អង្គការ​សត្វព្រៃ​បើក​សិក្ខាសាលា​អំពី​ការ​អភិវឌ្ឍ​បៃតង​នៅ​កម្ពុជា

អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ ហៅ​កាត់​ថា អេហ្វ.អេហ្វ.អាយ (FFI) ថ្ងៃ​ទី​១៦ មិថុនា បើក​សិក្ខាសាលា​បណ្ដុះបណ្ដាល​មន្ត្រី​រាជការ និង​មន្ត្រី​អង្គការ​ពាក់ព័ន្ធ​បរិស្ថាន​នានា រយៈ​ពេល​ពីរ​ថ្ងៃ ស្ដី​ពី​ការ​គណនា​សម្រាប់​ការ​អភិវឌ្ឍ​បៃតង​នៅ​កម្ពុជា។

មន្ត្រី​សម្របសម្រួល​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​ធម្មជាតិ លោក យស់ កាតង់ ឲ្យ​ដឹង​ថា សិក្ខាសាលា​នេះ​ធ្វើ​ឡើង​ពីរ​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​ទី​១៧ មិថុនា ឆ្នាំ​២០១៤ នៅ​សណ្ឋាគារ​សាន់វ៉េ រាជធានី​ភ្នំពេញ។

សិក្ខាសាលា​​នេះ ធ្វើឡើង​​​សំដៅ​លើ​កម្ពស់​ការ​រក្សា​តុល្យភាព​បរិស្ថាន​ឲ្យ​មាន​និរន្តរភាព ក្នុង​ពេល​ទាញ​យក​ផល​ប្រយោជន៍​ផ្សេងៗ​ពី​បរិស្ថាន ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ឲ្យ​រីក​ចម្រើន។

លោក​ថា កម្ពុជា​សព្វថ្ងៃ​​កំពុង​ប្រឈម​នឹង​បញ្ហា​បរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ ដោយ​សារ​រដ្ឋាភិបាល​បាន​ទាញ​យក​ផល​ប្រយោជន៍​​ពី​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​ផ្សេងៗ​ ច្រើន​ហួសហេតុ ហើយ​មិន​បាន​គិតគូរ​គ្រប់​គ្រង​ការពារ​បរិស្ថាន​បាន​ល្អ និង​មិន​បាន​គិតគូរ​អំពី​តុល្យភាព និរន្តរភាព​នៃ​បរិស្ថាន។

លោក​ថា ដើម្បី​រក្សា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឲ្យ​បាន​ប្រសើរ ស្រប​ពេល​ដែល​រក្សា​តុល្យភាព​បរិស្ថាន​​ឲ្យ​មាន​និរន្តរភាព​ផង​នោះ រដ្ឋាភិបាល​ត្រូវ​តែ​គិតគូរ​អំពី​និរន្តរភាព​លើ​មុំ​៤ សំខាន់ គឺ៖ សេដ្ឋកិច្ច សង្គម បរិស្ថាន និង​វប្បធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។