បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ

ដោយ អ៊ុំ រង្សី
2016.05.06
ខ្វះ​ទឹក កំពង់ស្ពឺ ៨៥៥ ២០១៦

ធ្នើរ​ដាំ​ស្ពៃ​របស់​អ្នក​ភូមិ​ទួល ឃុំ​ស្វាយរំពារ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ។ រូបថត​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៦ RFA/Um Raingsy

2

ដំណាំ​របស់​អ្នក​ភូមិ ក្នុង​ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ។ រូបថត​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៦

3

អ្នក​ភូមិ​រៀបចំ​ម៉ាស៊ីន​បូម​ទឹក​ពី​ស្រះ​ទឹក ដើម្បី​យក​ទៅ​ប្រើប្រាស់។ រូបថត​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៦

4

អ្នក​ភូមិ​រៀបចំ​ម៉ាស៊ីន​បូម​ទឹក​ពី​ស្រះ​ទឹក ដាក់​ធុង​ដើម្បី​យក​ទៅ​ប្រើប្រាស់។ រូបថត​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៦

5

ស្រះ​ទឹក​ដែល​អ្នក​ភូមិ​បូម​ទឹក​យក​ទៅ​ប្រើប្រាស់។

ខ្វះ​ទឹក កំពង់ស្ពឺ ៨៥៥ ២០១៦

អ្នក​ភូមិ​ ក្នុង​ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ ដឹក​ទឹក​តាម​គោយន្ត​យក​ទៅ​ប្រើប្រាស់ កាល​ពី​ថ្ងៃ​ទី​​២៩ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Um Raingsy

7

ពាង​ទឹក​របស់​អ្នក​ភូមិ​នៅ​ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ។

8

ទេសភាព​វាលស្រែ​ដែល​ក្រៀម​ស្វិត​របស់​អ្នក​ភូមិ​ក្នុង​ស្វាយរំពារ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ។

9

ទេសភាព​វាលស្រែ​របស់​អ្នក​ភូមិ​ក្នុង​ស្វាយរំពារ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ។

អាកាសធាតុ​ក្ដៅ​ខ្លាំង និង​គ្មាន​ភ្លៀង​ធ្លាក់​កក់ខែ​នៅ​ឆ្នាំ​នេះ កំពុង​បង្ក​ការ​លំបាក​កាន់​តែ​ខ្លាំង​ដល់​ការ​រស់​នៅ​របស់​មនុស្ស និង​សត្វ​នៅ​កម្ពុជា។ ទន្ទឹម​គ្នា​នេះ ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ ឲ្យ​ដឹង​ថា បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​មិន​ត្រឹមតែ​គំរាមកំហែង​ដល់​ដំណើរការ​ផលិតកម្ម​កសិកម្ម​ប៉ុណ្ណោះ​ទេ បញ្ហា​នេះ​ក៏​បន្ត​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​គ្រួសារ​ផង​ដែរ។

តើ​ខ្វះ​ទឹក​ប្រើប្រាស់​ប៉ះពាល់​អ្វី​ខ្លះ​ដល់​សេដ្ឋកិច្ច​គ្រួសារ​ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ?

ពលរដ្ឋ​ឃុំ​ស្វាយរំពារ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ អះអាង​ថា ពួកគាត់​ត្រូវ​បង្កើន​ការ​ចំណាយ​ទ្វេ​ដង​សម្រាប់​ទិញ​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ចំណាយ​លើ​ថ្លៃ​ព្យាបាល​ជំងឺ ខណៈ​ដំណើរ​ការ​ផលិតកម្ម​កសិកម្ម​មាន​ភាព​យឺតយ៉ាវ ដោយសារ​តែ​ឥទ្ធិពល​នៃ​គ្រោះ​រាំង​ស្ងួត។

បញ្ហា​នេះ ត្រូវ​បាន​លើក​ឡើង​ក្រោយ​ពេល​កម្ដៅ​បរិយាកាស​នៅ​កម្ពុជា ឡើង​ខ្លាំង ធ្វើ​ឲ្យ​ប្រភព​ទឹក​បឹង អូរ ព្រែក ទំនប់ និង​អណ្ដូង ដែល​ពលរដ្ឋ​រស់​នៅ​តាម​ជនបទ​ធ្លាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ត្រូវ​រីង​ស្ងួត​ដោយសារ​បញ្ហា​អាកាសធាតុ​នេះ។

ពលរដ្ឋ​ម្នាក់​រស់​នៅ​ភូមិ​ទួល និង​ជា​តំណាង​បណ្ដាញ​កសិករ​ក្នុង​វិស័យ​កសិកម្ម លោក ស៊ឹម រ៉ុម រស់​នៅ​ឃុំ​ស្វាយរំពារ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ លើក​ឡើង​ថា បញ្ហា​ខ្វះ​ទឹកបាន​ក្លាយ​ជា​ឧបសគ្គ​រាំង​ស្ទះ​ដល់​ដំណើរការ​ផលិតកម្ម​សុខភាព​មនុស្ស សត្វ និង​ប៉ះពាល់​បន្ត​ទៅ​ដល់​សេដ្ឋកិច្ច​គ្រួសារ។ ជាក់​ស្ដែង​គ្រួសារ​លោក​ធ្លាប់តែ​រក​ចំណូល​បាន​ពី​ការ​ដាំ​បន្លែ និង​ចិញ្ចឹម​ត្រី​ក្នុង ១​ខែ​ជាង ១​លាន​រៀល​ក្នុង​រដូវ​ប្រាំង ប៉ុន្តែ​បញ្ហា​ខ្វះ​ទឹក​ស្រោចស្រព ដែល​អូស​បន្លាយ​តាំង​ពី​ចុង​ខែ​ធ្នូ មក មិន​ត្រឹមតែ​បំផ្លាញ​ផល​ដំណាំ​ស្ទើរ​គ្មាន​សល់​ប៉ុណ្ណោះ​ទេ បញ្ហា​នេះ ក៏​ធ្វើ​ឲ្យ​លោក​ចំណាយ​លុយ​ទិញ​ទឹក​ក្នុង ១​ខែ ៨​ម៉ឺន​រៀល​ថែម​ទៀត៖ «បញ្ហា​ខ្វះ​ទឹក​នេះ វា​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​ប្រាក់​ចំណូល​គ្រួសារ​ខ្ញុំ។ ឧទាហរណ៍ ស្រះ​នេះ​ខ្ញុំ​ធ្លាប់​ចិញ្ចឹម​ត្រី តែ​ចិញ្ចឹម​ត្រី​បាន ១​តោន ស្រះ​នោះ​បាន ១​តោន តែ​ដល់​ឥឡូវ ខ្ញុំ​ចិញ្ចឹម​លែង​បាន រីង រាក់ គ្មាន​សល់​អី​សោះ»

​អ្នក​ភូមិ​ម្នាក់​ទៀត ដែល​ជា​ស្ត្រី​កូន​ខ្ចី ថែម​ទាំង​មាន​កូន​ភ្លោះ ២​នាក់​ផង លោកស្រី ខែម ស្រីកុល បញ្ជាក់​ដែរ​ថា ខណៈ​កម្ពុជា បន្ត​ជួប​គ្រោះ​រាំង​ស្ងួត​ខ្វះ​ទឹក​ប្រើប្រាស់ អ្នក​ភូមិ​ដែល​មិន​សូវ​មាន​លទ្ធភាព និង​គ្រួសារ​លោកស្រី​ផ្ទាល់ ពឹង​ផ្អែក​តែ​ប្រភព​ទឹក​អណ្ដូង​ស្នប់​ក្នុង​ភូមិ​ប៉ុណ្ណោះ ខណៈ​ទឹក​ទំនប់​រីង​រាក់ និង​ទឹក​អណ្ដូងស្នប់​ស្ទើរ​តែ​លែង​ចេញ​ទឹក។

ស្ត្រី​កូន​ខ្ចី​វ័យ ៣០​ឆ្នាំ​រូប​នេះ​ឲ្យ​ដឹង​បន្ត​ថា បញ្ហា​ខ្វះ​ទឹក​បាន​ធ្វើ​ឲ្យ​កូន​តូចៗ និង​ក្មេងៗ​ក្នុង​ភូមិ​មួយ​ចំនួន​មាន​ជំងឺ​ពង​បែក៖ «ខ្ញុំ​លំបាក​ណាស់ ក្ដៅ​ខ្លាំង​ណាស់ ពេល​ក្ដៅ​ទៅ​ឈឺ​ទាំង​ម៉ែ​ទាំង​កូន ហើយ​រាល់​ថ្ងៃ​ខ្ញុំ​ប្រើ​តែ​អណ្ដូងស្នប់ ហត់​ទាំង​សប់ ហត់​ទាំង​យោង ថ្ងៃ​ខ្លះ​ទៅ​ត្រូវ​តម្រង់​ជួរ​គ្នា​សប់​ទឹក ថ្ងៃ​ខ្លះ​ប្រើ​បាន​តែ​មួយ​អម្រែក​ប៉ុណ្ណោះ»

ទន្ទឹម​នឹង​ការ​លើក​ឡើង​នេះ ស្ត្រី​វ័យ​ចំណាស់​វ័យ ៨១​ឆ្នាំ ព្រមទាំង​ជា​ស្ត្រី​មេម៉ាយ​គ្មាន​កូនចៅ​រស់​នៅ​ម្នាក់​ឯង លោកស្រី កែវ ហេង និយាយ​ទាំង​ទឹក​ភ្នែក​រលីងរលោង​ដែរ​ថា ១​ថ្ងៃ​លោកស្រី​ត្រូវ​ធ្វើ​ដំណើរ​ទៅ​សប់​ទឹក​យួរ​ពី​អណ្ដូង ៣​ដង ចម្ងាយ​ជិត ៥០​ម៉ែត្រ ខណៈ​ជង្គង់​ទាំង​ពីរ​កំពុង​ឈឺ។ ស្ត្រី​វ័យ​ចំណាស់​រូប​នេះ​ឲ្យ​ដឹង​ថា បញ្ហា​ខ្វះ​ទឹក​ឆ្នាំ​នេះ​ធ្វើ​ឲ្យ​លោកស្រី​ជួប​ការ​លំបាក​ជា​ខ្លាំង​ក្នុង​ជីវភាព​រស់​នៅ៖ «រាល់​ថ្ងៃ​យាយ​ដើរ​យូរ​ខ្លួន​ឯង​អ៊ីចឹង​ទៅ ជួនកាល​ក៏​ជួយ​គេ​ឯង​អ៊ីចឹង​ទៅ គេ​សួរ​យាយ​អើយ​ម៉េច​សប់​ទឹក​ខ្លួន​ឯង? គេ​គ្រាន់​តែ​សួរ​អ៊ីចឹង រួច​គេ​ដើរ​ហួស​បាត់​ទៅ។ ត្រូវ​អង្គុយ​សប់​ទឹក​ទៀត យូរ​ទឹក​ រាល់​ថ្ងៃ ណា​មួយ​ជើង​ឈឺ អត់​មាន​កូន​ចៅ​គេ​ជួយ។ គិត​ទៅ​ជីវិត​ខ្ញុំ​ពិបាក​ណាស់ រាល់​ថ្ងៃ​ចង់​បាន បើ​គេ​ឲ្យ​ពាង​ពីរ​ទៀត​មក យាយ​ធូរ​តិច​ហើយ»

​បច្ចុប្បន្ន​ពលរដ្ឋ​រស់​នៅ​ឃុំ​ស្វាយរំពារ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ កំពុង​ខ្វះ​ទឹក​ប្រើប្រាស់​ខ្លាំង ហើយ​បង្ខំ​ចិត្ត​ទិញ​ទឹក​មិន​សូវ​មាន​អនាម័យ​ដែល​គេ​ដឹក​លក់​តាម​គោយន្ត​ដែល​បូម​ចេញ​ពី​បឹង ឬ​ត្រពាំង​តាម​តំបន់​ទំនាប​នៃ​ឃុំ​នេះ ដើម្បី​យក​មក​ប្រើប្រាស់​ដោយ​សន្សំ​សំចៃ។

លោក អ៊ុន សំអាង អ្នក​ដឹក​ទឹក​លក់​ឲ្យ​ពលរដ្ឋ​ក្នុង​ឃុំ បាន​ឲ្យ​ដឹង​ថា រាល់ថ្ងៃ​លោក​ត្រូវ​បើក​គោយន្ត​ស្វែង​រក​ប្រភព​ទឹក​បឹង និង​ត្រពាំង​ប្រមាណ​ជាង ៣​គីឡូម៉ែត្រ​ពី​ភូមិ ដើម្បី​បំពេញ​តម្រូវ​ការ​ពលរដ្ឋ​ក្នុង​ភូមិ។ លោក​បន្ត​ថា ក្នុង​មួយថ្ងៃ​លោក​ដឹក​ទឹក​លក់​ឲ្យ​អ្នក​ភូមិ​ជា​មធ្យម ១០​ជើង ក្នុង​មួយ​ជើងៗ​លក់​ក្នុង​តម្លៃ​ចាប់​ពី ១២.០០០​រៀល ទៅ ១៥.០០០​រៀល អាស្រ័យ​លើ​ប្រភេទ​ទឹក។ លោក​បន្ថែម​ថា លោក​មិន​ចង់​ប្រកប​របរ​ដឹក​ទឹក​លក់​នោះ​ទេ ព្រោះ​លោក​ត្រូវ​ចំណាយ​លុយ​ទិញ​ទឹក​បន្ត​ពី​ប្រភព​ទឹក​ដែល​លោក​ស្វែង​រក​ក្នុង​តម្លៃ ២.០០០​រៀល ក្នុង​ចំណុះ ១២០​លីត្រ​បន្ថែម​ទៀត។ ហេតុ​នេះ​លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​គិតគូរ​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ជា​បន្ទាន់៖ «បើ​តាម​ ចិត្ត​ខ្ញុំ ចង់​ឲ្យ​មាន​ប្រភព​ទឹក​គ្រប់គ្រាន់ ខ្ញុំ​អត់​ចង់​បើក​គោយន្ត​ដឹក​ទឹក​ទេ ហត់​ណាស់ ម្យ៉ាង​ខ្ញុំ​ទិញ​អីវ៉ាន់​មក​នេះ​ក៏​មិន​ចង់​រក​ស៊ី​ដឹក​ទឹក​ដែរ ហើយ​ដូច​ទឹក​នេះ​អ៊ីចឹង ខ្ញុំ​មក​ដឹក​ ក៏​សុំ​ចែក​ទិញ​គេ​ទេ ព្រោះ​ត្រពាំង​នេះ​ជា​របស់​ឯកជន»

របាយការណ៍​ពី​ក្រុមប្រឹក្សា​ឃុំ​ស្វាយរំពារ ឲ្យ​ដឹង​ថា ឃុំ​ស្វាយរំពារ មាន​ចំនួន ១៤​ភូមិ មាន​គ្រួសារ​សរុប ១.៩៤៤​គ្រួសារ ហើយ​ជាង ៩០% ប្រកប​របរ​កសិកម្ម។ ប្រព័ន្ធ​ធារាសាស្ត្រ​មាន​២​សំខាន់ គឺ​ទំនប់​អូក្បៀរ និង​ទំនប់​ត្រពាំងឫស្សី និង​ស្រះ​ចំនួន​១​ក្នុង​ភូមិ​នីមួយ ចំណែក​អណ្ដូង​ស្នប់​ចំនួន​២២ និង​អណ្ដូង​លូ​ជិត ១០០​អណ្ដូង។ ជាង​នេះ​ទៀត អាកាសធាតុ​នៅ​កម្ពុជា និង​នៅ​លើ​ពិភពលោក​មាន​សភាព​ក្ដៅ​ខុស​ពី​ធម្មតា​រហូត​កម្ដៅ​ឡើង​ជិត​ដល់ ៤០​អង្សាសេ និង​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត​មាន​កម្ដៅ​រហូត​ដល់​ជិត ៥០​អង្សាសេ​ឯ​ណោះ។

ការ​បន្ត​កើន​ឡើង​នៃ​កម្ដៅ​បែប​នេះ ធ្វើ​ឲ្យ​តំបន់​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា កំពុង​ជួប​ប្រទះ​គ្រោះ​រាំង​ស្ងួត។ ប្រភព​ទឹក​សំខាន់ៗ​រួម​មាន​ស្ទឹង បឹងបួ ស្រះ ប្រឡាយ និង​បារាយណ៍​ជា​ច្រើន​កន្លែង បាន​រីង​ស្ងួត ដែល​បង្ក​ជា​ក្ដី​ព្រួយ​បារម្ភ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា។ ជាក់ស្ដែង​បញ្ហា​នេះ ក៏​ធ្វើ​ឲ្យ​អណ្ដូង​ជាង ៣០​អណ្ដូង​នៅ​ឃុំ​នេះ បាន​ហួតហែង ខូច និង​លែង​ចេញ​ទឹក។

មេ​ឃុំ​ស្វាយរំពារ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ លោក ចាប សារឿន ទទួល​ស្គាល់​បញ្ហា​ខ្វះ​ទឹក​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​ពលរដ្ឋ​ក្នុង​ឃុំ ព្រោះ​បាត់​ប្រភព​ចំណូល​ពី​ការងារ​កសិកម្ម។ លោក​ឲ្យ​ដឹង​ថា សម្រាប់​ឆ្នាំ​២០១៦ ឃុំ​មាន​ថវិកា​ជិត ៧០​លាន​រៀល ដើម្បី​ជួសជុល​ផ្លូវ ប៉ុន្តែ​ថវិកា​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក ឃុំ​មិន​ទាន់​មាន​នៅ​ឡើយ។ ប៉ុន្តែ​ទោះ​យ៉ាង​ណា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ឃុំ​នឹង​ខំ​ដាក់​ផែនការ​ស្ដារ​ប្រឡាយ និង​ទំនប់​ដែល​មាន​ស្រាប់​ដើម្បី​ទ្រទ្រង់​ការងារ​កសិកម្ម៖ «ទី​មួយ​គឺ​យើង​ស្ដារ​ទំនប់ និង​ប្រឡាយ​ឡើង​វិញ ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរ​ផលិតកម្ម ហើយ​យើង​នឹង​បន្ត​អំពាវនាវ និង​ស្នើ​ឲ្យ​សប្បុរសជន​ជួយ​សាងសង់​អណ្ដូង​ទឹក និង​ជីក​ស្រះ​បន្ថែម​ទៀត»

រី​ឯ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា លោក សម វិទូ មាន​ប្រសាសន៍​ថា ខ្វះ​ទឹក​ប្រើប្រាស់​ដែល​បណ្ដាល​មក​ពី​រលក​កម្ដៅ​បាតុភូត​អេលនីណូ ដែល​បាន​អូស​បន្លាយ ២​ឆ្នាំ​ជាប់​គ្នា​មក​នេះ នឹង​ធ្វើ​ឲ្យ​ផលិតភាព​កសិកម្ម​ថយ​ចុះ ហើយ​នឹង​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ។

លោក​បញ្ជាក់​ដែរ​ថា ខណៈ​នេះ​កម្ពុជា ជួប​គ្រោះ​រាំង​ស្ងួត លោក​សង្កេត​ឃើញ​ប្រព័ន្ធ​ធារាសាស្ត្រ​កម្ពុជា ភាគ​ច្រើន​ពឹង​ផ្អែក​ទាំង​ស្រុង​តែ​ទៅ​លើ​ទឹកភ្លៀង​ប៉ុណ្ណោះ មិន​ទាន់​ឃើញ​មាន​យន្តការ​ច្បាស់លាស់​ក្នុង​ការ​ប្រើប្រាស់​ទឹក​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​បំពេញ​ដល់​តម្រូវការ​សេដ្ឋកិច្ច​ពលរដ្ឋ​កម្ពុជា នៅ​ឡើយ។

បញ្ហា​ខ្វះ​ទឹក​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក ចាន់ យុត្ថា ឲ្យ​ដឹង​ថា កន្លង​មក​គ្រោះ​រាំង​ស្ងួត​ដែល​បណ្ដាល​ឲ្យ​ខ្វះ​ទឹក​ប្រើប្រាស់ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលដំណាំ​កសិកម្ម និង​ពលរដ្ឋ​ជាង ២ ភាគ ៣ នៃ​គ្រួសារ​នៅ​ទូទាំង​ប្រទេស។ លោក​បញ្ជាក់​ថា ខេត្ត​ដែល​ប៉ះពាល់​ខ្លាំង​ជាង​គេ គឺ​ខេត្ត​កំពង់ធំ និង​ខេត្ត​ឧត្តរមានជ័យ៖ «ការ​អន្តរាគមន៍​នៅ​តែ​បន្ត ហើយ​យុទ្ធនាការ​ជួយ​បែងចែក​ទឹក​ជូន​ពលរដ្ឋ​ក៏​នៅ​តែ​បន្ត»

ប៉ុន្តែ​គិត​ចាប់​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា មក ស្ថានភាព​កម្ពុជា បាន​ធូរ​ស្រាល ព្រោះ​តំបន់​មួយ​ចំនួន​មាន​ភ្លៀង​ធ្លាក់។ យ៉ាង​ណា ក្រសួង​នឹង​ខិត​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ដើម្បី​បម្រើ​ដល់​ប្រយោជន៍​សេដ្ឋកិច្ច​គ្រួសារ​ពលរដ្ឋ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ទាំង​អស់​ប្រើ​យុទ្ធនាការ​ដឹក​ទឹក​ចែក​ជូន​ប្រជាពលរដ្ឋ មិន​ត្រូវ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ជួប​គ្រោះថ្នាក់​ដោយសារ​បញ្ហា​ខ្វះ​ទឹក​នោះ​ឡើយ៖ «ដាក់​ចេញ​នូវ​បទបញ្ជា​នៅ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស ប្រមូល​ផ្តុំ​ការ​ខិតខំ​ទាំង​អស់​ដើម្បី​ដោះស្រាយ​ទឹក​ឲ្យ​ប្រជាជន​ ប្រើប្រាស់»

ទោះបីជា​យ៉ាង​ណា​ក៏ដោយ ពលរដ្ឋ​ក្នុង​ឃុំ​ស្វាយរំពារ អះអាង​ថា មិន​ទាន់​ទទួល​បាន​ការ​អន្តរាគមន៍​ណា​មួយ​នៅ​ឡើយ​ពី​អាជ្ញាធរ​មូលដ្ឋាន។ ពលរដ្ឋ និង​អ្នក​ជំនាញ​កសិកម្ម​យល់​ថា វិធានការ​ចែក​ទឹក​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​ពលរដ្ឋ​បាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ។

ការ​ព្យាករ​របស់​ធនាគារ​ពិភពលោក (World Bank) បង្ហាញ​ថា កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា នឹង​ធ្លាក់​ពី ៧​ភាគរយ​នៅ​ឆ្នាំ​២០១៥ មក​ត្រឹម ៦,៩​ភាគរយ ដោយសារ​បញ្ហា​ការ​ធ្លាក់​ចុះ​នៃ​វិស័យ​កសិកម្ម។ ការ​ធ្លាក់​ចុះ​នៃ​វិស័យ​កសិកម្ម​នេះ គឺ​បណ្ដាល​មក​ពី​បាតុភូត​គ្រោះ​រាំង​ស្ងួត​ដែល​មាន​ឈ្មោះ​ថា អ៊ីលនីណូ (El Nino) ដែល​កំពុង​វាយ​ប្រហារ​បណ្ដា​ប្រទេស​អាស៊ាន។

ទន្ទឹម​គ្នា​នេះ អ្នក​សេដ្ឋកិច្ច​នៃ​ធនាគារ​ពិភពលោក (World Bank) ផ្ដល់​យោបល់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ដោះស្រាយ​ប្រព័ន្ធ​ធារាសាស្ត្រ​ជា​បន្ទាន់ ពង្រឹង​ផលិតភាព​ផលិតផល​កសិកម្ម​បន្ថែម​ទៀត​ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ច​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។