សហគមន៍នេសាទនៅស្រុកឯកភ្នំ អះអាងថា ភ្លើងឆេះព្រៃលិចទឹកនៅតំបន់ស្នូលជាប់បឹងទន្លេសាប ខេត្តបាត់ដំបង កើតមានស្ទើររៀងរាល់ថ្ងៃ ហើយធ្វើឲ្យហិនហោចព្រៃរាប់ពាន់ហិកតារ។ អ្នកស្រុកបញ្ជាក់ថា មូលហេតុដែលភ្លើងឆេះព្រៃកាន់តែច្រើន ដោយសារសមត្ថកិច្ចជំនាញហាមឃាត់មិនឲ្យពួកគាត់ចូលទៅជួយពន្លត់ភ្លើង។ ប៉ុន្តែនាយកតំបន់ស្នូលបឹងទន្លេសាប បដិសេធចំពោះការចោទប្រកាន់នេះ។
ប្រជាសហគមន៍នេសាទនៅតំបន់ព្រៃលិចទឹក ស្រុកឯកភ្នំ ព្រួយបារម្ភខ្លាចហិនហោចព្រៃទីជម្រកជីវចម្រុះក្នុងពេលខាងមុខ ដោយសារភ្លើងឆេះអាជ្ញាធរពាក់ព័ន្ធមិនអាចទប់ស្កាត់បាន។
ប្រធានសហគមន៍នេសាទភូមិអន្លង់តាអួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ លោក ជា សារឹន ឲ្យដឹងនៅថ្ងៃទី១៥ ខែមិថុនា ថាភ្លើងឆេះព្រៃលិចទឹកនៅតំបន់ស្នូលជាប់បឹងទន្លេសាប ខេត្តបាត់ដំបង កើតមានរៀងរាល់ថ្ងៃ ចំណែកសមត្ថកិច្ចពាក់ព័ន្ធគ្មានវិធានទប់ស្កាត់ ដើម្បីពន្លត់ភ្លើងឲ្យមានប្រសិទ្ធភាពឡើយ។
លោកអះអាងថា ពលរដ្ឋជាច្រើននាក់ព្យាយាមទៅជួយពន្លត់ភ្លើងសមត្ថកិច្ចដែរ ប៉ុន្តែមន្ត្រីជំនាញគ្រប់គ្រងនៅតំបន់នោះ មិនអនុញ្ញាតឲ្យពួកគាត់ចូលទៅជួយពន្លត់ ទើបបណ្ដាលឲ្យភ្លើងកាន់តែឆេះរាលខ្លាំងឡើង៖ «បើកាលណាមានអ្នកធ្វើការ ឬសហគមន៍ចូលទៅគេមិនចូលទេ ព្រោះយើងមានដាក់កាមេរ៉ាថតរូបជាប់ខ្លួន ដូច្នោះគេខ្លាចពួកខ្ញុំដឹងរឿងច្រើន បានជាគេមិនឲ្យពួកខ្ញុំចូលទៅ»។
ឆ្លើយតបនឹងបញ្ហានេះ នាយកគ្រប់គ្រងព្រៃលិចទឹកតំបន់ស្នូលបឹងទន្លេសាបខេត្តបាត់ដំបង លោក ឡុង ខេង មានប្រសាសន៍ទទួលស្គាល់ថា ភ្លើងឆេះព្រៃលិចទឹកនៅតំបន់ស្នូលពិតជាកើតមានប្រាកដមែន ប៉ុន្តែលោកអះអាងថា សមត្ថកិច្ចជំនាញពុំបានហាមឃាត់ប្រជាពលរដ្ឋមិនឲ្យចូលទៅជួយពន្លត់ភ្លើងដូចការចោទប្រកាន់ឡើយ៖ «អ្នកនិយាយគឺបំផ្លើសការពិតតែម្ដង។ តាមពិតយើងចង់ឲ្យតែប្រជាពលរដ្ឋចូលទៅជួយ ដោយថែមទាំងឲ្យប្រាក់ពួកគាត់ម្នាក់ ៨ដុល្លារក្នុងមួយថ្ងៃទៀតផង»។
លោក ឡុង ខេង បន្ថែមថា លោកមានការអន់ចិត្តជាខ្លាំងចំពោះប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានដែលមិនបានជួយសហការពន្លត់ភ្លើងឲ្យបានទាន់ពេលវេលា។ លោកបន្តថា សមត្ថកិច្ចកំពុងរៀបកម្លាំងទប់ស្កាត់ភ្លើងដើម្បីកាន់បន្ថយកុំឲ្យឆេះរាលដាលមុខទៀត។
មន្ត្រីសម្របសម្រួលសម្ពន្ធភាពដើម្បីអភិរក្សធនធានជលផល ជុំវិញបឹងទន្លេសាប អ្នកស្រី នូ សារឹម មានប្រសាសន៍ថា ប្រជាពលរដ្ឋអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធត្រូវសហការរួមគ្នាជួយពន្លត់ភ្លើងព្រៃលិចទឹកឲ្យបានល្អ ទើបអាចទប់ស្កាត់ភ្លើងឆេះរាលដាលទៅបាន។
អ្នកស្រីពន្យល់ថា ប្រសិនបើសមត្ថកិច្ចពាក់ព័ន្ធខ្វះការសាមគ្គីគ្នា នោះព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបនឹងហិនហោចក្នុងពេលឆាប់ៗ៖ «កន្លងមកយើងឃើញអាជ្ញាធរនៅតំបន់ព្រៃលិចទឹក ដូចជា មេឃុំជាដើម បានទៅជួយពន្លត់ភ្លើងដែរ ប៉ុន្តែកម្លាំងភ្លើងឆេះធំធេងពេក។ ចំណែកឯសមត្ថកិច្ចខ្វះសម្ភារៈក្នុងការពន្លត់ភ្លើងព្រៃ ដោយពឹងផ្អែកទាំងស្រុងទៅលើទឹកភ្លៀងទើបអាចជួយពន្លត់ភ្លើងបាន»។
អ្នកស្រីកត់សំគាល់ថា ភ្លើងឆេះព្រៃភាគច្រើនបណ្ដាលមកពីប្រជាពលរដ្ឋទៅរកឃ្មុំ ហើយបោះគប់ភ្លើងចោលដោយមិនបានពន្លត់ឲ្យបានត្រឹមត្រូវ។
របាយការណ៍នាយកព្រៃលិចទឹកតំបន់ស្នូល បង្ហាញថា ចាប់ពីដើមឆ្នាំ២០១៦ មកភ្លើងឆេះព្រៃលិចទឹកនៅតំបន់នេះ អស់ជាង ៧ពាន់ហិកតារក្នុងចំណោមផ្ទៃដីសរុបជាង ២ម៉ឺន១ពាន់ហិកតារ (២១.៣៤២)។ ទោះជាយ៉ាងណាក៏ដោយ ភ្លើងឆេះព្រៃនៅមិនទាន់រលត់នៅឡើយ ហើយអាចនឹងលេបត្របាក់ធ្វើឲ្យហិនហោចព្រៃតំបន់នោះបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
