ក្រុមអង្គការសង្គមស៊ីវិល ឬបណ្ដាញការពារធនធានធម្មជាតិក្រៅរដ្ឋាភិបាល និងមន្ត្រីរដ្ឋាភិបាលកម្ពុជា ប្រារព្ធទិវាបរិស្ថានពិភពលោក ខួបលើកទី៤២ នាថ្ងៃទី៥ ខែមិថុនា នៅទីកន្លែងផ្សេងគ្នា និងមានប្រធានបទខុសគ្នា។
មន្ត្រីរដ្ឋាភិបាល រៀបចំទិវាបរិស្ថាននេះនៅខេត្តកែប ហើយក្រុមមន្ត្រីអង្គការសង្គមស៊ីវិល ប្រារព្ធទិវានេះនៅរាជធានីភ្នំពេញ និងឡោមព័ទ្ធដោយសមត្ថកិច្ចចម្រុះរដ្ឋាភិបាលរាប់សិបនាក់។
ការប្រារព្ធទិវាបរិស្ថានពិភពលោក ខួបលើកទី៤២ របស់បណ្ដាញការពារបរិស្ថានក្រៅរដ្ឋាភិបាលនៅភ្នំពេញ ត្រូវខកខានមិនបានដើរហែក្បួនយកញត្តិដាក់ជូនក្រសួងបរិស្ថាន ក្រសួងកសិកម្ម ស្ថានទូតចិន និងវៀតណាម តាមការគ្រោងទុកឡើយ។
ការខកខាននេះ ដោយសារសមត្ថកិច្ចពង្រាយកម្លាំងចម្រុះរារាំង និងដាក់រនាំងដែកបិទផ្លូវ។
បណ្ដាញព្រះសង្ឃ យុវជន បណ្ដាញសហគមន៍ការពារបរិស្ថាន និងសហគមន៍មានទំនាស់ដីធ្លី សរុបមានចំនួនជាង ២០ស្ថាប័ន និងមានចំនួនរាប់ពាន់នាក់ មកពីទីកន្លែងផ្សេងគ្នា ក៏បានប្ដូរទិសដៅខ្លះ ដោយប្រមូលផ្តុំគ្នារៀបចំទិវាបរិស្ថានពិភពលោក ខួបលើកទី៤២ ថ្ងៃទី៥ ខែមិថុនា នៅអតីតតំបន់ដីក្រហមក្រុងភ្នំពេញ ក្រោមប្រធានបទ "យើងរួមគ្នាការពារបរិស្ថាន"។ ចំណែកមន្ត្រីរដ្ឋាភិបាលវិញ ប្រារព្ធទិវានេះនៅខេត្តកែប ក្រោមប្រធានបទ "រួមគ្នាទប់ស្កាត់កំណើនកម្ពស់ទឹកសមុទ្រ"។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនទិញ ប្រធានបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ស្ថិតក្នុងចំណោមបណ្ដាញសហគមន៍ការពារបរិស្ថានជាង ២០ស្ថាប័នទៀត មានថេរដីកាថា បរិស្ថានកម្ពុជា អាចនឹងរលាយហិនហោច បើរដ្ឋាភិបាលបន្តគ្មានឆន្ទៈទប់ស្កាត់នាថ្ងៃអនាគត។ ព្រះអង្គបានរិះគន់រដ្ឋាភិបាលដែលដឹកនាំប្រទេសសព្វថ្ងៃ នាំឲ្យរលាយហិនហោចធនធានធម្មជាតិ មានមច្ឆាជាតិ ព្រៃឈើ សត្វព្រៃ និងធនធានរ៉ែ ជាដើម៖ «ចម្រើនពរ! បរិស្ថាន គឺជាអាយុជីវិត ជាផ្នែកមួយនៃជីវិតរបស់មនុស្ស។ ហើយបើមនុស្សមិនរួមចំណែកការពារជីវិតរបស់យើងទេ មានន័យថា យើងធ្វើឲ្យផ្នែកមួយនៃអាយុជីវិតរបស់យើងបាត់បង់ ហើយអាយុរបស់យើងក៏ខ្លី»។
ចំណែកក្រុមយុវជន និងបណ្ដាញសហគមន៍ការពារបរិស្ថានជាច្រើនស្ថាប័នទៀត ក៏បានបង្ហាញក្តីបារម្ភ ដែលបរិស្ថាន ឬធនធានធម្មជាតិ ត្រូវបំផ្លាញហិនហោច និងគ្មានការទប់ស្កាត់នៅកម្ពុជា។ បណ្ដាញការពារបរិស្ថានយល់ថា សកម្មភាពបំផ្លាញបរិស្ថាននៅកម្ពុជា ជាដើមហេតុនាំឲ្យកើតមានគ្រោះធម្មជាតិជាច្រើន មានដូចជា ការផ្លាស់ប្ដូររបបទឹកភ្លៀង ទឹកជំនន់ និងកំណើនសីតុណ្ហភាពឡើងខ្ពស់ ជាដើម៖ «យើងធ្វើពិធីហ្នឹង ដើម្បីឲ្យដឹងថា បរិស្ថាននៅកម្ពុជា យើងជិតបាត់បង់ហើយ។ អ៊ីចឹងយើងធ្វើពិធីហ្នឹងដើម្បីការពារ។ ខ្ញុំចង់បានពូជសត្វមានជីវិតមកវិញ ហើយយើងនាំគ្នាការពារព្រៃឈើ ដើម្បីឲ្យវារស់នៅ។ សត្វព្រៃផ្សេងៗហ្នឹង គឺចេញពីព្រៃអស់ហើយៗបើសិនជានៅតែបន្តកាប់បំផ្លាញតទៅទៀត ជាជម្រករបស់សត្វ គឺសត្វមានតែមកនៅទីក្រុងដូចអស់លោកដែរ»។
ដោយឡែក សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍បង្ហាញពីការសោកស្ដាយ ដែលរាជរដ្ឋាភិបាលកម្ពុជា មិនអាចធានានិរន្តរភាពបរិស្ថាននៅក្នុងកម្ពុជា បានគង់វង្ស។
លោក ម៉ៅ ពិសេស ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា បានរិះគន់ថា រដ្ឋាភិបាលមិនគ្រាន់តែមិនបានពង្រីកបរិមាណព្រៃឈើ និងការពារព្រៃឈើប៉ុណ្ណោះទេ ប៉ុន្តែបានអនុញ្ញាតឲ្យមានសកម្មភាពកាប់បំផ្លាញព្រៃឈើស្ទើររលាយហិនហោចនៅកម្ពុជា ទៅវិញ៖ «រាជរដ្ឋាភិបាលកម្ពុជា សព្វថ្ងៃ គឺមិនបានយកចិត្តទុកដាក់ក្នុងការការពារបរិស្ថាន ជាពិសេសការពារព្រៃឈើនោះទេ។ បរិស្ថានស្រុកខ្មែរបច្ចុប្បន្ននេះ កាន់តែអាក្រក់ទៅៗពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយយើងមើលឃើញប្រជាជនយើងដឹងទាំងអស់គ្នាហើយថា អាកាសធាតុក្តៅកាន់តែខ្លាំងទៅៗ ដែលយើងជាមនុស្សនៅលើផែនដី ពិបាកក្នុងការរស់នៅ។ ហើយនៅពេលដែលយើងមានទឹកជំនន់វិញ គឺទឹកជំនន់នោះវាអាក្រក់ទៅៗពីមួយឆ្នាំទៅមួយឆ្នាំ»។
ទិវានេះដែរ រាជរដ្ឋាភិបាលតាមរយៈក្រសួងក្រសួងបរិស្ថាន ក៏បានរៀបចំទិវាបរិស្ថានពិភពលោក នៅខេត្តកែប ក្រោមប្រធានបទ "រួមគ្នាទប់ស្កាត់កំណើនកម្ពស់ទឹកសមុទ្រ"។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានយកទិវានេះជំរុញ និងលើកទឹកចិត្តដល់ផ្នែកពាក់ព័ន្ធ និងប្រជាពលរដ្ឋ ចូលរួមការពារបរិស្ថានឲ្យបានគង់វង្ស។ ជាមួយគ្នានេះ លោកទទួលស្គាល់ថា ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុទាំងក្នុងប្រទេស និងលើសកលលោក មានដូចជា ការកើនកម្ដៅនៃភពផែនដី គ្រោះរាំងស្ងួត រដូវកាលមិនទៀងទាត់ គ្រោះទឹកជំនន់ និងខ្យល់ព្យុះ ជាដើម។ បញ្ហានេះ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋ ឬស្ថាប័ននានា ត្រូវចូលរួមការពារបរិស្ថាន អភិរក្សជីវចម្រុះ និងប្រើប្រាស់ធនធានធម្មជាតិឲ្យស្របតាមកម្មវិធីបរិស្ថានសហប្រជាជាតិ នាថ្ងៃអនាគត។
យ៉ាងនេះក្តី ក្រុមបណ្ដាញសហគមន៍ការពារបរិស្ថាន ទទូចដល់រដ្ឋាភិបាល ពិសេសក្រសួងបរិស្ថាន ត្រូវដាក់ចេញនូវកម្មវិធីការពារបរិស្ថានរបស់ខ្លួន ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពជាជាងមានតែក្នុងកម្មវិធី ឬនៅលើក្រដាស ប៉ុន្តែគ្មានការអនុវត្ត។
ទាក់ទិនបញ្ហានេះដែរ អ្នកជំនាញសិទ្ធិមនុស្សឯករាជ្យ នៃអង្គការសហប្រជាជាតិ លោក John knox ក៏បានទាមទារឲ្យបណ្ដាប្រទេសនានានៅលើពិភពលោក ត្រូវបំពេញតួនាទីក្នុងការគោរពសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងការពារបរិស្ថាន។ អ្នកជំនាញរូបនេះ បានជំរុញដល់រដ្ឋទាំងឡាយ ត្រូវការពារសកម្មជនសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធនឹងបរិស្ថាន ដើម្បីធានាការគោរពសិទ្ធិមនុស្សសម្រាប់ទាំងអស់គ្នា។
លោកបន្តថា វិបត្តិបរិស្ថាន រួមមាន វិបត្តិបណ្ដាលមកពីការប្រែប្រួលបរិយាកាស ការបំផ្លាញព្រៃឈើ ខ្យល់ និងទឹកកខ្វក់ ឥទ្ធិពលនៃសារធាតុពុលផ្សេងៗ បានធ្វើឲ្យប៉ះពាល់ដល់ជីវភាព និងសិទ្ធិក្នុងការរស់នៅ សិទ្ធិរស់នៅស្អាត សិទ្ធិមានសុខភាពល្អ និងសិទ្ធិជាមូលដ្ឋាននៃការរស់នៅ។ ដូច្នេះ រដ្ឋនីមួយៗគួរធ្វើយ៉ាងណាធានាឲ្យបាននូវចិរភាពបរិស្ថាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
