អ្នក​ជំនាញ​ចុះ​ពិនិត្យ​បរិស្ថាន​និង​ស្ថានភាព​រស់​នៅ​របស់​ពលរដ្ឋ​ឃុំ​ឆ្នុកទ្រូ​ខេត្ត​កំពង់ឆ្នាំង

ដោយ ជិន ជេដ្ឋា
2017.03.18
ឆ្នុក​ទ្រូ ៨៥៥ ២០១៧ សកម្មភាព​រស់​នៅ​របស់​អ្នក​ភូមិ​បណ្ដែតទឹក ក្នុង​ឃុំ​ឆ្នុកទ្រូ ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Chin Chetha
RFA/Chin Chetha

ក្រុម​អ្នក​ជំនាញ​នៃ​សាកលវិទ្យាល័យ​អន្តជាតិ​ល្បីៗ​ចំនួន​៧ រួម​ទាំង​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ផង ចង់​ឃើញ​ការ​អភិវឌ្ឍ​វិស័យ​អគ្គិសនី​ប្រកប​ដោយ​និរន្តរភាព និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​ការ​រស់​នៅ​របស់​ពលរដ្ឋ​នៅ​តាម​ដង​ទន្លេសាប និង​ទន្លេ​មេគង្គ។ គេ​បារម្ភ​ថា អ្នក​រស់​នៅ​ផ្នែក​ខាង​ក្រោម​ទន្លេ​មេគង្គ នឹង​ប៉ះពាល់​បើ​ទំនប់​វារីអគ្គិសនី​ណា​មួយ​ត្រូវ​បាន​បង្កើត ហើយ​សិក្សា​មិន​ច្បាស់​លាស់។

សាស្ត្រាចារ្យ និង​និស្សិត​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​ប្រមាណ ៤០​នាក់ នាំ​គ្នា​ជិះ​ទូក​ម៉ាស៊ីន​បី​គ្រឿង​ប្រដាប់​ដោយ​អាវ​ពោង និង​ម៉ាស៊ីន​ថត​រូប ចុះ​សិក្សា​អំពី​សក្ដានុពល​សេដ្ឋកិច្ច និង​ស្ថានភាព​រស់​នៅ​របស់​ពលរដ្ឋ​ក្នុង​ឃុំ​ឆ្នុកទ្រូ ខេត្ត​កំពង់ឆ្នាំង កាល​ពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​មីនា។ ក្រុម​នេះ​បាន​រក​ឃើញ​ថា ពលរដ្ឋ​ស្ទើរ​ទាំង​អស់​នៅ​តំបន់​ឆ្នុកទ្រូ ពឹង​ផ្អែក​លើ​ផល​ត្រី និង​ដំណាំ​រួមផ្សំ។

ប្រធាន​ដេប៉ាតឺម៉ង់​គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធាន​ធម្មជាតិ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក​បណ្ឌិត សៀក សូផាត ដែល​ជា​សហ​ដឹកនាំ​ក្រុម​អ្នក​សិក្សា​នេះ​ថ្លែង​ថា លោក​ចង់​ឲ្យ​អ្នក​ចូល​រួម​ទាំង​អស់​ដឹង​ពី​ស្ថានភាព​ទូទៅ​នៃ​ផ្ទៃ​បឹង​ទន្លេ​សាប​ឋិត​នៅ​ប៉ែក​ខាង​ក្រោម​ទន្លេ​មេគង្គ។ ពួកគេ​បាន​ឃើញ​ពី​ចរន្ត​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​លើ​ផ្ទៃ​ទឹក​តាម​រយៈ​ការ​លក់ដូរ​បន្លែ​ផ្លែឈើ និង​ផល​នេសាទ៖ «សំខាន់​យើង​ឲ្យ​គាត់​មក​ស្វែង​យល់ អ៊ីចឹង​អ្វី​ដែល​គាត់​វាយ​តម្លៃ​យ៉ាង​ម៉េច​ហ្នឹង គឺ​ស៊ីសង​លើ​ការ​អង្កេត​របស់​អ្នក​ចូល​រួម​ជនជាតិ​បរទេស​នីមួយៗ។ ទន្លេ​មេគង្គ និង​ទន្លេ​សាប​មាន​ទំនាក់ទំនង​គ្នា​ឲ្យ​គាត់​មក​ឃើញ​ឲ្យ​បាន​ច្បាស់លាស់។ ទី​២​ទៀត អាច​មើល​ទូទៅ​នៃ​សកម្មភាព​នេសាទ និង​ធ្វើ​ហៅ​ថា ពាណិជ្ជកម្ម​ត្រី​ជា​តំណាង​ឲ្យ​ទន្លេ​សាប​ទាំង​មូល​ហើយ អា​ហ្នឹង​សកម្មភាព​នៅ​កន្លែង​វា​ស្រដៀង​គ្នា​ទេ»

លោក សៀក សូផាត បន្ថែម​ថា សកម្មភាព​ចុះ​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន​ទឹក និង​ការ​អភិវឌ្ឍ​លើ​វិស័យ​វារីអគ្គិសនី​ដូច​គ្នា បាន​ធ្វើ​កាល​ពី​ឆ្នាំ​២០១០ ម្ដង​រួច​ហើយ​នៅ​សាកលវិទ្យាល័យ​កាន់ថឺ ប្រទេស​វៀតណាម។ ការ​ចុះ​សិក្សា​ដូច​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ចងក្រង​ឯកសារ​ទុក​ដើម្បី​ងាយ​ដល់​អ្នក​ធ្វើ​គោលនយោបាយ ឬ​អ្នក​វាយ​តម្លៃ​ផល​ប៉ះពាល់​សង្គម ឬ​បរិស្ថាន​យក​ធ្វើ​ជា​អំណះអំណាង។

ចំណែក​អ្នក​ដឹកនាំ​ក្រុម និង​ជា​សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ​មួយ​នៅ​សហរដ្ឋអាមេរិក លោក អាលែន ផតឃីន (Alan Potkin) ផ្ដល់​អនុសាសន៍​ថា រដ្ឋាភិបាល ជាពិសេស​ពលរដ្ឋ​ដែល​រស់​នៅ​តាម​ដង​ទន្លេ ត្រូវ​ដឹង​ឲ្យ​បាន​ច្បាស់​ពី​ការ​ប្រែប្រួល​ចរន្ត​ទឹក និង​បរិស្ថាន​ពេល​ទំនប់​វារីអគ្គិសនី​ត្រូវ​បាន​បង្កើត​ឡើង។ រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​មាន​ការ​សិក្សា​ច្បាស់លាស់​មុន​នឹង​ធ្វើ​ទំនប់​ណា​មួយ៖ «មនុស្សម្នា​ទើប​នាំ​គ្នា​គិត​ពី​រឿង​នេះ ហើយ​គ្មាន​ការ​សម្របសម្រួល​ណា​មួយ​សោះ​ឡើយ​ក្នុង​ចំណោម​ក្រុមហ៊ុន​នានា នៅ​ក្នុង​បណ្ដា​ទេស​ដែល​មាន​គម្រោង​ទំនប់​វារីអគ្គិសនី ហើយ​ខ្ញុំ​មិន​គិត​ថា រដ្ឋាភិបាល​កម្ពុជា បាន​គិតគូរ​ដល់​ការ​ប្រែប្រួល​នៃ​លំហូរ​ទឹក​ក្នុង​ដង​ទន្លេ​មេគង្គ ដែល​មាន​សារសំខាន់​ខ្លាំង​ដល់​ការ​រក្សា​តុល្យភាព​នៃ​ប្រពន្ធ​អេកូឡូស៊ី ការ​នេសាទ​ត្រី និង​ជីវភាព​រស់នៅ​របស់​មនុស្ស​ដែល​អាស្រ័យ​ផល​ពី​បឹង​ទន្លេ​សាប​ឡើយ។ ទន្លេ​សាប​មាន​សារសំខាន់​ខ្លាំង​ណាស់​ក្នុង​វិស័យ​ជលផល​សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍»

រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០០៣ បាន​កំណត់​ទីតាំង​ដែល​មាន​សក្ដានុពល​សម្រាប់​ការ​អភិវឌ្ឍ​ថាមពល​វារីអគ្គិសនី​ចំនួន ៦០​កន្លែង​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​ទីតាំង​ទាំង​នោះ​ភាគច្រើន​ស្ថិត​នៅ​តាម​ដង​ទន្លេ​មេគង្គ និង​ដៃ​ទន្លេ​មេគង្គ។

ក្រសួង​រ៉ែ និង​ថាមពល នៅ​ពេល​ថ្មីៗ​នេះ​បញ្ជាក់​ពី​ឆន្ទៈ​របស់​រដ្ឋាភិបាល​ថា នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​គម្រោង​វិនិយោគ​នៅ​តាម​ដង​ទន្លេ​នោះ​ទេ ប្រសិន​បើ​វា​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រជាជន និង​បរិស្ថាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។