កម្ពុជា​គ្រោង​រៀបចំ​ទិវា​អន្តរជាតិ​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​នៅ​ថ្ងៃ​១៣ តុលា

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​គ្រោង​រៀបចំ​ទិវា​អន្តរជាតិ​កាត់​បន្ថយ​គ្រោះ​មហន្តរាយ និង​ទិវា​អាស៊ាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ នៅ​ថ្ងៃ​ទី​១៣ តុលា នៅ​ឯ​ពហុកីឡាដ្ឋាន​ខេត្ត​កំពត។

តាម​គម្រោង​ទិវា​អន្តរជាតិ​នោះ នឹង​មាន​មនុស្ស​ចូល​រួម​ប្រមាណ ១​ពាន់​នាក់ មក​ពី​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការ​កាត់​បន្ថយ​គ្រោះ​មហន្តរាយ និង​មាន​តំណាង​រដ្ឋាភិបាល គឺ​លោក ញឹម វណ្ណដា ជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ចូលរួម​ក្នុង​ពិធី​នោះ។

ក្នុង​លិខិត​អញ្ជើញ​អ្នក​សារព័ត៌មាន​មួយ ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​កាល​ពី​ថ្ងៃ​សៅរ៍ ទី​១១ តុលា ឲ្យ​ដឹង​ថា ទិវា​អន្តរជាតិ​កាត់​បន្ថយ​គ្រោះ​មហន្តរាយ និង​ទិវា​អាស៊ាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នៅ​ឆ្នាំ​នេះ​ធ្វើ​ឡើង​ក្រោម​ប្រធានបទ «ការ​បោះ​ជំហាន​របស់​សហគមន៍​សម្រាប់​ភាព​ធន់​ទៅ​នឹង​គ្រោះ​មហន្តរាយ»

គោល​បំណង​សំខាន់​នៃ​ព្រឹត្តិការណ៍​នេះ ទី​១ ដើម្បី​បង្កើន​កម្រិត​នៃ​ការ​យល់​ដឹង​ក្នុង​ចំណោម​ពលរដ្ឋ​សហគមន៍ ពិសេស​ស្ត្រី​និង​កុមារ អំពី​សមាហរណកម្ម ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ។ ទី​២ លើក​កម្ពស់​សហគមន៍​ឲ្យ​មាន​ភាព​ធន់​នឹង​គ្រោះ​មហន្តរាយ និង​សុវត្ថិភាព​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​តាម​រយៈ​ការ​ពង្រឹង​តួនាទី និង​ការ​ទទួល​ខុសត្រូវ​របស់​សហគមន៍ និង​អាជ្ញាធរ​គ្រប់​កម្រិត​នៅ​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​គ្រោះ​មហន្តរាយ និង​ទី​៣ ជំរុញ​កិច្ច​ខិតខំ​ប្រឹងប្រែង និង​បង្កើន​ភាព​មើល​ឃើញ​លើ​តួនាទី​របស់​អាស៊ាន និង​លើក​កម្ពស់​វិធីសាស្ត្រ​ប្រជាជន​មជ្ឈមណ្ឌល (People-Centered) ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ចំពោះ​សាធារណជន​ទូទៅ​នៅ​គ្រប់​កម្រិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។