ក្រុមហ៊ុនទំនប់វារីអគ្គិសនីនៃប្រទេសវៀតណាម បានជូនដំណឹងស្ដីពីការបើកបង្ហូរទឹកទំនប់វារីអគ្គិសនីចំនួនពីរ គឺទំនប់សេសាន៤ និងសេសាន៤អេ ពីខ្សែទឹកខាងនៃទន្លេសេសាន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែសីហា។ តើការបង្ហូរទឹកចេញពីទំនប់វារីអគ្គិសនីក្នុងរដូវវស្សានេះ អាចធ្វើឲ្យប្រទេសកម្ពុជា មានទឹកជំនន់ឬទេ?
មន្ត្រីឃ្លាំមើលផលប៉ះពាល់ដោយសារទឹកជំនន់នៅដងទន្លេបីក្នុងខេត្តរតនគិរី និងខេត្តស្ទឹងត្រែង អំពាវនាវឲ្យប្រជាពលរដ្ឋរក្សាការប្រយ័ត្នបន្តទៀត បើទោះបីជំនន់ទឹកភ្លៀងបានស្រកចុះយ៉ាងណាក្តី។ លោកថា ការបើកបង្ហូរទឹកទំនប់វារីអគ្គិសនីពីប្រទេសវៀតណាម ក៏ជាហេតុបង្កឲ្យមានទឹកជំនន់ធ្ងន់ធ្ងរផងដែរ។
អ្នកសម្របសម្រួលអង្គការការពារទន្លេបី លោក មាច មៀន អះអាងនៅថ្ងៃទី១៧ ខែសីហា ថា ប្រសិនមានភ្លៀងធ្លាក់ច្រើនក្នុងអំឡុងនៃការប្រកាសបើកបង្ហូរទឹកទំនប់នេះនឹងអាចបង្កឲ្យមានទឹកជំនន់ប៉ះពាល់ប្រជាពលរដ្ឋអ្នករស់នៅតាមដងទន្លេ។
លោកកត់សំគាល់ថា ការបើកបង្ហូរទឹករយៈពេល ១៥ថ្ងៃនេះ មានបរិមាណជាង ៧០០ម៉ែត្រគីបក្នុងមួយវិនាទីដែលជាការបង្ហូរទឹកច្រើនបង្គួរប្រៀបធៀបទៅនឹងបរិមាណទឹកទន្លេដែលអាចបង្កឲ្យទឹកជំនន់ គឺមានកម្រិតជាង ១ពាន់ម៉ែត្រគីប៖ «ចាប់ពីថ្ងៃហ្នឹងទៅមុខយើងអត់ទាន់ដឹងកម្រិតភ្លៀងប៉ុណ្ណាទេ បើសិនណាកម្រិតភ្លៀងធ្ងន់ធ្ងរយើងនឹងមានការព្រួយបារម្ភ ត្រូវប្រុងប្រយ័ត្នឲ្យខ្ពស់»។
នៅខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ទឹកជំនន់បានស្រកអស់ហើយ ដោយឡែកផ្ទៃមេឃក៏មានពន្លឺថ្ងៃក្តៅដូចធម្មតា ប៉ុន្តែពពកខ្មៅនៅបន្សល់ខ្លះៗ ដែលអាចបង្កឲ្យទឹកភ្លៀងបន្តធ្លាក់នៅឡើយ។
ប្រធានមន្ទីរធនធានទឹក ឧតុនិយមនិងជលសាស្ត្រ លោក អ៊ូ ឡាង អះអាងដែរថា ភាគីវៀតណាម បានជូនដំណឹងពីការបើកបង្ហូរទឹកទំនប់ ប៉ុន្តែបរិមាណទឹកនេះមិនបង្កឲ្យមានទឹកជំនន់នោះឡើយ។
លោកថា បានចាត់មន្ត្រីឲ្យឃ្លាំមើលកម្រិតទឹកឡើងនៅស្ថានីយវាស់ទឹករួចហើយ ប៉ុន្តែមិនបានផ្ដល់ព័ត៌មានស្ដីពីការបើកទឹកជូនមន្ត្រីអាជ្ញាធរមូលដ្ឋាននោះទេ ព្រោះខ្លាចប្រជាពលរដ្ឋភ័យព្រួយ៖ «គេបើកមក គេបើកសម្រាប់តែស្តង់ដារមកទេ គេមិនបើកមកឲ្យយើងលិចលង់ឯណា។ វាអត់ស្អីទេ កាលណាយើងលិចលង់ទាល់តែ ១.២០០ ១.១០០ បានវាលិចលង់។ ៧០០ វាកាច បានន័យថា បីភាគបួននៃទន្លេអត់ស្អីទេ»។
ប្រជាពលរដ្ឋជនជាតិដើមភាគតិចរស់នៅឃុំតាវងក្រោម លោក ត្រាំ ថាំង បញ្ជាក់ថា រហូតមកទល់នឹងវេលាថ្ងៃត្រង់ថ្ងៃទី១៧ ខែសីហា ទឹកទន្លេសេសាននៅចំណុចឃុំតាវែងក្រោម មានកម្រិតធម្មតានៅឡើយ ក៏ប៉ុន្តែលោកចំណាំថា ពេលណាទឹកទំនប់ពីប្រទេសវៀតណាម បើកកំពស់ទឹកទន្លេឡើងយ៉ាងគំហុក ធ្វើឲ្យជន់លិចភ្លាមៗមិនដឹងខ្លួន។
លោកបន្តថា ការផ្ដល់ព័ត៌មានស្តីពីការបង្ហូរទឹកឲ្យប្រជាពលរដ្ឋដឹងមុន គឺជាចំណុចសំខាន់ដើម្បីប្រជាពលរដ្ឋត្រៀមលក្ខណៈបញ្ចៀសផលប៉ះពាល់៖ «ឃើញវៀតណាម បើកទឹកទៅវាឡើងខ្លាំងតែម្ដង ១ម៉ោងវាអាចឡើងកន្លះម៉ែត្រ ខ្ពស់ណាស់។ ពីភូមិមួយៗទៅដល់ទីទួលសុវត្ថិភាពវាឆ្ងាយ ហើយវាព្រៃទៀត ភ្នំ អ៊ីចឹងពិបាកទៅជ្រកកោននៅព្រៃហ្នឹង»។
ជំនន់ទឹកភ្លៀងកាលពីដើមខែសីហា រួមទាំងការបើកបង្ហូរទឹកទំនប់វារីអគ្គិសនីពីទំនប់យ៉ាលី ប្រទេសវៀតណាម ក្នុងកម្រិតប្រមាណជាង ៥០០ម៉ែត្រគីបក្នុងមួយវិនាទីបានធ្វើឲ្យទឹកជន់លិចស្រូវដំណាំ ចំការក្នុងស្រុកចំនួនបីនៅខេត្តរតនគិរី បង្កផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋជាង ៨០០គ្រួសារ លិចស្រូវជាង ១.៦០០ហិកតារ ក្នុងនោះ ៣០០ហិកតាររលួយខូច លិចដំណាំចំការជាង ៦០០ហិកតារ ក្នុងនោះរលួយខូចជិត ៣០០ហិកតារ ដាច់ផ្លូវលំអស់ប្រមាណ ២០០ម៉ែត្រ និងស្លាប់មនុស្សម្នាក់។
ចំណែកនៅខេត្តស្ទឹងត្រែង ទឹកជន់លិចស្រុកនិងក្រុងចំនួន ៤ បង្កផលប៉ះពាល់ផ្ទះជាង ១.៣០០ផ្ទះ (១.៣២៣) លិចស្រូវជិតបីពាន់ហិកតារ (២.៦០៤) ក្នុងនោះរលួយខូចស្ទើរទាំងស្រុង និងលិចដំណាំចំការជាង ៤០០ហិកតារក្នុងនោះរលួយខូចអស់ជិត ៣០០ហិកតារ និងស្លាប់មនុស្សបីនាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
