ស្ថានភាព​ទឹក​ជំនន់​នៅ​ខេត្ត​ព្រះវិហារ

0:00 / 0:00

ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រស់​នៅ​តាម​ដង​ស្ទឹង​សែន នៃ​ក្រុង​ព្រះវិហារ កំពុង​ជម្លៀស​ក្រុម​គ្រួសារ​និង​សត្វ​ពាហនៈ​ចេញ​ពី​លំនៅឋាន​ទៅ​រក​ទី​ទួល​សុវត្ថិភាព​ជា​បណ្ដោះអាសន្ន ស្រប​ពេល​ដែល​មាន​ទឹក​ជំនន់​រយៈពេល ៣​ថ្ងៃ​មក​នេះ។

អាជ្ញាធរ​ខេត្ត​ព្រះវិហារ ឱ្យ​ដឹង​ថា ទឹក​ដែល​ចាប់​ផ្ដើម​ឡើង​តាំង​ពី​ថ្ងៃ​ទី​២ ខែ​សីហា បាន​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៨០​ខ្នង ព្រម​ទាំង​កំពុង​គំរាមកំហែង​ដល់​ស្រូវ និង​ដំណាំ​កសិកម្ម​ខ្លះ​ទៀត។

គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​មន្ត្រី​ជា​ច្រើន​ផ្នែក​នៃ​ខេត្ត​ព្រះវិហារ កំពុង​តាម​ដាន​ស្ថានភាព​ទឹកជំនន់​នៅ​ក្នុង​ខេត្ត​នេះ ព្រមទាំង​រៀបចំ​ទី​ទួល​សុវត្ថិភាព ស្បៀង​អាហារ ថ្នាំពេទ្យ ដើម្បី​ជួយ​សង្គ្រោះ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​ទឹក​ភ្លៀង ដែល​កំពុង​កើត​មាន​ឡើង។

មន្ត្រី​មន្ទីរ​កសិកម្ម​ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​មាន​ទឹក​ភ្លៀង​ហូរ​ធ្លាក់​ខ្លាំង​ពី​ជួរ​ភ្នំ​ដងរែក កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា រហូត​មក​ដល់​ពេល​នេះ ទឹក​ជំនន់​កំពុង​លិច​ស្រូវ​ចំនួន​ជាង ៥​ពាន់​ហិកតារ នៅ​ក្នុង​ស្រុក​ចំនួន ៣ គឺ​ស្រុក​ជាំក្សាន្ត ស្រុក​គូលែន និង​ស្រុក​ឆែប។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ គឺ​លោក ពឹង ទ្រីដា។ លោក​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​៥ ខែ​សីហា ថា ខេត្ត​ព្រះវិហារ ឆ្នាំ​នេះ គឺ​ប្រជា​កសិករ​បាន​ធ្វើ​ស្រែ​លើ​ផ្ទៃ​ដី​ប្រមាណ ៧​ម៉ឺន ៥​ពាន់​ហិកតារ ក៏ប៉ុន្តែ​ស្រូវ​ចំនួន​ជាង ៥​ពាន់​ហិកតារ ក្នុង​ចំនួន​នោះ​កំពុង​គំរាមកំហែង​ដោយ​ទឹក​ជំនន់។

ចំណែក​ដំណាំ​សណ្ដែកសៀង និង​អនុផល​ផ្សេងៗ​ទៀត ប្រមាណ​ជិត ៦​ម៉ឺន​ហិកតារ​ទៀត មិន​ទាន់​ទទួល​រង​ការ​ប៉ះពាល់​នៅ​ឡើយ​ទេ ដោយសារ​ស្ថិត​នៅ​តំបន់​ខ្ពស់។

មន្ត្រី​មន្ទីរ​កសិកម្ម​ដដែល​បញ្ជាក់​ថា ស្រូវ​ចំនួន​ជាង ៥​ពាន់​ហិកតារ​នោះ អាច​នឹង​ខូចខាត​ប្រសិន​បើ​ទឹក​នៅ​តែ​បន្ត​លិច​រយៈពេល​យូរ៖ «មក​ដល់​ថ្ងៃ​៤ នៅ​ស្រុក​ជាំក្សាន្ត ទឹក​ស្រក​ហើយ នៅ​ខេត្ត​ព្រះវិហារ សង្ឃឹម​ថា​ថ្ងៃ​នេះ ប្រហែល​ជា​ស្រក ហើយ​នៅ​ស្រុក​ឆែប ទឹក​ដែល​លិច​ហ្នឹង​យើង​ឃើញ​ស្រក​ទៅ​វិញ ឯ​ការ​ប៉ះពាល់​វា​លិច​តែ ១​ថ្ងៃ ២​ថ្ងៃ អ៊ីចឹង​អត់​មាន​ប៉ះពាល់​ផល​ស្រូវ​ទេ លើកលែង​តែ​នៅ​មុខ​លូ មុខ​អូរ ប្រហាក់ប្រហែល ២​ហិកតារ គឺ​មាន​ការ​ដាច់ដោច​ខ្លះ»

មន្ត្រី​ការិយាល័យ​ឧតុនិយម​នៃ​មន្ទីរ​ធនធាន​ទឹក​ខេត្ត​ព្រះវិហារ លោក ខាត់ គឹមសុទ្ធ មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា ទឹក​ជំនន់​ដោយសារ​ទឹក​ភ្លៀង​នៅ​ក្នុង​ស្ទឹងសែន មាន​កម្ពស់​ជាង ១២​ម៉ែត្រ បណ្ដាល​ឱ្យ​ភូមិឋាន​ប្រជាពលរដ្ឋ​តាម​តំបន់​ទំនាប​នៃ​ដង​ស្ទឹង​ខ្លះ​ត្រូវ​លិច។ ក៏ប៉ុន្តែ​នៅ​ថ្ងៃ​ទី​៥ ខែ​សីហា កម្ពស់​ទឹក​បាន​ថយ​ចុះ​មក​នៅ​ត្រឹម ១២.០៧​ម៉ែត្រ​វិញ​ហើយ។ ទោះ​យ៉ាង​ណា​មន្ត្រី​ឧតុនិយម​ដដែល​មិន​ទាន់​ហ៊ាន​ព្យាករ​ថា តើ​ទឹក​ជំនន់​នឹង​បន្ត​កើន​ឡើង ឬ​ក៏​ថយ​ចុះ​នៅ​ឡើយ​ទេ ពីព្រោះ​វា​អាស្រ័យ​ទៅ​លើ​អាកាសធាតុ មាន​ភ្លៀង​ទៀត​ឬ​ក៏​អត់?

លោក ខាត់ គឹមសុទ្ធ៖ «ទឹក​ស្ទឹង​សែន​អត់​ទាន់​ហ៊ាន​ថា​វា​យ៉ាង​ម៉េច? ប៉ុន្តែ​គ្រាន់​មើល​ពី​ម្សិលមិញ មក​ប្រៀប​ធៀប​ជាមួយ​ថ្ងៃ​នេះ វា​ថយ​ចុះ​បន្តិច។ ខ្លាច​តែ​មាន​សម្ពាធ​អី​ណា​មក​ទៀត​ទៅ​វា​អាច​ខ្លាំង​មក​ទៀត ខ្ញុំ​ក៏​អត់​ទាន់​ហ៊ាន​សន្និដ្ឋាន»

អាជ្ញាធរ​ខេត្ត​ព្រះវិហារ ឱ្យ​ដឹង​ថា ទឹក​ជំនន់​បណ្ដាល​ពី​ភ្លៀង​ខ្លាំង​បាន​លិច​តំបន់​ខ្លះ​របស់​ស្រុក​ចំនួន ៦ ដូចជា​ស្រុក​ឆែប នៅ​ជាប់​ព្រំដែន​ឡាវ ស្រុក​ជាំក្សាន្ត ស្រុក​គូលែន ស្រុក​រវៀង ស្រុក​ត្បែងមានជ័យ ស្រុក​ជ័យសែន និង​ក្រុង​ព្រះវិហារ តាំងតែ​ពី​ថ្ងៃ​ទី​២ ខែ​សីហា មក។ ទឹក​ជំនន់​នេះ​ក្រៅ​តែ​ពី​លិចលង់​ស្រូវ​ជាង ៥​ពាន់​ហិកតារ គឺ​បាន​បំផ្លាញ​ផ្លូវ​លំ និង​ផ្លូវ​កៅស៊ូ អស់​មួយ​ចំនួន​ទៀត ក៏ប៉ុន្តែ​មិន​ទាន់​មាន​ចំនួន​មនុស្ស និង​សត្វ​ស្លាប់​ដោយសារ​លង់​ទឹក​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។