ទឹក​ហូរ​ចេញ​ពី​អាង​កំពីងពួយ​ជន់​លិច​កំណាត់​ផ្លូវ​ជាតិ​លេខ​៥

កម្លាំង​ទឹក​ដែល​ហូរ​ចេញ​ពី​អាង​កំពីងពួយ​ កំពុង​បន្ត​ជន់​លិច​លំនៅឋាន​អ្នក​ស្រុក​ជា​ច្រើន​ពាន់​ខ្នង​នៅ​ស្រុក​បាណន់ និង​នៅ​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង។ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​តុលា​ កម្លាំង​ទឹក​នេះ​បាន​ហូរ​ជន់​លិច​កាត់​លើ​ផ្លូវ​ជាតិ​លេខ​៥ ជា​ច្រើន​គីឡូម៉ែត្រ​ ចាប់​ពី​ចំណុច​គល់​ស្ពាន​អូរតាគី រហូត​ដល់​ពាក់​កណ្ដាល​នៃ​ស្រុក​ថ្មគោល។

គ្រោះ​ទឹក​ជំនន់​កំពុង​ជន់​លិច​បំផ្លាញ​ផល​ដំណាំ​ស្រូវ​រាប់​ម៉ឺន​ហិកតារ លិច​លំនៅឋាន​អ្នក​ស្រុក​ជា​ច្រើន​ពាន់​ខ្នង​ និង​បណ្ដាល​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ស្រុក​យ៉ាង​ច្រើន​ថែម​ទៀត។ បច្ចុប្បន្ន​កម្លាំង​ទឹក​​ដែល​ហូរ​ចេញ​ពី​ការ​បាក់​ទំនប់​អាង​កំពីងពួយ​នោះ​ កំពុង​បន្ត​ជន់​លិច​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ អស់​ប្រវែង​ជា​ច្រើន​គីឡូម៉ែត្រ​ក្នុង​ខេត្ត​បាត់ដំបង។

នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៣​ ជំនន់​នេះ​កំពុង​ហូរ​កាត់​លើ​ផ្លូវ​ជាតិ​លេខ​៥ បណ្ដាល​ឲ្យ​មាន​ស្នាម​ប្រេះ​ស្រាំ និង​ស្រុត​ដី​ ដាច់​ថ្នល់​ជាតិ​ជា​ច្រើន​កន្លែង​​ចាប់​ពី​ចំណុច​គល់​ស្ពាន​អូរតាគី រហូត​ដល់​ស្រុក​ថ្មគោល។ បញ្ហា​នេះ​បាន​បង្ខំ​អោយ​អាជ្ញាធរ​ខេត្ត​បាត់ដំបង ប្រកាស​បិទ​មិន​ឲ្យ​រថយន្ត​ធំៗ​ធ្វើ​ដំណើរ​ឆ្លង​កាត់​មួយ​រយៈ​សិន​ ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​និង​គ្រោះ​ថ្នាក់​ផ្សេង​ដែល​អាច​កើត​មាន​ឡើង។

ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង លោក​ឧត្ដមសេនីយ៍​ ស ថេត ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​កន្លែង​កើត​ហេតុ​នោះ​ថា សមត្ថកិច្ច​ប៉ូលិស​បាន​ហាម​ឃាត់​រថយន្ត​ដឹក​ទំនិញ​ធំៗ ដែល​​បើក​បរ​ឆ្លង​កាត់​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ មួយ​រយៈ​សិន រង់ចាំ​មើល​សភាពការណ៍​ទឹក​ជំនន់​ស្រក​ចុះ​ទៅ​វិញ។ វិធាន​ការ​នេះ​បាន​ធ្វើ​ឡើង​គឺ​ដើម្បី​ការពារ​គ្រោះ​ថ្នាក់ និង​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ឡើង​នៅ​គ្រា​ដែល​ទឹក​ជំនន់ កំពុង​ហូរ​កាត់​លើ​ផ្លូវ​ជាតិ​មាន​ចម្ងាយ​ច្រើន​គីឡូម៉ែត្រ​ក្នុង​ខេត្ត​បាត់ដំបង។

លោក ស ថេត៖ «ឥឡូវ​នេះ​គឺ​ទាំង​ឡាន​តូច​ឡាន​ធំ​គឺ​យើង​បិទ ព្រោះ​ថ្នល់​នេះ​យើង​ឃើញ​ស្រាប់​ហើយ វា​អាច​ផុស​លូ​ឡើង អាច​គ្រោះថ្នាក់ ចាំ​មើល​សភាពការណ៍​មួយ​ថ្ងៃ​នេះ​សិន បើ​សិន​អ្នក​ក្នុង​តំបន់​នេះ​មិន​អី​ទេ។ ប៉ុន្តែ​សុំ​ឲ្យ​​អ្នក​មក​ពី​ឆ្ងាយ​ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ​៥ សុំ​ឲ្យ​ផ្អាក​ និង​សុំ​ទោស​ដើម្បី​យើង​សម្រួល​ចរាចរណ៍​កុំ​ឲ្យ​មាន​ការ​គ្រោះថ្នាក់​ផល​ខូច​ខាត​ផ្លូវ​ថ្នល់​ផង»

កងកម្លាំង​ប៉ូលិស​ប៉េអឹម​និង​កង​ទាហាន​ជា​ច្រើន​រយ​នាក់​ កំពុង​ចុះ​អន្តរាគមន៍​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥។ ក្នុង​នោះ​ពួកគេ​បាន​ធ្វើ​ចរាចរណ៍ និង​ដាក់​បារាស​ហាម​ឃាត់​រថយន្ត​ជា​ច្រើន​កន្លែង​មិន​អោយ​រថយន្ត​ធ្វើ​ដំណើរ​ឆ្លងកាត់។ ការ​ធ្វើដំណើរ​ឆ្លង​កាត​ពី​ខេត្ត​បាត់ដំបង ទៅ​ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​កាត់​ផ្ដាច់​ទាំង​ស្រុក​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា នេះ។

លោក​ឧត្ដមសេនីយ៍ ស ថេត បញ្ជាក់​ថា កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ច្រើន​រយ​នាក់​ កំពុង​ចាត់​វិធានការ​ចុះ​ជួយ​សង្គ្រោះ និង​ជម្លៀស​ប្រជាពលរដ្ឋ​ពី​លំនៅឋាន​ដែល​លិច​ទឹក​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព៖ «ជម្លៀស​ដើម្បី​យក​ទៅ​ដាក់​នៅ​ទី​ទួល​សុវត្ថិភាព​ដូច​ជា​នៅ​វត្ត​ថ្មគោល ប្រមូល​ផ្គុំ​ឲ្យ​ដឹង​ចំនួន​ប្រជាពលរដ្ឋ​មាន​ប៉ុន្មាន​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ដើម្បី​ត្រៀម​ចែក​សុវត្ថិភាព​ជូន​ពួកគាត់​ស្រុក​បាណន់ នៅ​វត្ត​ជុំគិរី អា​ហ្នឹង​បែក​អ្នក​នៅ​ស្រុក​បាណន់ ហើយ​នៅ​នេះ​ នៅ​វត្ត​ជ្រោយម្ទេស និង​វត្ត​ថ្មគោល»

នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៥​ ចាប់​ពី​ចំណុច​គល់​ស្ពាន​អូរតាគី រហូត​ដល់​ស្រុក​ថ្មគោល គេ​សង្កេត​ឃើញ​ ទឹក​ជំនន់​កំពុង​ហូរ​កាត់​លិច​ថ្នល់​យ៉ាង​ធ្ងន់ធ្ងរ​ និង​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ។ លំនៅឋាន​អ្នក​ភូមិ​នៅ​អប​សង​ខាង​ផ្លូវ​កំពុង​រក​ការ​លិច​លង់​អ្នក​ភូមិ​ បាន​ជម្លៀស​សត្វ​ពាហនៈ​យក​មក​ដាក់​នៅ​លើ​ចិញ្ចើម​ថ្នល់​ ដែល​មាន​ទឹក​រាក់។ ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ ក្នុង​នោះ​មាន​រោង​ម៉ាស៊ីន​កិន​ស្រូវ​ជា​ច្រើន​កន្លែង​ កំពុង​រង​ការ​ជន់​លិច​ និង​ខូចខាត​ថែម​ទៀត។ ក្រុម​អ្នក​ភូមិ​អោយ​ដឹង​ថា សន្ទុះ​ទឹក​ដែល​ជន់​លិច​ពី​ការ​បាក់​អាង​ទឹក​កំពីងពួយ បាន​ចាប់​ផ្ដើម​ហូរ​កាត់​លើ​ថ្នល់​ជាតិ​លេខ​៥ តាំង​ពី​ម៉ោង​ ២ ទៅ ៣ ទៀប​ភ្លឺ ថ្ងៃ​ទី​១០ ខែ​តុលា។

អភិបាល​ខេត្ត​បាត់ដំបង​ លោក ប្រាជ្ញ ចន្ទ ដែល​ដឹក​នាំ​កម្លាំង​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ទឹក​ជំនន់​នោះ​ គូស​បញ្ជាក់​ថា ស្ថានភាព​ជំនន់​ទឹក​ភ្លៀង​នៅ​ក្នុង​ខេត្ត​បាត់ដំបង បាន​ស្រក​ចុះ​ទៅ​វិញ​ហើយ ប៉ុន្តែ​នៅ​សល់​ទឹក​ជំនន់​ដែល​ហូរ​ចេញ​ពី​អាង​កំពីងពួយ។ តាម​ការ​ប៉ាន់​ស្មាន លោក​ថា ​កម្លាំង​ទឹក​នេះ​មាន​រយៈ​ពេល​មួយ​ថ្ងៃ​មួយ​យប់ ហើយ​កំពុង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​ផ្លូវ​ថ្នល់។

លោក ប្រាជ្ញ ចន្ទ៖ «ឥឡូវ​ផល​ប៉ះពាល់​ធ្ងន់​តំបន់​ផ្លូវ​ជាតិ​លេខ​៥​ហ្នឹង​តែម្ដង ទាំង​លើ​ទាំង​ក្រោម ពី​កំណាត់​ថ្មគោល រហូត​ដល់​អូរតាគី។ ឥឡូវ​នេះ​អាជ្ញាធរ​កំពុង​ប្រឹង​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ដាក់​ទី​ទួល​សុវត្ថិភាព មិន​ដឹង​ថា ប៉ុន្មាន​អី​ប៉ុន្មាន​ទេ មុន​ដំបូង​យើង​ដាក់​នៅ​នេះ​បណ្ដោះអាសន្ន កន្លែង​តូចៗ ឥឡូវ​កន្លែង​តូចៗ ត្រូវ​ដឹក​ជញ្ជូន​ទៅ​កន្លែង​សុវត្ថិភាព​ជាង​ទៀត។ រាប់​ពាន់​គ្រួសារ ផល​ប៉ះពាល់​ធ្ងន់​ដំណាំ​ស្រូវ វា​លិច​អស់​ហើយ​ ទឹក​ស្រក​ទៅ​បាន​យើង​ដឹង​ថា វា​ខូច​ប៉ុន្មាន​អី​ប៉ុន្មាន ប៉ុន្តែ​ទ្រព្យ​សម្បត្តិ​ដែល​នៅ​តាម​ផ្ទះ​នៅ​តាម​រោង​ម៉ាស៊ីន​ ជា​អង្ករ​ប៉ះពាល់​ធ្ងន់»

លោក​អភិបាល​ខេត្ត​បញ្ជាក់​ថា ចំនួន​អ្នក​គ្រោះ​ស្លាប់​ដែល​បណ្ដាល​មក​ពី​ទឹក​ជំនន់​ក្នុង​ខេត្ត​បាត់ដំបង មាន​ចំនួន​កើន​ឡើង​ ១១​នាក់។ តាម​ការ​ប៉ាន់​ស្មាន​ កម្លាំង​ទឹក​ដែល​ហូរ​ចេញ​ពី​អាង​កំពីងពួយ​ ជន់​លិច​ផ្លូវ​ជាតិ​លេខ​៥ អាច​មាន​រយៈពេល​មួយ​ថ្ងៃ​មួយ​យប់​ទៀត​ ទើប​អាច​ស្រក​ចុះ​ទៅ​វិញ។ បញ្ហា​ចំពោះ​មុខ​ក្រុម​អាជ្ញាធរ​កំពុង​ចាត់​វិធានការ​ជួយ​សង្គ្រោះ​អ្នក​ភូមិ​ដែល​មាន​លំនៅឋាន​លង់​លិច​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​អោយ​អស់​ជា​មុន​សិន បន្ទាប់​មក​នឹង​ពិនិត្យ​ទៅ​សេវា​ជំនួយ​មនុស្ស​ធម៌​ជូន​ពួកគាត់​ថែម​ទៀត។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ក្រុម​អាជ្ញាធរ​ចម្រុះ​ខេត្ត​បាត់ដំបង បាន​ចុះ​ទៅ​ជួយ​សង្គ្រោះ​អ្នក​ភូមិ​ក្មេង​ចាស់​ប្រុស​ស្រី​ជា​ច្រើន​រយ​​គ្រួសារ​ជា​បន្ទាន់​ចេញ​ពី​លំនៅឋាន​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​ ក្រោយ​ពី​ទឹក​ជំនន់​​ នៅ​ក្នុង​អាង​កំពីងពួយ ហូរ​យ៉ាង​គំហុក​កាត់​លើ​ខ្នង​ទំនប់​មិន​អាច​ទប់ស្កាត់​បាន។ បន្ទាប់​មក​ទៀត​ ពួកគេ​បាន​សម្រេច​យក​គ្រឿង​ចក្រ​ទៅ​កាយ​ខ្នង​ទំនប់​​ទម្លាយ​ទឹក​ចេញ​ពី​អាង​ដើម្បី​កុំ​ឲ្យ​មាន​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សំណង់​ទ្វារ​ទឹក ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ​ខ្នង​ទំនប់​អាង​កំពីងពួយ បាន​បាក់​រីក​ធំ​ឡើងៗ​ ដែល​មាន​ប្រវែង​រាប់​រយ​ម៉ែត្រ។

ក្រុម​អាជ្ញាធរ​បញ្ជាក់​ថា ទោះ​យ៉ាង​ណា ​ផ្ទៃ​ទឹក​នៅ​ក្នុង​អាង​កំពីងពួយ មាន​ការ​ស្រក​ចុះ​ ប៉ុន្តែ​កម្ពស់​និង​កម្លាំង​ទឹក​ដែល​ហូរ​ចេញ​ពី​អាង​នោះ​ កំពុង​គំរាម​កំហែង​លំនៅឋាន​ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ យ៉ាង​ធ្ងន់ធ្ងរ​នៅ​ផ្នែក​ខាង​ក្រោម​ ក្នុង​ភូមិ​ឃុំ​ជា​ច្រើន ដូច​ជា​នៅ​ក្នុង​ស្រុក​ថ្មគោល និង​ស្រុក​បាណន់។

គ្រោះ​ធម្មជាតិ​ទឹក​ជំនន់​ដោយសារ​ទឹក​ភ្លៀង​នៅ​ឆ្នាំ​២០១៣​ នេះ​ មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ជាង​បណ្ដា​ឆ្នាំ​មុន។ បច្ចុប្បន្ន​ផល​ដំណាំ​ស្រូវ​ជា​ច្រើន​ម៉ឺន​ហិកតារ​កំពុង​លិចលង់​ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ ទាំង​ផ្លូវ​ជាតិ និង​ផ្លូវ​លំ​នៅ​តាម​ភូមិ​ កំពុង​ប្រឈម​ទៅ​នឹង​ការ​ខូច​ខាត​ធ្ងន់ធ្ងរ​ លំនៅឋាន​អ្នក​ស្រុក​ជា​ច្រើន​ម៉ឺន​ខ្នង បូក​រួម​ទាំង​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ទៀត រង​ការ​ខូច​ខាត​ ហើយ​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ ត្រូវ​បាត់បង់​ទី​ជម្រក​ ក្រោយ​ពី​​ក្រុម​អាជ្ញាធរ​ជម្លៀស​ពួកគាត់​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​ជា​បណ្ដោះអាសន្ន។បច្ចុប្បន្ន​អ្នក​ភូមិ​ទាំង​នោះ​អាច​ប្រឈម​ទៅ​នឹង​ការ​ដាច់​ស្បៀង​ និង​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។