សត្វ​ផ្សោត​មួយ​ក្បាល​ទម្ងន់​ជាង​៨០​គីឡូក្រាម​ងាប់​នៅ​ខេត្ត​ក្រចេះ

សហគមន៍​នេសាទ​នៅ​ខេត្ត​ក្រចេះ ប្រទះ​ឃើញ​សត្វ​ផ្សោត​ងាប់​មួយ​ក្បាល​ថ្មី​ទៀត ឋិត​នៅ​អន្លង់​អភិរក្ស​ផ្សោត​កោះ​ស្ដៅ នៃ​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១០ ឧសភា។

ប្រធាន​ឆ្មាំ​ទន្លេ និង​ជា​នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ក្រចេះ លោក ម៉ុក ពន្លក ឲ្យ​ដឹង​ថា សត្វ​ផ្សោត​ដែល​អ្នក​ភូមិ​ប្រទះ​ឃើញ​ងាប់​នោះ មាន​ទម្ងន់​ជាង ៨០​គីឡូក្រាម អាយុ​ជាង ១០​ឆ្នាំ។ លោក​សន្និដ្ឋាន​ថា សត្វ​ផ្សោត​ដែល​ងាប់​នោះ​អាច​បណ្ដាល​មក​ពី​ជាប់​មង​អ្នក​នេសាទ ដែល​លួច​ឆ្មក់​ដាក់​ក្នុង​តំបន់​អភិរក្ស។ លោក​ថា ស្ថានភាព​សត្វ​ផ្សោត​នោះ​ទំនង​ជា​ងាប់​ប្រហែល ៥​ថ្ងៃ​មក​ហើយ បន្ទាប់​ពី​ដង​ខ្លួន​របស់​វា​ស្អុយ​រលួយ និង​មាន​ជាប់​មង​នៅ​កន្ទុយ៖ «បើ​សន្និដ្ឋាន​ភាគ​ច្រើន ៧០​ភាគរយ គឺ​មង​របស់​ពលរដ្ឋ​លួច​ដាក់​ពេល​យប់ លួច​ដាក់​ក្នុង​តំបន់​អភិរក្ស​ពេល​យប់។ អត់​មាន​ប្រើ​កំសួល​ឲ្យ​យើង​ឃើញ គឺ​ដាក់​ពន្លិច។ គាត់​ដាក់​បំណង​យក​ត្រី​ទេ តែ​ផ្សោត​ចរាចរ​ទៅ​វា​ប៉ះ​ងាប់ »

លោក ម៉ុក ពន្លក បន្ថែម​ថា សត្វ​ផ្សោត​នៅ​តាម​ដង​ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង បច្ចុប្បន្ន​នៅ​សល់​ប្រមាណ ៨០​ក្បាល ក្នុង​នោះ ៥៥​ក្បាល​ដល់ ៦០​ក្បាល​មាន​នៅ​ខេត្ត​ក្រចេះ។

កាល​ពី​ថ្ងៃ​ទី​៥ មេសា សត្វ​ផ្សោត​មួយ​ក្បាល​ទម្ងន់ ១៦២​គីឡូក្រាម ងាប់​នៅ​ដង​ទន្លេ​ខេត្ត​ក្រចេះ។ មន្ត្រី​ជំនាញ​សន្និដ្ឋាន​ថា សត្វ​ផ្សោត​ដែល​ងាប់​នោះ​អាច​បណ្ដាល​មក​ពី​បម្រែបម្រួល​ស្ថានភាព​ទឹក បន្ទាប់​ពី​មាន​ដំណើរ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តាម​ដង​ទន្លេ​មេគង្គ។

កាល​ពី​ឆ្នាំ​២០១៥ ផ្សោត​នៅ​ខេត្ត​ក្រចេះ ងាប់ ៥​ក្បាល​បណ្ដាល​មក​ពី​ជាប់​មង​អ្នក​នេសាទ និង​អាយុ​កាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។