ស្រូវប្រាំងរាប់ពាន់ហិកតាររបស់ប្រជាកសិករនៅស្រុកបាណន់ និងស្រុកថ្មគោល ខេត្តបាត់ដំបង កំពុងក្រៀមស្វិត និងរកងាប់បណ្ដើរៗ ដោយសារគ្មានទឹកបញ្ចូលស្រែ។ អ្នកភូមិស្នើឲ្យអាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធ បើកទំនប់ទឹកអាងកំពីងពួយឲ្យបានឆាប់រហ័ស ដើម្បីយកទឹកបញ្ចូលស្រែជួយសង្គ្រោះដើមស្រូវទាន់ពេលវេលា។ មេឃុំតាគ្រាម មានប្រសាសន៍ថា មន្ត្រីធនធានទឹក មិនអាចបើកទ្វារបង្ហូរទឹកជូនពលរដ្ឋបានឡើយ។
ប្រជាកសិករនៅស្រុកបាណន់ កំពុងព្រួយបារម្ភក្រែងដើមស្រូវរបស់ពួកគាត់ងាប់អស់ ហើយធ្វើឲ្យគ្មានប្រាក់សងបំណុលដែលបានខ្ចីគេយកមកធ្វើស្រែ។
ពលរដ្ឋមួយចំនួនប្រាប់វិទ្យុអាស៊ីសេរី នៅកន្លែងដីស្រែ ភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ នៅថ្ងៃទី១២ ឧសភា ថា ពួកគាត់ពឹងផ្អែកទាំងស្រុងទៅលើដំណាំស្រូវ ជាពិសេសគឺស្រូវប្រាំង ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ អ្នកភូមិអះអាងថា កន្លងមកពួកគាត់បានផ្ដិតមេដៃដាក់ទៅអាជ្ញាធរស្រុក និងខេត្តបាត់ដំបង ដើម្បីឲ្យបើកទ្វារបង្ហូរទឹកចេញពីអាងកំពីងពួយ ដាក់បញ្ចូលស្រែរបស់ពួកគាត់ តែពុំទទួលបានលទ្ធផល។
អ្នកស្រុកលើកឡើងថា ប្រសិនបើអាជ្ញាធរបើកទំនប់ទឹកអាងកំពីងពួយ ជួយពួកគាត់បានទឹកប្រើប្រាស់ នោះដំណាំស្រូវនឹងមិនងាប់ឡើយ៖ « ខ្ញុំសូមឲ្យថ្នាក់លើទាំងអស់ មេត្តាជួយខ្ញុំផង ព្រោះខ្ញុំខ្ចីប្រាក់គេយកមកធ្វើស្រែ ដូចជាទិញជី និងពូជ ជាដើម។ ម្យ៉ាងទៀត ប្រជាពលរដ្ឋនៅឃុំតាគ្រាម រាប់ពាន់គ្រួសារ គឺធ្វើស្រែអត់ទឹកដូចគ្នា »។
ដើមស្រូវរបស់ប្រជាកសិករនៅទីកន្លែងខ្លះ កំពុងធ្វើខ្លួន និងត្រៀមចេញផ្លែបណ្ដើរៗ ក្នុងនោះស្រែមួយចំនួន ស្លឹកឡើងក្រហម និងក្រៀមស្វិត ហើយអាចនឹងងាប់ក្នុងរយៈពេលប្រមាណ ៣សប្ដាហ៍ទៀត ប្រសិនបើពុំមានទឹកបញ្ចូលស្រែទាន់ពេល។
ឆ្លើយតបនឹងបញ្ហានេះ មេឃុំតាគ្រាម លោក អឹម ប៊ុនយូ មានប្រសាសន៍ទទួលស្គាល់ថា ដំណាំស្រូវរបស់ប្រជាកសិករនៅឃុំតាគ្រាម ពិតជាខ្វះទឹកបញ្ចូលស្រែប្រាកដមែន។ លោកអះអាងថា អាជ្ញាធរឃុំ និងស្រុក បានស្នើសុំទៅខាងមន្ទីរធនធានទឹក ដើម្បីបើកទឹកបញ្ចូលស្រែរបស់អ្នកភូមិដែរ តែផ្ដល់ទឹកបានរយៈពេល ៤៨ម៉ោង មិនគ្រប់គ្រាន់សម្រាប់ស្រោចស្រព។ លោកបន្ថែមថា ខាងមន្ទីរធនធានទឹកខេត្តបាត់ដំបង មិនអាចបើកទ្វារទឹកឲ្យអ្នកភូមិបានទៀតទេ៖ « ខាងមន្ទីរធនធានទឹក លោកគិតថាយើងជួបបញ្ហាមួយ ដោយសារជួបគ្រោះធម្មជាតិ បានប៉ះពាល់គ្រប់ខេត្ត ដូចជាខេត្តបន្ទាយមានជ័យ ជាដើម។ ហើយខេត្តបន្ទាយមានជ័យ ក៏យកទឹកពីអាងកំពីងពួយ សម្រាប់ប្រើប្រាស់ដែរ »។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា ស្ថានភាពបែបនេះ អាជ្ញាធរពាក់ព័ន្ធគប្បីបើកទ្វារទឹកជួយដល់ប្រជាកសិករជាមុនសិន ដើម្បីសម្រួលកុំឲ្យដំណាំស្រូវរបស់ពួកគាត់ងាប់ ហើយធ្វើឲ្យអ្នកស្រុកជំពាក់បំណុលគេទៅថ្ងៃខាងមុខ៖ « ព្រោះគាត់ចំណាយលុយអស់រាប់ពាន់ដុល្លារហើយ។ ដូច្នេះ អាជ្ញាធរពាក់ព័ន្ធត្រូវតែជួបពិភាក្សាគ្នាជាមួយប្រជាពលរដ្ឋ ថាតើយើងអាចផ្ដល់ទឹកឲ្យគាត់បានខ្លះទេ ? ព្រោះមានភ្លៀងធ្លាក់ខ្លះហើយ អ៊ីចឹងកុំឲ្យប្រជាពលរដ្ឋខាតបង់ថែមទៀត »។
មេឃុំតាគ្រាម ឲ្យដឹងថា ដំណាំស្រូវរបស់ប្រជាកសិករដែលកំពុងត្រូវការទឹកស្រោចស្រពនោះ មានផ្ទៃដីជាង ៦ពាន់ហិកតារ ស្ថិតនៅក្នុង ៥ឃុំ គឺឃុំអូរតាគី ឃុំជ្រៃ ឃុំឪម៉ាល់ នៃស្រុកថ្មគោល ឃុំភ្នំសំពៅ និងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ ក្នុងចំណោមឃុំទាំងនោះ ឃុំតាគ្រាម មានដំណាំស្រូវច្រើនជាងគេ គឺមានផ្ទៃដីជាង ៣.៣០០ហិកតារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
