លោក​ លឹម ​គានហោ៖ ទឹក​ជំនន់​នឹង​លិច​តំបន់​ទំនាប​ទន្លេ​បាសាក់​និង​ទន្លេសាប

មន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា ស្ថានភាព​ទឹក​ជំនន់​ទន្លេ​មេគង្គ និង​ជំនន់​ស្ទឹងសែន នៅ​ទន្លេ​មេគង្គ ខេត្ត​ស្ទឹងត្រែង ​​ក្រចេះ និង​ព្រះវិហារ បាន​ស្រក​ចុះ ប៉ុន្តែ​ទឹក​បាន​ហូរ​​ចុះ​​មក​លិច​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ទន្លេបាសាក់ និង​ទន្លេសាប​វិញ។

សេចក្ដី​ជូនដំណឹង ចុះថ្ងៃទី១១ ខែ​សីហា មាន​ចុះ​ហត្ថលេខា លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​បាន​បង្ហាញ​ថា ទឹក​ទន្លេ​មេគង្គ​ក្រោម និង​ទន្លេបាសាក់​ កំពុង​បន្ត​ហូរ​ចូល​តាម​តំបន់​​​ទំនាប​​លិច​ទឹក​នានា នៅ​ខេត្ត​ព្រៃវែង កណ្ដាល និង​តាកែវ​ ហើយ​ថា ​តំបន់​ទំនាប​ទាំងនេះ នឹង​ប្រឈម​ការ​លិចលង់​ក្នុង​​ពេល ១​សប្ដាហ៍​​ទៀត។ ចំណែក​ជំនន់​ទឹក​ស្ទឹងសែន នៅ​ខេត្ត​កំពង់ធំ នឹង​​បន្ត​ឡើង​ខ្ពស់​ហួស​ពី​កម្រិត​ត្រូវ​ប្រុងប្រយ័ត្ន។

លោក លឹម គានហោ បន្ត​ថា ​ដោយ​សារ​ទឹក​បឹង​ទន្លេសាប​ បន្ត​កើន​ឡើង​ជា​រៀងរាល់ថ្ងៃ នាំ​ឲ្យ​ទឹក​ស្ទឹង​សែន ហូរ​ចុះ​និង​ស្រក​យឺត​ៗ ហើយ​រយៈ​ពេល​នៃ​ការ​លិច​លង់ នឹង​បន្ត​អូស​ពេល​ចន្លោះ​ពី​ ៧ ទៅ ១០ ថ្ងៃ​ខាង​មុខ។

ផ្តើម​ពី​បញ្ហា​នេះ​ ក្រសួង​ធនធាន​ទឹក បាន​អំពាវនាវ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្រោម ទន្លេសាប ទន្លេបាសាក់ និង​ស្ទឹងសែន ត្រូវ​​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​​ ដើម្បី​ចៀសវាង​គ្រោះ​បង្ក​ឡើង​ដោយ​ទឹកជំនន់។

អនុ​​ប្រធាន​​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា ឲ្យ​ដឹង​ថា ចំនួន​មនុស្ស​ស្លាប់​​ដោយ​គ្រោះ​ទឹក​ជំនន់​ទន្លេ​មេគង្គ​ មាន​ចំនួន ២០​នាក់ គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែ​សីហា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។