​គ្រប់គ្រង និង​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​គឺ​ជា​ភារកិច្ច​របស់​មនុស្ស​គ្រប់​គ្នា៖ « ឥឡូវ​យើង​ត្រូវ​កសាង​សមត្ថភាព​យល់​ដឹង​ទៀត​ផ្សព្វផ្សាយ​បញ្ហា​នឹង។ កាត់​បន្ថយ​យ៉ាង​ម៉េច កាត់បន្ថយ​ទំនប់​មួយ​ដែល​ទឹក​វា​ហៀរ​ឲ្យ​វា​ទាប​ទៅ​វិញ រឿង​ជា​ការ​កាត់​បន្ថយ​មួយ​ហើយ។ សំខាន់​យល់ដឹង​ពី​បញ្ហា​គ្រោះ​មហន្តរាយ​នេះ​ឲ្យ​បាន​ស៊ី​ជម្រៅ ផ្សព្វផ្សាយ​ទាំង​ធម្មជាតិ ទាំង​ មនុស្ស​ទាំង ​ការ​ប្រែប្រួល​អាកាសធាតុ​ឲ្យបាន​ដល់​លោក​តា​លោក​យាយ​ទាំងអស់ ​ប្រជាជន ជា​ពិសេស​ក្មេងៗ។ ក្រៅ​ពី​នោះ​កាត់​បន្ថយ​ជាក់ស្ដែង​ទៅ​ទៀត​ទៅ​លើ​ការ​បង្វែរ​ទិស​ទឹក វា​ទៅ​ត្រង់ណា ខ្យល់ព្យុះ​វា​ទៅ​ត្រង់ណា យើង​ជ្រក​ពួន​ត្រង់ណា យើង​ត្រៀម​ទៅ​ណា យើង​គេចវេះ​ទៅ​ណា យើង​ជញ្ជូន​អ្នកណា​មុន ស្ត្រី​និង​កុមារ ចាស់​ជរា​ ចាស់​មាន​អាយុ​ច្រើន អ្នក​ពិការ និង​មេ​មាយ​មេ​ព្រៅ គ្រោះ​មហន្តរាយ​កើត​ឡើង អ្នក​នឹង​ហើយ​រងគ្រោះ​ជាងគេ »

លោក​ឲ្យ​ដឹង​ថា​ចាប់​តាំង​ពី​ឆ្នាំ​២០០០ មក​ទល់​ពេល​នេះ​គ្រោះ​មហន្តរាយ​ធម្មជាតិ នៅ​កម្ពុជា​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ខូចខាត​គិត​ជា​ទឹកប្រាក់​អស់​ជិត ២​ពាន់​លាន​ដុល្លារ និង​មាន​មនុស្ស​ស្លាប់​ជិត ២​ពាន់​នាក់។

ក្នុង​ពិធី​នេះ​ក៏​មាន​តំណាង​សហគមន៍ សិស្សានុសិស្ស​មក​ពី​ខេត្ត​នានា ចូលរួម​ផ្ដល់​យោបល់ និង​ផ្លាស់​ប្ដូរ​បទ​ពិសោធ​ដែរ។ អ្នកស្រី យ៉ង សាង៉ាត់ តំណាង​សហគមន៍​ភូមិ​បូពឹង ស្រុក​កំពង់​ស្វាយ ខេត្ត​កំពង់ធំ ដែល​ខេត្ត​អ្នកស្រី​ធ្លាប់​រងគ្រោះ​ដោយ​សារ​ខ្យល់​ព្យុះ​កេតសានា (Ketsana) កន្លង​មក បញ្ជាក់​ថា​ការ​ផ្សព្វផ្សាយ​របៀប​បង្ការ​គ្រោះថ្នាក់ មុន​គ្រោះ​ធម្មជាតិ ​អាច​កាត់បន្ថយ​គ្រោះ​មហន្តរាយ​បាន​ច្រើន ជាជាង​ការងារ​ជួយ​សង្គ្រោះ​ក្រោយ​គ្រោះធម្មជាតិ៖ «​ទាក់​ទង​ការ​គ្រោះថ្នាក់ ពួក​យើង​គិត​ថា ឲ្យ​ពួក​គាត់​ពេល​មាន​គ្រោះ​ទឹក​ជំនន់​អញ្ចឹង ពួក​គាត់​នឹង​ដូច​ថា មាន​ការ​ត្រៀម​ជា​កាដុង សម្រាប់​ការពារ បើ​ផ្ទះ​មាន​ក្មេង​គឺ​យើង​បាំង​ជា​រនាំង​សម្រាប់​កុំ​ឲ្យ​ក្មេង​ខែ​ទឹក​ជំនន់​ខ្លាច​វា​ធ្លាក់​ទឹក»។

ពិធី​នេះ​ធ្វើ​ឡើង​រយៈពេល​ពេញ​មួយថ្ងៃ ដោយមាន​សម្ដែង​ចម្រៀង​របស់​កុមារ​ស្ដី​ពី​ការ​អប់រំ និង​ត្រៀម​បង្ការ​គ្រោះ​មហន្តរាយ រួម​ទាំង​កម្មវិធី​សំណួរ​ចម្លើយ​ស្ដី​អំពី​ គ្រោះ​មហន្តរាយ​ធម្មជាតិ​ដើម្បី​ចាប់​យក​រង្វាន់ ជា​ការ​កម្សាន្ត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។