គម្រោង​ផលិត​ទឹក​ស្អាត​នៅ​អាង​ស្តុក​ទឹក​ឈ្វាំង​ខេត្ត​កំពង់ឆ្នាំង​ត្រូវ​ផ្អាក​បណ្ដោះ​អាសន្ន

0:00 / 0:00

គម្រោង​ផលិត​ទឹក​ស្អាត​នៅ​អាង​ស្ដុក​ទឹក​ឈ្វាំង ខេត្ត​កំពង់ឆ្នាំង ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះ​អាសន្ន បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា ១០០​នាក់ រស់​នៅ​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ប្រតិកម្ម​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មីនា។

ក្រុម​អ្នក​ភូមិ​បញ្ជាក់​ថា ប្រជាពលរដ្ឋ​នឹង​ជំទាស់​ដាច់​ខាត​រាល់​គម្រោង​ទាំង​ឡាយ​ណា ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទឹក​នៅ​ក្នុង​អាង​នេះ ពីព្រោះ​វា​គឺ​ជា​ប្រភព​ទឹក​យ៉ាង​សំខាន់​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​ស្រោចស្រព​ដី​ស្រែ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ចំនួន ៣​ឃុំ​នៃ​ស្រុក​រលាប្អៀរ។

ក្រុម​អ្នក​ភូមិ​បាន​ជួប​ជុំ​គ្នា​នៅ​ក្នុង​បរិវេណ​វត្ត​ត្រពាំងស្នោ ដើម្បី​បញ្ជាក់​ពី​ជំហរ​មិន​គាំទ្រ​របស់​ខ្លួន ទៅ​កាន់​អាជ្ញាធរ​ស្រុក តំណាង​អង្គការ​ផលិត​ទឹក​ស្អាត និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចំពោះ​គម្រោង​ផលិត​ទឹក​ស្អាត​នៅ​ក្នុង​អាង​ទឹក​ឈ្វាំង ដែល​មាន​ទំហំ​ប្រហែល ៥​ហិកតារ។ ពួក​គាត់​បារម្ភ​ថា អាង​នេះ​នឹង​ត្រូវ​រីង​ស្ងួត ឬ​ព័ទ្ធ​របង​ជាប់​មិន​ឲ្យ​ពលរដ្ឋ​ចូល​ទៅ​ប្រើប្រាស់​ទឹក​ដូច​សព្វថ្ងៃ។

ប្រជាពលរដ្ឋ​ម្នាក់ អ្នកស្រី ហេង ម៉ៅ មាន​ប្រសាសន៍​ថា កន្លង​មក​មាន​អ្នក​ភូមិ​ធ្លាប់​ឈ្លោះ​ប្រកែក​កាប់​ចាក់​គ្នា​ដោយសារ​តែ​ពុំ​មាន​ទឹក​គ្រប់គ្រាន់ ដើម្បី​ស្រោចស្រព​ដី​ស្រែ​កសិកម្ម​របស់​ពួក​គាត់ នៅ​ពេល​ជួប​គ្រោះ​រាំង​ស្ងួត​ម្ដងៗ។ អ្នកស្រី​បន្ត​ថា ប្រជាពលរដ្ឋ​មិន​ដែល​បដិសេធ​ថា​មិន​ចង់​បាន​ទឹក​ស្អាត​ប្រើប្រាស់​នោះ​ទេ ប៉ុន្តែ​គម្រោង​នោះ​ត្រូវ​តែ​ធ្វើ​ឡើង​នៅ​ទីតាំង​ផ្សេង និង​ធានា​ថា​មិន​អាច​ប៉ះពាល់​ដល់​អាង​ទឹក​ឈ្វាំង ដែល​ពលរដ្ឋ​ចាត់​ទុក​ដូច​ជា​អាយុ​ជីវិត ឬ​ជា​ឆ្នាំង​បាយ​របស់​ពួក​គាត់​នោះ​ទេ៖ «សំណូមពរ​ឲ្យ​សម្ដេច ហ៊ុន សែន លោក​ជួយ​បាន​ទឹក​ហ្នឹង បាន​កូន​ចៅ​ស្រោចស្រព​ដី​ស្រែ ព្រោះ​ខ្ញុំ​ជា​ប្រជា​កសិករ​នៅ​ក្នុង​ភូមិ​ហ្នឹង ខ្ញុំ​មាន​បួន​ដប់​ម្ភៃ​ម៉ែត្រ គ្រាន់​បាន​ហូប​នឹង​គេ។ កាល​ណា​ទឹក​ហ្នឹង​បាន​ទៅ ខ្ញុំ​បាន​បាច​បាន​បូម​ទៅ បាន​រស់ បើ​កាល​ណា​អត់​ទេ​ហ្នឹង ខ្ញុំ​អត់​មាន​អី ទៅ​ដល់​ស្វិត​ច្រូត​ឲ្យ​គោ​ហើយ»

ទាក់ទង​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​រលាប្អៀរ លោក ឈឹម វុទ្ធា បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ជាមួយ​វិទ្យុ​អាស៊ីសេរី ឡើយ នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ដោយ​លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា លោក​ស្គាល់​ច្បាស់​ពី​វិទ្យុ​អាស៊ីសេរី។

ទោះ​ជា​យ៉ាង​ណា មន្ត្រី​សម្រប​សម្រួល​គម្រោង​នៃ​អង្គការ​លោក​ខាង​លិច​ជួយ​លោក​ខាង​កើត (EMW) លោក អ៊ុំ ចំរើន ថ្លែង​ថា គម្រោង​នេះ​នឹង​ត្រូវ​ផ្អាក​ជា​បណ្ដោះ​អាសន្ន ឬ​អាច​ដក​ទៅ​តំបន់​ផ្សេង ប្រសិន​បើ​ប្រជាពលរដ្ឋ​នៅ​តែ​ពុំ​មាន​ការ​ឯកភាព​គ្នា​នោះ៖ «បាទ! ក្នុង​អង្គការ​អត់​មាន​ការ​ហាម​ឃាត់​ទេ ព្រោះ​អា​នេះ​ជា​រឿង​របស់​សហគមន៍ ហើយ​យើង​ធ្វើ​នេះ​ក៏​ជម្រាប​ប្រាប់​គាត់​ដែរ ព្រោះ​អា​ទឹក​នេះ​ប្រើ​ក្នុង​សហគមន៍ បើ​គាត់​មិន​ប្រើ​ទេ គាត់​បិទ​ចោល​ទៅ ហើយ​យក​ទឹក​ហ្នឹង​ស្រោចស្រព​កសិកម្ម​ទៅ។ អា​ហ្នឹង​គេ​មាន​ចម្រោះ​ជីវសាស្ត្រ​គេ​ក្នុង​អាង​ហ្នឹង ដើម្បី​ច្រោះ​ឲ្យ​ទឹក​បរិសុទ្ធ​តែ​ម្ដង។ ក្នុង​មួយ​ថ្ងៃ​ឲ្យ​បាន​តែ ២៣ ទៅ ៣០​ម៉ែត្រ​គូប ហើយ​បើក​ហ្នឹង​មាន​ពេល​វេលា​បើក»

លោក​បញ្ជាក់​ថា អាង​ផលិត​ទឹក​ស្អាត​នេះ​បាន​សាងសង់​រួច​រាល់​ហើយ ក្នុង​ទំហំ​ទឹក​ប្រាក់​ចំនួន ៥​ម៉ឺន ២​ពាន់​ដុល្លារ ហើយ​គេ​គ្រោង​នឹង​ទម្លាក់​ទឹក​ប្រាក់​ចំនួន ២​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​ត​ភ្ជាប់​ទុយយោ​ទឹក​មេ​ទៅ​តាម​សហគមន៍។ ទឹក​ប្រាក់​ទាំងអស់​នេះ គឺ​ជា​ជំនួយ​សប្បុរស​នៃ​មូលនិធិ​អង្គការ​លោក​ខាង​លិច​ជួយ​លោក​ខាង​កើត។

ទាក់ទង​នឹង​បញ្ហា​នេះ មេ​ឃុំ​រលាប្អៀរ លោក ពៅ ឈឿន ធ្លាប់​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ទឹក​នៅ​ក្នុង​ផ្ទៃ​អាង​ឈ្វាំង នៅ​បន្ត​មាន​ខួប​ប្រាំង​ខួប​វស្សា។ លោក​ថា បើ​ទោះ​បី​ជា​គម្រោង​ទឹក​ស្អាត​របស់​អង្គការ​នេះ​ដាក់​ឲ្យ​ដំណើរ​ការ ក៏​មិន​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ស្រោចស្រព​ដី​ស្រែ​កសិកម្ម​ប្រជាពលរដ្ឋ​ដែរ។ ផ្ទុយ​ទៅ​វិញ អ្នក​ភូមិ​ជា​ច្រើន​រយ​គ្រួសារ នៅ​ចំណុច​ភ្នំ​ដើម​ផ្កា នៃ​ភូមិ​ព្រៃខ្មែរ នឹង​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់។ លោក​បញ្ជាក់​ថា នៅ​ក្នុង​ឃុំ​របស់​លោក​មាន​ផ្ទៃ​ដី​កសិកម្ម​ចន្លោះ​ពី ១០០ ទៅ ២០០​ហិកតារ​ប៉ុណ្ណោះ ដែល​ត្រូវ​ការ​ទឹក​ចាំបាច់​ពី​អាង​ឈ្វាំង ក៏ប៉ុន្តែ​សម្រាប់​ដី​ស្រែ​កសិកម្ម​នៅ​ឃុំ​គោកបន្ទាយ និង​ឃុំ​អណ្ដូងស្នាយ លោក​មិន​បាន​ដឹង​ច្បាស់​ឡើយ។

ក្រុម​ប្រជាពលរដ្ឋ​នៅ​តែ​ស្ដី​បន្ទោស​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ថា​មិន​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ច្បាស់​លាស់​ជុំវិញ​បញ្ហា​នេះ​ដល់​សហគមន៍ បែរ​ជា​សម្ងំ​ធ្វើ​អាង​ផលិត​ទឹក​ស្អាត​ចេញ​ជា​រូប​រាង​ហើយ ទើប​បង្ខំ​ឲ្យ​ពួក​គាត់​ទទួល​ស្គាល់​នូវ​អ្វី​ដែល​ពួក​គាត់​យល់​ថា ធ្វើ​ឡើង​ដោយ​អត្តនោម័តិ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។