ព្រៃលិចទឹក ឬហៅថាព្រៃរនាម នៅជាប់មាត់បឹងទន្លេសាប ស្ថិតក្នុងឃុំកំពង់លួង និងឃុំអន្លង់ត្នោត រងការខូចខាតធ្ងន់ធ្ងរដោយសារគ្រោះអគ្គិភ័យមួយបានកើតឡើង ដែលគេមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយ។
មេឃុំកំពង់លួង លោក កែវ សុវណ្ណារ៉េត បានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ មេសា ថា ភ្លើងឆេះព្រៃនេះកើតឡើងតាំងពីថ្ងៃទី១៣ ខែមេសា ហើយអូសបន្លាយអស់ជាច្រើនថ្ងៃរហូតដល់ថ្ងៃទី១៨ ខែមេសា ទើបភ្លើងនេះបានរលត់ជាស្ថាពរ ដោយសារទឹកភ្លៀង។
លោកមេឃុំបន្តថា ជារឿយៗ អាជ្ញាធរឃុំបានសហការជាមួយអង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការងារពាក់ព័ន្ធនឹងការថែរក្សាព្រៃលិចទឹក ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងពីរបៀបបង្ការភ្លើងឆេះព្រៃ។ ប៉ុន្តែ ករណីភ្លើងឆេះព្រៃនៅតែមិនអាចទប់ស្កាត់បាន៖ «កម្លាំងប្រជាការពារយើងទៅពន្លត់។ ប៉ុន្តែ យើងពន្លត់តែកន្លែងដែលវាឆេះរួចហើយនៅសល់តែរងើកតិចៗប៉ុណ្ណោះ និងគុម្ពោតតូចៗ។ ចំណែកមុខដែលឆេះធំនោះ យើងអត់មានមធ្យោបាយទេ។ ប៉ុន្តែជាសំណាង បានភ្លៀងធំ២ថ្ងៃជាប់គ្នា ទើបភ្លើងនេះរលត់...»។
អភិបាលស្រុកក្រគរ លោក ទឹម សារិន បានឲ្យដឹងថា អាជ្ញាធរដែនដីបានដឹកនាំកម្លាំងប្រជាពលរដ្ឋចុះទៅធ្វើការពន្លត់បានផ្នែកខ្លះ តែដោយសន្ទុះនៃការឆេះមានលក្ខណៈធំធេង និងខ្លាំងក្លា ធ្វើឲ្យការពន្លត់ពុំបានជោគជ័យទាំងស្រុងនោះទេ។ លោក ទឹម សារិន ឲ្យដឹងបន្ថែមថា ភ្លើងឆេះព្រៃនេះត្រូវបានគេសង្ស័យថាបណ្ដាលមកពីភ្លើងកន្ទុយបារី ឬភ្លើងដាំបាយរបស់អ្នកដើររកសត្វ ឬអ្នកដើររកឃ្មុំ ដែលមិនបានពន្លត់មុនពេលគេចាកចេញ។
ទាក់ទិននឹងបញ្ហាភ្លើងឆេះព្រៃនេះដែរ អនុប្រធានមន្ទីរបរិស្ថាន និងជានាយកតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ខេត្តពោធិ៍សាត់ លោក រស់ ម៉ារ៉ាឌី មានប្រសាសន៍ថា ព្រៃរនាមស្ថិតក្នុងឃុំកំពង់លួង និងឃុំអន្លង់ត្នោត ស្រុកក្រគរ នេះ តាមការប៉ាន់ស្មានទំហំប្រមាណ ១០០ហិកតារ ដែលបណ្ដាលឲ្យខូចខាតបរិស្ថាន និងជីវចម្រុះយ៉ាងធ្ងន់ធ្ងរ។
លោកថា វិធានការបន្ទាន់មួយដែលលោកកំពុងរៀបចំនោះ គឺការដាំប្រភេទព្រៃរនាមលិចទឹកនេះឡើងវិញ៖ «សម្រាប់បរិស្ថាន គឺវាធ្វើឲ្យបាត់ព្រៃឈើមួយផ្នែកហើយ។ មួយទៀត គឺប្រភេទសត្វដែលរស់នៅក្នុងតំបន់ហ្នឹង ដូចជាពស់ អណ្ដើក អីហ្នឹង គឺវាស្លាប់ដោយសារតែភ្លើងឆេះព្រៃនេះអស់ហើយ។ ទី៣ គឺតំបន់នេះប៉ះពាល់ដល់រដូវទឹកចូល ជាតិផេះវាប្រៃ ដូច្នេះត្រីវាមិនអាចមកពងកូននៅទីនេះបានទេ...»។
មន្ត្រីប្រចាំតំបន់បឹងទន្លេសាប នៃសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (Fisheries Action Coalition Team = FACT) ហៅកាត់ថាអង្គការហ៊្វែក លោក ម៉ិញ ប៊ុនលី បានឲ្យដឹងថា ព្រៃរនាមនៅជាប់មាត់បឹងទន្លេសាប ស្ថិតក្នុងខេត្តពោធិ៍សាត់ រាប់រយហិកតារ កំពុងរងការបំផ្លាញពីមនុស្សមួយចំនួន ដើម្បីយកដីធ្វើស្រែ។
លោកថា អង្គការហ៊្វែក កំពុងផ្ដោតការយកចិត្តទុកដាក់ចំពោះបញ្ហានេះ ដោយរួមទាំងការថែរក្សា និងការដាំព្រៃលិចទឹកនៅទីដែលរងការបាត់បង់ព្រៃនោះឡើងវិញ៖ «ផែនការរបស់អង្គការហ៊្វែក គឺគាំទ្រលើការដាំព្រៃលិចទឹកឡើងវិញ ជាពិសេសគឺនៅតំបន់អភិរក្ស។ សម្រាប់ខេត្តពោធិ៍សាត់ នៅថ្ងៃ២២ និង២៣ មេសា ខាងមុខ យើងមានកម្មវិធីមួយប្រជុំថ្នាក់ស្រុក ដែលមានបណ្ដាឃុំពាក់ព័ន្ធនឹងការឈូសឆាយព្រៃលិចទឹក។ នេះក៏ជាកម្មវិធីមួយដែលយើងនិយាយអំពីការបាត់បង់ព្រៃលិចទឹក...»។
ប្រភពពីអាជ្ញាធរឃុំ បានឲ្យដឹងថា ភ្លើងឆេះព្រៃនេះបានរលត់ជាស្ថាពរនៅថ្ងៃទី១៨ មេសា ដោយសារភ្លៀង២ថ្ងៃជាប់គ្នា គឺថ្ងៃទី១៦ និង១៧ ខែមេសា កន្លងទៅ។
ឯកសារមន្ទីរបរិស្ថានខេត្ត បានបង្ហាញថា ព្រៃរនាមលិចទឹកនៃមាត់បឹងទន្លេសាប ក្នុងខេត្តពោធិ៍សាត់ មានទំហំជាង ៥ម៉ឺនហិកតារ (៥០.៣៨៥ហិកតារ)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
