ទឹកជំនន់ឆ្នាំ២០១៤ បានចាប់ផ្ដើមលិចខេត្តមួយចំនួន ក្នុងនោះធ្វើឲ្យលិចផ្ទះសម្បែងវាលស្រែចម្ការដំណាំ ផ្លូវគមនាគមន៍ និងបណ្ដាលឲ្យមនុស្ស ៤៥នាក់បាត់បង់ជីវិត។ គ្រោះធម្មជាតិនេះ កើតឡើងស្ទើររៀងរាល់ឆ្នាំ ប៉ុន្តែទឹកជំនន់ឆ្នាំ២០១៤ នេះ ចាប់ផ្ដើមលិចលឿនជាងបណ្ដាឆ្នាំកន្លងមក ហើយមន្ត្រីរដ្ឋាភិបាល និងប្រជាពលរដ្ឋមានជំនឿថា ទឹកជំនន់ឆ្នាំនេះអាចកើតឡើង២ដង។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អះអាងថា ស្ថានភាពទឹកជំនន់នៅឆ្នាំ២០១៤ នេះ នៅមិនទាន់ខ្លាំងស្មើឆ្នាំ២០១៣ នៅឡើយទេ ប៉ុន្តែការខូចខាតដោយសារទឹកជំនន់នៅតែកើតមាន ហើយអាចបន្តកើតមាន ព្រោះរយៈពេលត្រូវទឹកឡើងនៅមិនទាន់ផុតទេ។
អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា មានប្រសាសន៍នៅថ្ងៃទី២១ សីហា ថា គិតមកទល់បច្ចុប្បន្នមានខេត្តចំនួន១២ លិចទឹក។ ខេត្តទាំងនោះស្ថិតនៅតាមដងទន្លេមេគង្គ ទន្លេបាសាក់ និងខេត្តមួយចំនួនស្ថិតតាមតំបន់ខ្ពង់រាប។
ខេត្តដែលជួបគ្រោះទឹកជំនន់រួមមាន ខេត្តព្រះវិហារ កំពង់ធំ រតនគិរី ស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្ដាល ស្វាយរៀង កំពត និងខេត្តមណ្ឌលគិរី៖ «គិតថាបើសិនជានៅពេលចុងខែកញ្ញា ឬដើមខែតុលា ដូចឆ្នាំ២០១៣ មានព្យុះមានភ្លៀងទៀត បញ្ហាប្រឈមមុខខ្លាំងទៅនឹងភាពក្រីក្រ និងការលំបាករបស់យើង។ បើនិយាយថា មនុស្សឥឡូវស្លាប់ ៤៥នាក់ពិតប្រាកដ។ ឈប់បូកទៀតហើយ គិតថាទឹកវាស្រកហើយ នៅតែបណ្តោយអីទៀត។ ពីមុនថាជាប់លេខ១ ខេត្តកំពង់ចាម ឥឡូវកំពង់ចាម លេខ២ ព្រៃវែង លេខមួយវិញ»។
ទឹកជំនន់កើតមានចាប់ផ្ដើមពីចុងសប្ដាហ៍ទី៤ នៃខែកក្កដា មកទល់ពាក់កណ្ដាលខែសីហា។ សរុបលទ្ធផលបណ្ដោះអាសន្ននៃការខូចខាតដោយទឹកជំនន់គិតមកទល់បច្ចុប្បន្ន មានផ្ទះប្រជាពលរដ្ឋចំនួនជាង ៦ម៉ឺនខ្នងលិចទឹក ប៉ះពាល់ប្រជាពលរដ្ឋជិត ១០ម៉ឺនគ្រួសារ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៤៥នាក់ ប្រជាពលរដ្ឋចំនួនជាង ១ម៉ឺនគ្រួសារ ត្រូវជម្លៀសចេញពីភូមិឋានទៅបានជ្រកបណ្ដោះអាសន្ននៅទួលសុវត្ថិភាព មានដីស្រែចំនួនជិត ៨ម៉ឺនហិកតារ បានលិចលង់ ធ្វើឲ្យស្រូវស្ទូង ហើយជិត ៩ពាន់ហិកតារ ត្រូវខូច និងដីចម្ការជិត ១ម៉ឺនហិកតារ បានលិចលង់ ហើយបណ្ដាលឲ្យដំណាំផ្សេងៗជាង ៤ពាន់ហិកតារ ត្រូវខូចខាត។ ចំពោះហេដ្ឋារចនាសម្ព័ន្ធសាធារណៈវិញ មានលិចសាលារៀនចំនួន ៣៩៤ខ្នង វត្តអារាម ១៥៤កន្លែង មន្ទីរពេទ្យ ៣២កន្លែង និងមានបាក់ច្រាំងទន្លេ ១០កន្លែង នៅខេត្តចំនួន៣។
ក្នុងចំណោមមនុស្សស្លាប់ ៤៥នាក់នោះ មានកុមារចំនួន ១៧នាក់។ អ្នកស្លាប់ទាំងនោះមាននៅខេត្តកំពង់ធំ ៣នាក់ ខេត្តស្ទឹងត្រែង ៣នាក់ ខេត្តក្រចេះ ៧នាក់ ខេត្តកំពង់ចាម ១២នាក់ ខេត្តត្បូងឃ្មុំ ២នាក់ ខេត្តព្រៃវែង ១៥នាក់ និងខេត្តកណ្តាល ៣នាក់។ ក្នុងចំណោមអ្នកស្លាប់ទាំង ៤៥នាក់នោះ មាន ២នាក់ស្លាប់ដោយសារពស់ចឹក។
បើទោះបីជាមានរបាយការណ៍ និងតួលេខស្ដីពីការខូចខាត ហើយក៏ដោយសារតែមន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បដិសេធមិននិយាយថា តើការខូចខាតនោះគិតជាប្រាក់មានចំនួនប៉ុន្មានទេ។

ប្រជាពលរដ្ឋមួយរូបឈ្មោះ ផាន វៃ រស់នៅភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង មានប្រសាសន៍ឲ្យដឹងថា គ្រោះទឹកជំនន់បង្កឲ្យមានការលំបាកគ្រប់បែបយ៉ាង ចំពោះជីវភាពរស់នៅ ក្រៅពីលិចផ្ទះសម្បែង ផ្លូវថ្នល់ ស្រូវក្នុងស្រែ និងចម្ការដំណាំ គឺធ្វើឲ្យលំបាកក្នុងការថែទាំសត្វពាហនៈ និងជីវិតមនុស្សក្នុងគ្រួសារ អាចជួបគ្រោះថ្នាក់ទៀតផង៖ «លិចម្តងៗពិបាកមើលថែកូនចៅណាស់ សូម្បីតែគោក្របីក៏លំបាក មិនដឹងយកទៅដាក់កន្លែងណា មាន់ទាជ្រូកអីហ្នឹង។ គិតទៅទឹកលិចទាំងឡើងទាំងលិច វាចូល៣ខែហើយ អ៊ីចឹងអ្នកមានផ្ទះលិចទឹកនោះ ទៅណាមិនរួច ជាប់មើលគោក្របី ត្រូវនៅថែ ពិបាកណាស់ បាយទឹកអី ផ្គត់ផ្គង់កូនចៅមិនបានគ្រប់គ្រាន់ទេ ព្រោះរវល់សព្វបែបយ៉ាង។ ព្រួយណាស់! ខ្លាចកូននោះលង់ទឹកផង ខ្លាចពស់ ខ្លាចក្អែប ឡើងលើផ្ទះ មិនបានសម្រាកលក់គ្រប់ទេ កូនរៀនសូត្រក៏មិនបានគ្រប់គ្រាន់។ ការដើរហើរក៏លំបាក គ្មានទូក គ្មានអីទេ។ ឡើងគោកលុយទឹក កូនលីផងកណ្ដៀតផង ពិបាកណាស់បងអើយ ទឹកលិចម្តងៗ»។
លោក ចាន់ សុផល មន្ត្រីជាន់ខ្ពស់សមាគមសេដ្ឋកិច្ចកម្ពុជា លើកឡើងថា ទឹកជំនន់មិនត្រឹមតែធ្វើឲ្យជីវិតរបស់ប្រជាពលរដ្ឋ ក្នុងតំបន់មានទឹកលិចជួបការលំបាកប៉ុណ្ណោះទេ គឺធ្វើឲ្យអ្នកស្រុកធ្លាក់ខ្លួនក្រ ជំពាក់បំណុលគេ ហើយគ្មានលុយសងបំណុលចាស់ទៀតផង។
ដោយសារទឹកជំនន់កើតមានសឹងតែរៀងរាល់ឆ្នាំទៅហើយនោះ រដ្ឋាភិបាលបានត្រៀមទឹកប្រាក់មួយចំនួនក្នុងខ្ទង់ថវិកាជាតិ ដើម្បីត្រៀមប្រើប្រាស់ជួយប្រជាពលរដ្ឋក្នុងពេលជួបគ្រោះទឹកជំនន់។ លោក ញឹម វណ្ណដា មិនបានឲ្យដឹងថា ទឹកប្រាក់នោះមានចំនួនប៉ុន្មានទេ ប៉ុន្តែលោកលើកឡើងថា ប្រាក់ត្រៀមបម្រុងនោះ រដ្ឋាភិបាលទុកចំណាយទិញអង្ករជួយអ្នករងគ្រោះទិញស្រូវពូជ និងប្រេងឥន្ធនៈ។
ក្រៅពីមានថវិកាបម្រុង របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា រដ្ឋាភិបាលបានជំរុញឲ្យកងទ័ព និងកម្លាំងប្រដាប់អាវុធផ្សេងទៀត ត្រៀមខ្លួនជួយប្រជាពលរដ្ឋក្នុងគ្រាមានអាសន្ន និងជួយជម្លៀសប្រជាពលរដ្ឋចេញពីតំបន់លិចទឹក។
លោក ប៉ុន ណារិទ្ធិ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងនៅថ្ងៃទី២១ សីហា ថា មធ្យោបាយឆ្លើយតប និងអន្តរាគមន៍សង្គ្រោះទឹកជំនន់មានច្រើនបែប ដូចជា ក្រសួងធនធានទឹក និងឧតុនិយម ត្រូវផ្តល់ព័ត៌មានជាមុនឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន កងកម្លាំងចុះទប់ទឹក ជួយជួសជុលផ្លូវដែលទឹកហូរកាត់ ប្រើម៉ាស៊ីនបូមទឹកចេញពីតំបន់លិចលង់ បង្វែរផ្លូវទឹកកុំឲ្យខូចខាតខ្លាំង ជាដើម។ល។
លោក អ៊ុយ សំអាត មន្ត្រីជាន់ខ្ពស់កាកបាទក្រហមកម្ពុជា បានឲ្យដឹងថា គិតមកទល់ថ្ងៃទី២១ សីហា នេះ កាកបាទក្រហមកម្ពុជា បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋ ១៣.០០០គ្រួសារហើយ។ ជំនួយសង្គ្រោះរបស់កាកបាទក្រហមកម្ពុជា មានដូចជា អង្ករ មីកញ្ចប់ ត្រីខកំប៉ុង និងកៅស៊ូតង់ជាជម្រកបណ្ដោះអាសន្ន ជាដើម៖ «អ៊ីចឹង ខ្ញុំគិតថា ចំនួនអ្នកឆ្លើយតបអាចច្រើនជាង ១៣.០០០គ្រួសារ នៅក្នុងតាមបណ្ដាខេត្តតាមដងទន្លេមេគង្គ ខេត្តព្រះវិហារ កំពង់ធំ ហើយនិងបណ្ដាខេត្តជុំវិញទន្លេសាប»។
ទាក់ទងវិធានការជួយអ្នករងគ្រោះដោយសារទឹកជំនន់នេះដែរ នៅថ្ងៃទី២១ សីហា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរួមប្រជុំក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្ដារឡើងវិញ ដើម្បីវាយតម្លៃផលប៉ះពាល់ ដោយសារទឹកជំនន់ និងស្វែងរកជំនួយពីភាគីជាតិ និងអន្តរជាតិ។ ក្រុមការងារសម្របសម្រួលនេះ មានសមាជិកជាតំណាងអង្គការជាតិ និងអន្តរជាតិចំនួន៣៥ជាសមាជិក។ លោក ញឹម វណ្ណដា ជាតំណាងភាគីជាតិនៅក្នុងក្រុមការងារសម្របសម្រួលនេះ ហើយតំណាងភាគីអន្តរជាតិមាន លោកស្រី ក្លាវ៉ាន់ ឌឺ វារ៉េន (Clair Van der Vaeren) តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា។
កាលពីឆ្នាំ២០១៣ គ្រោះទឹកជំនន់បានកើតឡើងប៉ះពាល់ខេត្ត២០ បណ្ដាលឲ្យមនុស្សស្លាប់ ១៦៨នាក់ និងប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋប្រមាណ ១,៨លាននាក់។ នៅពេលនេះ បើទោះបីជាទឹកចាប់ផ្ដើមស្រកហើយក្តី ប៉ុន្តែមន្ត្រីជំនាញ និងប្រជាពលរដ្ឋយល់ថា នេះជាការស្រកបណ្ដោះអាសន្នប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
