ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ចាម លោក ហុង ណាក់ បានមានប្រសាសន៍នៅថ្ងៃ៩ ធ្នូ ថា ខាងក្រុមការងារលោកបានចុះបង្រ្កាបបទល្មើសនេសាទធ្ងន់ធ្ងរនៅតាមទន្លេរមេគង្គក្នុងខេត្តកំពង់ចាម គឺការប្រើឧបករណ៍ខុសច្បាប់ប្រភេទថ្មី ឈ្មោះថា យាងកាវ ចំនួន ១៥នាក់ ក្នុងនោះជនជាតិចាម ចំនួន ៨នាក់ និងជនជាតិវៀតណាម ចំនួន ៧នាក់។
វត្ថុតាងភ្ជាប់ជាមួយជនប្រព្រឹត្តិបទល្មើសនេសាទទាំងនោះ មានដូចជា ទូក កាណូតម៉ាស៊ីនចំនួន ៦គ្រឿង និងឧករណ៍ យាងកាវ ចំនួន ៣វង់។ លោកបញ្ជាក់ថា ការប្រព្រឹត្តបទល្មើសទាំងនោះ គឺធ្វើឱ្យមានផលប៉ះពាល់ជាខ្លាំងដល់ពូជមច្ឆាជាតិ៖ «អូ! វាខុសតែម្ដងអាហ្នឹង វាខុសច្បាប់ ពីព្រោះអានេះវាគឺកាវ អាយាងកាវហ្នឹង វាអូសទូកពីរធ្វើសកម្មភាពវាម្តងៗ ពាក់កណ្តាលទន្លេ អូសដល់បាតទន្លេ។អីក៏មិននៅដែរ ដល់បាតដីទន្លេ មច្ឆាជាតិអីក៏មិននៅដែរ វាមិនសល់ទេ អាប៉ុនកូនដៃប៉ុនអីក៏ដោយអស់ដែរគ្មានសល់ទេ»។
លោកថ្លែងបន្តថា អាជ្ញាធរបង្ក្រាបបទល្មើសនេសាទនៅខេត្តកំពង់ចាម បានចេញធ្វើសកម្មភាពបង្ក្រាបជាហូរហែ ប៉ុន្តែនៅតែមានសកម្មភាពនេសាទខុសច្បាប់កើតមានឡើងដដែល គឺដោយសារតែទីតាំងភូមិសាស្ត្រខេត្តកំពង់ចាម មានលក្ខណៈទូលំទូលាយ ទើបធ្វើឱ្យមានលំបាកក្នុងការបង្រ្កាប។ លោកបានឱ្យដឹងទៀតថា ជនល្មើសទាំងអស់កំពុងស្ថិតឯស្នងការខេត្ត ដើម្បីបំពេញសំណុំបែបបទបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។