ដំណាំស្រូវរបស់ប្រជាកសិករប្រមាណជាង ១ពាន់ហិកតារ នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង កំពុងប្រឈមនឹងការខូចខាតដោយសារខ្វះខាតទឹកស្រោចស្រព បន្ទាប់ពីរាំងស្ងួតប្រមាណពីរសប្ដាហ៍កន្លងមកនេះ។
ប្រជាពលរដ្ឋបញ្ជាក់ថា ប្រសិនបើពុំមានទឹកបញ្ចូលស្រែឲ្យបានទាន់ពេលទេ នោះដើមស្រូវអាចក្រៀមស្វិតងាប់ប្រមាណ ២សប្ដាហ៍ខាងមុខ។
ប្រជាកសិករនៅតំបន់នោះអំពាវនាវសុំឲ្យក្រសួងធនធានទឹកនិងឧតុនិយម និងមន្ត្រីពាក់ព័ន្ធជួយរិះរកវិធីសាស្ត្រប្រភពទឹកដើម្បីស្រោចស្រពដំណាំស្រូវឲ្យបានទាន់ពេល ជាពិសេសគឺស្រូវប្រាំងតែម្ដង ដែលប្រឈមនឹងការខូចខាតធ្ងន់ធ្ងរជាងគេ។
ប្រជាកសិករម្នាក់រស់នៅភូមិដំរីព្រៃផ្ទាំង ឃុំអង្គររាជ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ថ្លែងក្នុងលក្ខខ័ណ្ឌមិនឲ្យបញ្ចេញឈ្មោះថា ដំណាំស្រូវប្រមាណជិតមួយពាន់ហិកតារស្ថិតក្នុងឃុំអង្គររាជ និងឃុំសេនារាជឧត្តម ដាច់ទឹកស្រោចស្រពប្រមាណ ២សប្ដាហ៍មកហើយ ក្នុងនោះស្រែមួយចំនួន បានស្រពោនងាប់បណ្ដើរៗ និងស្រែខ្លះទៀត អាចងាប់ក្នុងពេល២សប្ដាហ៍ខាងមុខ ហើយដើមស្រូវដែលរងការខូចខាតឆាប់រហ័សជាងគេនោះគឺស្រូវប្រាំងតែម្ដង។
សំឡេងកសិករ៖ «ហើយដល់អ៊ីចឹងវាបានដែរ ដូចថា ១០ វាបានតែ បីបួនអីអ៊ីចឹង ខ្លះគេបានបូមអាពីទឹកជនហ្នឹងគេបាន ខ្លះគ្នានៅលើគ្នាអត់តែម្ដង។ អណ្ដូងអីវាចេះតែនេះគ្នាអត់លុយទិញប្រេងទិញអីជួលអណ្ដូងគេផង វាអត់ ចាំគេដាក់ហើយបោះគេហ្នឹងយើងងាប់តែម្ដងហ្នឹង។ ខ្លះចាប់ផ្ដើមស្លោកបណ្ដើរៗហើយ អាទួលៗបង! អាហ្នឹងព្រឹកឡើងបានខៀវៗ បើថ្ងៃក្ដៅអ៊ីចឹងចាប់ផ្ដើមស្លោក បើវាបានក៏វាអត់បានផលល្អ»។
ទាក់ទងនឹងបញ្ហានេះ អភិបាលស្រុកព្រះស្ដេច លោក ប៉ិច សុង ទទួលស្គាល់ថា ពិតជាមានដាំស្រូវរបស់ប្រជាកសិករខ្វះទឹកស្រោចស្រពប្រាកដមែន ហើយបញ្ហានេះពិបាកក្នុងការទៅជួយសង្គ្រោះដំណាំស្រូវរបស់ពួកគាត់ដោយសារជួបគ្រោះរាំងស្ងួត ហើយម្យ៉ាងទៀតនៅតំបន់នោះពុំមានប្រភពទឹកស្រោចស្រពនោះទេ។
លោក ប៉ិច សុង៖ «បាទ! វារកប្រភពទឹកអត់បានបង ហើយប្រឹងប្រែងហើយប៉ុន្មានថ្ងៃ ទាំងមន្ទីរធនធានទឹក ឯកឧត្ដមអភិបាលខេត្ត ក្រុមការងារអីចុះមកមើល។ យើងដាក់ម៉ាស៊ីនតាំងខ្ញុំហ្នឹងអស់ថែមទាំងប្រេងជូនប្រជាពលរដ្ឋថែមទៀត។ ប៉ុន្តែកន្លែងចំណុចខ្លះយើងរកប្រភពទឹកអត់បានហើយ មេឃវារាំង វាពិបាករកប្រភពទឹកឲ្យជូនគាត់ វាកណ្ដាលស្រុករកប្រភពទឹកអត់មាន»។
មន្ត្រីសម្របសម្រួលសហគមន៍កសិកម្មនៃបណ្ដាញកសិករនិងធម្មជាតិ (FNN) លោក ឆុង សុផល មានប្រសាសន៍បញ្ជាក់ថា ដើមស្រូវវាក្រៀមស្វិតស្រពោនងាប់ បន្ទាប់ពីផ្ទៃដីដាច់ទឹកប្រមាណ ១ខែ។លោកបន្តថា ក្នុងកាលៈទេសៈបែបនេះ ជម្រើសដែលល្អប្រជាកសិករគួររែកទឹកចាក់បន្តិចបន្តួចដើម្បីជំនួយដើមកុំឲ្យវាងាប់ ដោយក្នុងមួយថ្ងៃប្រើទឹកប្រមាណ ១៥អម្រែកក្នុងផ្ទៃដីកន្លះហិកតារ។
លោក ឆុង សុផល៖ «វាអាចនៅរស់បន្តទៀត ប៉ុន្តែបើសិនជាដីគាត់បើសិនគាត់កែច្នៃដីជាដីធម្មជាតិ កន្លងមកគាត់ដាក់ជីធម្មជាតិច្រើន អ៊ីចឹងវាអាចជាងមួយខែវាអាចស្លាប់។ បើសិនវាមានទឹកមកវិញ អ៊ីចឹងវាអាចហ្នឹងរស់ឡើងវិញ ហើយស្រូវហ្នឹងល្អឡើងវិញបាន ៧០ភាគរយ។ អ៊ីចឹងហើយបានយើងចេះតែបង្ខំធ្វើឲ្យកសិករគាត់កែច្នៃប្រព័ន្ធប្រឡាយប្រព័ន្ធអីនៅក្នុងស្រែ គាត់ជួយស្រោចស្រពដើម្បីសម្រួលវារហូតដល់ថ្ងៃដែលយើងមានទឹកគ្រប់គ្រាន់»។
អភិបាលស្រុកព្រះស្ដេច ឲ្យដឹងថា រហូតមកទល់ពេលនេះមានប្រជាកសិករចំនួន ៧ឃុំ ហើយសរុបជាផ្ទៃដីដំណាំស្រូវដែលជួបគ្រោះរាំងស្ងួតខ្វះទឹកស្រោចស្រពប្រមាណ ១.១០០ហិកតារ ហើយក្នុងចំណោមនោះឃុំដែលរងគ្រោះធ្ងន់ធ្ងរជាងគេគឺឃុំអង្គររាជ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
