មនុស្ស​៤៥​នាក់​ស្លាប់​ដោយសារ​គ្រោះ​ទឹក​ជំនន់​គិត​ត្រឹម​ថ្ងៃ​១៩​សីហា

0:00 / 0:00

ទឹក​ជំនន់​ឆ្នាំ​២០១៤ បាន​ចាប់​ផ្ដើម​លិច​ខេត្ត​មួយ​ចំនួន ក្នុង​នោះ​ធ្វើ​ឲ្យ​លិច​ផ្ទះ​សម្បែង​វាល​ស្រែ​ចម្ការ​ដំណាំ ផ្លូវ​គមនាគមន៍ និង​បណ្ដាល​ឲ្យ​មនុស្ស ៤៥​នាក់​បាត់​បង់​ជីវិត។ គ្រោះ​ធម្មជាតិ​នេះ កើត​ឡើង​ស្ទើរ​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​ទឹក​ជំនន់​ឆ្នាំ​២០១៤ នេះ ចាប់​ផ្ដើម​លិច​លឿន​ជាង​បណ្ដា​ឆ្នាំ​កន្លង​មក ហើយ​មន្ត្រី​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​មាន​ជំនឿ​ថា ទឹក​ជំនន់​ឆ្នាំ​នេះ​អាច​កើត​ឡើង​២​ដង។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល អះអាង​ថា ស្ថានភាព​ទឹក​ជំនន់​នៅ​ឆ្នាំ​២០១៤ នេះ នៅ​មិន​ទាន់​ខ្លាំង​ស្មើ​ឆ្នាំ​២០១៣ នៅ​ឡើយ​ទេ ប៉ុន្តែ​ការ​ខូចខាត​ដោយសារ​ទឹក​ជំនន់​នៅ​តែ​កើត​មាន ហើយ​អាច​បន្ត​កើត​មាន ព្រោះ​រយៈពេល​ត្រូវ​ទឹក​ឡើង​នៅ​មិន​ទាន់​ផុត​ទេ។

អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២១ សីហា ថា គិត​មក​ទល់​បច្ចុប្បន្ន​មាន​ខេត្ត​ចំនួន​១២ លិច​ទឹក។ ខេត្ត​ទាំង​នោះ​ស្ថិត​នៅ​តាម​ដង​ទន្លេ​មេគង្គ ទន្លេ​បាសាក់ និង​ខេត្ត​មួយ​ចំនួន​ស្ថិត​តាម​តំបន់​ខ្ពង់រាប។

ខេត្ត​ដែល​ជួប​គ្រោះ​ទឹក​ជំនន់​រួម​មាន ខេត្ត​ព្រះវិហារ កំពង់ធំ រតនគិរី ស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្ដាល ស្វាយរៀង កំពត និង​ខេត្ត​មណ្ឌលគិរី៖ «គិត​ថា​បើ​សិន​ជា​នៅ​ពេល​ចុង​ខែ​កញ្ញា ឬ​ដើម​ខែ​តុលា ដូច​ឆ្នាំ​២០១៣ មាន​ព្យុះ​មាន​ភ្លៀង​ទៀត បញ្ហា​ប្រឈម​មុខ​ខ្លាំង​ទៅ​នឹង​ភាព​ក្រីក្រ និង​ការ​លំបាក​របស់​យើង។ បើ​និយាយ​ថា មនុស្ស​ឥឡូវ​ស្លាប់ ៤៥​នាក់​ពិត​ប្រាកដ។ ឈប់​បូក​ទៀត​ហើយ គិត​ថា​ទឹក​វា​ស្រក​ហើយ នៅ​តែ​បណ្តោយ​អី​ទៀត។ ពី​មុន​ថា​ជាប់​លេខ​១ ខេត្ត​កំពង់ចាម ឥឡូវ​កំពង់ចាម លេខ​២ ព្រៃវែង លេខ​មួយ​វិញ»

ទឹក​ជំនន់​កើត​មាន​ចាប់​ផ្ដើម​ពី​ចុង​សប្ដាហ៍​ទី​៤ នៃ​ខែ​កក្កដា មក​ទល់​ពាក់​កណ្ដាល​ខែ​សីហា។ សរុប​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​ខូចខាត​ដោយ​ទឹក​ជំនន់​គិត​មក​ទល់​បច្ចុប្បន្ន មាន​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ជាង ៦​ម៉ឺន​ខ្នង​លិច​ទឹក ប៉ះពាល់​ប្រជាពលរដ្ឋ​ជិត ១០​ម៉ឺន​គ្រួសារ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៤៥​នាក់ ប្រជាពលរដ្ឋ​ចំនួន​ជាង ១​ម៉ឺន​គ្រួសារ ត្រូវ​ជម្លៀស​ចេញ​ពី​ភូមិឋាន​ទៅ​បាន​ជ្រក​បណ្ដោះអាសន្ន​នៅ​ទួល​សុវត្ថិភាព មាន​ដី​ស្រែ​ចំនួន​ជិត ៨​ម៉ឺន​ហិកតារ បាន​លិចលង់ ធ្វើ​ឲ្យ​ស្រូវ​ស្ទូង ហើយ​ជិត ៩​ពាន់​ហិកតារ ត្រូវ​ខូច និង​ដី​ចម្ការ​ជិត ១​ម៉ឺន​ហិកតារ បាន​លិចលង់ ហើយ​បណ្ដាល​ឲ្យ​ដំណាំ​ផ្សេងៗ​ជាង ៤​ពាន់​ហិកតារ ត្រូវ​ខូចខាត។ ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​វិញ មាន​លិច​សាលា​រៀន​ចំនួន ៣៩៤​ខ្នង វត្ត​អារាម ១៥៤​កន្លែង មន្ទីរពេទ្យ ៣២​កន្លែង និង​មាន​បាក់​ច្រាំង​ទន្លេ ១០​កន្លែង នៅ​ខេត្ត​ចំនួន​៣។

ក្នុង​ចំណោម​មនុស្ស​ស្លាប់ ៤៥​នាក់​នោះ មាន​កុមារ​ចំនួន ១៧​នាក់។ អ្នក​ស្លាប់​ទាំង​នោះ​មាន​នៅ​ខេត្ត​កំពង់ធំ ៣​នាក់ ខេត្ត​ស្ទឹងត្រែង ៣​នាក់ ខេត្ត​ក្រចេះ ៧​នាក់ ខេត្ត​កំពង់ចាម ១២​នាក់ ខេត្ត​ត្បូងឃ្មុំ ២​នាក់ ខេត្ត​ព្រៃវែង ១៥​នាក់ និង​ខេត្ត​កណ្តាល ៣​នាក់។ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង ៤៥​នាក់​នោះ មាន ២​នាក់​ស្លាប់​ដោយសារ​ពស់​ចឹក។

បើ​ទោះ​បី​ជា​មាន​របាយការណ៍ និង​តួលេខ​ស្ដីពី​ការ​ខូចខាត ហើយ​ក៏​ដោយសារ​តែ​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បដិសេធ​មិន​និយាយ​ថា តើ​ការ​ខូចខាត​នោះ​គិត​ជា​ប្រាក់​មាន​ចំនួន​ប៉ុន្មាន​ទេ។

សន្និសីទ​កាសែត​អំពី​ផល​ប៉ះពាល់​នៃ​គ្រោះ​ទឹកជំនន់​នៅ​ឆ្នាំ​២០១៤ នា​សណ្ឋាគារ​​កាំបូឌីយ៉ាណា (Cambodiana) រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២១ សីហា ២០១៤។
សន្និសីទ​កាសែត​អំពី​ផល​ប៉ះពាល់​នៃ​គ្រោះ​ទឹកជំនន់​នៅ​ឆ្នាំ​២០១៤ នា​សណ្ឋាគារ​​កាំបូឌីយ៉ាណា (Cambodiana) រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២១ សីហា ២០១៤។ (RFA/Keo Nimol)

ប្រជាពលរដ្ឋ​មួយ​រូប​ឈ្មោះ ផាន វៃ រស់នៅ​ភូមិ​ស្វាយសុខោ សង្កាត់​ជើងទឹក ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា គ្រោះ​ទឹក​ជំនន់​បង្ក​ឲ្យ​មាន​ការ​លំបាក​គ្រប់​បែប​យ៉ាង ចំពោះ​ជីវភាព​រស់នៅ ក្រៅ​ពី​លិច​ផ្ទះ​សម្បែង ផ្លូវ​ថ្នល់ ស្រូវ​ក្នុង​ស្រែ និង​ចម្ការ​ដំណាំ គឺ​ធ្វើ​ឲ្យ​លំបាក​ក្នុង​ការ​ថែ​ទាំ​សត្វ​ពាហនៈ និង​ជីវិត​មនុស្ស​ក្នុង​គ្រួសារ អាច​ជួប​គ្រោះ​ថ្នាក់​ទៀត​ផង៖ «លិច​ម្តងៗ​ពិបាក​មើល​ថែ​កូន​ចៅ​ណាស់ សូម្បី​តែ​គោ​ក្របី​ក៏​លំបាក មិន​ដឹង​យក​ទៅ​ដាក់​កន្លែង​ណា មាន់​ទា​ជ្រូក​អី​ហ្នឹង។ គិត​ទៅ​ទឹក​លិច​ទាំង​ឡើង​ទាំង​លិច វា​ចូល​៣​ខែ​ហើយ អ៊ីចឹង​អ្នក​មាន​ផ្ទះ​លិច​ទឹក​នោះ ទៅ​ណា​មិន​រួច ជាប់​មើល​គោ​ក្របី ត្រូវ​នៅ​ថែ ពិបាក​ណាស់ បាយ​ទឹក​អី ផ្គត់ផ្គង់​កូន​ចៅ​មិន​បាន​គ្រប់គ្រាន់​ទេ ព្រោះ​រវល់​សព្វ​បែប​យ៉ាង។ ព្រួយ​ណាស់! ខ្លាច​កូន​នោះ​លង់​ទឹក​ផង ខ្លាច​ពស់ ខ្លាច​ក្អែប ឡើង​លើ​ផ្ទះ មិន​បាន​សម្រាក​លក់​គ្រប់​ទេ កូន​រៀន​សូត្រ​ក៏​មិន​បាន​គ្រប់គ្រាន់។ ការ​ដើរ​ហើរ​ក៏​លំបាក គ្មាន​ទូក គ្មាន​អី​ទេ។ ឡើង​គោក​លុយ​ទឹក កូន​លី​ផង​កណ្ដៀត​ផង ពិបាក​ណាស់​បង​អើយ ទឹក​លិច​ម្តងៗ»

លោក ចាន់ សុផល មន្ត្រី​ជាន់​ខ្ពស់​សមាគម​សេដ្ឋកិច្ច​កម្ពុជា លើក​ឡើង​ថា ទឹក​ជំនន់​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ជីវិត​របស់​ប្រជាពលរដ្ឋ ក្នុង​តំបន់​មាន​ទឹក​លិច​ជួប​ការ​លំបាក​ប៉ុណ្ណោះ​ទេ គឺ​ធ្វើ​ឲ្យ​អ្នក​ស្រុក​ធ្លាក់​ខ្លួន​ក្រ ជំពាក់​បំណុល​គេ ហើយ​គ្មាន​លុយ​សង​បំណុល​ចាស់​ទៀត​ផង។

ដោយសារ​ទឹក​ជំនន់​កើត​មាន​សឹង​តែ​រៀង​រាល់​ឆ្នាំ​ទៅ​ហើយ​នោះ រដ្ឋាភិបាល​បាន​ត្រៀម​ទឹក​ប្រាក់​មួយ​ចំនួន​ក្នុង​ខ្ទង់​ថវិកា​ជាតិ ដើម្បី​ត្រៀម​ប្រើប្រាស់​ជួយ​ប្រជាពលរដ្ឋ​ក្នុង​ពេល​ជួប​គ្រោះ​ទឹក​ជំនន់។ លោក ញឹម វណ្ណដា មិន​បាន​ឲ្យ​ដឹង​ថា ទឹក​ប្រាក់​នោះ​មាន​ចំនួន​ប៉ុន្មាន​ទេ ប៉ុន្តែ​លោក​លើក​ឡើង​ថា ប្រាក់​ត្រៀម​បម្រុង​នោះ រដ្ឋាភិបាល​ទុក​ចំណាយ​ទិញ​អង្ករ​ជួយ​អ្នក​រងគ្រោះ​ទិញ​ស្រូវ​ពូជ និង​ប្រេង​ឥន្ធនៈ។

ក្រៅ​ពី​មាន​ថវិកា​បម្រុង របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​កងទ័ព និង​កម្លាំង​ប្រដាប់​អាវុធ​ផ្សេង​ទៀត ត្រៀម​ខ្លួន​ជួយ​ប្រជាពលរដ្ឋ​ក្នុង​គ្រា​មាន​អាសន្ន និង​ជួយ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​តំបន់​លិច​ទឹក។

លោក ប៉ុន ណារិទ្ធិ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ សីហា ថា មធ្យោបាយ​ឆ្លើយ​តប និង​អន្តរាគមន៍​សង្គ្រោះ​ទឹក​ជំនន់​មាន​ច្រើន​បែប ដូច​ជា ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ត្រូវ​ផ្តល់​ព័ត៌មាន​ជា​មុន​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន កង​កម្លាំង​ចុះ​ទប់​ទឹក ជួយ​ជួសជុល​ផ្លូវ​ដែល​ទឹក​ហូរ​កាត់ ប្រើ​ម៉ាស៊ីន​បូម​ទឹក​ចេញ​ពី​តំបន់​លិចលង់ បង្វែរ​ផ្លូវ​ទឹក​កុំ​ឲ្យ​ខូចខាត​ខ្លាំង ជាដើម។ល។

លោក អ៊ុយ សំអាត មន្ត្រី​ជាន់​ខ្ពស់​កាកបាទ​ក្រហម​កម្ពុជា បាន​ឲ្យ​ដឹង​ថា គិត​មក​ទល់​ថ្ងៃ​ទី​២១ សីហា នេះ កាកបាទ​ក្រហម​កម្ពុជា បាន​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដល់​ប្រជាពលរដ្ឋ ១៣.០០០​គ្រួសារ​ហើយ។ ជំនួយ​សង្គ្រោះ​របស់​កាកបាទ​ក្រហម​កម្ពុជា មាន​ដូច​ជា អង្ករ មី​កញ្ចប់ ត្រី​ខ​កំប៉ុង និង​កៅស៊ូ​តង់​ជា​ជម្រក​បណ្ដោះអាសន្ន ជាដើម៖ «អ៊ីចឹង ខ្ញុំ​គិត​ថា ចំនួន​អ្នក​ឆ្លើយ​តប​អាច​ច្រើន​ជាង ១៣.០០០​គ្រួសារ នៅ​ក្នុង​តាម​បណ្ដា​ខេត្ត​តាម​ដង​ទន្លេ​មេគង្គ ខេត្ត​ព្រះវិហារ កំពង់ធំ ហើយ​និង​បណ្ដា​ខេត្ត​ជុំវិញ​ទន្លេសាប»

ទាក់ទង​វិធានការ​ជួយ​អ្នក​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​នេះ​ដែរ នៅ​ថ្ងៃ​ទី​២១ សីហា គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​រួម​ប្រជុំ​ក្រុម​ការងារ​សម្រប​សម្រួល​ការ​ត្រៀម​រៀបចំ​ឆ្លើយ​តប​សង្គ្រោះ​បន្ទាន់ និង​ស្ដារ​ឡើង​វិញ ដើម្បី​វាយ​តម្លៃ​ផល​ប៉ះពាល់ ដោយសារ​ទឹក​ជំនន់ និង​ស្វែងរក​ជំនួយ​ពី​ភាគី​ជាតិ និង​អន្តរជាតិ។ ក្រុម​ការងារ​សម្រប​សម្រួល​នេះ មាន​សមាជិក​ជា​តំណាង​អង្គការ​ជាតិ និង​អន្តរជាតិ​ចំនួន​៣៥​ជា​សមាជិក។ លោក ញឹម វណ្ណដា ជា​តំណាង​ភាគី​ជាតិ​នៅ​ក្នុង​ក្រុម​ការងារ​សម្រប​សម្រួល​នេះ ហើយ​តំណាង​ភាគី​អន្តរជាតិ​មាន លោកស្រី ក្លាវ៉ាន់ ឌឺ វារ៉េន (Clair Van der Vaeren) តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា។

កាល​ពី​ឆ្នាំ​២០១៣ គ្រោះ​ទឹក​ជំនន់​បាន​កើត​ឡើង​ប៉ះពាល់​ខេត្ត​២០ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ១៦៨​នាក់ និង​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ​ប្រមាណ ១,៨​លាន​នាក់។ នៅ​ពេល​នេះ បើ​ទោះ​បី​ជា​ទឹក​ចាប់​ផ្ដើម​ស្រក​ហើយ​ក្តី ប៉ុន្តែ​មន្ត្រី​ជំនាញ និង​ប្រជាពលរដ្ឋ​យល់​ថា នេះ​ជា​ការ​ស្រក​បណ្ដោះអាសន្ន​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។