ស្រូវ​ប្រាំង​ច្រើន​ពាន់​ហិកតារ​នៅ​បាត់ដំបង​ខូចខាត​ដោយសារ​ខ្វះ​ទឹក

ស្រូវ​ប្រាំង​ជា​ច្រើន​ពាន់​ហិកតារ​នៅ​ក្នុង​ឃុំ​ជ្រៃ និង​ឃុំ​អូរតាគី កំពុង​​ក្រៀម​ស្វិត ខូចខាត​ស្ទើរ​ទាំង​ស្រុង​ ដោយសារ​តែ​ខ្វះ​ទឹក​ស្រោចស្រព។ ចំណែក​ឯ​ប្រភព​ទឹក​នៅ​ក្នុង​អាង​កំពីងពួយ ក៏​រីង​គោក​រាក់​​អស់ ដោយសារ​តែ​គេ​បើក​បង្ហូរ​ទឹក​យក​ទៅ​ស្រោចស្រព​ស្រូវ​​ប្រាំង ជា​ច្រើន​ពាន់​ហិកតារ នៅ​តាម​ឃុំ​ចំនួន ៥ ក្នុង​ស្រុក​ចំនួន ៣ របស់​ខេត្ត​បាត់ដំបង។

0:00 / 0:00

ប្រជាពលរដ្ឋ​ឈ្មោះ អ៊ឹម សាវី នៅ​ឃុំ​ជ្រៃ បញ្ជាក់​ថា ស្រូវ​ប្រាំង​ក្នុង​ប្រព័ន្ធ​ជា​ច្រើន​ពាន់​ហិកតារ​នៅ​ឃុំ​ជ្រៃ និង​ឃុំ​អូរតាគី ត្រូវ​ខូចខាត​ទាំង​ស្រុង។ ស្រូវ​ប្រាំង​ទាំង​នោះ​ទទួល​បាន​ទឹក​ស្រោចស្រព ដែល​អាច​ទាញ​យក​មក​ពី​អាង​ទឹក​កំពីងពួយ ប៉ុន្តែ​នៅ​ពេល​ដំណាំ​ស្រូវ​កំពុង​ល្អ ស្រាប់​តែ​​ពុំ​មាន​ទឹក​ស្រោចស្រព​ទៅ​វិញ៖ «បាន​ទឹក​ត្រឹមតែ​ពីរ​សា ទឹក​វា​អស់។ ស្រូវ​ល្អ​យើង​ចង់​ដាក់​ជី ដាក់​ទឹក ដល់​បាន​ទឹក​មក​ហើយ ទឹក​វា​អត់​គ្រប់គ្រាន់ បាន​តែ​កន្លែង​ខ្លះ។ ក្រៅ​ប្រព័ន្ធ​វា​បរិបូរ​ទៅ​វិញ ក្នុង​ប្រព័ន្ធ​ស្រែ​ប្រាំង​ហ្នឹង​វា​អត់​បើក​មក​ទេ។ លើក​មុន​គេ​បង់​សេវា​ថ្លៃ​ទឹក គេ​ថា ឲ្យ​បាន​បង់​ថ្លៃ​ទឹក​ឲ្យ​គេ ១​ហិកតារ ៥​ពាន់ គេ​បើក​ទឹក​មក​ឲ្យ​ហើយ ខ្ញុំ​ក៏​ឲ្យ​គេ​ដែរ គេ​បើក​ឲ្យ​តែ​បី​ថ្ងៃ​ទេ»

ក្រុម​កសិករ​អះអាង​ថា ស្រូវ​ក្នុង ១​ហិកតារ​ត្រូវ​បង់​លុយ ៥​ពាន់​រៀល​ទៅ​ឲ្យ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ដែល​គ្រប់​គ្រង​អាង​កំពីងពួយ ទើប​គេ​បើក​បង្ហូរ​ទឹក​យក​ទៅ​ស្រោចស្រព​បាន។ ក៏​ប៉ុន្តែ​ទឹក​ដែល​គេ​បើក​បង្ហូរ​ចេញ​ពី​អាង​កំពីងពួយ​នោះ មិន​អាច​មាន​គ្រប់​គ្រាន់​ដើម្បី​យក​ទៅ​ស្រោចស្រព ស្រែ​ប្រាំង​នៅ​ឃុំ​ជ្រៃ និង​ឃុំ​អូរតាគី នោះ​ទេ។

ការ​បើក​បង្ហូរ​យក​ទឹក​ពី​អាង​កំពីងពួយ​ យក​ទៅ​ស្រោច​ស្រព​ស្រែ​ប្រាំង​នៅ​តាម​ឃុំ​ចំនួន​៥។ ក្នុង​នោះ​មាន​ឃុំ​ភ្នំសំពៅ ឃុំ​អូរម៉ាល់ ឃុំ​តាគ្រាម ឃុំ​អូរតាគី និង​ឃុំ​ជ្រៃ ​ប៉ុន្តែ​ឃុំ​អូរតាគី​ ឃុំ​ជ្រៃ ខ្វះ​ខាត​ទឹក​ស្រោច​ស្រព ហើយ​ស្រូវ​រង​ការ​ខូចខាត​ស្ទើរ​ទាំង​ស្រុង។ ឃុំ​ទាំង​នេះ​ស្ថិត​នៅ​ស្រុក​ថ្មគោល ក្រុង​បាត់ដំបង និង​ស្រុក​បាណន់។

ក្រុម​អាជ្ញាធរ​បញ្ជាក់​ថា ការ​ធ្វើ​ស្រែ​ប្រាំង​​ខ្វះ​ទឹក ដោយសារ​តែ​ការ​ធ្វើ​ស្រូវ​ប្រាំង​នៅ​ឆ្នាំ​នេះ​បាន​កើន​លើស​ផែន​ការ។ តាម​​ផែន​ការ​មាន​ជិត ៥​ពាន់​ហិកតារ ប៉ុន្តែ​ការ​ធ្វើ​លើស​ផែន​ការ លើស​រហូត​ទៅ​ដល់​ជាង ១​ពាន់​ហិកតារ។

កសិករ​នៅ​ឃុំ​ជ្រៃ និង​ឃុំ​អូរតាគី ថ្លែង​ថា ស្រូវ​ប្រាំង​របស់​ពួកគាត់​ខូចខាត​ទាំង​ស្រុង​ដោយសារ​ខ្វះ​ខាត​ទឹក​ស្រោចស្រព៖ «អាង​កំពីងពួយ ដែល​ធ្លាក់​មក​ហ្នឹង វា​អត់​គ្រប់គ្រាន់​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ដែល​កំពុង​រង​គ្រោះ​ភាព​រាំង​ស្ងួត​នៅ​រដូវ​ប្រាំង វា​អត់​គ្រប់គ្រាន់ ប្រជាពលរដ្ឋ​ត្រូវ​ការ​ទឹក អ៊ីចឹង​ទឹក​ដែល​យើង​ខ្វះ​ខាត​នៅ​ឃុំ​ពីរ នៅ​ឃុំ​ជ្រៃ និង​ឃុំ​អូរតាគី វា​ខូចខាត​ស្រូវ​ទាំង​ស្រុង​តែម្ដង»។

ប្រភព​ទឹក​សម្រាប់​ស្រោចស្រព​ស្រែ​ប្រាំង​ គឺ​កសិករ​ទទួល​បាន​ពី​អាង​កំពីងពួយ។ ប៉ុន្តែ​បច្ចុប្បន្ន​ទឹក​នៅ​ក្នុង​​​អាង​កំពីងពួយ ត្រូវ​បាន​គេ​បើក​បង្ហូរ​យក​ទៅ​ស្រោចស្រព​ស្រែ​ប្រាំង​នេះ​​អស់​រយៈ​ពេល​ជាង ១​ខែ​ បណ្ដាល​ឲ្យ​គោក​រាក់​ដល់​បាតបឹង​ ពុំ​មាន​នៅ​សល់​ទឹក​សម្រាប់​ស្រោចស្រព​បាន​ទៀត​ទេ។

មេឃុំ​តាគ្រាម លោក អឹម ប៊ុនយូ បញ្ជាក់​ថា កន្លង​ទៅ​នេះ​ អាជ្ញាធរ​មូលដ្ឋាន​ឃុំ​តាគ្រាម ទទួល​បាន​គោលការណ៍​ពី​ខណ្ឌ​រដ្ឋបាល​ជលផល ឲ្យ​បិទ​លូ​សម្ងាត់​ដើម្បី​រក្សា​ទឹក​នៅ​ក្នុង​អាង​កំពីងពួយ កុំ​ឲ្យ​បាត់បង់​ពូជ​ត្រី​ជា​ច្រើន​ប្រភេទ​ដែល​កំពុង​រស់​នៅ​ក្នុង​ទឹង​អាង​នោះ៖ «ឥឡូវ​នេះ​យើង​មាន​គោលការណ៍​ណែនាំ​ពី​ខាង​ជលផល ទាក់ទង​ពី​ការ​បិទ​លូ​សម្ងាត់​វិញ ដើម្បី​រក្សា​ទឹក​រក្សា​ពូជ​ត្រី​ឲ្យ​នៅ​ខ្លះ។ យើង​បើក​ជា​ជំហាន​តាំង​ពី​ខែ​២ យើង​បើក ៦ ទៅ ៧​ដង ដើម្បី​សង្គ្រោះ​ស្រូវ​ប្រាំង​ហ្នឹង ស្រោចស្រព​បាន​តែ​ស្រូវ​នៅ​ជិត​ក្នុង​ផែន​ការ​របស់​យើង»

ទោះ​យ៉ាង​ណា​ក៏ដោយ ស្រូវ​ប្រាំង​របស់​កសិករ​ជាង ១​ពាន់​ហិកតារ នៅ​ឃុំ​ជ្រៃ និង​ឃុំ​អូរតាគី ដែល​រង​ការ​ខូចខាត​នោះ ទំនង​មិន​អាច​ជួយ​ស្រោចស្រង់​បាន​ទេ ដោយសារ​គ្មាន​ប្រភព​ទឹក។

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​សុំ​សេចក្ដី​បញ្ជាក់​បញ្ហា​នេះ​ពី​លោក ឈឹម វិជ្ជរ៉ា ជា​ប្រធាន​មន្ទីរ​កសិកម្ម ប៉ុន្តែ​ពុំ​អាច​ទាក់ទង​តាម​ទូរស័ព្ទ។ ចំណែក​លោក ឡុង ផលគុណ ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ខេត្ត​បាត់ដំបង បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ ដោយ​អះអាង​ថា កំពុង​​ជាប់​រវល់។

ទឹក​នៅ​ក្នុង​អាង​កំពីងពួយ ត្រូវ​គេ​ដឹង​ថា គ្រប់គ្រង​ដោយ​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម។ គេ​កត់សម្គាល់​ឃើញ​ថា ការ​បើក​បង្ហូរ​ទឹក​ពី​អាង​យក​ទៅ​ស្រោច​ស្រូវ​ប្រាំង​ ប្រៀប​បាន​ទៅ​នឹង​ការ​បូម​ទឹក​ចេញ​ពី​អាង។ នៅ​ពេល​ទឹក​នៅ​ក្នុង​អាង​រីង​រាក់ ហើយ​ក៏​នាំ​គ្នា​ចាប់​យក​ត្រី​តែ​ម្ដង ហើយ​បញ្ហា​កើត​មាន​ខុស​ពី​បណ្ដា​ឆ្នាំ​កន្លង​ទៅ។

ប្រជាពលរដ្ឋ​ឈ្មោះ ជន វណ្ណៈ ថ្លែង​ថា ជាក់​ស្ដែង​ត្រី​ពូជ​ជា​ច្រើន​ប្រភេទ​​ដែល​រស់​​នៅ​ក្នុង​អាង​​កំពីងពួយ កំពុង​​ហិន​ហោច​ដោយសារ​តែ​ការ​ចូល​ទៅ​នេសាទ​របស់​ប្រជាពលរដ្ឋ​នៅ​ពេល​ថ្ងៃ និង​លួច​ឆក់​នៅ​ពេល​យប់៖ «ខ្ញុំ​មិន​សោក​ស្ដាយ​ទេ​នូវ​ការ​ខូច​ខាត​ស្រូវ​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​សុំ​សំណូមពរ​ទៅ​ខាង​រដ្ឋាភិបាល ជា​ពិសេស​អាជ្ញាធរ​ខេត្ត ឲ្យ​គាត់​រក្សា​មច្ឆាជាតិ ដែល​នៅ​ក្នុង​អាង​កំពីងពួយ​ហ្នឹង កុំ​ឲ្យ​មាន​ពួក​ជន​ឆ្លៀត​ឱកាស​និយម​ចូល​ទៅ​ឆក់​រាល់​យប់ ឃុបឃិត​ជាមួយ​អាជ្ញាធរ​ដែន​ដី។ ផល​ស្រូវ​ដែល​ខូចខាត​ហ្នឹង វា​គ្រោះ​ធម្មជាតិ ទោះ​បី​ស្ដេច ទេវតា ក៏​មិន​អាច​ជួយ​បាន​ដែរ។ យើង​មិន​បន្ទោស​រដ្ឋាភិបាល​ទេ ប៉ុន្តែ​យើង​សង្កត់ធ្ងន់​លើ​មច្ឆា​ជាតិ សុំ​ឲ្យ​អាជ្ញាធរ​រក្សា​មច្ឆាជាតិ​ហ្នឹង​ឡើង​វិញ ព្រោះ​គាត់​នាំគ្នា​ឆក់​យក​មក​លក់​ឲ្យ​ខ្ញុំ ធំ​ណាស់ ប្រហែល ៤​គីឡូ គាត់​លក់​ឲ្យ​ខ្ញុំ ៣​ម៉ឺន​រៀល»

យ៉ាង​ណា​ក៏ដោយ​គេ​កត់​សម្គាល់​ឃើញ​ថា ការ​បើក​បង្ហូរ​ទឹក​ចេញ​ពី​អាង​កំពីងពួយ យក​ទៅ​ស្រោច​ស្រព​ស្រូវ​ប្រាំង​ជា​ច្រើន​ពាន់​ហិកតារ​ រហូត​ដល់​ស្ទើរ​អស់​ទឹក​ពី​អាង​នេះ គឺ​ធ្វើ​ឡើង​ដោយ​មាន​ការ​កុង​កាច់​គ្នា​ រវាង​ស្ថាប័ន​ជំនាញ​ពីរ។ ក្នុង​នោះ​មាន​ខណ្ឌ​រដ្ឋបាល​ជលផល ​ដែល​ជា​អ្នក​អភិរក្ស​ពូជ​នៅ​ក្នុង​អាង​ និង​មន្ទីរ​ធនធាន​ទឹក​និង​ ឧតុនិយម ដែល​ជា​អ្នក​គ្រប់គ្រង​ទឹក​នៅ​ក្នុង​អាង។ មតិ​ប្រជាពលរដ្ឋ​ខ្លះ​លើក​ឡើង​ថា ការ​ខ្វះខាត​ទឹក​ ស្រោចស្រព​ស្រូវ​ប្រាំង​ជា​ច្រើន​ពាន់​ហិកតារ​ គឺ​កើត​ឡើង​ដោយសារ​មេឃ​គ្មាន​ភ្លៀង​ និង​ការ​ខ្វះខាត​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​ក្នុង​ខេត្ត​តែ​ប៉ុណ្ណោះ​ ហើយ​បញ្ហា​នេះ​អាជ្ញាធរ​គួរ​រិះរក​មធ្យោបាយ​ដោះស្រាយ​ មិន​គួរ​កុង​កាច់​គ្នា​រហូត​បើក​បង្ហូរ​ទឹក​អស់​ពី​អាង​កំពីងពួយ បំផ្លាញ​ពូជ​ត្រី​ដូច្នេះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។