ជំនន់ទឹកទន្លេនៅខេត្តរតនគិរី និងខេត្តមណ្ឌលគិរី រហូតមកទល់នឹងថ្ងៃច័ន្ទ ទី៤ ខែសីហា មិនមានសញ្ញាគ្រោះអាសន្នអ្វីនៅឡើយ។ ទឹកនៅទន្លេសេសាននិងសេកុងឡើងបន្តិចបន្តួច ចំណែកនៅទន្លេស្រែពក ទឹកស្រកចុះបន្តិចប្រៀបធៀបថ្ងៃម្សិលមិញ។ ចំណែកការបើកទំនប់បង្ហូរទឹកពីទំនប់វារីអគ្គិសនីពីប្រទេសវៀតណាម ក៏មិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយ។
ប្រជាពលរដ្ឋជាង ៨២គ្រួសារនៅខេត្តរតនគិរី ត្រូវជម្លៀសទៅទីទួលសុវត្ថិភាពបន្ទាប់ពីទឹកទន្លេសេសាន និងទន្លេស្រែពក ជន់ឡើងខ្លាំងចាប់ពីដើមខែសីហា រហូតមក។ ចំណែកនៅខេត្តស្ទឹងត្រែង ទឹកទន្លេសេកុង ជន់ឡើងប្រមាណ ៥សង់ទីម៉ែត្រតែប៉ុណ្ណោះប្រៀបធៀបកម្ពស់ទឹកទន្លេថ្ងៃអាទិត្យ កន្លងទៅ។
កម្ពស់ទឹកទន្លេស្រែពកនៅស្ថានីយវាស់ទឹកស្រុកលំផាត់ នៅរសៀលថ្ងៃទី៣ ខែសីហា ទឹកមានកម្ពស់ ១៣.២៥ម៉ែត្រ ប៉ុន្តែមកទល់នឹងព្រឹកថ្ងៃទី៤ ខែសីហា ទឹកស្រកមកនៅត្រឹម ១៣.១០ម៉ែត្រ។ ចំណែកនៅស្ថានីយវាស់ទឹកខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី៣ ខែសីហា ទឹកមានកម្ពស់ ១១.២៨ម៉ែត្រ ប៉ុន្តែមកដល់វេលាម៉ោង ៨ព្រឹក ថ្ងៃទី៤ ខែសីហា កម្ពស់ទឹកឡើងដល់ ១១.៥១ម៉ែត្រ។

អភិបាលរងខេត្តរតនគិរី លោក លី វិន ឲ្យដឹងថា ឃុំចំនួនពីរនៅស្រុកកូនមុំ ត្រូវទឹកជន់លិចចាប់ពីរសៀលថ្ងៃទី៣ សីហា ធ្វើឲ្យស្រែចំការ និងផ្ទះសម្បែងប្រជាពលរដ្ឋបន្ថែមទៀតរងផលប៉ះពាល់។
លោកបន្តថា នៅទន្លេស្រែពកមិនមានព័ត៌មានស្ដីពីការបើកបង្ហូរទឹកពីទំនប់វារីអគ្គិសនីពីប្រទេសវៀតណាមទេ ក៏ប៉ុន្តែនៅទន្លេសេសានភាគីវៀតណាមបានផ្ដល់ព័ត៌មានថា បានបើកបង្ហូរទឹកក្នុងបរិមាណតិចតួច៖ «តាមការព្យាករហ្នឹងទឹកវានៅឡើងដែរ ប៉ុន្តែមិនឡើងខ្លាំងទេ។ គេប្រាប់ដែរ ប៉ុន្តែវាបើក វាមិនបើកខ្លាំង ឃើញទេវ៉ឺនសៃ បើកឡើងស្រកបន្តិចបន្តួចខុសត្រូវគ្នាកន្លះម៉ែត្រ។ វ៉ឺនសៃ វាអត់ស្អីទេ ធ្វើទុក្ខស្រែពក ឯណេះទេ»។
នៅឯខេត្តស្ទឹងត្រែង អភិបាលរងខេត្តលោក មុំ សារឿន ឲ្យដឹងដែរថា អាជ្ញាធរកំពុងប្រមូលតួលេខស្ដីពីផលប៉ះពាល់ពីមន្ត្រីមូលដ្ឋាន ក៏ប៉ុន្តែលោកសន្និដ្ឋានថា មិនមានគ្រោះមហន្តរាយធ្ងន់ធ្ងរទាក់ទិនទឹកជំនន់នេះនៅឡើយ៖ «យប់មិញឡើងតែ ៦ផឹង។ ឥឡូវទ្រឹងហើយ មិនទាន់បានរបាយការណ៍ កំពុងស្រង់ ព្រោះវាអត់ទាន់បានជាមូលដ្ឋានច្បាស់លាស់។ អត់ទាន់មានស្អីជម្លៀសឲ្យទៅទេ»។
ភាគីប្រទេសវៀតណាម បានជូនដំណឹងថា ទឹកទំនប់វារីអគ្គិសនីយ៉ាលី បើកបង្ហូរចាប់ពីយប់ថ្ងៃទី២ រហូតដល់ថ្ងៃទី៨ សីហា ក្នុងបរិមាណជិត ៥០០ម៉ែត្រគីប ក្នុងមួយវិនាទី ខណៈទន្លេមេគង្គលើកំពុងទទួលឥទ្ធិពលជំនន់ទឹកភ្លៀងហូរចូលមកដៃទន្លេទាំងបី គឺទន្លេស្រែពក ទន្លេសេសាន និងទន្លេសេកុង។
មន្ត្រីសម្របសម្រួលអង្គការទន្លេបី លោក មាច មៀន ថ្លែងថា បរិមាណនៃការបង្ហូរទឹកនេះមិនទាន់ដល់កម្រិតប្រកាសភាពអាសន្ននោះទេ ពីព្រោះកម្រិតប្រកាសភាពអាសន្នទាក់ទិនការបង្ហូរទឹកទំនប់ក្នុងកម្រិត ៨០០ទៅ ១ពាន់ម៉ែត្រគីបក្នុងមួយវិនាទី។ លោកបារម្ភថា ប្រសិនភ្លៀងនៅតែបន្តធ្លាក់ច្រើននៅតំបន់ភាគខាងលើនោះ ទំនប់វារីអគ្គិសនីនឹងបើករំដោះទឹកច្រើនអាចដល់កម្រិតប្រកាសអាសន្ន៖ «បើអាកាសធាតុនៅបន្តអួអាប់ខ្លាំង អ៊ីចឹងហើយបើមានភ្លៀងមកកាន់តែច្រើន អ៊ីចឹងទំនប់ទាំងអស់នៅលើដងទន្លេសេសាន និងស្រែពក នឹងអាចបើកទឹកមកច្រើន ព្រោះទ្វារទឹកមិនអាចទប់ទល់បាន»។
ពេញមួយថ្ងៃទី៤ ខែសីហា ផ្ទៃមេឃនៅខេត្តរតនគិរី និងខេត្តស្ទឹងត្រែង នៅតែអាប់អួដោយពពកខ្មៅដាស់ និងមានភ្លៀងរលឹមមិនដាច់។
តួលេខបឋមខេត្តស្ទឹងត្រែង ទឹកជន់ប៉ះពាល់ផ្ទះជាង ១.៣០០ផ្ទះ (១.៣២៣) ស្រូវជាង ១.៧០០ហិកតារ (១.៧៧៤) និងលិចដំណាំចំការជាង ២៥០ហិកតារ។ ចំណែកនៅខេត្តរតនគិរី ប៉ះពាល់ផ្ទះប្រជាពលរដ្ឋជាង ៨០០គ្រួសារ លិចស្រូវជាង ១.២០០ហិកតារ និងដំណាំចំការជាង ៥០០ហិកតារ ដាច់ផ្លូវលំអស់ប្រមាណ ២០០ម៉ែត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
