យុវជនមួយក្រុមចុះស្រាវជ្រាវពីផលប៉ះពាល់ទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា។ ការចុះស្រាវជ្រាវនេះ ដើម្បីបន្តតាមដានពីដំណើរការវិវឌ្ឍន៍នៃការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ដោយប្រទេសឡាវ។ ក្រុមយុវជនទទូចឲ្យគ្រប់ភាគីពាក់ព័ន្ធបន្តចូលរួមធ្វើយុទ្ធនាការ និងអន្តរាគមន៍ទប់ស្កាត់ការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ដើម្បីធានានិរន្តរភាពជីវចម្រុះទន្លេមេគង្គរួម។
សកម្មជនការពារបរិស្ថាន នៅថ្ងៃទី១៦ ខែមេសា ឲ្យដឹងថា ប្រទេសឡាវ នៅតែសម្រុកសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ទាំងយប់ទាំងថ្ងៃ នៅអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ដោយមានអាជ្ញាធរយាមកាមតឹងតែង ហាក់ដូចជាចង់លាក់បាំងព័ត៌មានពីការសាងសង់ទំនប់។
ក្រុមយុវជនមើលឃើញថា ចលនាប្រឆាំងទំនប់វារីអគ្គិសនីដនសាហុង ពីភាគីពាក់ព័ន្ធទាំងពលរដ្ឋ និងសង្គមស៊ីវិល ហាក់ទន់ជ្រាយក្នុងការធ្វើយុទ្ធនាការប្រឆាំងទំនប់ដនសាហុង ដែលទាមទារឲ្យគណៈកម្មការជាតិទន្លេមេគង្គកម្ពុជា និងរដ្ឋាភិបាលអន្តរាគមន៍ទៅភាគីឡាវ ផ្អាកការសាងសង់។ លើសពីនេះ កិច្ចសហប្រតិបត្តិការរបស់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ប្រឆាំងនឹងការសាងសង់ទំនប់ដនសាហុង ក៏ហាក់នៅមានកម្រិត ខណៈគណៈកម្មការទន្លេមេគង្គ និងរដ្ឋាភិបាលបានបរាជ័យក្នុងការទាមទារឲ្យឡាវ គោរពស្មារតីកិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ១៩៩៥។
តំណាងយុវជនការពារសង្គម និងបរិស្ថាន លោក ជុំ ហួត ដែលចុះដល់មូលដ្ឋានផ្ទាល់ឲ្យដឹងថា ផលប៉ះពាល់ទំនប់វារីអគ្គិសនីមានលក្ខណៈធំធេងបំផុត ទាំងសង្គម និងបរិស្ថាន ហេតុនេះក្រុមយុវជនបន្តធ្វើយុទ្ធនាការទៅប្រទេសអាស៊ាន ដែលផ្ដោតសំខាន់ឲ្យបញ្ឈប់ទំនប់វារីអគ្គិសនីដនសាហុង។ លោកកត់សម្គាល់ថា សន្ទុះចលនាប្រឆាំងទំនប់ដនសាហុង របស់ភាគីពាក់ព័ន្ធកន្លងមក ហាក់ពុំមានឥទ្ធិពលដល់គណៈកម្មការជាតិទន្លេមេគង្គកម្ពុជា លូកដៃចូលអន្តរាគមន៍ឲ្យឡាវ ពិចារណាផ្អាកសាងសង់ទំនប់នោះទេ។
លោកសំណូមពរឲ្យអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធបង្កើនកិច្ចសហប្រតិបត្តិការ រៀបចំវេទិកាអន្តរជាតិផ្សេងៗ ដើម្បីរកដំណោះស្រាយដាក់សម្ពាធឲ្យឡាវ ផ្អាកការសាងសង់៖ «ខ្ញុំបារម្ភពីក្រសួងពាក់ព័ន្ធគាត់អត់មានរវីរវល់ តើត្រីងាប់ដោយសារអី? គឺគាត់អត់ខ្វល់តែម្ដង»។
លោក ជុំ ហួត មើលឃើញថា មានការប៉ះពាល់ច្រើនដល់ប្រព័ន្ធជីវចម្រុះឆ្លងដែន ខណៈសន្ទុះនៃដំណើរការសាងសង់ទំនប់ដនសាហុង បានវិវឌ្ឍទៅយ៉ាងលឿន។ លោកកត់សម្គាល់ថា ការបង្ហូរកាកសំណល់គ្រឿងចក្រធ្យូងថ្មចូលទន្លេនៅខ្សែទឹកខាងលើរបស់ក្រុមហ៊ុនសាងសង់ទំនប់ កំពុងគំរាមកំហែងជាបណ្ដើរៗដល់ត្រី និងសត្វផ្សោតនៅតំបន់នោះ បន្ទាប់ពីចំនួនត្រីងាប់បានកើនឡើង។
លោកកត់សម្គាល់ទៀតថា កោះសាដាំ ឬកោះហួសាដាំ និងច្រកហ៊ូសាហុង (Hu Sahong) ដែលជាច្រកទំនាក់ទំនងគ្នារវាងឡាវ និងខ្មែរ ត្រូវបានបិទទាំងស្រុងបង្កឲ្យរាំងខ្ទប់លំហូរទឹកនៃខ្សែទឹកខាងលើ ដែលធ្វើប៉ះពាល់ដល់បំឡាស់ទីរបស់ត្រី និងត្រីពង៖ «ខ្ញុំចំណាំមើលថា ត្រីងាប់ពេលព្រឹកពេលថ្ងៃ និងពេលល្ងាច អ៊ីចឹងមានន័យថា ប្រហែលជាឡាវ បំផ្ទុះថ្មដែលប៉ះពាល់ដល់ត្រីបង។ កត់សម្គាល់មែនទែនគឺពិតប្រាកដ មិនមែនជាការស្រមើស្រមៃទេ គឺខ្ញុំឃើញផ្ទាល់»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអគ្គលេខាធិការគណៈកម្មការជាតិទន្លេមេគង្គកម្ពុជា លោក តែ ណាវុធ ដើម្បីសុំការអធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៦ ខែមេសា។ ទោះជាយ៉ាងណា លោកធ្លាប់មានប្រសាសន៍ថា កន្លងមកគណៈកម្មការទន្លេមេគង្គកម្ពុជា ធ្លាប់ស្នើឲ្យភាគីឡាវ ធ្វើការសិក្សាឡើងវិញពីផលប៉ះពាល់ឆ្លងដែន ប៉ុន្តែភាគីឡាវ អះអាងថា វាគឺជាដែនអធិបតេយ្យភាពរបស់គេ។ លោកបន្តថា ប្រទេសថៃ និងវៀតណាម ក៏បានស្នើឲ្យភាគីឡាវ សិក្សាបន្ថែមទៀតដែរ។
ទីប្រឹក្សាអង្គការបណ្ដាញការពារទន្លេបី លោក មៀច មាន កត់សម្គាល់ថា បើទោះបីជាក្រុមយុវជនសហគមន៍ និងក្រុមអង្គការសង្គមស៊ីវិល បានធ្វើយុទ្ធនាការជំរុញឲ្យគណៈកម្មការទន្លេមេគង្គកម្ពុជា និងរដ្ឋាភិបាលប្រឹងប្រែងទប់ស្កាត់ការសាងសង់ទំនប់ដនសាហុង យ៉ាងណាក្ដី ក៏រដ្ឋាភិបាលហាក់មិនយកចិត្តទុកដាក់ទទួលយកទុក្ខកង្វល់របស់ពួកគេទៅជជែកដោះស្រាយនោះទេ។ លោកមើលឃើញថា ភាពយឺតយ៉ាវនៃការប្រឆាំងការសាងសង់ទំនប់ដនសាហុង របស់គណៈកម្មការជាតិទន្លេមេគង្គ ហាក់យឺតជាងដំណើរការសាងសង់ទំនប់ដនសាហុង៖ «រដ្ឋាភិបាលនិងគណៈកម្មការទន្លេមេគង្គជាតិ យើង អត់ព្រមយកកង្វល់របស់សហគមន៍ ក៏ដូចជាកង្វល់របស់ក្រុមយុវជន និងក្រុមអង្គការសង្គមស៊ីវិលយកទៅពិចារណា និងជំរុញកិច្ចការងារហ្នឹងឲ្យខ្លាំង ជាការបញ្ជាក់មកថា មិនមានភាពយកចិត្តទុកដាក់ ហើយការងាររដ្ឋបាលរបស់គណៈកម្មការទន្លេមេគង្គជាតិ ហាក់ដូចជាធ្វើទៅអង្អែលៗ»។
របាយការណ៍របស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ ឬហៅកាត់ជាភាសាអង់គ្លេសថា (WWF) រកឃើញថា នៅពេលទំនប់ដនសាហុង សាងសង់ចប់ជាស្ថាពរ វានឹងធ្វើឲ្យបាត់បង់ប្រាក់ចំណូលពលរដ្ឋរស់នៅអាស្រ័យផលតាមដងទន្លេមេគង្គ មានកម្ពុជា ថៃ ឡាវ និងវៀតណាម ក្នុងមួយឆ្នាំប្រមាណ ១.៤០០លានដុល្លារ រហូតដល់ ៣.៩០០លានដុល្លារសហរដ្ឋអាមេរិក។ ទំនប់នេះក៏ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធជីវចម្រុះក្នុងទន្លេមេគង្គដល់កម្រិតលំហូរទឹកទន្លេមេគង្គ ព្រមទាំងបំផ្លាញប្រព័ន្ធផ្លាស់ទីរបស់ត្រីនៅតំបន់ទន្លេមេគង្គទាំងមូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
