ពលរដ្ឋ​នៅ​ខេត្ត​កណ្ដាល​ត្អូញត្អែរ​ពី​ការ​នេសាទ​ខុស​ច្បាប់

0:00 / 0:00

ពលរដ្ឋ​នៅ​ឃុំ​សំពៅពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល ត្អូញត្អែរ​អំពី​ការ​នេសាទ​ខុស​ច្បាប់​កើន​ឡើង​នៅ​ក្នុង​រដូវ​វស្សា​នេះ។ ពួក​គាត់​បារម្ភ​ថា ការ​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់ នឹង​ធ្វើ​ហិនហោច​ត្រី។

ពលរដ្ឋ​នៅ​ឃុំ​សំពៅពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល នៅ​ក្នុង​តំបន់​ទឹក​នៃ​ឃុំ​នោះ ឱ្យ​ដឹង​មាន​ការ​នេសាទ​ខុស​ច្បាប់​កាន់​តែ​ច្រើន ដែល​អ្នក​នេសាទ​ទាំង​នោះ​ប្រើ​ឧបករណ៍​ស្បៃ​មុង​ក្រឡា​ល្អិត ឬ​វៀតណាម​ហៅ​ថា សៃយ៉ឺន រាប់​ពាន់​ម៉ែត្រ។

អ្នក​ភូមិ​ព្រែកសឹង្ហ ឃុំ​សំពៅ​ពូន​មួយ​រូប គឺ​លោក កែវ យឿង មាន​ប្រសាសន៍​ថា អ្នក​នេសាទ​ដែល​ប្រើ​មុង​ក្រឡា​ល្អិត​ទាំង​នោះ​ ចាប់​យក​ត្រី​ទាំង​តូចៗ​សម្រាប់​ជា​ចំណី​ត្រី​ឆ្ដោ​ចិញ្ចឹម៖ «សៃយ៉ឺន​ដាក់​ច្រើន​ណាស់ រាប់​ពាន់​ខ្សែ។ មួយ​ខ្សែ​រាប់​ពាន់​ម៉ែត្រ ហើយ​រាប់​រយ​កន្លែង។ ឥឡូវ​កូន​ត្រី​ច្រើន វា​យក​ទៅ​ចិញ្ចឹម​ត្រី​ឆ្ដោ​ត្រី​អី។ ខាង​វៀតណាម​យក​ទៅ​ចិញ្ចឹម»

មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ត​កណ្ដាល លោក ប្រាក់ សារ៉ាន់ ថ្លែង​បញ្ជាក់​ថា បទ​ល្មើស​នេសាទ​កំពុង​កើត​ឡើង​ច្រើន​មែន​នៅ​ក្នុង​តំបន់​ទឹក​ឃុំ​សំពៅពូន ស្រុក​កោះធំ​នោះ៖ «ពួក​ខ្ញុំ​ប៉ុន្មាន​បួន​ដប់​នាក់​គ្រាន់​តែ​នាំ​ចុះ​ទៅ​ថត ហើយ​ទៅ​មើល​ល្មើស​ជាក់​ស្ដែង ឃើញ​សកម្មភាព​កំពុង​ពង្រាយ​ដាក់​បន្ថែម មាន​ទូក មាន​បង្គោល ដែល​គេ​ចង​ស្បៃ​សៃយ៉ឺន ហើយ​ណ ស្បៃ​មុង​ញឹក​ហ្នឹង​ដាក់​ស្ទាក់​ចាប់​យក​ត្រី​អស់​ហើយ តាំង​ពី​ត្រី​ពង​កូន ត្រី​ធំ​តូច​អី​ចូល​ទាំង​អស់ សត្វ​អី​ចូល​ទាំង​អស់។ ប្រជាពលរដ្ឋ​នៅ​ទី​នោះ គាត់​កំពុង​កើត​ទុក្ខ​មិន​សុខ​ចិត្ត គាត់​ខ្វល់»

ទាក់ទង​នឹង​ការ​កើន​ឡើង​ការ​នេសាទ​ខុស​ច្បាប់​ឃុំ​សំពៅពូន ស្រុក​កោះធំ​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ចោទ​ថា មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ស៊ី​សំណូក​ ហើយ​បើក​ដៃ​ឱ្យ​មាន​ការ​នេសាទ​ខុស​ច្បាប់។
មេឃុំ​សំពៅពូន លោក អ៊ុក ស៊្រន បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ​ទាំង​នោះ៖ «អាជ្ញាធរ​ឯ​ណា​ទៅ​ធ្វើ​បទ​ល្មើស​បំពាន​លេខ​ ០១ អ៊ីចឹង។ គាត់​ចេះ​តែ​ថា​ទេ។ អាជ្ញាធរ​ណា​ប្រាប់​ខ្ញុំ​ចំ ខ្ញុំ​រាវ​រក​ឱ្យ។ អត់​មាន​ទេ ពួក​ខ្ញុំ​មិន​ធ្វើ​អ៊ីចឹង​ទេ។ ប៉ុន្តែ​បើ​សិន​ជា​មាន​ព័ត៌មាន ខ្ញុំ​ឱ្យ​គេ​ស្រាវ​ជ្រាវ»

លោក​មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ករណី​បទ​ល្មើស​នេសាទ​នៅ​តំបន់​របស់​លោក​ខ្លះ​មែន ហើយ​បញ្ហា​នេះ​តែ​កើត​មាន​ជា​រៀង​រាល់​ឆ្នាំ៖ «ខ្មែរ​យើង​គ្មាន​នរណា​អាច​មាន​ទៅ​ធ្វើ​អា​ហ្នឹង​ទេ។ ប៉ុន្តែ​បើ​មាន​ធំ យើង​នឹង​រៀបចំ​កម្លាំង​ទៅ​បង្ក្រាប​ហើយ មិន​ឱ្យ​ធ្វើ​អី​អ៊ីចឹង​ទេ។ បង​ប្អូន​ក្ដាប់​ព័ត៌មាន​មក​ពី​ណា​ចាំ​ខ្ញុំ​ស្រាវ​ជ្រាវ​ជា​បន្ត​ទៀត»

ប៉ុន្តែ​បញ្ជាក់​ថា លោក​បាន​ប្រជុំ​ពិភាក្សា និង​ដាក់​វិធានការ ដើម្បី​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់​នោះ​ហើយ៖ «ក្រុម​ការងារ​ប្រជុំ​ហើយ។ ដល់​ខែ​ដល់​ឆ្នាំ យើង​ត្រូវ​ចាត់​វិធានការ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​បង្ក្រាប​ឱ្យ​បាន។ តិច​ច្រើន​អី​មាន ប៉ុន្តែ​យើង​បាន​ធ្វើ​សកម្មភាព​រាល់​ឆ្នាំ​ទៅ។ ឆ្នាំ​នេះ​យើង​ធ្វើ​សកម្ម​ម៉ឺងម៉ាត់»

ស្រុក​កោះធំ ជា​តំបន់​ទំនាប​មួយ​នៅ​ផ្នែក​ខាង​ក្រោម​ទន្លេ​បាសាក់។ អ្នក​រស់នៅ​ទី​នោះ​ឱ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ ស្ថានភាព​នៅ​តំបន់​ទំនាប​នោះ​ជា​ច្រើន​ មាន​​រយៈ​ពេល ៦​ខែ​គោក និង ៦​ខែ​ទៀត​ទឹក​ជន់​លិច ដែល​បង្ក​លក្ខណៈ​សម្រាប់​ត្រី​ពង​កូន។ ការ​កើត​មាន​បញ្ហា​នេសាទ​ខុសច្បាប់​នេះ ធ្វើ​ឱ្យ​ពួក​គាត់​បារម្ភ​ខ្លាច​ហិនហោច​ត្រី។ ពួក​គាត់​បន្ត ប្រសិន​បើ​អាជ្ញាធរ​មិន​ចាត់​វិធានការ​បង្ក្រាប​បទ​ល្មើស​ទេ ពួក​គាត់​នឹង​ប្រមូលផ្ដុំ​ទៅ​បង្ក្រាប​ការ​នេសាទ​ខុស​ច្បាបើ​ទាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។