កសិករ​នៅ​ខេត្ត​កំពង់ធំ​ប្រឈម​នឹង​ខូចខាត​ដំណាំ​ដោយសារ​គ្មាន​ទឹក​ភ្លៀង

0:00 / 0:00

ពលរដ្ឋ​នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ កំពុង​ជួប​ប្រទះ​ការ​ខាតបង់​ប្រាក់ និង​កម្លាំង​ពលកម្ម​ជា​បន្តបន្ទាប់ ដោយសារ​ការ​ដាំ​ដំណាំ​ដំឡូងមី​របស់​ពួក​គាត់​កន្លង​មក មិន​លូតលាស់​ដូច​ឆ្នាំ​មុនៗ។ ដំឡូង​របស់​ពួក​គាត់​ងាប់​ជា​ហូរហែ ដោយសារ​អាកាសធាតុ​ក្ដៅ​ហួតហែង គ្មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ដើម​រដូវ​វស្សា​នេះ។

តើ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ គប្បី​មាន​វិធានការ​បែប​ណា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ?

រដូវ​វស្សា​ឈាន​ចូល​ដល់​ជា​យូរ​មក​ហើយ ប៉ុន្តែ​មេឃ​ទើប​តែ​មាន​ភ្លៀង​បន្តិចបន្តួច​នា​ប៉ុន្មាន​ថ្ងៃ​នេះ ហើយ​នៅ​តំបន់​ខ្លះ​ក្នុង​ប្រទេស​កម្ពុជា នៅ​មិន​ទាន់​មាន​ភ្លៀង​ធ្លាក់​នៅ​ឡើយ។ បើ​ទោះ​បី​ជា​មាន​ភ្លៀង​ធ្លាក់​ខ្លះ​ក៏ដោយ ប៉ុន្តែ​ហាក់​ដូចជា​ខក​ពេល​សម្រាប់​ប្រជាពលរដ្ឋ​ជា​កសិករ​នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ។

ពលរដ្ឋ​ខ្លះ​បារម្ភ​ថា ដំណាំ​ដំឡូងមី​ដែល​ពួក​គេ​ដាំ​សាជាថ្មី នឹង​ជួប​បញ្ហា​មិន​ខាន ព្រោះ​ពួក​គាត់​ដាំ​ដំណាំ​នេះ​ហួស​រដូវ​ទៅ​ហើយ។ ចំណែក​ប្រជា​កសិករ​ខ្លះ​ទៀត សម្រេច​ចិត្ត​លែង​ដាំ​ដំឡូងមី​បន្ត​ទៀត​នៅ​ក្នុង​ឆ្នាំ​នេះ ព្រោះ​មិន​មាន​ដើម​ទុន​សម្រាប់​ចំណាយ​ត​ទៅ​ទៀត។

ប្រជា​កសិករ​ម្នាក់​រស់នៅ​ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ លោក ម៉ិង នី មាន​ប្រសាសន៍​ថា ជា​រៀង​រាល់​ឆ្នាំ​ក្រោយ​ពេល​ដាំ​ដំឡូងមី​រួច​រាល់ គឺ​មាន​ភ្លៀង​ធ្លាក់ ហើយ​ដំណាំ​ដំឡូង​ក៏​ដុះ​លូតលាស់​ជា​ប្រក្រតី ប៉ុន្តែ​ឆ្នាំ​នេះ​មេឃ​រាំង​រហូត​ក្នុង​រដូវ​ដាំ​ដុះ​នេះ ធ្វើ​ឲ្យ​ដំឡូង​ងាប់​ជា​បន្តបន្ទាប់។ ប្រជា​កសិករ​មាន​ដី​ដាំ​ដំឡូងមី​មួយ​ហិកតារ​រូប​នេះ​បន្ត​ថា ពលរដ្ឋ​ខ្លះ​ជម្នះ​ចិត្ត​ដាំ​ឡើង​វិញ​ម្តង​ជា​ពីរ​ដង តែ​ដំឡូង​នៅ​តែ​ងាប់ ព្រោះ​តែ​ភាព​រាំង​ស្ងួត ហើយ​ធ្វើ​ឲ្យ​គាត់​ចំណាយ​ដើម​ទុន​ច្រើន​ខុស​ពី​រាល់​ឆ្នាំ។ ងាក​ទៅ​សង្ឃឹម​លើ​ដំណាំ​ស្រូវ​វិញ ប្រជា​កសិករ​ដដែល​ហាក់​គ្មាន​សង្ឃឹម​ឡើយ ព្រោះ​រាល់​ឆ្នាំ​ខែ​នេះ ស្រូវ​សន្ទូង ឬ​ស្រូវ​ពង្រោះ គឺ​ដុះ​លូតលាស់​ស្ទើរ​តែ​បែក​គុម្ព ប៉ុន្តែ​ឆ្នាំ​នេះ​វិញ​ជិត​ពាក់​កណ្ដាល​រដូវ​វស្សា​ទៅ​ហើយ កសិករ​ទើប​តែ​ចាប់​ផ្ដើម​សាបព្រោះ៖ «ដាំ​ម៉ា​សា​បរាជ័យ ៦០​ភាគរយ ខ្ញុំ​អត់​សូវ​សង្ឃឹម​ថា​រដូវ​ធ្វើ​ស្រែ​បាន​បង្កបង្កើនផល​ស្រូវ​ទេ​ណា! អត់​សង្ឃឹម​មួយ​រយ​ភាគរយ​ទេ​លោកគ្រូ»

ជា​រៀង​រាល់​ឆ្នាំ ដំណាំ​ដំឡូងមី​របស់​កសិករ​ចាប់​ផ្តើម​ដាំ​ពី​ខែ​មេសា ឬ ឧសភា ហើយ​អាច​ទទួល​ផល​នៅ​អំឡុង​ខែ​វិច្ឆិកា ឬ​ខែ​ធ្នូ ឬ​អាច​ខែ​មករា ជាដើម គឺ​អាស្រ័យ​លើ​ប្រភេទ​ពូជ​ដំឡូង​ស្រាល ឬ​ធ្ងន់។ កសិករ​ដដែល​ថា ដំឡូង​មិន​ទាន់​ដុះ​ផង លោក​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ ៥០​ម៉ឺន​រៀល សម្រាប់​ដី​ជិត ១​ហិកតារ។

ប្រជា​កសិករ​ម្នាក់​ទៀត​នៅ​ឃុំ​មានរិទ្ធិ លោក សេក សឿង ឲ្យ​ដែរ​ថា លោក​មាន​ដី​ដាំ​ដំឡូងមី ២​ហិកតារ ដែល​បាន​ដាំ​បី​ដង​តាំង​ពី​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​មក ប៉ុន្តែ​ងាប់​រហូត។ ចុង​ក្រោយ​លោក​សម្រេច​ទុក​ដី​ទំនេរ​ចោល​តែ​ម្តង ព្រោះ​បើ​ដាំ​ទៀត គឺ​វា​ហួស​ពេល​ទៅ​ហើយ ម្យ៉ាង​មិន​មាន​ដើម​ទុន​សម្រាប់​ដាំ​ដំឡូង​បន្ត​ទៀត​ផង។ លោក​បន្ត​ថា កូន​ចៅ​ត្រូវ​នាំ​គ្នា​ទៅ​ស៊ី​ឈ្នួល​អ្នក​មាន​ចម្ការ​នៅ​ក្នុង​ភូមិ ឬ​ក្រុមហ៊ុន ដើម្បី​បាន​ចំណូល​ខ្លះ​គ្រាន់​ឧបត្ថម្ភ​គ្រួសារ ព្រោះ​មិន​មាន​អ្វី​សំអាង​ឡើយ។ ជាង​នេះ​ទៀត អ្នក​ភូមិ​នៅ​ឃុំ​មានរិទ្ធិ កាល​ពី​មុន​គ្រាន់​រក​ចំណូល​ពី​ដើម​ច្បោះ​ជ័រ ឬ​អនុផល​ពី​ព្រៃ​ឈើ ដូចជា​រក​វល្លិ ជ័រ ផ្ដៅ នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ ក៏ប៉ុន្តែ​បច្ចុប្បន្ន រក​មិន​បាន​ដូច​គ្រា​មុន​ទៀត​ទេ ព្រោះ​ដើម​ច្បោះ​ជ័រ​ក៏​អស់ ហើយ​អនុផល​ធម្មជាតិ​ក៏​រក​មិន​បាន​ទៀត៖ «ដល់​ខែ​នេះ​មិន​ដឹង​រក​អី​បាន វា​អត់​មាន​ប្រាក់​ចំណូល។ យើង​រក​ស៊ី​ឈ្នួល​គេ​មួយ​ថ្ងៃ ២​ម៉ឺន​យក​រក​មិន​បាន​ផង។ ដោះស្រាយ​តែ​អំបិល​ប្រហុក​អត់​នឹង​បាន​ផង បាន​អី​ទៅ​ទិញ​ដំឡូង​គេ»

លោក​បារម្ភ​ថា គ្រួសារ​លោក រួម​នឹង​អ្នក​ភូមិ​ផ្សេង​ទៀត អាច​ប្រឈម​មុខ​នឹង​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ​មិន​ខាន​នៅ​ពេល​ខាង​មុខ ពិសេស​បញ្ហា​ស្បៀង​អាហារ​តែ​ម្ដង។

ប្រជាពលរដ្ឋ​នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ មាន​ប្រមាណ​ជាង ៥​ម៉ឺន​នាក់ ហើយ​ភាគ​ច្រើន​លើសលប់​នៃ​ប្រជាពលរដ្ឋ​ទាំង​នោះ​ជា​កសិករ ធ្វើ​ស្រែ និង​ចម្ការ។

អភិបាល​ស្រុក​សណ្ដាន់ លោក អ៊ុន បុត្ត មាន​ប្រសាសន៍​ថា បញ្ហា​រាំង​ស្ងួត​កន្លង​មក​ធ្វើ​ឲ្យ​ប្រជា​កសិករ​អាច​ប្រឈម​បញ្ហា​ផ្សេងៗ​ទៅ​ថ្ងៃ​មុខ​ជា​មិន​ខាន ព្រោះ​ដំណាំ​របស់​ពួក​គាត់​តែង​រង​ការ​បំផ្លិចបំផ្លាញ​ពី​គ្រោះ​ធម្មជាតិ៖ «ដាំ​បី​ដង​ហើយ​ខូច អ្នក​ខ្លះ​ដាំ​ដុះ​ហើយ ចំ​ពេល​រាំង​មួយ​ខែ​មុន​នេះ ក៏​ងាប់​វិញ​អស់។ អា​ហ្នឹង​សម្រាប់​អ្នក​ដាំ​ដំឡូង ចំណែក​អ្នក​ដាំ​សណ្ដែក​បាយ សណ្ដែក​សៀង​ហ្នឹង គាត់​ដាំ​បាន​ហើយ ចំ​ពេល​រាំង​ធ្វើ​ឲ្យ​គ្រាប់​សណ្ដែក​ស្ទាប​ទៅ​ស្កកៗ»

លោក​បន្ថែម​ថា អាជ្ញាធរ​មិន​អាច​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​បាន ព្រោះ​វា​ជា​គ្រោះ​ធម្មជាតិ ប៉ុន្តែ​លោក​ថា បញ្ហា​កើត​ឡើង​ទាំងឡាយ អាជ្ញាធរ​ក៏​បាន​បញ្ជូន​របាយការណ៍​ទាំង​នោះ​ទៅ​ថ្នាក់​ខេត្ត ឬ​ក្រសួង​ហើយ​ដែរ ដើម្បី​ធ្វើ​យ៉ាង​ណា​រក​វិធី​ដោះស្រាយ​លើ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ។

ទាក់ទង​បញ្ហា​នេះ ប្រធាន​អង្គការ​សេដាក (CEDAC) លោក​បណ្ឌិត យ៉ង សាំងកុមារ មាន​ប្រសាសន៍​ថា ភាព​រាំង​ស្ងួត​តែងតែ​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​អាច​ពាក់ព័ន្ធ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​មួយ​ចំណែក​ដែរ ព្រោះ​ទឹក និង​ព្រៃ ដី ខ្យល់ សុទ្ធតែ​មាន​ទំនាក់ទំនង​គ្នា។ លោក​បន្ថែម​ថា ភាព​រាំង​ស្ងួត គឺ​ជា​រឿង​ប្រឈម​របស់​កសិករ ដោយ​គ្រាន់​តែ​តំបន់​ខ្លះ​ប៉ះពាល់​ធ្ងន់ធ្ងរ ហើយ​តំបន់​ខ្លះ​ទៀត​ប៉ះពាល់​តិចតួច​ប៉ុណ្ណោះ។ ដូច​នេះ គឺ​ទាមទារ​ឲ្យ​ពួក​គាត់​ចេះ​កត់​ចំណាំ​រដូវ​កាល​ធ្លាក់​ភ្លៀង ដើម្បី​ជួយ​ឲ្យ​កសិករ​រួច​ផុត​ពី​ការ​ធ្វើ​កសិកម្ម​ដោយ​ប្រថុយប្រថាន។ ជាង​នេះ​ទៀត ខាង​ក្រសួង ឬ​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា​ក្រសួង​កសិកម្ម ឬ​ក្រសួង​ធនធាន​ទឹក អាច​ជា​ចំណែក​មួយ​ជួយ​ដល់​កសិករ​បាន តាម​រយៈ​ផ្ដល់​ព័ត៌មាន​អំពី​អាកាសធាតុ ឬ​របប​ទឹក​ភ្លៀង​ធ្លាក់​នៅ​តាម​តំបន់​នីមួយៗ ដើម្បី​ឲ្យ​ពលរដ្ឋ​ត្រៀម​លក្ខណៈ​ទុក​ជា​មុន៖ «អា​ហ្នឹង​ព័ត៌មាន​ទាក់ទង​នឹង​អាកាសធាតុ ឬ​ទឹក​ភ្លៀង​ហ្នឹង។ ទី​ពីរ ព័ត៌មាន​ទាក់ទង​ទីផ្សារ ព្រោះ​ពីរ​ហ្នឹង​ជា​រឿង​ប្រថុយប្រថាន​សម្រាប់​កសិករ។ ដោយឡែក​រឿង​រាំង​ស្ងួត គឺ​យើង​កុំ​បណ្តោយ​ខ្លួន​ក្នុង​នោះ​ពេក។ បាន​ន័យ​ថា យើង​ត្រូវ​មាន​មធ្យោបាយ​ធ្វើ​ការងារ​គ្រប់គ្រង​ទឹក​អី​ដែរ​ណា៎»

លោក​មាន​ប្រសាសន៍​បន្ថែម​ថា បញ្ហា​ទាំង​នេះ​នឹង​កាន់​តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត ប្រសិន​បើ​គេ​នៅ​តែ​បន្ត​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដោយ​គ្មាន​ការ​ដាំ​ដុះ ឬ​ទុក​ដើម​ឈើ​ឲ្យ​ដុះ​ឡើង​វិញ​ទេ។ លើស​ពី​នេះ ប្រព័ន្ធ​ធារាសាស្ត្រ ឬ​ការ​គ្រប់គ្រង​ទឹក​គ្មាន​អ្នក​គិតគូរ​ជូន​ពលរដ្ឋ។ ចុង​ក្រោយ កសិករ​នៅ​តែ​ធ្វើ​កសិកម្ម​បរាជ័យ ប្រសិន​បើ​ការ​ផ្ដល់​ព័ត៌មាន​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ ឬ​របប​ទឹក​ភ្លៀង នៅ​តែ​គ្មាន​សម្រាប់​ពួក​គាត់​ទៀត​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។