ប្រជាពលរដ្ឋក្នុងភូមិចំនួន៣ គឺភូមិចំបក់ ភូមិចំរេះ និងភូមិទួលពង្រ នៃឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានប្រតិកម្មចំពោះបញ្ហាទឹកសំអុយ និងកាកសំណល់ដែលគេបង្ហូរពីផ្សារចូលក្នុងប្រឡាយដែលអ្នកភូមិប្រើប្រាស់ប្រចាំថ្ងៃ។
បុរសអ្នកភូមិឈ្មោះ សេង សុគន្ធ ជាប្រជាពលរដ្ឋនៅភូមិទួលពង្រ។ គាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ឧសភា ថា ជាច្រើនឆ្នាំហើយដែលអ្នកភូមិជួបការលំបាកក្នុងបញ្ហាទឹកប្រើប្រាស់ប្រចាំថ្ងៃ ដោយសារការបង្ហូរទឹកកខ្វក់ពីទីផ្សារចំនួន២ នៃស្រុកកណ្ដៀង ធ្វើឲ្យទឹកប្រឡាយដែលអ្នកភូមិធ្លាប់ប្រើ ក្លាយជាទឹកខ្មៅកខ្វក់ និងជះក្លិនអសោចក្រៃលែង។
បុរសអ្នកភូមិរូបនេះបន្តថា អ្នកភូមិធ្លាប់បានរាយការណ៍ប្រាប់អាជ្ញាធរដែនដី និងអាជ្ញាធរជំនាញឲ្យជួយដោះស្រាយបញ្ហានេះជាច្រើនលើកច្រើនសារហើយ តែអាជ្ញាធរហាក់មិនចាប់អារម្មណ៍ជួយដោះស្រាយនោះទេ៖ «ឥឡូវនេះ អ្នកភូមិកំពុងមានបញ្ហាគ្នាអត់មានទឹកប្រើប្រាស់ទេ។ លេងគេបង្ហូរទឹកពីផ្សារមកឲ្យគ្នាប្រើ តាមពិតគ្នារង់ចាំប៉ុន្មានឆ្នាំហើយ តែគ្មានដំណោះស្រាយ។ អត់មាននរណារកខុសត្រូវឲ្យទេបងហើយ ចេះតែបង្ហូរទឹកកខ្វក់ពីផ្សារឲ្យគ្នាប្រើ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការពន្យល់បញ្ហានេះពីប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ គឺលោក ថៃ ចន្ថា បានទេ នៅល្ងាចថ្ងៃទី១០ ឧសភា នេះ ដោយទូរស័ព្ទលោករោទិ៍តែគ្មានអ្នកទទួល។ ចំណែកអភិបាលស្រុកកណ្ដៀង គឺលោក សុខ លីមុត បានឆ្លើយថាលោកជាប់រវល់ប្រជុំ។
ទាក់ទិនចំពោះបញ្ហានេះ មេឃុំវាល គឺលោក ស៊ិន សុផា ទទួលស្គាល់ថា ពិតជាមានបញ្ហាដូចអ្នកភូមិបាននិយាយនោះមែន។ ប៉ុន្តែ អាជ្ញាធរឃុំកំពុងព្យាយាមរកដំណោះស្រាយ ដោយបានលើកទំនប់បិទមិនឲ្យទឹកដែលហូរចេញពីផ្សារថ្មីនៃស្រុកកណ្ដៀង នោះ ហូរធ្លាក់មកតាមប្រឡាយទៀតឡើយ។
លោកមេឃុំបន្តថា ចំណែកទឹកដែលធ្លាក់ពីផ្សារក្បាលហុង នោះ គឺលោកកំពុងស្ដារប្រឡាយដើម្បីកុំឲ្យទឹកចាល់នោះ គឺអាចដោះស្រាយបានមួយផ្នែកធំហើយ៖ «ខែនេះទឹកវានៅបាតប្រឡាយ វាអ៊ីចឹងហើយទឹកហូរមកពីទីផ្សារនោះវាអ៊ីចឹងមែន។ ដោយអត់មានភ្លៀង អ៊ីចឹងទឹកវានៅដក់ អ៊ីចឹងដល់តែមានភ្លៀងមក ទឹកហ្នឹងវាហូរទៅអស់ គឺលែងអីហើយ។ ចំណែកអាមួយដែលហូរពីផ្សារថ្មីមកនោះ ខ្ញុំបានធ្វើទំនប់បិទជាប់ហើយ។ ឥឡូវនៅតែខាងផ្សារក្បាលហុង ទេ តែបើមានភ្លៀងធ្លាក់ខ្លាំងមក គឺលែងអីហើយ»។
យ៉ាងនេះក្ដី មន្ត្រីនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ដំណោះស្រាយរបស់អាជ្ញាធរឃុំ គឺគ្រាន់តែអាចជួយកាត់បន្ថយភាពកខ្វក់នៃទឹកប្រឡាយបានខ្លះ ប៉ុន្តែមិនអាចកាត់បន្ថយភាពបំពុលបរិស្ថានក្នុងទឹកបានឡើយ។ លោកថា តាមបែបផែនបរិស្ថាន អាជ្ញាធរត្រូវវិនិយោគដោយបង្កើតអាងចម្រោះមួយមុននឹងឲ្យទឹកនេះហូរចូលក្នុងប្រឡាយឲ្យអ្នកភូមិប្រើប្រាស់នោះ ទើបប្រសើរ។
ឯកសារព័ត៌មានស្ដីពីស្ថានភាពភូមិឃុំ ដែលរៀបរៀងដោយមន្ទីរផែនការខេត្តពោធិ៍សាត់ កាលពីឆ្នាំ២០១០ បង្ហាញថា ជារៀងរាល់ឆ្នាំនារដូវប្រាំង អ្នកភូមិចំនួន ៤ភូមិ ក្នុងឃុំវាល គឺភូមិកញ្ជើបាយដាច ភូមិបឹងយា ភូមិតាស្ដី និងភូមិទួលពង្រ ទទួលទានទឹកមិនស្អាត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
