អ្នក​ជំនាញ៖ រដ្ឋាភិបាល​មិន​សូវ​គិត​ពី​បញ្ហា​ប៉ះពាល់​បរិស្ថាន

0:00 / 0:00

អ្នក​ជំនាញ​ខាង​បរិស្ថាន​អន្តរជាតិ បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា អភិវឌ្ឍ​ប្រទេស រដ្ឋាភិបាល​គិត​ពី​បញ្ហា​ការ​បង្កើត​មុខ​របរ សហគ្រាស​នានា ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ផល​ប្រយោជន៍​ពី​គោលការណ៍​អភិវឌ្ឍន៍​នោះ រដ្ឋាភិបាល​មិន​សូវ​គិត​ពី​បញ្ហា​ប៉ះពាល់​បរិស្ថាន​ប៉ុន្មាន​ទេ។

បញ្ហា​នេះ ជា​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចេះ​ការពារ​បរិស្ថាន​ឲ្យ​បាន​ទាំងអស់​គ្នា។

អ្នក​ជំនាញ​ខាង​បរិស្ថាន​អន្តរជាតិ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៣ ឧសភា ថា ការ​អភិវឌ្ឍ​ប្រទេស​របស់​កម្ពុជា ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​ខ្លាំង​ជាង​គេ គឺ​ការ​អភិវឌ្ឍ​លើ​វិស័យ​ឧស្សាហកម្ម​និស្សារណកម្ម ដែល​បញ្ហា​នេះ​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​រួច​ហើយ​នៅ​លើ​សកលលោក។

អ្នក​គ្រប់គ្រង​កម្មវិធី និង​អ្នក​ជំនាញ​ជាន់​ខ្ពស់​ផ្នែក​ទឹក និង​បរិស្ថាន​នៃ​អង្គការ​ពិគ្រោះ​យោបល់​អន្តរជាតិ នីរ៉ាស់ (Niras) លោក​បណ្ឌិត ក្លាស់ សេនស្រ្តូម (Klas Sandstrom) មាន​ប្រសាសន៍​ថា ប្រទេស​មួយ​ចំនួន​នៅ​លើ​សកលលោក​បាន​អភិវឌ្ឍ​ប្រទេស​គិត​ពី​ផល​ប្រយោជន៍​ជា​មុន មិន​បាន​គិត​ពី​ផល​ប៉ះពាល់​បរិស្ថាន​ទេ។ លោក​បញ្ជាក់​ថា សម្រាប់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ក៏​មាន​លក្ខណៈ​ស្រដៀង​គ្នា​ដែរ។

បន្ថែម​ពី​លើ​នេះ​ទៀត លោក​បញ្ជាក់​ថា ផល​ប៉ះពាល់​បរិស្ថាន​ខ្លាំង​ជាង​គេ​នៅ​កម្ពុជា ក្នុង​ពេល​ខាង​មុខ​នោះ គឺ​ការ​អភិវឌ្ឍ​លើ​ធនធាន​រ៉ែ។

ការ​លើក​ឡើង​ដូច្នេះ នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​ដែល​មាន​យុវជន​ប្រមាណ ៥០​នាក់ ចូលរួម ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) នៅ​ថ្ងៃ​ទី២៣ ឧសភា នា​ទីក្រុង​ភ្នំពេញ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​បរិស្ថាន ដើម្បី​សុំ​បំភ្លឺ​អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៣ ឧសភា។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​យុវជន​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​បាន​ផ្ដល់​សិទ្ធិ​វិនិយោគ​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន លើ​វិស័យ​ឧស្សាហកម្ម​និស្សារណកម្ម រដ្ឋាភិបាល ឬ​ក្រុមហ៊ុន​ទទួល​សិទ្ធិ​វិនិយោគ​នោះ​មិន​បាន​ផ្ដល់​ព័ត៌មាន​ឲ្យ​ទូលំទូលាយ​ទេ។ ក្រុម​យុវជន​ទាំង​នោះ​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ធ្លាប់​បាន​ប្រកាស​ថា ក្រុមហ៊ុន ស៊ឺវរ៉ុន (Chevron) របស់​សហរដ្ឋ​អាមេរិក នឹង​បូម​យក​ដំណក់​ប្រេង​ដំបូង​នៅ​ថ្ងៃ​ទី១២ ខែ១២ ឆ្នាំ​២០១២ នៅ​វេលា​ម៉ោង​១២ ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​បាន​បរាជ័យ​ទៅ​វិញ។

និស្សិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សកលវិទ្យាល័យ​ខេមរៈ ឈ្មោះ ម៉ី វុទ្ធី មាន​ប្រសាសន៍​ថា ជា​រឿង​សំខាន់​ណាស់​ដែល​រដ្ឋាភិបាល​ត្រូវ​បង្ហាញ​អំពី​គម្រោង​អភិវឌ្ឍន៍​លើ​វិស័យ​ឧស្សាហកម្ម​និស្សារណកម្ម​នេះ ដើម្បី​ជៀសវាង​ពី​រឿង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​ការពារ​បរិស្ថាន។

និស្សិត​នៃ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ឈ្មោះ ជា គីរ៉ា បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ការ​អភិវឌ្ឍ​លើ​វិស័យ​ឧស្សាហកម្ម និង​និស្សារណកម្ម​នេះ កម្ពុជា នឹង​មាន​បញ្ហា​ច្រើន​ទៀត​ក្រៅ​ពី​បញ្ហា​បរិស្ថាន ទោះ​បី​ជា​រដ្ឋាភិបាល​កំពុង​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រេង​កាត និង​ឧស្ម័ន និង​ច្បាប់​ស្ដីពី​ការ​យក​ពន្ធ​លើ​ប្រាក់​ចំណូល​ប្រេង​កាត និង​ឧស្ម័ន​ក្ដី។

របាយការណ៍​របស់​អាជ្ញាធរ​ប្រេង​កាត​កម្ពុជា បាន​ឲ្យ​ដឹង​ថា កម្ពុជា មាន​អាង​សិលា​កម្ទេច​កំណ​ចំនួន​៨ ដែល​អាច​មាន​សក្ដានុពល​ប្រេង​កាត។ ហើយ​កម្ពុជា បាន​ខួង​រុក​រក​ប្រេង​កាត​ជា​លើក​ដំបូង​បង្អស់​នៅ​ឆ្នាំ​១៩៧២។

ប្រទេស​កម្ពុជា មាន ៦​ប្លុក នៅ​ដែន​សមុទ្រ ១៩​ប្លុក​នៅ​ដែន​គោក និង ៤​តំបន់​នៅ​តំបន់​ទាមទារ​ដែន​សមុទ្រ​ត្រួត​គ្នា​កម្ពុជា-ថៃ។ ដែន​គោក​កម្ពុជា មាន​ចំនួន ១៦​ប្លុក ដែល​មិន​ទាន់​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ស្វែង​រុក​រក​ប្រេង​កាត​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។