ក្រុម​ការងារ​គ្រោង​បញ្ចប់​គោលការណ៍​ស្ដីពី​ហេតុផល​ប៉ះពាល់​បរិស្ថាន​នៅ​ដើម​ឆ្នាំ​២០១៧

ដោយ អ៊ុំ រង្សី
2016.10.28
ស៊ូ សាវុធ ៨៥៥ សេចក្ដី​ព្រាង​គោលការណ៍​ណែនាំ​ថ្នាក់​តំបន់​ស្ដីពី​ការ​វាយ​តម្លៃ​ហេតុផល​ប៉ះពាល់​បរិស្ថាន នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
RFA/Um Raingsy

មន្ត្រី​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល លើក​ឡើង​ថា គោលការណ៍​ណែនាំ​ថ្នាក់​តំបន់​ស្ដីពី​ការ​វាយ​តម្លៃ​ហេតុផល​ប៉ះពាល់​បរិស្ថាន​ដែល​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៥ ដោយ​ក្រុម​ការងារ​បច្ចេកទេស​ថ្នាក់​តំបន់​មក​ពី​ស្ថាប័ន​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​នៃ​ប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង​វៀតណាម គ្រោង​នឹង​បញ្ចប់ ហើយ​ដាក់​ជូន​រដ្ឋាភិបាល​ប្រទេស​របស់​ខ្លួន​នៅ​ដើម​ឆ្នាំ​២០១៧ ខាង​មុខ​នេះ។

ក្រសួង​បរិស្ថាន និង​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​កិច្ច​ការពារ​បរិស្ថាន ចាត់​ទុក​គោលការណ៍​ណែនាំ​ថ្នាក់​តំបន់​ស្ដីពី​ការ​វាយ​តម្លៃ​ហេតុផល​ប៉ះពាល់​បរិស្ថាន​មាន​សារសំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​ចូលរួម​ជា​សាធារណៈ​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​ដំណើរការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ក្នុង​តំបន់​មេគង្គ។

ការ​លើក​ឡើង​របស់​ក្រសួង​បរិស្ថាន និង​សង្គម​ស៊ីវិល នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដីពី​សេចក្ដី​ព្រាង​គោលការណ៍​ណែនាំ​ថ្នាក់​តំបន់​ស្ដីពី​ការ​វាយ​តម្លៃ​ហេតុផល​ប៉ះពាល់​បរិស្ថាន​ដែល​រៀបចំ​ឡើង​នា​ថ្ងៃ​ទី​២៨ ខែ​តុលា។

អនុ​រដ្ឋលេខាធិការ​នៃ​ក្រសួង​បរិស្ថាន លោក ស៊ូ សាវុធ មាន​ប្រសាសន៍​ថា គោលការណ៍​ណែនាំ​ស្ដីពី​ការ​វាយ​តម្លៃ​ហេតុផល​ប៉ះពាល់​បរិស្ថាន​ដែល​មាន ១១​ជំពូក គឺ​ជា​គោលការណ៍​ដែល​ជួយ​ឲ្យ​មាន​ការ​ចូលរួម​ពី​សាធារណជន​ក្នុង​ការ​កសាង​អភិវឌ្ឍន៍​លើ​គម្រោង​នានា។ ជាង​នេះ​ទៀត ប្រសិនបើ​រោងចក្រ សហគ្រាស ក្រុមហ៊ុន​ណា​មួយ​ធ្វើ​ការ​អភិវឌ្ឍ​នៅ​តំបន់​ណា​មួយ ហើយ​ប៉ះពាល់​បរិស្ថាន ពលរដ្ឋ​អាច​ចូលរួម​ផ្ដល់​យោបល់​បញ្ឈប់​សកម្មភាព​នោះ ឬ​ស្នើ​ឲ្យ​មាន​ការ​អភិវឌ្ឍ​អ្វី​ទៀត​នៅ​តំបន់​នោះ​បាន។

អនុ​រដ្ឋលេខាធិការ​នៃ​ក្រសួង​បរិស្ថាន​រូប​នេះ អះអាង​ថា គោលការណ៍​នេះ​នឹង​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​បាន​ដឹង​ពី​អ្វី​ដែល​មិន​ឱ្យ​ប៉ះពាល់ ឬ​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​នៅ​កម្ពុជា៖ «វា​ជា​លក្ខណៈ​មួយ​ចាំបាច់​ដែល​ក្រសួង​បរិស្ថាន និង​រដ្ឋាភិបាល ត្រូវ​តែ​យក​ចិត្ត​ទុកដាក់ និង​ត្រូវ​តែ​បំពេញ​លក្ខខណ្ឌ​នេះ ព្រោះ​ការ​ចូលរួម​សាធារណៈ វា​ពាក់ព័ន្ធ​នឹង​ជីវិត​រស់​នៅ​ពិត​ប្រាកដ​របស់​ពលរដ្ឋ​យើង ដូច្នេះ​យើង​ត្រូវ​តែ​សិក្សា​ឲ្យ​បាន​ម៉ត់ចត់ មុន​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​អភិវឌ្ឍ​នៅ​តំបន់​ណា​មួយ ហេតុ​នេះ​ត្រូវ​មើល​ទៅ​លើ​គោលការណ៍​នេះ​ជា​ចាំបាច់»

នាយក​វេទិកា​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum) លោក តឹក វណ្ណារ៉ា ថ្លែង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដីពី​សេចក្ដី​ព្រាង​គោលការណ៍​ណែនាំ​ថ្នាក់​តំបន់​ស្ដីពី​ការ​វាយ​តម្លៃ​ហេតុផល​ប៉ះពាល់​បរិស្ថាន នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
នាយក​វេទិកា​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum) លោក តឹក វណ្ណារ៉ា ថ្លែង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដីពី​សេចក្ដី​ព្រាង​គោលការណ៍​ណែនាំ​ថ្នាក់​តំបន់​ស្ដីពី​ការ​វាយ​តម្លៃ​ហេតុផល​ប៉ះពាល់​បរិស្ថាន នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
RFA/Um Raingsy

នាយក​វេទិកា​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum) លោក តឹក វណ្ណារ៉ា ដែល​ជា​សមាជិក​ក្រុម​ការងារ​បច្ចេកទេស​តំណាង​ឲ្យ​សង្គម​ស៊ីវិល​កម្ពុជា លើក​ឡើង​ដែរ​ថា គោលការណ៍​នេះ​នៅ​មាន​ភាព​ខ្វះ​ចន្លោះ​មួយ​ចំនួន ដូចជា​ពាក្យពេចន៍ ដូច្នេះ​ត្រូវ​ទុក​ពេល​មួយ​ចំនួន​សម្រាប់​ឱ្យ​សង្គម​ស៊ីវិល​ផ្ដល់​យោបល់​បន្ថែម​ទៀត។ លោក​បន្ត​ថា គោលការណ៍​ដែល​នឹង​បញ្ចប់​នៅ​ដើម​ឆ្នាំ​២០១៧ នេះ គឺ​ជា​សូចនាករ​មួយ​មាន​សារសំខាន់​ណាស់​សម្រាប់​កម្ពុជា ដែល​ធានា​ការ​ការពារ​បរិស្ថាន ធានា​ឱ្យ​មាន​តុល្យភាព​ក្នុង​ការ​អភិវឌ្ឍ និង​ការ​អភិរក្ស ពិសេស​របាយការណ៍​ប៉ះពាល់​បរិស្ថាន​ដ៏​ត្រឹមត្រូវ​មួយ​ពី​សាធារណជន៖ «ការ​ចូលរួម​របស់​សាធារណជន វា​មាន​សារសំខាន់​ណាស់​ក្នុង​កិច្ច​ការពារ​បរិស្ថាន ដើម្បី​ធានា​ថា របាយការណ៍​ហេតុ​ផល​ប៉ះពាល់​បរិស្ថាន​គឺ​ត្រូវ​បាន​ផលិត​ចេញ​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ ដែល​រស់​នៅ​តំបន់​គម្រោង និង​ជុំវិញ​គម្រោង​អភិវឌ្ឍន៍​នោះ ដែល​មិន​ធ្វើ​ប៉ះពាល់​ដល់​សង្គម និង​ធនធាន​ធម្មជាតិ»

​មន្ត្រី​ក្រសួង​បរិស្ថាន​ក្រៅ​ពី​អះអាង​ថា គោលការណ៍​ណែនាំ​ថ្នាក់​តំបន់​ស្ដីពី​ការ​វាយ​តម្លៃ​ហេតុផល​ប៉ះពាល់​បរិស្ថាន នឹង​បញ្ចប់​នៅ​ដើម​ឆ្នាំ​២០១៧ ខាង​មុខ​នេះ។ សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ មន្ត្រី​ក្រសួង​បរិស្ថាន​ក៏​អះអាង​ថា ក្រសួង​បរិស្ថាន​ក៏​នឹង​ឈាន​ទៅ​បញ្ចប់​ច្បាប់​មួយ​មាន​ឈ្មោះ​ថា "ក្រម​បរិស្ថាន" នឹង​ធ្វើ​ឲ្យ​ចេញ​នៅ​ចុង​ឆ្នាំ​នេះ ដើម្បី​ឲ្យ​កិច្ច​ការពារ​រាល់​ធនធាន​ធម្មជាតិ​មាន​ប្រសិទ្ធភាព ហើយ​លោក​ថា "ក្រម​បរិស្ថាន" នេះ នឹង​ក្លាយ​ជា​មគ្គុទ្ទេសក៍​សម្រាប់​ស្ថាបនា និង​គ្រប់គ្រង​បរិស្ថាន​នៅ​កម្ពុជា ឲ្យ​មាន​និរន្តរភាព។

ទោះ​បី​ជា​យ៉ាង​ណា សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​មក​ពី​អង្គការ​សហប្រជាជាតិ និង​ការិយាល័យ​សន្តិសុខ​ស្បៀង និង​បរិស្ថាន​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក (USAID) ដែល​មាន​វត្តមាន​ក្នុង​សិក្ខាសាលា​នោះ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល ពិសេស​ក្រសួង​បរិស្ថាន ពង្រឹង​ច្បាប់​បរិស្ថាន​ដែល​មាន​ស្រាប់​ឲ្យ​មាន​តម្លាភាព និង​ប្រសិទ្ធភាព ដើម្បី​ដោះស្រាយ​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។