អ្នក​ជំនាញ​កសិកម្ម​ជំរុញ​ឲ្យ​ពលរដ្ឋ​បង្កើន​ការ​ប្រើប្រាស់​ឡ​ជីវឧស្ម័ន

0:00 / 0:00

អ្នក​ជំនាញ​កសិកម្ម និង​បរិស្ថាន ណែនាំ​ឲ្យ​ពលរដ្ឋ​ចូលរួម​បង្កើន​អនាម័យ ដោយ​បង្កើន​ការ​ប្រើប្រាស់​ឡ​ជីវឧស្ម័ន ព្រោះ​ឡ​ជីវឧស្ម័ន​មាន​ប្រយោជន៍​ជាច្រើន និង​ជួយ​សន្សំ​សំចៃ​ថវិកា​គ្រួសារ​ទៀត​ផង។

មន្ត្រី​សម្រប​សម្រួល​គម្រោង​ឡ​ជីវឧស្ម័ន​នៃ​អង្គការ​សេដាក (CEDAC) លោក ឃិន ដារ៉ាវុធ ឲ្យ​ដឹង​ថា ការ​ប្រើប្រាស់​ឡ​ជីវឧស្ម័ន អាច​ជួយ​ឲ្យ​កសិករ​ទទួល​បាន​នូវ​ផល​ប្រយោជន៍​ជាច្រើន គឺ​ជួយ​សម្អាត​បរិវេណ​លំនៅឋាន​ឲ្យ​មាន​អនាម័យ រស់នៅ​មាន​សុខភាព​ល្អ និង​បំប្លែង​លាមក​សត្វ​ចិញ្ចឹម​ទៅ​ជា​សារធាតុ​មាន​ប្រយោជន៍​ទៀត​ផង។

លោក​បន្ត​ថា ដើម្បី​រួម​ចំណែក​ក្នុង​ការ​ថែ​រក្សា​បរិស្ថាន និង​សុខភាព កសិករ​គួរ​ប្រមូល​លាមក​សត្វ​ទុក​ក្នុង​ឡ​ជីវឧស្ម័ន។ ឡ​ជីវឧស្ម័ន វា​ជា​ឧបករណ៍​បំប្លែង​លាមក​ក្លាយ​ជា​ហ្គាស៍ សម្រាប់​ចម្អិន​អាហារ និង​ក្លាយ​ជា​ថាមពល​សម្រាប់​បំភ្លឺ។ លោក​អះអាង​ថា អ្នក​មាន​ឡ​ជីវឧស្ម័ន​ចំណេញ ព្រោះ​មិន​ទិញ​ឧស មិន​ទិញ​អគ្គិសនី ហើយ​បរិស្ថាន​នៅ​ជុំវិញ​គេហដ្ឋាន គឺ​ស្អាត។

លោក ឃិន ដារ៉ាវុធ បន្ត​ថា បច្ចុប្បន្ន​មាន​ពលរដ្ឋ ១២​ខេត្ត កំពុង​តែ​បង្កើន​ការ​ប្រើប្រាស់​ឡ​ជីវឧស្ម័ន​ចំនួន ២​ម៉ឺន ២​ពាន់​ឡ ដែល​កម្មវិធី​ជាតិ​ឡ​ជីវឧស្ម័ន​បាន​សង់​ឲ្យ​រួច​ហើយ​ចំនួន ៨​ខេត្ត និង​អង្គការ​សេដាក ចុះ​អប់រំ​កសិករ​ចិញ្ចឹម​សត្វ ៤​ខេត្ត ឲ្យ​សង់​ឡ​បាន​ចំនួន ៦.៩២២​ឡ​ថែម​ទៀត។ លោក​ថា កសិករ​ដែល​សង់​ឡ​ជីវឧស្ម័ន​នោះ យក​កាក​ហូរ​ចេញ​ពី​ឡ​ទៅ​ធ្វើ​ជា​ជីកំប៉ុស​ដាំ​ដំណាំ៖ «ហើយ​មួយ​ទៀត រឿង​បរិស្ថាន ព្រោះ​បើ​យើង​មាន​ឡ​ជីវឧស្ម័ន គឺ​យើង​កាត់​បន្ថយ ការ​កាប់​ព្រៃ​ឈើ អ៊ីចឹង​បើ​សិន​ជា​យើង​បន្ថយ​ការ​កាប់​ព្រៃ​ឈើ នាំ​ឲ្យ​បរិស្ថាន​យើង​ល្អ តាម​រយៈ​ការ​ស្រូប​យក​នូវ​ឧស្ម័ន​កាបូនិក​របស់​ព្រៃ​ឈើ​ហ្នឹង អ៊ីចឹង​វា​ជួយ​កាត់​បន្ថយ​ទាក់ទង​នឹង​ឧស្ម័ន​កាបូនិក ឬ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ហ្នឹង»

លោក​បន្ត​ថា អ្នក​ប្រើប្រាស់​ឡ​ជីវឧស្ម័ន​ទទួល​បាន​ផល​ប្រយោជន៍​សំខាន់​៤ គឺ​ទី​១ សេដ្ឋកិច្ច​គ្រួសារ​មិន​ចំណាយ​លុយ​លើ​ឧស លើ​ភ្លើង​អគ្គិសនី។ ទី​២ ប្រយោជន៍​ដល់​សង្គម គឺ​ម្ចាស់​ឡ​មាន​ពេល​អាច​ចូលរួម​ប្រជុំ​ក្នុង​ឃុំ​សង្កាត់ ឬ​ជួយ​ធ្វើ​ការ​ផ្សេងៗ​ក្នុង​មូលដ្ឋាន។ ទី​៣ ប្រយោជន៍​ដល់​បរិស្ថាន គឺ​បន្ថយ​ការ​កាប់​ព្រៃ​ឈើ ហើយ​ទុក​ឲ្យ​ដើម​ឈើ​ស្រូប​យក​កាបូន ឬ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ហៅ​ថា​ឧស្ម័ន​កាបូនិក​ពី​បរិយាកាស និង​ទី​៤ ប្រយោជន៍​លើ​សុខភាព គឺ​លាមក​សត្វ​ត្រូវ​បាន​ប្រមូល​ទុក​ដាក់​ក្នុង​ឡ។ បន្ថែម​លើ​នោះ ផ្ទៃ​ដី​កសិកម្ម​នឹង​បន្ថយ​សារធាតុ​គីមី។

លោក ឃិន ដារ៉ាវុធ៖ «ក៏ប៉ុន្តែ​រឿង​បរិស្ថាន​មួយ​ទៀត​ដែរ គឺ​នៅ​ពេល​ដែល​យើង​មាន​ឡ គឺ​កសិករ​គាត់​ឈប់​ទិញ​ជី​គីមី ឬ​កាត់​បន្ថយ ឬ​អាច​ឈាន​ទៅ​ឈប់​ទិញ​ជី​គីមី ដើម្បី​យក​មក​ប្រើប្រាស់​លើ​ដី​កសិកម្ម​របស់​គាត់ តាម​រយៈ​គាត់​ប្រើប្រាស់​កាក​សំណល់​ឡ​ជីវឧស្ម័ន ដែល​គាត់​ទទួល​បាន ដូច​បញ្ជាក់​អ៊ីចឹង ថា​នៅ​ក្នុង​ឡ​មួយ បើ​សិន​ជា​គាត់​ធម្មតា​គាត់​គ្មាន​ឡ គាត់​ប្រមូល​លាមក​គោ ឬ​ក៏​ជី​ធម្មជាតិ និង​បាន​តែ​ជុំវិញ ២ ទៅ ៤​តោន​ទេ តែ​បើ​សិន​ជា​គាត់​មាន​ឡ គាត់​ជាង​ប្រមូល​រហូត​ដល់​លើស​ពី ១៥​តោន​ក្នុង​១​ឆ្នាំ។ អ៊ីចឹង បើ​សិន​ជាច្រើន​នៅ​ក្នុង​កម្រិត​ហ្នឹង គឺ​ធ្វើ​ឲ្យ​ពី ១​ឆ្នាំ​ទៅ ១​ឆ្នាំ ដី​ស្រែ​របស់​គាត់​កាន់​តែ​ល្អ​ឡើងៗ។ អ៊ីចឹង ទាក់ទង​នឹង​រឿង​ការ​ទិញ​ជី​គីមី ក៏​វា​ត្រូវ​តែ​កាត់​បន្ថយ​ផង​ដែរ។ ហើយ​មួយ​ទៀត ទាក់ទង​រឿង​សុខភាព យើង​ដឹង​ហើយ កាល​ណា​គាត់​មាន​ឡ គឺ​គាត់​អត់​ប្រឈម​នឹង​ផ្សែង​ពុល​ទេ ហើយ​ផ្ទះ​បាយ​គាត់​ស្អាត។ ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ ឡ​ជីវឧស្ម័ន​ជួយ​បាន​ច្រើន ពេល​ដែល​យើង​មាន​ឡ គឺ​យើង​បាន​ប្រមូល​នូវ​ឧស្ម័ន​កាបូនិក​ដែល​ជា​ឧស្ម័ន​ពុល ឧស្ម័ន​សម្រាប់​ធ្វើ​ឲ្យ​ខូច និង​កើន​ឡើង​នូវ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ហ្នឹង។ អ៊ីចឹង​យក​ទៅ​ដុត​ចោល​ទី​១ ហើយ​ទី​២ នៅ​ពេល​ដែល​គាត់​មាន​ឡ​ជីវឧស្ម័ន គឺ​ចូលរួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ការ​កាប់​ព្រៃ​ឈើ។ បើ​គាត់​មាន​ឡ គាត់​លែង​កាប់​ឧស កាប់​អី ដុត​ហើយ បើ​អ៊ីចឹង គាត់​មាន​តែ​ដុត​នៅ​ឡ​ជីវឧស្ម័ន​ហ្នឹង នាំ​ឲ្យ​ព្រៃ​ឈើ​ស្រស់​បំព្រង​ឡើង​វិញ ព្រៃ​ឈើ​ជា​រុក្ខជាតិ​ដ៏​សំខាន់​សម្រាប់​ស្រូប​យក​នូវ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​ឧស្ម័ន​កាបូនិក ដើម្បី​ទប់ស្កាត់​ទាក់ទង​នឹង​ឧស្ម័ន​ផ្ទះ​កញ្ចក់​ហ្នឹង​នេះ គឺ​ជា​កត្តា​សំខាន់​បំផុត​ទាក់ទង​នឹង​ឡ​ជីវឧស្ម័ន»

ម្ចាស់​ឡ​ជីវឧស្ម័ន​នៅ​ខេត្ត​កំពត លោក អ៊ួន សុផល អះអាង​ថា ក្រោយ​ពី​គាត់​សង់​ឡ​ជីវឧស្ម័ន​មក ប្រាក់​ចំណាយ​ទៅ​លើ​ការ​ទិញ​ជី​គីមី និង​ថ្នាំ​ពុល​កសិកម្ម​សម្រាប់​ការ​ដាំ​ដំណាំ​កសិកម្ម គឺ​គ្មាន ហើយ​ដី​ដាំ​ដុះ​ចេះ​តែ​ល្អ​ឡើង នាំ​ឲ្យ​ទិន្នផល​ដំណាំ​កើន​ផល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដោយសារ​ការ​ប្រើ​កាក​សំណល់​លាមក​សត្វ ដែល​ហូរ​ចេញ​ពី​ឡ​ជីវឧស្ម័ន​ក្រោយ​ការ​បំប្លែង​ជា​ហ្គាស៍​សម្រាប់​ចម្អិន​អាហារ និង​បំភ្លឺ​នៅ​ពេល​យប់​រួច​មក។ លោក​អះអាង​ទៀត​ថា ប្រាក់​សន្សំ​ពី​ការ​មិន​ទិញ​ជីគីមី និង​ថ្នាំ​ពុល​កសិកម្ម​នេះ គាត់​យក​ទៅ​ជួល​គេ​ជីក​ស្រះ និង​ទិញ​លូ​ធំៗ ដើម្បី​ស្តុក​ទឹក​សម្រាប់​បង្កើន​ការ​ដាំ​ដុះ ទោះ​បី​ឆ្នាំ​២០១៤ នៅ​ក្នុង​ខេត្ត​កំពត ទឹក​ភ្លៀង​ធ្លាក់​មិន​បាន​ច្រើន ក៏​ទឹក​ដែល​គាត់​ស្តុក​ទុក​អាច​ធ្វើ​ឲ្យ​ស្រូវ និង​ដំណាំ​ចម្ការ​មិន​ខ្វះ​ទឹក​ដែរ។

លោក អ៊ួន សុផល៖ «ការ​សន្សំ​ជី ក៏​វា​ជា​ការ​ជួយ​ដល់​ការ​បម្រែបម្រួល​អាកាសធាតុ​ដែរ ដើម្បី​ឲ្យ​វា​ជួយ​ដល់​ជីជាតិ​ដី កាល​ណា​យើង​សន្សំ​ជី​បាន​ទៅ យើង​យក​ជី​ហ្នឹង​ប្រើប្រាស់​លើ​ដី​នៅ​ពេល​ហ្នឹង គឺ​ធ្វើ​ឲ្យ​ដី​យើង​វា​មាន​ជីជាតិ​ល្អ មាន​រក្សា​នូវ​សំណើម យើង​ដាំ​ដំណាំ​ផ្សេងៗ គឺ​វា​ធន់​នឹង​កម្ដៅ ដោយ​មិន​បាច់​ប្រើប្រាស់​ទឹក​ច្រើន តែ​បើ​សិន​ជា​យើង​មិន​ប្រើប្រាស់​ជី​ធម្មជាតិ​ទេ យើង​ប្រើប្រាស់​ជី​គីមី គឺ​ធ្វើ​ឲ្យ​ដី​ហ្នឹង​វា​ឆាប់​ស្ងួត អ៊ីចឹង​គឺ​យើង​ត្រូវ​ការ​ទឹក​ច្រើន។ នេះ​ក៏​ជា​ការ​ជួយ​ក្នុង​ការ​សន្សំ​ទឹក​មួយ​ដែរ ហើយ​ធ្វើ​ឲ្យ​ទិន្នផល​ក៏​បាន​កើន​ឡើង​តាម​រយៈ​ហ្នឹង​ដែរ ធ្វើ​ឲ្យ​សុខភាព​យើង​ក៏​ល្អ ដោយសារ​ហូប​ផលិតផល​ល្អ អ៊ីចឹង​ក៏​យើង​មិន​សូវ​ចំណាយ​លុយ ដើម្បី​យក​ទៅ​ព្យាបាល។ អ៊ីចឹង​គឺ​ធ្វើ​ឲ្យ​យើង​សល់​លុយ​ចំណែក​ព្យាបាល​មួយ​ចំណែក យើង​បាន​យក​លុយ​ទៅ​សន្សំ​ទុក​ដើម្បី​មាន​ទុន​វិនិយោគ​នៅ​ពេល​ក្រោយ»

ចំណែក​បណ្ដាញ​កសិករ និង​ធម្មជាតិ ខេត្ត​តាកែវ លោក កុយ សំបូរ រស់នៅ​ភូមិ​ពោធិ​ព្រះសង្ឃ ឃុំ​តាភេម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ឲ្យ​ដឹង​ថា ពី​មុន​គាត់​សន្សំ​លាមក​សត្វ​យក​ទៅ​ដាក់​ស្រែ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​ពី​គាត់​សង់​ឡ​ជីវឧស្ម័ន ភូមិឋាន​គាត់​ស្អាត ព្រោះ​លាមក​សត្វ គោ ជ្រូក មាន់ ទា របស់​គាត់​កើប​ដាក់​ទៅ​ក្នុង​ឡ ដើម្បី​ឲ្យ​បាន​ហ្គាស៍​ច្រើន​សម្រាប់​ចម្អិន​ម្ហូប ដាំ​ទឹក និង​មាន​ភ្លើង​បំភ្លឺ​នៅ​ពេល​យប់។ លោក​អះអាង​ថា ក្រោយ​ពី​មាន​ឡ​ជីវឧស្ម័ន គឺ​គាត់​មាន​ថាមពល​អគ្គិសនី​អាច​ប្រើប្រាស់​កុំព្យូទ័រ​ទៀត​ផង៖ «ដូច​ថា​ឥឡូវ​សម័យ​គេ​ប្រើ​កុំព្យូទ័រ​អ៊ីចឹង កូន​ខ្ញុំ ២​នាក់ ខ្ញុំ​ទិញ​ឲ្យ​វា​ម្នាក់​មួយ​គ្រឿងៗ ឆ្នាំ​ក្រោយ​ខ្ញុំ​ទិញ​មួយ​គ្រឿង​ទៀត​ឲ្យ​វា​មាន​គ្រប់​គ្នា»

មន្ត្រី​ផ្សព្វផ្សាយ និង​ទីផ្សារ​របស់​កម្មវិធី​ឡ​ជីវឧស្ម័ន​ជាតិ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ម៉ាន់ នភា ឲ្យ​ដឹង​កន្លង​ទៅ​ថា តម្លៃ​សង់​ឡ​ជីវឧស្ម័ន​អាស្រ័យ​លើ​ទំហំ​ឡ និង​ចំនួន​សត្វ​ចិញ្ចឹម​តាម​គ្រួសារ​នីមួយៗ ដែល​អាច​មាន​លាមក​សត្វ​សម្រាប់​ដាក់​ចូល​ឡ​នោះ។ លោក​ថា ទំហំ​ឡ​មាន ៥​ប្រភេទ គឺ​ឡ​តូច​បំផុត មាន​ចំណុះ ៤​ម៉ែត្រ​គូប ហើយ​ឡ​ធំ​បំផុត គឺ​ចំណុះ ១៥​ម៉ែត្រ​គូប។ ចំពោះ​តម្លៃ​សង់​ឡ​ជីវឧស្ម័ន​ទំហំ ៤​ម៉ែត្រ​គូប​ថ្លៃ ៥៥០​ដុល្លារ ឡ​ទំហំ ៦​ម៉ែត្រ​គូប​តម្លៃ ៦២០​ដុល្លារ ឡ​ទំហំ ៨​ម៉ែត្រ​គូប​តម្លៃ​ជាង ៧២០​ដុល្លារ ឡ ១០​ម៉ែត្រ​គូប​តម្លៃ ៨០០​ដុល្លារ និង​ឡ​ទំហំ ១៥​ម៉ែត្រ​គូប​តម្លៃ ១.១០០​ដុល្លារ។ លោក​ថា តម្លៃ​ទាំងអស់​នេះ​ឡើង ឬ​ចុះ អាស្រ័យ​លើ​ឈ្នួល​ពលកម្ម និង​សម្ភារៈ​ដែរ ប៉ុន្តែ​កម្មវិធី​ឡ​ជីវឧស្ម័ន​ជាតិ​ជួយ​ឧបត្ថម្ភ​ចំនួន​តែ ១៥០​ដុល្លារ ចំពោះ​ការ​សង់​ឡ​មួយ​គ្រឿង។

កម្មវិធី​ឡ​ជីវឧស្ម័ន​ជាតិ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រកាស​ផ្តល់​រង្វាន់​ទឹក​ប្រាក់ ១៥០​ដុល្លារ ឆ្នាំង​ដាំ​បាយ​មួយ អាវយឺត​មួយ និង​ប័ណ្ណ​ធានា​ជួសជុល​ឡ​រយៈពេល ២​ឆ្នាំ​ដល់​គ្រួសារ​កសិករ ដែល​ជួយ​សាងសង់​ឡ​ជីវឧស្ម័ន​ថ្មី​ឆ្នាំ​២០១៤។

លោក ឃិន ដារ៉ាវុធ ឲ្យ​ដឹង​ថា ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​កសិករ​ជាច្រើន មិន​ចូលរួម​សង់​ឡ​បន្ថែម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។