ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​ជាង​១០០​នាក់​ផ្ដិត​មេដៃ​ប្ដឹង​ប្រធាន​សហគមន៍​នេសាទ

0:00 / 0:00

ពលរដ្ឋ ៦​នាក់ តំណាង​ឲ្យ​អ្នក​ភូមិ​ជាង ១០០​នាក់ រស់​នៅ​ឃុំ​ពាមឆ្កោក ស្រុក​ជលគីរី ខេត្ត​កំពង់ឆ្នាំង ចេញ​មុខ​ប្ដឹង​ប្រធាន​សហគមន៍​នេសាទ​អន្លង់មេត្រីសែនជ័យ និង​ជន​ល្មើស​ដែល​ដាក់​របាំង​ភ្ជិត​ព្រែក​កាង​ធ្វើ​ឡូត៍​នេសាទ។ ក្រុម​អ្នក​ភូមិ​នៃ​ឃុំ​ពាមឆ្កោក បាន​ដាក់​ពាក្យ​បណ្ដឹង​ភ្ជាប់​ស្នាម​មេដៃ​ពលរដ្ឋ​ជាង ១០០​នាក់ ទៅ​អភិបាល​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​១០ ខែ​កុម្ភៈ នេះ។

តំណាង​អ្នក​ភូមិ​រិះគន់​សកម្មភាព​បង្ក្រាប​បទល្មើស​នេសាទ​របស់​កម្លាំង​សមត្ថកិច្ច​ចម្រុះ និង​អាជ្ញាធរ​មូលដ្ឋាន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​មករា កន្លង​ទៅ ដែល​សមត្ថកិច្ច​ជំនាញ​ឃើញ​បទល្មើស​ទ្រង់ទ្រាយ​ធំ ហើយ​មិន​បង្ក្រាប​បែរ​ជា​ទៅ​កម្ទេច​បទល្មើស​តូចតាច​ធ្វើ​ឲ្យ​អ្នក​ភូមិ​ខឹង​សម្បា​យ៉ាង​ខ្លាំង។ ពួកគេ​ថា វា​ជា​ការ​អនុវត្ត​ច្បាប់​ដោយ​លម្អៀង ព្រោះ​របាំង​ភ្ជិត​ព្រែក​របស់​ប្រធាន​សហគមន៍​មិន​ត្រូវ​បាន​បង្ក្រាប។

អ្នក​ភូមិ​ក្បាល​កន្លង់​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ ៦​នាក់ ដែល​ស្វែង​រក​ជំនួយ​ផ្លូវ​ច្បាប់​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​ដើម្បី​ធ្វើ​ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង លោក កែវ សាវុធ មាន​ប្រសាសន៍​ថា របាំង​ភ្ជិត​ព្រែក​ប្រណាក ឋិត​នៅ​ភូមិ​ក្បាលកន្លង់ ឃុំ​ពាមឆ្កោក របស់​ឈ្មោះ ពេជ្រ ពៅ និង​ប្រធាន​សហគមន៍​ឈ្មោះ ឡុង សុផាត បាន​ធ្វើ​សកម្មភាព​ល្មើស​ពីរ​ឆ្នាំ​ហើយ ប៉ុន្តែ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​មិន​បង្ក្រាប៖ «សម្ដី​របស់​សម្ដេច​នាយក​ថា​កាត់​ឡូត៍​ឲ្យ​រាស្ត្រ​រក ដល់​ពេល​មាន​បុគ្គល ឡុង សុផាត និង​ពេជ្រ ពៅ ទៅ​ធ្វើ​ឡូត៍ ដល់​ពេល​សមត្ថកិច្ច​ទៅ​អត់​ធ្វើ ប្រជាពលរដ្ឋ​យើង​ខ្ញុំ​ឃើញ​ទង្វើ​របស់​សមត្ថកិច្ច​ធ្វើ​អ៊ីចឹង ក៏​នាំ​គ្នា​ទៅ​កាន់​បំផ្លាញ​អស់​បន្តិចបន្តួច​ដែរ​ទេ»

អ្នក​ភូមិ​ក្បាលកន្លង់ ធ្លាប់​លើក​គ្នា​ប្រមាណ ១០០​នាក់ ទៅ​បំផ្លាញ​របាំង​ភ្ជិត​មាត់​ព្រែក​ប្រណាក ដោយ​ខ្លួន​ឯង បន្ទាប់​ពី​ឃើញ​សមត្ថកិច្ច​ចម្រុះ​មិន​បង្ក្រាប។ ស្រាប់​មក​ដល់​ថ្ងៃ​ទី​៩ ខែ​មករា ពួកគេ ៦​នាក់ ក្នុង​ចំណោម​នោះ​ទទួល​បាន​ដីកា​កោះ​ពី​តុលាការ​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ពី​ហេតុការណ៍​បំផ្លាញ​របាំង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​មករា។ ពេល​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៥ មាន​ពលរដ្ឋ​ប្រហែល ៧០​នាក់​ទៅ​អម​ជាមួយ​ដែរ។

ពលរដ្ឋ​ម្នាក់​ទៀត លោក ហ៊ឹម អិត ស្នើ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា តាម​បណ្ដឹង​របស់​ម្ចាស់​របាំង ហើយ​អាជ្ញាធរ​ខេត្ត​គួរ​មាន​វិធានការ​ប្រឆាំង​ជនល្មើស៖ «ឃើញ​ធ្វើ​បទល្មើស​ហ្នឹង​ទ្រង់ទ្រាយ​ធំ​ពេក មើល​ទៅ​ប្រជាពលរដ្ឋ​មិន​អាច​យល់​ព្រម​ជាមួយ​ក៏​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា​ចុះ​ទៅ​កាប់​ទាំង​អស់ គ្នា​ទាំង ស្រី​ទាំង​ប្រុស»

ឆ្លើយ​តប​បញ្ហា​នេះ ប្រធាន​សហគមន៍​នេសាទ​អន្លង់មេត្រីសែនជ័យ លោក ឡុង សុផាត ថា របាំង​ដែល​ក្រុម​ពលរដ្ឋ​កាប់​បំផ្លាញ​នេះ គឺ​ជា​របស់​រួម​សហគមន៍​ដែល​មាន​សមាជិក​បី​ភូមិ ក្នុង​ឃុំ​ពាមឆ្កោក។ របាំង​នេះ​លោក​បាន​រត់​ការ​សុំ​ច្បាប់​តាំង​ពី​អាជ្ញាធរ​ភូមិ រហូត​ដល់​ស្រុក ដើម្បី​ដាក់​របាំង​ចាប់​ត្រី រក​ចំណូល​ជួយ​សហគមន៍។

លោក​នឹង​បន្ត​ឲ្យ​ច្បាប់​ជួយ​រក​ខុស​ត្រូវ បើ​ភាគី​ពលរដ្ឋ​មិន​ជួប​លោក​ដើម្បី​សម្របសម្រួល៖ «រឿង​ហ្នឹង​បើ​តាម​ខ្ញុំ​គិត​មើល គាត់​ថា សមត្ថកិច្ច​បំផ្លាញ​របស់​គាត់ គាត់​ខឹង​គេ​ណោះ​ធ្វើ​គេ​ណោះ​មិន​បាន​គាត់​មក​បំផ្លាញ​របស់​ខ្ញុំ​នៅ​នេះ ព្រោះ​សមត្ថកិច្ច​ទៅ​តាម​ផ្លូវ​ហ្នឹង​ដែរ ហើយ​គាត់​ដាក់​ស្បៃ​មុង​ដាក់​ស្អី​ហ្នឹង​សុទ្ធ​តែ​បទល្មើស​ទាំង​អស់ ហើយ​ខ្ញុំ​ដាក់​របាំង​នេះ​មាន​សុំ​ច្បាប់​ពី​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ តើ​ខ្ញុំ​មិន​ទៅ​ធ្វើ​សម្រាប់​ឯកជន ឬ​ឲ្យ​បុគ្គល​ណា​មួយ​ក៏​ខ្ញុំ​អត់​ដែរ»

ចំណែក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង លោក ងិន ហ៊ុន បញ្ជាក់​ថា ក្រុម​ពលរដ្ឋ​បាន​ខឹងសម្បា និង​ចង់​ប្រើ​ហិង្សា​លើ​សមត្ថកិច្ច​ទៀត​ផង​នៅ​ពេល​ក្រុម​ចម្រុះ​បង្ក្រាប​បទល្មើស​ស្បៃ​មុង​ជាក់​ស្ដែង​ជា​ច្រើន​របាំង។

លោក​ទទួល​ស្គាល់​ថា ពេល​ចុះ​បង្ក្រាប​នោះ​ពិត​ជា​បាន​ឃើញ​របាំង​របស់​សហគមន៍​នៅ​ព្រែក​ប្រណាក មែន តែ​មិន​បាន​រុះរើ​នោះ​ទេ ព្រោះ​វា​ធ្វើ​ឡើង​ដើម្បី​ប្រយោជន៍​រួម៖ «គាត់​ថា ផល​ប្រយោជន៍​ធ្វើ​សម្រាប់​សហគមន៍ យើង​ក៏​បាន​ដឹង​ឮ អាជ្ញាធរ​ភូមិ​ក៏​ដឹង​ឮ ចៅហ្វាយ​ស្រុក​ក៏​ដឹង​ឮ អ៊ីចឹង​ទៅ យើង​ក៏​ហី​ទៅ ដោយ​ឡែក​ពួកគាត់​ធ្វើ​បទល្មើស​ជាក់​ស្ដែង​ដាក់​ស្បែ​មុង​តែ​ម្ដង»

ច្បាប់​ស្ដីពី​ជលផល​មាត្រា​៤១ ត្រង់​ចំណុច​ទី​៣ បាន​ហាមឃាត់​ការ​ធ្វើ​នេសាទ​ក្នុង​កន្លែង​បម្រុង​ដោយ​ប្រើ​ឧបករណ៍​គ្រប់​ប្រភេទ រួមផ្សំ​ដោយ​របាំង​ព្រួល​ដែល​មាន​បណ្ដោយ​លើស​ពី ៥០​ម៉ែត្រ ឬ​លាត​សន្ធឹង​លើស​ពី​ពីរ​ភាគ​បី​នៃ​ទទឹង​មុខ​ទឹក ឬ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ជលយាន​គ្រប់​ប្រភេទ។ ជន​ណា​ដែល​ប្រព្រឹត្ត​ល្មើស​នេះ ត្រូវ​ពិន័យ​អន្តរការណ៍​ពី​រដ្ឋបាល​ជលផល​ជា​ប្រាក់​ពី ៥​លាន ដល់ ១០​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។