អ្នក​ជំនាញ​បារម្ភ​ពី​បញ្ហា​សន្តិសុខ​ស្បៀង​នៅ​កម្ពុជា

មន្ត្រី​រដ្ឋាភិបាល​រួម​ជាមួយ​​​​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រមាណ ៤០​អង្គភាព និង​​​​អ្នក​ជំនាញ​ខាង​បរិស្ថាន ព្រម​ទាំង​តំណាង​កសិករ​ប្រមាណ ១០០​នាក់​ផង ជួប​ប្រជុំ​គ្នា​រយៈ ២​ថ្ងៃ នៅ​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​មួយ​នៅ​ឯ​ខេត្ត​សៀមរាប។

0:00 / 0:00

សិក្ខាសាលា​នោះ​កំពុង​​រៀបចំ​ពិភាក្សា​ជា​បន្ទាន់​ដើម្បី​ស្វែង​រក​ការ​ដោះស្រាយ​ទៅ​លើ​បញ្ហា​ប្រឈម​មុខ​នានា​ចំពោះ​វិធានការ​គ្រប់គ្រង​ទឹក​ឱ្យ​ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ដើម្បី​ធានា​ចំពោះ​សន្តិសុខ​ស្បៀង​នៅ​​ក្នុង​ប្រទេស​កម្ពុជា។

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល ​និង​អ្នក​ជំនាញ​ដែល​កំពុង​ធ្វើ​ការ​​​ពាក់ព័ន្ធ​នឹង​​បរិស្ថាន​មួយ​ចំនួន​​នៅ​​​ប្រទេស​កម្ពុជា​​ ​បាន​សំដែង​ការ​ព្រួយ​បារម្ភ​ទៅ​លើ​បញ្ហា​សន្តិសុខ​ស្បៀង​យ៉ាង​ខ្លាំង ដោយសារ​តែ​ប្រទេស​នេះ​​ប្រឈម​មុខ​នឹង​គ្រោះ​ធម្មជាតិ​ជា​ញឹកញាប់ ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ។

ក្ដី​បារម្ភ​នេះ​ត្រូវ​បាន​គេ​លើក​ឡើង​ដោយសារ​តែ​​គេ​មើល​ឃើញ​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កម្ពុជា ប្រមាណ ៨០% គឺ​ជា​កសិករ​ដែល​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ប្រភព​ទឹក​និង​ធម្មជាតិ ​ដើម្បី​​ទទួល​បាន​​ស្បៀង​អាហារ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​មិន​មែន​​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា ដែល​ហៅ​កាត់​ថា អិន.ជី.អូ ហ្វ័រ៉ុម (NGO Forum) គឺ​លោក​ ឈិត សំអាត។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​កញ្ញា បន្ទាប់​ពី​ចូល​រួម​នៅ​ក្នុង​សិក្ខា​សាលា​ថ្នាក់​ជាតិ ដើម្បី​ដោះស្រាយ​​បញ្ហា​​ប្រែ​ប្រួល​អាកាសធាតុ​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រហែល ៨០% ដែល​រស់​នៅ​តាម​ជនបទ បាន​ពឹង​ផ្អែក​​សន្តិសុខ​ស្បៀង​ទៅ​លើ​ការ​ផលិត​ស្រូវ អង្ករ និង​ផល​​ត្រី​ជាដើម។ ក៏​ប៉ុន្តែ​មួយ​រយៈពេល​កន្លង​មក​នេះ ការ​ផលិត​ស្រូវ​គឺ​បាន​គំរាម​កំហែង​ដោយសារ​ទឹក​ជំនន់ និង​ភាព​រាំង​ស្ងួត​ជា​ច្រើន។ ចំណែក​ឯ​ផល​ត្រី​ក៏​កំពុង​មាន​ការ​គំរាម​កំហែង ដោយសារ​មនុស្ស​ចេះ​តែ​កើន​ឡើង ព្រម​ទាំង​​​ការ​សង់​ទំនប់​វារីអគ្គិសនី​នៅ​ប្រទេស​ឡាវ និង​ប្រទេស​​មួយ​ចំនួន​ទៀត​នៅ​ប៉ែក​ខាង​លើ​​​ទន្លេ​មេគង្គ ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ដល់​សន្តិសុខ​ស្បៀង។

លោក ឈិត សំអាត៖ «​យើង​ឃើញ​ថា បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ ក៏​ជា​រឿងធំ​ដែរ។ ឥឡូវ​យើង​ឃើញ​ព្រៃ​ឈើ​របស់​យើង​ក៏​មាន​ការ​ធ្លាក់​ចុះ ហើយ​ខ្យល់​ព្យុះ គ្រោះ​ទឹក​ជំនន់ ភាព​រាំង​ស្ងួត​ហ្នឹង​តែងតែ​កើត​ឡើង​​ញឹកញាប់​ណាស់​សម្រាប់​ប្រទេស​កម្ពុជា។ កក្តា​ទាំង​អស់​ហ្នឹង​គឺ​ថា បាន​គំរាម​កំហែង​យ៉ាង​ខ្លាំង ជា​ពិសេស​ទៅ​លើ​បញ្ហា​សន្តិសុខ​ស្បៀង​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង។ អ៊ីចឹង​បញ្ហា​សន្តិសុខ​ស្បៀង​នេះ គឺ​មា​ន​ការ​ព្រួយ​បារម្ភ​ច្រើន​ណាស់»

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​កំពុង​ប្រឹងប្រែង​ពិភាក្សា​គ្នា​រក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​នានា ដែល​​​​ប្រឈម​មុខ​នេះ​ដោយ​ធ្វើ​យ៉ាង​ណា​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ជួយ​កសិករ​ឱ្យ​មាន​សមត្ថភាព​ជំនាញ​ក្នុង​ការ​ផលិត​ស្បៀង​ទៅ​តាម​ការ​ប្រែប្រួល​នៃ​អាកាសធាតុ​នោះ។

អ្នក​ជំនាញ​ខាង​បរិស្ថាន​បាន​បង្ហាញ​​ថា ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​២០០០ រហូត​មក​បច្ចុប្បន្ន គេ​ឃើញ​កម្ពុជា មាន​ការ​​​ប្រែប្រួល​នៃ​អាកាសធាតុ​ជា​ច្រើន ដូច​ជា​ភាព​រាំង​ស្ងួត​​នៅ​ក្នុង​រដូវ​វស្សា​បាន​កើន​ឡើង និង​តំបន់​មួយ​ចំនួន​ទៀត​ដែល​គេ​ពុំ​ធ្លាប់​ឃើញ​មាន​ទឹក​ជំនន់ ក៏​ស្រាប់​តែ​មាន​ទឹក​​​ជន់​ដោយសារ​​​មាន​ភ្លៀង​ធ្លាក់​ខុស​ប្រក្រតី​ជាដើម។

អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​ផ្នែក​បរិស្ថាន​របស់​អង្គការ ហេតហ្វៀល ខនស៊ុលថិន (Hatfield Consultants) លោក សុខែម ពេជ្រ បាន​មាន​ប្រសាសន៍​ថា ការ​ប្រែប្រួល​ធាតុអាកាស​គឺ​កើត​ចេញ​មក​ពី​ការ​ដុត​ប្រេង​របស់​រោងចក្រ​ឧស្សាហកម្ម​រថយន្ត​ដែល​សាយភាយ​ចេញ​ពី​ប្រទេស​អភិវឌ្ឍន៍។

មន្ត្រី​​ដដែល​បាន​ចាត់​ទុក​​ប្រទេស​កម្ពុជា ជា​អ្នក​​​រួម​ចំណែក​តិច​តួច​ក្នុង​ការ​កែប្រែ​អាកាសធាតុ ក៏​ប៉ុន្តែ​ក៏​ជា​​​អ្នក​​ទទួល​រង​គ្រោះ​​ធម្មជាតិ ​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​ធ្ងន់ធ្ងរ​ជាង​គេ ដោយសារ​សមត្ថភាព​ក្នុង​ការ​ប្រឈម បញ្ចៀស ហើយ​និង​ការ​ដោះស្រាយ​ក្រោយ​ពេល​កើត​ហេតុ​នៅ​មាន​កម្រិត៖ «បញ្ហា​សន្តិសុខ​ស្បៀង​អាច​កើត​ឡើង​មិន​ត្រឹម​ថា ក្រុម​គ្រួសារ​គាត់​ផលិត​ស្រូវ​មក​ដើម្បី​ចិញ្ចឹម​ក្រពះ ​ទី​២​ទៀត សេសសល់​ដើម្បី​លក់ ​ដើម្បី​ទិញ​អី​មក​ផ្គត់ផ្គង់​គ្រួសារ។ យើង​គិត​ទៅ​មិន​មែន​តែ​បញ្ហា​សន្តិសុខ​ស្បៀង​មួយ​មុខ​ទេ គឺ​ក៏​ទាក់ទង​នឹង​បញ្ហា​​ជីវភាព​រស់​នៅ​ទូទៅ​របស់​គាត់​ដែរ»

ក្រុម​អង្គការ​​ក្រៅ​រដ្ឋាភិបាល​និង​​អ្នក​ជំនាញ​ រួម​និង​មន្ត្រី​រដ្ឋាភិបាល​កំពុង​ជួប​ប្រជុំ​គ្នា​ធ្វើ​សេចក្ដី​ព្រាង​​យុទ្ធសាស្ត្រ​មួយ​ចំនួន​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​​កម្ពុជា​ សម្រាប់​ឆ្នាំ​២០១៤-​២០២៣ ព្រម​ទាំង​​​រៀប​ចំ​ផែនការ​យុទ្ធសាស្ត្រ​អំពី​​​សន្តិសុខ​ស្បៀង​និង​អាហារូបករណ៍​សម្រាប់​ឆ្នាំ​២០១៤-​២០១៨ ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។