ស្រូវប្រាំងប្រមាណ៥ពាន់ហិកតារ នៅស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ប្រឈមស្វិតងាប់ដោយសារគ្មានទឹកស្រោចស្រព។ អាជ្ញាធរអះអាងថាកំពុងរកវិធីសាស្ត្រសង្គ្រោះស្រូវទាំងនេះ។
អ្នកគ្រប់គ្រងប្រភពទឹកទំនប់តាកុយ និងប្រជាកសិករ នៅស្រុកជលគីរី ឲ្យដឹងនៅថ្ងៃទី៨ ខែមករា ថា ផ្ទៃដីកសិកម្ម ឬស្រែប្រាំងរបស់កសិករក្នុងស្រុកបាធាយ ខេត្តកំពង់ចាម និងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ជាច្រើនហិកតារ កំពុងស្វិតខ្លោចបណ្ដើរៗ ខណៈប្រភពទឹកនៅទំនប់តាកុយរីងស្ងួត។ ពួកគេថា នៅក្នុងដំណាក់កាលនេះ បើទោះបីជាអាជ្ញាធរបូមទឹកពីទន្លេមកសង្គ្រោះ ក៏លំបាកនឹងធ្វើទៅរួចដែរ។
អនុប្រធានគណៈកម្មការគ្រប់គ្រងទំនប់ទឹកតាកុយ លោក អួន គន មានប្រសាសន៍ថា ស្រូវកំពុងមួរដើម និងខ្លះទៀតឱនដាក់គ្រាប់អាចស្កកកាន់តែច្រើនក្នុងរយៈពេលដ៏ខ្លីខាងមុខ។ លោកថា បើអាជ្ញាធរមានវិធានការសង្គ្រោះស្រូវទាំងនេះតាមរយៈការបូមទឹកពីទន្លេ គឺត្រូវបូមតគ្នាជាបីដំណាក់ ទើបចូលដល់អាងទឹកតាកុយ ទើបអាចបែងចែកដល់ក្នុងស្រែ ព្រោះទឹកទន្លេកាន់តែរីងរាក់៖ «បូមបញ្ចូលដែរ ឥឡូវវាអស់ (ប្រដាប់បូម) ទឹកបូមទៀតហើយ! វាគោកខ្លាំងហើយ។ ទៅមិនរួចទេដូចដឹងស្រាប់ហើយ វាបូមៗអ៊ីចឹងទៅ វាស្ទះរឿងប្រេងផង ដល់អ៊ីចឹងប្រជាពលរដ្ឋក៏គាត់បាត់ចង់ដែរ»។
ចំណែកកសិករម្នាក់នៅភូមិព្រៃគ្រីត្បូង នៃស្រុកជលគីរី ដែលព្រោះស្រូវប្រាំងទំហំ ៤០អា ដោយពឹងលើប្រភពទឹកនៅទំនប់តាកុយ គឺលោក ឆែម ឆឺន ឲ្យដឹងថា រូបលោក និងកសិករជាច្រើនទៀត ព្រោះមិនអស់ផ្ទៃដីដែលខ្លួនមាន ដោយសារឆ្នាំ២០១៥ កម្រិតទឹកទន្លេទាបមិនហូរចូលអាងទឹកតាកុយ ទើបកសិករខ្វះខាតទឹកតាំងពីដើមរដូវ។ ជាក់ស្ដែងលោកមានដីជាង ១ហិកតារ ប៉ុន្តែធ្វើបានតែ ៤០អាប៉ុណ្ណោះ៖ «សព្វថ្ងៃស្រូវមួរដើមហើយ ប៉ុន្តែអត់មានទឹកដាក់វាងាប់បន្តបន្ទាប់ហើយ! ច្រើនណាស់ប្រហែល ៣ ទៅ ៤ហិកតារ អាហ្នឹងស្រែធំៗគេអត់មានទឹកដាក់ងាប់បន្តបន្ទាប់ដូចតែគ្នាហ្នឹង។ យើងនៅស្រុកស្រែ វាមានតែស្រូវប្រាំងហើយ ជាបង្គោលរឹងមាំ ដល់អ៊ីចឹងទៅវាខ្វះរឿងជីវភាព»។
ឆ្លើយតបបញ្ហានេះប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន បញ្ជាក់ថា ស្រូវប្រាំងរបស់កសិករមិនទាន់មានស្វិតងាប់នោះទេ ប៉ុន្តែអាជ្ញាធរស្រុក និងជំនាញពាក់ព័ន្ធកំពុងមានវិធានការបន្ទាន់មួយ ដើម្បីសង្គ្រោះស្រូវទាំងនេះ ដោយកាយប្រឡាយនាំទឹកពីបឹងដំរាំងក្របី។ ប៉ុន្តែលោកថា ស្រូវប្រាំងប្រមាណ ៥០០ហិកតារនោះ មិនប្រឈមខ្វះទឹកទាំងអស់នោះទេ៖ «ខ្ញុំកំពុងដោះស្រាយជាមួយអាជ្ញាធរខេត្ត ដើម្បីឲ្យកាយអាប្រឡាយហ្នឹងហើយ។ អ៊ីចឹងខាងធនធានទឹកគេដាក់ត្រាក់ទ័រទៅ ហើយចាំមើលខ្ញុំពិនិត្យបន្ថែមទៀត។ លោក ជិន ជេដ្ឋា៖ អាចបានបូមថ្ងៃណាដែរ? គាត់កាយយូរដែរហើយ ប៉ុន្តែអាការបូមមិនដឹងបូមមិនដឹងថ្ងៃណា? ព្រោះនេះមានបញ្ជាពីឯកឧត្ដមអភិបាលខេត្ត ត្រូវធ្វើបន្ទាន់អាហ្នឹង»។
លោក ងិន ហ៊ុន ឲ្យដឹងថា ការបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ២០១៥-២០១៦ របស់កសិករខេត្តកំពង់ឆ្នាំង នៅសល់ផ្ទៃដីចន្លោះពី ២ពាន់ ទៅ ៣ពាន់ហិកតារ ក្នុងចំណោមផ្ទៃដីស្រែប្រាំងក្នុងផែនការសរុបជិត ៣ម៉ឺនហិកតារ (២៩.៧០០ហិកតារ)។ ការបង្កបង្កើនមិនអស់ផ្ទៃដីកសិកម្មនេះ គឺដោយសារបញ្ហាកម្ពស់ទឹកទន្លេទាបកាលពីឆ្នាំ២០១៥ ដែលធ្វើឲ្យស្រែប្រាំងរបស់កសិករនៅប៉ែកលើៗ មិនអាចទទួលទឹកបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
