ប្រទេសកម្ពុជា ធ្លាប់មានឈ្មោះជាប្រទេសមួយដែលសម្បូរទៅដោយធនធានធម្មជាតិ ជាពិសេសធនធានជលផលទឹកសាប។ បឹងទន្លេសាប មានវិសាលភាពយ៉ាងធំទូលាយ សម្បូរទៅដោយធនធានជលផល និងជីវចម្រុះ ហើយបានផ្ដល់នូវការងារ និងមុខរបរចិញ្ចឹមជីវិតដល់ប្រជាពលរដ្ឋប្រមាណជាង ១លាន ៥សែននាក់។
ប៉ុន្តែ ធនធានជលផលសព្វថ្ងៃនេះ កំពុងប្រឈមទៅបញ្ហាជាច្រើន។ ដើម្បីឆ្លើយតបទៅនឹងភាពអសកម្មទាំងនេះ រដ្ឋបាលជលផល និងអង្គការសង្គមស៊ីវិល នឹងធ្វើសន្និសីទថ្នាក់ជាតិទាក់ទិនទៅនឹងការគ្រប់គ្រងធនធានជលផល ដើម្បីស្វែងរកយុទ្ធសាស្ត្រ និងវិធានការប្រកបដោយប្រសិទ្ធភាព ដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា។
សន្និសីទថ្នាក់ជាតិ ក្រោមប្រធានបទ "ការគ្រប់គ្រងធនធានជលផលតាមរយៈសហគមន៍នេសាទ" បន្ទាប់ពីកំណែទម្រង់ស៊ីជម្រៅលើវិស័យជលផលនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣ នៅខេត្តបន្ទាយមានជ័យ។ សន្និសីទនេះ នឹងត្រូវធ្វើឡើងក្រោយពេលមានការដុតរានព្រៃលិចទឹកយកដីធ្វើកសិកម្ម ការប្រើឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទនៅតំបន់ដែននេសាទទឹកសាប ដែននេសាទសមុទ្រ ការនេសាទរំលោភចូលដែនអភិរក្ស ការបូមទឹកបឹងព្រែក ការឆក់ត្រី និងការអូសអួនដោយម៉ាស៊ីននៅតំបន់បឹងទន្លេសាបបានកើតមានជាហូរហែ។
នាយកប្រតិបត្តិនៃអង្គការសម្ពន្ធភាពដើម្បីអភិរក្សធនធានជលផល លោក ឱម សាវ៉ាត ថ្លែងថា ដើម្បីឆ្លើយតបទៅនឹងភាពអសកម្មទាំងនេះ រដ្ឋបាលជលផលសហការជាមួយអង្គការសង្គមស៊ីវិល នឹងធ្វើសន្និសីទនេះឡើងក្នុងគោលបំណងស្វែងរកយុទ្ធសាស្ត្រ និងវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះឱ្យបានទាន់ពេលវេលា។
អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល ហ្វេកធ៍ (FACT) និងសម្ព័ន្ធប្រជានេសាទកម្ពុជា ស៊ី.ស៊ី.អេហ្វ (CCF) រួមទាំងអង្គការដៃគូដទៃជាច្រើនទៀត តែងតែបានចូលរួមសហការជាមួយរដ្ឋបាលជលផល ក្នុងការគាំទ្រដល់គោលនយោបាយកំណែទម្រង់វិស័យជលផល ជាពិសេសបានជួយដល់សហគមន៍នេសាទ និងពង្រឹងនូវសមត្ថភាពលើកកម្ពស់សិទ្ធិជាម្ចាស់ ក្នុងការគ្រប់គ្រងធនធានជលផល ដែលរាជរដ្ឋាភិបាលប្រគល់ជូនឱ្យបានល្អប្រសើរ៖ «ជាមួយគ្នាហ្នឹង យើងចង់ពង្រឹងផ្ដល់សិទ្ធិអំណាច សិទ្ធិជាម្ចាស់ការគ្រប់គ្រងជលផលក្រោយពីរដ្ឋាភិបាលប្រគល់ឡូត៍នេសាទទៅឲ្យសហគមន៍នេសាទគ្រប់គ្រងផ្ទាល់ ជាតំបន់នេសាទជាសាធារណៈ ដែលរដ្ឋាភិបាលយកចិត្តទុក និងចង់ឲ្យមានជីវភាពប្រសើរឡើង និងការគ្រប់គ្រងប្រកបដោយនិរន្តរភាពផងដែរ ហើយគោលបំណងទី៣ ហ្នឹង យើងចង់ពង្រឹងកិច្ចសហការ និងការគាំទ្រឲ្យបានខ្លាំងក្លាថែមទៀត រវាងភាគីពាក់ព័ន្ធទាំងអស់ ដល់សហគមន៍នេសាទនៅទូទាំងប្រទេស ដើម្បីជំរុញការអនុវត្តគោលនយោបាយកំណែទម្រង់ជលផលរបស់រដ្ឋាភិបាលស្របតាមផែនការនៅក្នុងដំណាក់កាលបន្ទាប់ ក្រោយពីការកែទម្រង់ស៊ីជម្រៅ»។
អ្នកចូលរួមក្នុងសន្និសីទនោះ ត្រូវគេរំពឹងទុកថា គឺមានមនុស្សជាង ១០០នាក់ ហើយភាគច្រើន គឺតំណាងសហគមន៍នេសាទមកពីគ្រប់តំបន់ក្នុងប្រទេសកម្ពុជា។ វិធីសាស្ត្រ ពួកគេនឹងធ្វើបទបង្ហាញពីវឌ្ឍនភាព និងសិក្សាបញ្ចាំងរូបភាពវីដេអូ ការបែងចែកជាក្រុមពិភាក្សាលើសំណួរដែលមានការពាក់ព័ន្ធ។ សំណួរ និងចម្លើយ ដោយមានរៀបចំវាគ្មិនពិភាក្សា និងឯកភាពលើចំណុចរួម ដើម្បីរៀបចំយុទ្ធសាស្ត្រសម្រាប់អនុវត្តការពារធនធានជលផល។ កន្លងមកនេះ អ្នកប្រព្រឹត្តបទល្មើសឆ្លៀតឱកាសកេងចំណេញធ្វើសកម្មភាពខុសច្បាប់ចាប់ត្រីនៅលើដែននេសាទទាំងក្នុង និងក្រៅសហគមន៍នេសាទ ជាពិសេសនៅតំបន់ដាច់ស្រយាល ធ្វើឱ្យបទល្មើសជលផលមានការកើន។
សហគមន៍នេសាទបច្ចុប្បន្ន ត្រូវបានរៀបចំឡើងមានចំនួនច្រើន ដែលគ្របដណ្ដប់លើដែននេសាទសំខាន់ៗស្ទើរតែគ្រប់ទីកន្លែង ហើយសហគមន៍នេសាទកំពុងមានដំណើរទៅមុខយ៉ាងសស្រាក់សស្រាំក្នុងការថែរក្សាធនធានជលផលនៅតាមមូលដ្ឋាននីមួយៗ។ បឹងទន្លេសាប គឺជាបឹងមួយដ៏កម្រមាននៅលើពិភពលោក និងជាបេះដូងនៃប្រទេសកម្ពុជា បានផ្ដល់នូវផលនេសាទទឹកសាបប្រមាណជាង ៧០% នៃផលនេសាទទឹកសាបសរុបទូទាំងប្រទេស។
នាយកប្រតិបត្តិនៃអង្គការសម្ពន្ធភាពដើម្បីអភិរក្សធនធានជលផល លោក ឱម សាវ៉ាត បញ្ជាក់ថា បឹងទន្លេសាបមានវិសាលភាពយ៉ាងធំទូលាយ សម្បូរទៅដោយធនធានជលផល និងជីវចម្រុះ ហើយបានផ្ដល់នូវការងារ និងមុខរបរចិញ្ចឹមជីវិតដល់ប្រជាពលរដ្ឋប្រមាណជាង ១លាន ៥សែននាក់ ក៏ដូចជាផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនមហិមាដល់ប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ។ ប៉ុន្តែ ធនធានជលផលទឹកសាបកំពុងប្រឈមទៅបញ្ហាច្រើន ដូចជា ត្រី សត្វ និងព្រៃលិចទឹកគ្រប់ប្រភេទនៅក្នុងតំបន់បឹងទន្លេសាប ដែលធ្លាប់បានទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនោះ កំពុងប្រឈមទៅបញ្ហាច្រើន៖ «មួយទៀតទាក់ទងស្ថានភាពព្រៃលិចទឹក យើងមើលក្នុងតំបន់ដែននេសាទយើងមួយចំនួន វារងការកាប់បំផ្លាញព្រៃលិចទឹកដែលជាជម្រកត្រីពងកូនទាំងអស់ហ្នឹង ក៏យើងចូលរួមជំរុញឲ្យមានការការពារឡើងវិញ ហើយរដ្ឋាភិបាលក៏បានកំណត់តំបន់បីដែលជាតំបន់ការពារព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាបដែលមានបរិមាណផ្ទៃ ៦៤៧ពាន់ហិកតារ ដើម្បីធ្វើយ៉ាងណាឲ្យជម្រកត្រីពងកូនហ្នឹង ត្រូវបានការការពារ យន្តការទាំងអស់នេះទាមទារឲ្យមានការចូលរួមច្រើនថែមទៀត»។
អស់រយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការកែទម្រង់វិស័យជលផលជាបន្តបន្ទាប់ ដោយប្រគល់សិទ្ធិឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ចូលរួមគ្រប់គ្រងធនធានជលផលនៅតាមមូលដ្ឋានរបស់ខ្លួនប្រកបដោយនិរន្តរភាព និងលើកស្ទួយជីវភាពរស់នៅឱ្យបានប្រសើរឡើង។ រដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់វិស័យជលផលលើកទី១ កាលពីចុងឆ្នាំ២០០០ ដោយបានសម្រេចលុប និងកាត់បន្ថយឡូត៍នេសាទប្រមាណជាង ៥៦% នៃផ្ទៃឡូត៍នេសាទទូទាំងប្រទេស ប្រគល់ជូនប្រជាពលរដ្ឋមូលដ្ឋានប្រើប្រាស់ និងគ្រប់គ្រងតាមរយៈការរៀបចំជាសហគមន៍នេសាទ។
ហើយកាលពីឆ្នាំ២០១២ កន្លងទៅ កំណែទម្រង់ស៊ីជម្រៅលើវិស័យជលផល ត្រូវបានអនុវត្តជាបន្តទៀត ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចលុបចោលទាំងស្រុង។ ឡូត៍នេសាទ បឹង ព្រែក នៅក្នុងប្រទេសកម្ពុជា ដោយប្រគល់ឱ្យប្រជាពលរដ្ឋបង្កើតសហគមន៍នេសាទបន្ថែមទៀត និងរក្សាមួយចំនួនសម្រាប់រៀបចំជាតំបន់អភិរក្ស។
ហើយការធ្វើសន្និសីទថ្នាក់ជាតិនេះ គឺដើម្បីស្វែងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈមដែលសហគមន៍នេសាទបានអនុវត្ត និងជួបប្រទះក្នុងការគ្រប់គ្រងធនធានជលផលកន្លងមក បន្ទាប់ពីកំណែទម្រង់ស៊ីជម្រៅលើវិស័យជលផល។ ការជួបជុំនេះ នឹងអាចផ្ដល់ឱកាសដល់តំណាងសហគមន៍នេសាទ អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានាធ្វើការចែករំលែកនូវមេរៀន ជាបទពិសោធន៍ និងលើកឡើងនូវតម្រូវការ សំណូមពរចាំបាច់នានា ដើម្បីរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមដែលកំពុងជួបប្រទះ ឈានទៅរកការពង្រឹងនូវសិទ្ធិអំណាច និងភាពជាម្ចាស់ក្នុងការគ្រប់គ្រងធនធានជលផល ដែលរាជរដ្ឋាភិបាលប្រគល់ឱ្យនោះ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ គោលដៅសំខាន់មួយទៀត គឺគេអាចពង្រឹងនូវកិច្ចសហការ និងការគាំទ្រឱ្យបានខ្លាំងក្លាថែមទៀតពីភាគីពាក់ព័ន្ធ ដល់ដំណើរការសហគមន៍នេសាទនៅទូទាំងប្រទេស ដើម្បីរួមចំណែកជំរុញការអនុវត្តគោលនយោបាយកំណែទម្រង់វិស័យជលផលរបស់រាជរដ្ឋាភិបាល ឱ្យទទួលបានជោគជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
