ប្រជាពលរដ្ឋទាំងនោះបានលើកឡើងថា មូលហេតុដែលពួកគាត់សម្រេចចិត្តធ្វើការបង្ក្រាបដោយមានការសហការជាមួយអាជ្ញាធរ ក៏ព្រោះតែពួកគាត់មិនមានជំនឿទៅលើអាជ្ញាធរជលផលដែលមិនមានចំណាត់ការចំពោះករណីនេសាទខុសច្បាប់ទាំងនោះឱ្យមានប្រសិទ្ធភាពនោះទេនៅពេលកន្លងទៅ។
ការព្រួយបារម្ភចំពោះករណីនេសាទខុសច្បាប់នៅរដូវទឹកស្រកដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើស្រូវប្រដេញទឹករបស់ប្រជាពលរដ្ឋនៅស្រុកព្រែកប្រសប់ និងម្យ៉ាងទៀត ដោយសារភ័យខ្លាចពូជមច្ឆាជាតិត្រូវបាត់បង់ដោយការនេសាទខុសច្បាប់ ទើបធ្វើឱ្យប្រជាពលរដ្ឋក្នុងឃុំចំនួនពីរ គឺឃុំតាម៉ៅ និងឃុំចំបក់ ស្នើសុំការសហការពីអាជ្ញាធរដែលពាក់ព័ន្ធ ដើម្បីបង្ក្រាបបទល្មើសនេសាទទាំងនោះ។
ប្រជាពលរដ្ឋនិងជាបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅនៅឃុំចំបក់ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ លោក ចាន់ សុខជុន បានឱ្យដឹងថា ប្រជាពលរដ្ឋបានប្រគល់លិខិតទៅជាអាជ្ញាធរជលផលខេត្ត ដើម្បីឱ្យអាជ្ញាធរដែលពាក់ព័ន្ធ និងដោយអមទៅជាមួយស្នាមមេដៃរបស់ប្រជាពលរដ្ឋ ជាច្រើនរយនាក់ សម្រាប់ស្នើសុំការសហការក្នុងការបង្ក្រាបបទល្មើសនេសាទដ៏ធ្ងន់ធ្ងរនៅឃុំតាម៉ៅ និងឃុំចំបក់ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ ការដាក់យ៉ និងដាក់ដៃនៅតាមព្រែក ដែលធ្វើឱ្យមានផលប៉ះពាល់ជាខ្លាំងដល់ប្រជាពលរដ្ឋដែលជាកសិករធ្វើស្រូវប្រដេញទឹក ពីព្រោះទឹកដែលហូរចេញតាមមាត់ព្រែកយឺត ធ្វើឱ្យពួកគាត់ខកខានក្នុងការធ្វើស្រែ។ មិនតែប៉ុណ្ណោះធ្វើឱ្យប្រជាពលរដ្ឋមិនអាចចេញចូលធ្វើដំណើរតាមព្រែកបាន បន្ថែមពីនេះទៀត គឺធ្វើហិនហោចពូជមច្ឆាជាតិ។
លោក ចាន់ សុខជុន៖ «ក្នុងច្បាប់គេមិនឱ្យដាក់ពេញព្រែកទេ ពីព្រោះវាចាល់ទឹកដែលវាធ្វើប៉ះពាល់ដល់ប្រជាពលរដ្ឋ ប្រកបរបរកសិកម្មតាមបឹង ទីមួយ។ ទីពីរ វាប៉ះពាល់ដល់ការធ្វើដំណើររបស់ពួកគាត់តាមផ្លូវទឹក។ ទីបី បើករណីគាត់ដាក់ពេញព្រែកអ៊ីចឹង មិនអាចធ្វើឱ្យពួកគាត់ខាងក្រោមអាចដាក់បាន គឺបានតែសហគមន៍មួយគត់ដែលអាចទទួលផលពីនេសាទហ្នឹង។ ទីបួន គឺបញ្ហាដាក់ក្រឡាញឹក ទាំងអស់នេះហើយដែលប្រជាពលរដ្ឋទូទៅគាត់គិតថា ជាករណីបំផ្លាញយ៉ាងធ្ងន់ធ្ងរ»។
លោកបន្តថា ការនេសាទខុសច្បាប់ដែលមិនមានការបង្ក្រាបពីសំណាក់មន្ត្រីជលផលខេត្ត និងស្រុកឱ្យមានប្រសិទ្ធភាព ទើបធ្វើឱ្យប្រជាពលរដ្ឋស្នើឱ្យអាជ្ញាធរទាំងនោះចូលរួមជាមួយប្រជាពលរដ្ឋក្នុងបង្ក្រាបបទល្មើសនេសាទទើបធានាបាននូវប្រសិទ្ធភាពជាង។
បញ្ហានេះ ត្រូវបានជំនួយការប្រធានមន្ទីរជលផលខេត្តក្រចេះ លោក ផល្លា មិនបានបកស្រាយអ្វីច្រើននោះទេ ដោយគ្រាន់តែបញ្ជាក់ថា សំណុំឯកសារដែលតំណាងប្រជាពលរដ្ឋបានដាក់ជូនទៅខាងមន្ទីរនោះ គឺលោកទើបតែទទួលបាន ដូចនេះខាងលោកត្រូវធ្វើទៅតាមលំដាប់លំដោយ ទើបធ្វើឱ្យលោកមិនដឹងថា ដំណើរការចុះបង្ក្រាបនឹងចាប់ផ្ដើមពេលណាឡើយ។
លោក ផល្លា៖ «បាទ! អាហ្នឹងខ្ញុំអត់ដឹងដែរ បាទ! ពីព្រោះខ្ញុំនៅនេះគ្រាន់តែជាអ្នកកាន់ខាង ប្រូសេស (Process) ឯកសារ កាន់ឯកសារត្រូវចេញទៅណាមកណា ខ្ញុំអត់ដឹងទេ ព្រោះអាហ្នឹងផ្នែកនីតិកម្មគេ បង! ព្រោះខ្ញុំគ្រាន់តែចាត់ចែងឯកសារ គ្រាន់តែដឹងថា ពីណាទៅណាប៉ុណ្ណឹងទេ។ ទាល់តែគេពិនិត្យ ហើយដាក់ជូនយោបល់គាត់យ៉ាងម៉េចៗ ត្រូវចុះទៅយ៉ាងម៉េច បាទៗ អ៊ីចឹង។ ខ្ញុំគ្រាន់តែដឹងថា ឯកសារមកដល់ដៃខ្ញុំពីរថ្ងៃទេ»។
បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយរូបទៀត បានចុះទៅពិនិត្យមើលឧបករណ៍នេសាទខុសច្បាប់ឃុំព្រែកប្រសប់ លោក សាល់ ខាន់ បានឱ្យដឹងថា ខាងលោកបានស្នើឱ្យមន្ត្រីជំនាញជលផលមកធ្វើការបង្ក្រាបជាមួយប្រជាពលរដ្ឋ ប៉ុន្តែអាជ្ញាធរហាក់បីដូចជាមិនបានសហការជាមួយប្រជាពលរដ្ឋទេ គឺបែរជាមកមុនប្រជាពលរដ្ឋ ទើបធ្វើឱ្យព័ត៌មានបង្ក្រាបនោះបានលេចឭដល់ជនល្មើសទាំងនោះទៀតផង។
លោកបន្តថា ករណីជនល្មើសដឹងខ្លួនមុន ហើយបានលាក់រាល់ឧបករណ៍នេសាទខុសច្បាប់ជាមុន ហាក់បីដូចជាមានការសហការគ្នារវាងអាជ្ញាធរនិងជនដែលប្រព្រឹត្តបទល្មើសនេសាទ ទើបធ្វើឱ្យការបង្ក្រាបរបស់ប្រជាពលរដ្ឋមិនមានប្រសិទ្ធភាព៖ «ក៏ដូចជាយើងបានឃើញទិដ្ឋភាពផ្ទាល់ គឺមានការសហការគ្នា អានេះគេហៅថា ការចែកតួនាទីគ្នាដើម្បីលាក់កំបាំងបទល្មើសតែម្ដង ព្រោះតាមដឹង អ្នកប្រើប្រាស់ឧបករណ៍ មិនមែនគាត់ធ្វើល្មើសដោយគ្មានអាជ្ញាធរដឹងឭទេ គឺគាត់បានសហការគ្នាដោយមានបង់លុយបង់អីជាដើម។ អ៊ីចឹងហើយពេលដែលយើងប្ដឹងទៅ គឺមានការឱ្យសញ្ញាទៅជនល្មើសទៀតផង»។
រីឯប្រជាពលរដ្ឋមួយរូបទៀត រស់នៅឃុំចំបក់ លោក សំណាង បានឱ្យដឹងថា ប្រសិនបើអាជ្ញាធរដែលពាក់ព័ន្ធមិនមានចំណាត់ការដើម្បីបង្ក្រាបបទល្មើសនេសាទឱ្យមានប្រសិទ្ធភាពនោះទេ ពួកគាត់នឹងបន្តធ្វើសកម្មភាពបង្ក្រាបនេះដោយខ្លួនឯងតទៅទៀត ដើម្បីចូលរួមចំណែកក្នុងការថែរក្សាពូជមច្ឆាជាតិឱ្យគង់វង្សសម្រាប់ក្មេងជំនាន់ក្រោយ។ សកម្មភាពចុះបង្ក្រាបបទល្មើសនេសាទរបស់ប្រជាពលរដ្ឋដោយមានសហការពីសំណាក់អាជ្ញាធរជលផល និងមន្ត្រីដែលពាក់ព័ន្ធ គឺចាប់ផ្ដើមពីថ្ងៃ៧ ធ្នូ ដល់ថ្ងៃ១៣ ធ្នូ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
