មេ​ផ្សោត​១​ក្បាល​និង​កូន​ក្នុង​ពោះ​ងាប់​នៅ​ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ

0:00 / 0:00

សហគមន៍​នេសាទ និង​ឆ្មាំ​អភិរក្ស​ខេត្ត​ក្រចេះ បារម្ភ​ពី​ការ​កើន​ឡើង​នៃ​បទល្មើស​នេសាទ​នៅ​រដូវ​បិទ​នេសាទ បង្ក​ផល​ប៉ះពាល់​សត្វ​ផ្សោត​ធ្ងន់ធ្ងរ​នៅ​ដង​ទន្លេ​មេគង្គ។ ការ​បារម្ភ​នេះ បន្ទាប់​ពី​ផ្សោត​ពីរ​ក្បាល​ថ្មី​ទៀត រួម​ទាំង​កូន​ក្នុង​ពោះ ត្រូវ​បាន​ឆ្មាំ​ទន្លេ​ប្រទះ​ឃើញ​ងាប់​នៅ​ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​៣១ កក្កដា។

សហគមន៍​នេសាទ​នៅ​ខេត្ត​ក្រចេះ អះអាង​ថា បទល្មើស​នេសាទ​កើន​ឡើង​នៅ​រដូវ​បិទ​នេសាទ​បណ្ដាល​ឲ្យ​សត្វ​ផ្សោត​ងាប់​ជា​បន្តបន្ទាប់ ខណៈ​ពលរដ្ឋ​រស់នៅ​លើ​កោះ​ផ្ដៅ កោះ​ដំបង ជាដើម និង​ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ទន្លេ​មេគង្គ​មួយ​ចំនួន បាន​លួច​ឆ្មក់​ដាក់​មង​ទ្រង់ទ្រាយ​ធំ​រាំង​ខ្ទប់​តំបន់​សត្វ​ផ្សោត​ធ្វើ​ដំណើរ​នៅ​រដូវ​វស្សា​នេះ។ លើស​ពី​នេះ ការ​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់ ដូចជា ឆក់ និង​ឧបករណ៍​ផ្សេង​ទៀត​ល្មើស​ច្បាប់ កំពុង​កើត​មាន​ជា​ហូរហែ។

ប្រធាន​សហគមន៍​នេសាទ​កោះ​ខ្ញែរ លោក អាន ហួរ កត់​សម្គាល់​ថា បទល្មើស​នេសាទ​កើន​ឡើង​នឹង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សត្វ​ផ្សោត និង​ធនធាន​ជលផល ខណៈ​ពលរដ្ឋ​រស់នៅ​លើ​កោះ​ដំបង កោះ​ផ្ដៅ និង​ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ​មួយ​ចំនួន បាន​លួច​ដាក់​មង​ក្រឡា​ធំ​ចាប់​ពី​កោះ​ផ្ដៅ ឃុំ​បុសលាវ ស្រុក​ចិត្របុរី រហូត​ដល់​ឃុំ​បឹងចារ ស្រុក​សំបូរ ដែល​ប៉ះពាល់​ការ​ស្វែងរក​ចំណី​សត្វ​ផ្សោត៖ « ធ្វើ​ឲ្យ​អន្តរាយ​សត្វ​ផ្សោត ប្រើ​មង​ក្រឡា​ធំ​ពន្លិច​កំសួល​នេះ​ជា​បញ្ហា​មួយ​គ្រោះថ្នាក់​ផង​ដែរ »

ប្រធាន​ឆ្មាំ​ទន្លេ និង​ជា​នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ក្រចេះ លោក ម៉ុក ពន្លក ទទួល​ស្គាល់​ថា បទល្មើស​នេសាទ​នៅ​តែ​បន្ត​កើត​មាន បើ​ទោះ​បី​ជា​មន្ត្រី​ជំនាញ​កំពុង​ប្រឹងប្រែង​ទប់ស្កាត់​ក្តី។ លោក​ថា សហគមន៍​នេសាទ​បង្ហើប​ថា​មាន​នគរបាល ឆ្មាំ​ទន្លេ និង​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​បាន​ឃុបឃិត​ជាមួយ​ជន​ល្មើស បណ្តោយ​ឲ្យ​កើត​មាន​បទល្មើស​នេសាទ​ខុស​ច្បាប់ នគរបាល​ខ្លះ​យោគយល់​បង​ប្អូន​សាច់ញាតិ ហើយ​មួយ​ចំនួន​ទទួល​ផល​ប្រយោជន៍។ លោក​កត់​សម្គាល់​ថា ជន​ល្មើស​ហាក់​ដូចជា​បាន​ដឹង​មុន នៅ​គ្រា​មន្ត្រី​ជំនាញ​ចុះ​ប្រតិបត្តិការ​បង្ក្រាប។ លោក​អំពាវនាវ​ឲ្យ​សហគមន៍​នេសាទ អាជ្ញាធរ និង​នគរបាល​បង្កើន​កិច្ច​សហការ​ឲ្យ​បាន​ហ្មត់ចត់ ទប់ស្កាត់​បទល្មើស​នេសាទ​ដើម្បី​សង្គ្រោះ​សត្វ​ផ្សោត និង​ធនធាន​ជលផល៖ « ក្នុង​នាម​ប្រធាន​ឆ្មាំ សំណូមពរ​ទទូច​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់​ថ្នាក់ ជាពិសេស​ឃុំ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​តែ​ម្តង សូម​ជួយ​ផង សូម​ជួយ​សហការ​ចាប់​ជន​ល្មើស​ឲ្យ​ផង។ កាលណា​ចាប់​បាន មន្ត្រី​ជំនាញ​បញ្ជូន​ជន​ល្មើស​ឡើង​តុលាការ ហើយ​បើ​អស់​លោក​មិន​ជួយ​ខ្ញុំ ស្មាន​តែ​ធនធាន​ជលផល​ជា​របស់​មន្ត្រី​ជលផល ឬ​យ៉ាង​ម៉េច មិន​ឃើញ​ជួយ​សោះ »

កាល​ពី​ថ្ងៃ​ទី​៣១ កក្កដា ឆ្មាំ​អភិរក្ស​ទន្លេ​ប្រទះ​ឃើញ​ផ្សោត​ពីរ​ក្បាល រួម​ទាំង​កូន​ផ្សោត​ទម្ងន់ ១២២​គីឡូក្រាម​ប្រវែង ២​ម៉ែត្រ​ពីរ​តឹក បាន​ងាប់​នៅ​ភូមិ​រលួស ឃុំ​បុសលាវ ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ។ មន្ត្រី​ជំនាញ​សន្និដ្ឋាន​ថា សត្វ​ផ្សោត​ដែល​ងាប់​នោះ​បណ្ដាល​មក​ពី​រលូត​កូន។

តួលេខ​ឆ្មាំ​ទន្លេ​ឲ្យ​ដឹង​ថា ចាប់​ពី​ឆ្នាំ​២០១៦ មក សត្វ​ផ្សោត​នៅ​ខេត្ត​ក្រចេះ ងាប់ ៥​ក្បាល ហើយ​ផ្សោត​បី​ក្បាល​ថ្មី​ទៀត​បាន​កើត​កូន​នៅ​អន្លង់​កាំពី និង​អន្លង់​ផ្ដៅ។

ប្រធាន​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ (WWF) លោក ឈិត សំអាត សន្និដ្ឋាន​ថា មូលហេតុ​បណ្ដាល​ឲ្យ​សត្វ​ផ្សោត​ពីរ​ក្បាល​ងាប់ មាន​កត្តា​ពីរ​យ៉ាង គឺ​បទល្មើស​នេសាទ និង​ការ​បង្ក​កំណើត​របស់​ផ្សោត​ញី​នោះ ហើយ​អង្គការ​លោក​ក៏​កំពុង​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត​ដែរ។ លោក​ពន្យល់​ថា វត្តមាន​សត្វ​ផ្សោត​បាន​ដើរ​តួនាទី​សំខាន់​បញ្ជាក់​អត្តសញ្ញាណ​ជាតិ ហើយ​អាច​វាស់វែង​ពី​សុខភាព​ទន្លេ​មេគង្គ មាន​ន័យ​ថា បញ្ជាក់​ពី​ប្រព័ន្ធ​ជីវចម្រុះ​ទន្លេ​មេគង្គ។ លើស​ពី​នេះ សត្វ​ផ្សោត​គឺ​ជា​ប្រភព​ប្រាក់​ចំណូល​របស់​សហគមន៍ ដែល​បម្រើ​វិស័យ​ទេសចរណ៍។ លោក​រក​ឃើញ​ថា ការ​ថែ​រក្សា​សត្វ​ផ្សោត​បាន​ល្អ អាច​រក្សា​បាន​នូវ​តុល្យភាព​ជលផល ដែល​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ពលរដ្ឋ៖ « យើង​ការពារ​សត្វ​ផ្សោត​មាន​ន័យ​ថា យើង​ការពារ​អន្លង់​ពូជ​ត្រី​ដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ច្រើន​នៅ​តំបន់​ខាង​លើ គឺ​ខេត្ត​ក្រចេះ ស្ទឹងត្រែង។ អន្លង់​ផ្សោត​គឺ​អភិរក្ស​ពូជ​ត្រី​ដែល​ត្រី​ទាំងអស់​នោះ គឺ​ផ្គត់ផ្គង់​ជីវភាព​ប្រជាជន​រាប់​លាន​នាក់ »

មន្ត្រី​ជលផល​កត់​សម្គាល់​ថា សត្វ​ផ្សោត​នៅ​តាម​ដង​ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង បច្ចុប្បន្ន​នៅ​សល់​ប្រមាណ ៨០​ក្បាល ក្នុង​នោះ ៥៥​ក្បាល​ដល់ ៦០​ក្បាល​មាន​នៅ​ខេត្ត​ក្រចេះ។ សត្វ​ផ្សោត​ទាំង​នោះ​បន្ត​រស់នៅ​អន្លង់​អភិរក្ស​ផ្ដៅ និង​អន្លង់​កាំពី ជាដើម។

មន្ត្រី​ជំនាញ​បរិស្ថាន​រក​ឃើញ​ថា មាន​ឧបសគ្គ​ច្រើន​ដែល​យាយី​សត្វ​ផ្សោត​មាន​ជាអាទិ៍ គឺ​កត្តា​ជីវភាព​ខ្វះ​ការ​យល់​ដឹង ស្ថានភាព​ទឹក​មិន​ទៀងទាត់ ការ​អភិវឌ្ឍ​តាម​ដង​ទន្លេ ការ​នេសាទ​ខុស​ច្បាប់ និង​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋាភិបាល ឬ​អាជ្ញាធរ​មូលដ្ឋាន​ទាក់ទិន​ការ​អភិរក្ស​នៅ​រដូវ​បិទ​នេសាទ និង​អន្លង់​អភិរក្ស។

អភិបាល​រង​ខេត្ត​ក្រចេះ លោក ខណ្ឌ ចំណាន ជំរុញ​ឲ្យ​ពលរដ្ឋ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ យក​ចិត្ត​ទុក​ដាក់​អភិរក្ស​ធនធាន​ជលផល​ដែល​មាន​ស្រាប់ និង​សត្វ​ផ្សោត ដើម្បី​បម្រើ​ឲ្យ​សេចក្តី​ត្រូវ​ការ​របស់​ពលរដ្ឋ និង​ទ្រទ្រង់​ជីវភាព​គ្រួសារ​អ្នក​ភូមិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។